ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៧៖ វត្ថុអច្ឆរិយៈ

ស្រាវជ្រាវដោយ៖ សឺង សម្រេច

ក​ ទេវរូបនិងពុទ្ធរូបៈ

វត្ថុសក្តិសិទ្ធិ ដូចជាព្រះពុទ្ធរូប ឬទេវរូបតូចៗថ្វើអំពីកែវស្លឬដីដុត និងព្រះបដិមាពុម្ព ដែល ជនជាតិខ្មែរទាំងមូលបានទទួលស្គាល់ថា ជាវត្ថុសក្តិសិទ្ធិហើយជាទីសក្ការៈបូជា ត្រូវបានខ្មែរសម័យ នគរភ្នំផលិតរចនាឡើង សម្រាប់ជាគ្រឿងសេរីមង្គលប្រចាំខ្លួន ឬប្រចាំព្រះរាជនគរខ្មែរ។ គេមានជំនឿជាទួទៅថា អ្នកមានអំណាចគ្រប់គ្រងសង្គម ជាអ្នកស្ថិតក្រោមការថែរក្សារបស់ ព្រះអាទិទេព ជាពិសេសព្រះអវលោកេស្វរៈ។ ដូច្នេះដើម្បីកំចាត់ភាពអាស្រូវទាំងឡាយ គេច្រើនតែផ្តោត ទៅលើមន្តអាគម និងការគោរពបូជាព្រះបដិមា។ ការរកឃើញនូវវត្ថុបុរាណខាងលើនេះ ធ្វើឲ្យយើងកាន់តែស្វែងយល់អំពីជំនឿរបស់ខេមរាជន នាដើមសតវត្សរ៍ទី១ដល់សតវត្សរ៍ទី៦នៃគ.ស. ។​ម៉្យាងទៀតព្រឹត្តិការណ៍នេះ វាអស្ចារ្យណាស់ សម្រាប់ ការស្រាវជ្រាវអារ្យធម៌ខ្មែរ នាសម័យមួយដែលអតីតកាលអាណាចក្រភ្នំ ស្ថិតនៅក្រោមឥទ្ធិពលវប្បធម៌ ក្លិង្គ។ មជ្ឈដ្ឋានស្រាវជ្រាវបានយល់ថា ជំនឿទាំងនេះជាមូលដ្ឋានសម្រាប់សម័យចេនឡានិងអង្គរ ដោយហេតុថា ការឆ្លាក់ ស្ល និងសូនរូបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា ដែលនៅតែបានជនជាតិ ខ្មែរអនុវត្តន៍ រហូតមកដល់សព្វថ្ងៃនេះ។

សត្វអច្ឆរិយៈ :

រូបសត្វដ៏ពិសិដ្ឋជាច្រើនដែលជាយានជំនិះ ឬជាអវតារបស់ទេវតានៃព្រហ្មញ្ញសាសនា ដូចជា គោនន្ទិន ដំរី អណ្តើក សត្វក្ងោក។ល។ ត្រូវបានរកឃើញក្នុងទីក្រុងអង្គរបូរី និងក្នុងតំបន់ផ្សេងៗទៀត ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងបុរាណនេះ។

អត្ថន័យនៃវត្តមានរបស់សត្វពិសិដ្ឋទាំងនោះ ដែលគេបានធ្វើឡើងតំណាងអច្ឆរិយភាព ឬប្ញទ្ធានុ- ភាពឥទ្ធិពលនៃធម្មជាតិ ត្រូវបានភ្ជាប់នឹងវិស័យសាសនា ដែលបានហូរចូលមកនគរភ្នំ នាដើមស.វ.ទី១ នៃគ.ស.។

វត្តមានរបស់សត្វក្រពើ ត្រកួត ពស់ កង្កែប។ល។ មិនមែនគ្រាន់តែធ្វើឲ្យការវាយតម្លៃស្ថានភាព ជំនឿសាសនាមានភាពត្រឹមត្រូវតែប៉ុណ្ណោះទេ ប៉ុន្តែបញ្ជាក់ឲ្យយើងយល់យ៉ាងប្រាកដ អំពីប្រព័ន្ធគំនិត ខ្មែរ នាដើមសតវត្សរ៍ទី១នៃគ.ស. មានលក្ខណៈសំយោគថែមទៀតផង។

ចំណាប់អារម្មណ៍ជាចុងក្រោយ ដែលធ្វើឲ្យយើងមានការភ្ញាក់ផ្អើលជាខ្លាំង គឺរូបចម្លាក់ដីដុតមួយ ចំនួន ដែលមានលក្ខណៈពាក់កណ្តាលជាទេវតាខ្មែរ និងពាក់កណ្តាលជាក្លិង្គ។ ឥរិយាបថចម្លែកនេះ បញ្ជាក់នូវសម្ព័ន្ធភាពជំនឿសាសនា ដែលមានក្នុងរដ្ឋដំបូងរបស់ខ្មែរប្រកបដោយលក្ខណៈប្រជាធិបតេយ្យ។

