ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៨៖ ការនិយមអង្កាំ និង ផ្គាំ ជាគ្រឿងអលង្ការ

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK

វត្តមានរបស់អង្កាំ និង ផ្គាំ ធ្វើអំពីថ្មកែវ ភ្លុក ឆ្អឹង ប្រាក់ មាស ឬសំណ ដែលមានចំនួនច្រើនឥត គណនា ដែលគេបានរកឃើញក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រមានចម្រុះគ្រប់ពណ៌ មិនគ្រាន់តែបញ្ជាក់ឲ្យ យើងឃើញនូវភាពរុងរឿង ឬវិបុលភាពរបស់សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជាក់អំពីទំនាក់ទំនងពាណិជ្ជកម្ម រវាងជនជាតិខ្មែរជាមួយប្រទេសជិតឆ្ងាយមួយចំនួន ដែលស្ថិតនៅជុំវិញព្រះរាជាណាចក្រនគរភ្នំ ថែម ទៀតផង។

តាមការស្រាវជ្រាវ យើងអាចចែកអង្កាំនិងផ្គាំជាបីប្រភេទដូចតទៅនេះ៖ ប្រភេទទី១ គឺអង្កាំនិង ផ្គាំដែលមានប្រភពចេញពីប្រទេសឥណ្ឌា។ប្រភេទទី២ អង្គាំនិងផ្គាំដែលមានប្រភពចេញពីចក្រភពរ៉ូម៉ាំង និងប្រភេទទី៣ អង្កាំនិងផ្គាំអាយ ដែលបានត្រូវផលិតឡើងដោយជនជាតិខ្មែរ នៅក្នុងទឹកដីនគរភ្នំ។

ផ្អែកទៅលើការស្រាវជ្រាវដដែលនេះ យើងអាចកត់សំគាល់បានទៀតថា ហេតុផលនៃសេចក្តី សន្និដ្ឋានបែបនេះ បណ្តាលមកពីការវិភាគរបស់លក្ខណៈជំពូកអង្កាំនិងផ្គាំនិមួយៗ ដែលបានរកឃើញ ក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រធំបី គឺ សុផានបូរី អូរកែវ និងអង្គរបូរី ដែលសុទ្ធសឹងជាបូរីបុរាណទាំងអស់ ដែលស្ថិតក្នុងសម័យកាលវប្បធម៌នគរភ្នំ។

ដោយផ្អែកទៅលើសំណល់ថ្ម និងគំនរកញ្ចក់ជាច្រើនលើសលប់ ដែលគេបានចរណ៍ ឬស្ល យើង អាចណែនាំអ្នកស្រាវជ្រាវឲ្យដឹងថា មានកន្លែងផលិតអង្កាំនិងផ្គាំយ៉ាងច្រើនប្រាកដ នៅរាជធានីអង្គរបូរី ហើយការផលិតនេះត្រូវបានធ្វើឡើងដោយជាងទងយ៉ាងចំណាន ដែលបានចម្លងរូបមន្តថ្មរបស់ក្លិង្គ ឬ រ៉ូម៉ាំង ថ្វីត្បិតតែបុព្វបុរសខ្លួនចេះធ្វើអង្កាំ តាំងតែពីសម័យមុនក្លិង្គចូលស្រុកក៏ដោយ។

រួមសេចក្តីមក អង្កាំនិងផ្គាំសព្វបែបយ៉ាង ដែលគេបានរកឃើញក្នុងរាជធានីបុរាណខ្មែរនានា ពុំ មែនសុទ្ធតែជាគ្រឿងអលង្ការដែលបានដឹកចូលពីបរទេសនោះទេ ក៏ប៉ុន្តែក៏ត្រូវបានរចនាដោយអ្នកស្រុក ដែលគ្រាន់តែចម្លងតួគម្រូមកពីក្រៅតែប៉ុណ្ណោះ។ ម៉្យាងទៀត សូមជម្រាបថា ការប្រើប្រាស់អង្កាំនិងផ្គាំ ដោយដោតពាក់ជាខ្សែក កុលសម្ព័ន្ធខ្មែរលើនិងប្រជាពលរដ្ឋខ្មែរដែលរស់នៅចុងកាត់មាត់ញក នៅតែ និយមប្រពៃណីនេះជាទម្លាប់ រហូតមកដល់សព្វថ្ងៃ។