សញ្ញានិមិត្តរបស់ទេវតា និងព្រះសម្មាសម្ពុទ្ធៈ លិង្គ និង យោនី

ត្រូវបញ្ចូលក្នុងបដិមាសាស្ត្រខ្មែរបុរាណ ចំពោះវត្ថុសក្ការៈបូជាជារូបចម្លាក់តូចៗ មានព្រះសិវលិង្គ យោនី ស្មានទ្រោនី និងស្លឹកពោធិ ដែលតំណាងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ ក្នុងពេលជាមួយគ្នា នេះ យើងបានរកឃើញសញ្ញានិមិត្តមួយចំនួន ដែលយើងពុំអាចយល់អត្ថន័យយ៉ាងច្បាស់លាស់ ដូច ជារូបកាកបាទជាដើម។ ពីព្រោះគាថានិងសញ្ញានិមិត្តទាំងនោះហើយ  ដែលជាបុព្វហេតុនៃការដុះដាល នៃសាសនាក្លិង្គ នៅអតីតកម្ពុជា។

អារក្ស អ្នកតាៈ

ក្នុងការស្រាវជ្រាវរបស់យើង យើងបានជួបប្រទះនូវក្បាលអ្នកតាចាស់ស្រុកជាច្រើន ដែលធ្វើអំពី បាយអ ថ្ម និងដីដុត ជាហេតុបណ្តាលឲ្យយើងយល់ឃើញថា ជំនឿលើបុព្វបុរសរបស់ជនជាតិខ្មែរ ដែល បដិសន្ធិឡើងមុនសម័យក្លិង្គចូលស្រុក នៅតែបន្តក្នុងសម័យឥណ្ឌូរូបនីយកម្ម។ លើសពីនេះ វត្តមាន របស់ក្បាលអ្នកតាដ៏ច្រើនខាងលើនេះ ធ្វើឲ្យឃើញលក្ខណៈសំយោគនៃផ្នែកជំនឿខ្មែរ រវាងជំនឿខ្មែរ និងសាសនាក្លិង្គ ដែលជាមូលដ្ឋាននៃសីលធម៌ខ្មែរ។

តាមពិត ជនជាតិខ្មែរគ្មានប្រាថ្នាអ្វី ក្រៅពីចង់បាននូវសេចក្តីសុខសប្បាយឬសុភមង្គល ក្នុងគ្រួ-សារសង្គម ដែលជាវត្ថុបំណងរបស់ខ្មែរបុរាណនោះទេ ហើយនៅក្នុងសម័យបច្ចុប្បន្ននេះ យើងក៏នៅតែ ឃើញជំនឿលើអារក្សអ្នកតាចាស់ស្រុករស់រវើកនៅឡើយ។

ការស្លៀកពាក់

ប្រភពឯកសារចិនបានពិពណ៌នាអំពីការស្លៀកពាក់របស់ជនជាតិខ្មែរយើង នាសម័យនគរភ្នំ ដូច តទៅៈ មនុស្សមានសម្បុរខ្មៅ សក់រួញអង្គាសដី ភាគច្រើនទាំងពីរភេទលែងខ្លួន ស្លៀកសារុងធ្វើអំពី អំបោះ និងលែងខ្លួនទទេ។ រីឯនាម៉ឺនមន្ត្រីវិញ គេស្លៀកសារុងចរបាប់ និងពាក់ស្បែកជើងផង។

ការស្រាវជ្រាវរបស់យើងក៏អាចបញ្ជាក់ថា មនុស្សសាមញ្ញទាំងពីប្រភេទស្លៀកប៉ឹងដូចកុលសម្ព័ន្ធ ខ្មែរលើដែរ។ ត្រង់នេះយើងសូមឲ្យគេដូរគំនិតមួយដែលយល់ច្រឡំថា ខ្មែរយើងនាសម័យនគរភ្នំ មិនចេះស្លៀកពាក់ គឺដើរស្រាត។

ចំពោះបញ្ហាស្លៀកពាក់ ឯកសារចិនបានឲ្យដឹងថា ស្រីភេទលែងខ្លួនគ្រាន់តែស្លៀកសំពត់មួយ ផ្ទាំង ដែលគេ”ស៊ក”ពាក់ពីលើក្បាល។ ឯបុរសវិញ គេស្លៀកសំពត់តាមបញ្ជារបស់ព្រះរាជា។ ចំណែក គ្រួសារអភិជន គេស្លៀកសំពត់ចរបាប់។

បើតាមការវិភាគរបស់យើង ការស្លៀក(ចរបាប់ឬក្បិន ) តាមបញ្ជារបស់ព្រះរាជា មានន័យថា មនុស្សដែលស្លៀកពាក់ទាំងនោះ សុទ្ធតែជានាហ្មឺនមន្ត្រីក្នុងស្ថាប័ននានា និងក្នុងរដ្ឋបាលសម័យនោះ ។ គេក៏អាចដឹងថា មនុស្សសាមញ្ញពិតជាត្រូវស្លៀកប៉ឹង ឬរុំក្រមាដូចបងប្អូនខ្មែរលើពុំខាន។ គប្បីសង្កត់ធ្ងន់ ថា ក្បិនដែលយើងបានឃើញតាមរូបចម្លាក់ខ្លះ ខ្មែរយើងពុំទាន់បោះបង់ចោលនៅឡើយ ពីព្រោះខ្មែរ យើងក្នុងបច្ចុប្បន្នកំពុងនិយមវាយ៉ាងជាប់លាប់ ជាពិសេសនៅតាមអាណាខេត្តនានា។ ម៉្យាងទៀត ប្រសិនបើយើងធ្វើការប្រៀបធៀប យើងអាននិយាយថា សំពត់ឬក្បិនខ្មែរ ពិតជាមានប្រភពចេញពី ប្រទេសឥណ្ឌាខាងត្បូងពុំខាន។
គួរកត់សម្គាល់ថា សេចក្តីអធិប្បាយរបស់អ្នកសង្កេតការចិនខាងលើ ត្រឹមត្រូវសមរម្យនឹងរូប ចម្លាក់ធ្វើអំពីដីដុតមួយចំនួនដែលយើងជួបប្រទះ តែយើងសូមជួយបន្ថែមនៅទីនេះថា សំពត់របស់ស្ត្រី នាសម័យនោះ មានលក្ខណៈផ្សេងៗពីគ្នា ហើយមានច្រើនប្រភេទ ពោលគឺ ខ្លះខ្លី ខ្លះវែង មានផ្នត់ ឬអត់ផ្នត់ តាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ។

បញ្ហាគួរចាប់អារម្មណ៍បំផុត គឺសំលៀកបំពាក់ដែលយើងបានពិពណ៌នានៅខាងលើនេះ មិនត្រឹម តែបានត្រូវមនុស្សធម្មតា ឬអភិជនទាំងអស់និយមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែបានត្រូវគេស្លៀកពាក់ចំពោះ ទេវរូបផងដែរ។ ការដែលទេវតាចេះស្លៀកពាក់ដូចមនុស្សលោក ធ្វើឲ្យយើងឃើញនូវភាពពិសិដ្ឋរបស់ ទេវរូបនាសម័យបុរាណ ដែលមនុស្សខ្មែរបុរាណបានចាត់ទុកថាមានជីវិតរស់នៅ ដូចមនុស្សលោក ធម្មតាដែរ។

ដោយឡែក យើងបានឃើញនៅវត្តកំពង់ពោធិ នូវរូបទេពប្រណមពីរប្រភេទដែលធ្វើអំពីដីដុតៈ ប្រភេទលែងខ្លួន ពោលគឺគ្រាន់តែស្លៀកពាក់ខ្លី មានផ្នត់តាមរបៀបកុលសម្ព័ន្ធខ្មែរលើសព្វថ្ងៃ និងប្រភេទ មួយទៀតប្រកបដោយគ្រឿងអលង្ការ ដែលធ្វើអំពីមាសប្រាក់។

ចំពោះចម្លាក់ប្រភេទចុងក្រោយនេះ យើងឃើញមានពាក់កងកន់ទាំងពីនៅឯកំភួនដៃទាំងពីរខាង សង្វារព័ទ្ធខ្វែង និងថាប់សួងនៅលើដើមទ្រូង។ រីឯនៅលើក្បាលរបស់ទេពប្រណមវិញ ដែលស្ថិតក្នុង ឥរិយាបថលុតជង្គង់ គេឃើញមានពាក់ក្បាំងមុខជាច្រើនជាន់ធ្វើអំពីសន្លឹកមាស។ សូមជម្រាបថា ថ្វីត្បិតតែយើងគ្មានភព្វសំណាងបានជួបប្រទះនូវក្បាំងមុខរបៀបនេះ ជាវត្ថុបុរាណក៏ដោយ ប៉ុន្តែតាម ព័ត៌មានដែលយើងបានមកពីអ្នកស្រុក បានបញ្ជាក់ឲ្យយើងដឹងថា ក្បាំងជាច្រើនដែលពួកគេជីកបាន ដោយខុសច្បាប់ សុទ្ធសឹងតែធ្វើអំពីមាស។

យ៉ាងណាមិញ គេក៏បានជួបផងដែរ ​នូវរូបព្រះពុទ្ធអង្គទ្រង់គង់ក្នុងឥរិយាបថឥន្ត្រយាន ដោយ មានមកុដរាជ្យនៅលើព្រះកេស និងកន្ទលនៅត្រចៀក។ តាមរូបចម្លាក់ ត្រូវចែកជាបីសណ្ឋាន គឺក្បាំង- មុខ ចុល្លឆត្រ មកុដរាជ្យ រនាំងបន្ទោះ ឬមូយ៍។