ការបូជាសព

តាមឯកសារចិន ការបូជាសពរបស់ជនជាតិខ្មែរនាសម័យនគរភ្នំ មានលក្ខណៈដូចគ្នានឹង ព្រះរាជាណាចក្រ លិនយី ឬចម្ប៉ា។

ក្នុងខណៈដែលគេរួមមរណៈទុក្ខ គេត្រូវកោរសក់និងពុកមាត់។ រីឯពិធីរំលាយសពវិញ គេឃើញ មានបួនយ៉ាង គឺការបោះចោលសពក្នុងទឹកទន្លេតាមទំនៀមទម្លាប់ក្លិង្គ ការដុតសពដោយភ្លើង ការកប់ សពក្នុងដី និងការយកខ្មោចទៅដាក់ចោលក្នុងព្រៃជ្រៅ ដើម្បីឲ្យសត្វសាហាវស៊ី។

យើងមិនបដិសេធព័ត៌មានខាងលើនេះ ដែលកត់ត្រាដោយជនជាតិចិនទេ តែយើងសូមបំភ្លឺថា អ្វីដែលបានលើកមកនេះ ពុំទាន់គ្រប់ជ្រុងជ្រោយទេ ដោយមានទម្លាប់មួយទៀត ដែលនៅសល់រហូត ដល់សព្វថ្ងៃ គឺការយកសពទៅទុកក្នុងរូងភ្នំ ដែលគេជឿថា ជាទីកន្លែងអាថ៌កំបាំង ឬសក្តិសិទ្ធិ។

ជុំវិញបញ្ហានៃការបូជាសព ប្រភពឯកសារចិនបានបន្ថែមទៀតថា ក្រោយពីបូជាសពដោយភ្លើង ខ្មែរបុរាណតែងតែប្រមូលធាតុដែលនៅសល់ ដើម្បីយកទៅដាក់ក្នុងកោដិឬក្រឡមួយ បន្ទាប់មក គេបិទ មាត់កោដិនោះយ៉ាងជិត ទើបយកទៅបោះក្នុងទន្លេ។

ឯកសារចិនបានបញ្ជាក់ទៀតថា បើជាស្តេច កោដិដែលដាក់ព្រះអដ្ឋិនោះ ត្រូវធ្វើអំពីមាស ដែល ជាលោហធាតុមួយតំណាងភាពបរិសុទ្ធនិងអមតៈ ព្រោះវាមិនងាយសឹក ហើយបើជាមនុស្សធម្មតា ឬ សព្វមុខមន្ត្រីវិញ គេរមែងប្រើកោដិប្រាក់ ឬដីដុត។

ទោះបីយ៉ាងនេះក្តី ក៏យើងនៅតែឃើញការបន្តនូវប្រពៃណីកប់សពក្នុងដី ដែលជាទំនៀមទម្លាប់ នាសម័យបុរេប្រវត្តិសាស្ត្រខ្មែរ។ ជួនកាលគេកប់សពអង្គុយ ដោយហេតុគេជឿថា ឥរិយាបថនេះអាចធ្វើ ឲ្យមនុស្សចាប់ជាតិថ្មីវិញយ៉ាងងាយស្រួល ព្រោះដូចមនុស្សដែលនៅក្នុងគភ៌ម្តាយ។ យ៉ាងណាមិញ ការ​ពិនិត្យសិក្សាភាជន៍លើមួយចំនួនធំ ក៏បានផ្តល់ឲ្យយើងនូវព័ត៌មានយ៉ាងសំខាន់មួយថ្មីទៀត គឺមានក្រឡ មួយចំនួនផ្ទុកដោយឆ្អឹងសព។ ឧទ្ទាហរណ៍នេះ បានបង្ហាញឲ្យយើងដឹងថា ការបូជាសពខ្លះត្រូវធ្វើឡើង ពីរដង ហើយត្រូវធ្វើឡើងដោយប្រើពេលវេលាវែង ពោលគឺរយៈកាលទី១ គេកប់ខ្មោច ឬសពក្នុងក្តារ មឈូស ឬក្នុងដីតែម្តង ដោយមិនបាច់តម្កល់សពក្នុងក្តារមឈូស ហើយបន្ទាប់មក គេរើសឆ្អឹងសពដើម្បី យកទៅកប់ក្នុងកោដិ ឬក្រឡដី។

គប្បីរំលឹកថា ពិធីកប់សពពីរដងផ្ទួនគ្នាខាងលើនេះ ត្រូវបានប្រារព្ធឡើងតាំងពីសម័យ ប្រវត្តិ-សាស្ត្រម៉្លេះ។

លិទ្ធិ មេនិយម

សង្គមខ្មែរនាសម័យនគរភ្នំ ដែលបន្តពីសម័យបុរេប្រវត្តិសាស្ត្រ ជាសង្គមដែលនិយមមេជាធំ។ ដូចនេះហើយ បានជាកំណត់ហេតុចិនបានឲ្យដឹងថា នគរភ្នំដើមឡើយ ដឹកនាំដោយព្រះនាង លីវ យី។ រីឯក្នុងព្រះរាជវង្សានុវង្សខ្មែរវិញ គឺនាងនាគទេ​ដែលជាម្ចាស់ទឹកម្ចាស់ដីគោកធ្លក។ ភស្តុតាងមួយទៀត ដែលគេអាចចាត់ទុកជាសំណល់នៃខឿនវប្បធម៌នាសម័យឥណ្ឌូរូបនីយកម្ម គឺទំនៀមទម្លាប់ស្រីដណ្តឹង ប្រុសធ្វើប្តី ដែលគេនៅជួបក្នុងកុលសម្ព័ន្ធខ្មែរលើមួយចំនួននៅឡើយ។

អ្វីដែលទើបពោលនៅខាងលើនេះ ក៏ត្រូវបានបញ្ជាក់ដោយឯកសារចិនដែរ ដែលឲ្យដឹងថា នៅ នគរភ្នំ គឺស្រីៗទេ ដែលជាអ្នកទៅដណ្តឹងប្រុសៗ។ រីឯសេរីភាពក្នុងការទាក់ទងនឹងបុរសតាមទំនើងចិត្ត ដែលបានកត់ត្រាដោយជនជាតិចិននៅនគរភ្នំ ក៏ជាសារធាតុនៃលិទ្ធិមេនិយមនេះដែរ។

សូមជម្រាបថា បន្តិចម្តងៗ ទំនៀមនេះ បានត្រូវលប់បំបាត់ដោយវប្បធម៌-អារ្យធម៌ឥណ្ឌា ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់ស្ត្រីភេទ ជាពិសេសតួនាទីរបស់មាតាក្នុងសង្គមខ្មែរក្រោយៗ នៅតែត្រូវរក្សាទុកដដែល ដូចជាពាក្យសុភាសិតមួយបានពោលថា “ សុខចិត្តស្លាប់បា កុំឲ្យស្លាប់មេ “។

សូមបញ្ជាក់ថា ប្រពៃណីខ្មែរនិយមមេជាធំនាសម័យនគរភ្នំ តាមពិត សមស្របនឹងច្បាប់ធម្មជាតិ ព្រោះថា​គឺម្តាយនេះហើយ ដែលផ្តល់ជីវិតជូនចំពោះមនុស្សលោក។ ស្ត្រីភេទ គឺជាប្រភពនៃជីវិត។

វិស័យសីលធម៌

សង្គមខ្មែរនាសម័យនគរភ្នំ ជាសង្គមមានប្រពៃណីជាមូលដ្ឋាន ដូច្នេះហើយបានជាទំនៀមទម្លាប់ ទាំងឡាយ ត្រូវបានគេប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ព្រោះគេបានចាត់ទុកថាជាច្បាប់ ឬវិន័យ របស់សង្គម មនុស្ស។

ឯកសារចិនបាននិយាយថា អ្នកស្រុកអាណាចក្រភ្នំជាមនុស្សចូលចិត្តនិយមនូវសច្ចៈធម៌ និង យុត្តិធម៌ ហើយដើម្បីរកការពិតណាមួយ ដូចជាការបាត់បង់នូវវត្ថុណាមួយជាដើម គេពូតបាយជាពំនូត តូចៗ ហើយយកទៅថ្វាយចំពោះព្រះភក្រទេវតា ដើម្បីអង្វរករជួយរកជនទុច្ចរិតដែលបានលួចរបស់។ ស្អែកឡើង ម្ចាស់បាត់របស់ក៏យកពំនូតបាយទាំងនោះ ទៅចែកចាយឲ្យមនុស្សក្នុងផ្ទះដែលគេសង្ស័យ ដើម្បីយកទៅបរិភោគ។ ធ្វើដូច្នេះ គេជឿថា មាត់របស់ជនទុច្ចរិតពិតជានឹងមានឈាមហូរចេញពុំខាន ហើយជាហេតុធ្វើឲ្យពុំអាចទំពារពំនូតបាយបានឡើយ។ រីឯជនសុចរិតវិញ គេអាចលេបពំនូតបាយ យ៉ាងងាយស្រួល ដោយគ្មានឧបសគ្គអ្វីឡើយ។

ឯកសារចិនក៏បានបញ្ជាក់បន្ថែមទៀតថា គេត្រូវបង្អត់បាយបីថ្ងៃ ចំពោះជនណាដែលត្រូវទទួល ការចោទប្រកាន់ ហើយបន្ទាប់មក គេតម្រូវឲ្យជននោះលូកដៃក្នុងខ្ទះ ដែលមានទឹកកំពុងពុះ។ ប្រសិនបើ អ្នកដែលត្រូវគេចោទប្រកាន់នោះ ជាជនស្លូតត្រង់មែន ដៃរបស់ជននោះពិតជាមិនរលាកជាដាច់ខាត។ ចំពោះជនដែលបានលួចវត្ថុវិញ ដៃរបស់គេពិតជាត្រូវរលាកពុំខានឡើយ។ ម៉្យាងទៀតគេអាចបង្ខំឲ្យជន ជាប់ចោទលូកកាន់ពូថៅ ឬច្រវាក់ដែលគេដុតក្រហមឆ្អៅ រួចដើរប្រាំពីរជំហ៊ាន។ អ្នកដែលពុំមានកំហុស ពិតជាពុំត្រូវរលាកឡើយ។

សូមជម្រាបថាប្រពៃណីខាងលើនេះ ពុំខុសពីទំនៀមទម្លាប់ខ្លះៗ ដែលប្រតិបត្តិដោយកុលសម្ព័ន្ធ ខ្មែរលើប៉ុន្មានដែរ ដូចជាវិធីលូកសំណក្នុងខ្ទះដែលកំពុងពុះជាដើម។ សូមរំលឹកឡើងវិញថា ពួកជនជាតិ ព្នងនាសម័យនគរភ្នំ បានចាត់ទុកថា ដៃស្តាំជានិមិត្តរូបនៃការពិត និងអំពើល្អ រីឯដៃឆ្វេង តំណាងនូវអ្វីៗ ដែលអាក្រក់ និងអយុត្តិធម៌។

ចំពោះវិធានការណ៍ទាំងប៉ុន្មានខាងលើនេះ ដែលទាក់ទងនឹងវិស័យសីលធម៌ គប្បីយើងសង្កត់ ធ្ងន់ទៅលើកត្តាចិត្តសាស្ត្រជាងកត្តាផ្សេងទៀត ដោយហេតុថា វាជាយុទ្ធវិធីមួយប្រកបដោយប្រសិទ្ធិភាព  ហើយអ្នកដែលមានកំហុស ប្រាកដជារុញរាភ័យខ្លាចនឹងទារុណកម្មខាងលើនេះ ជាពុំខាន។