ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
ក្រៅពីថ្ម គេឃើញមានការប្រើប្រាស់លោហធាតុទាំងពីរប្រភេទនេះ អាចជាប្រពៃណីដែលមាន មក តាំងពីសម័យមុនក្លិង្គចូលស្រុកម៉្លេះ។តាំងពីសតវត្សរ៍ទី១នៃគ.ស. មានការពិពណ៌នានៅនគរភ្នំ អំពីការនិយមស្ពាន់និងសំណ ដោយ អ្នកស្រុកនគរភ្នំ។ តើស្ពាន់និងសំណបានមកពីតំបន់ណា ? តើរ៉ែទាំងពីរនេះ ជាវត្ថុធាតុដែលនាំចូលពី ក្រៅ ឬនៅក្នុងស្រុក ?។សូមបញ្ជាក់ថា សំណដែលបុព្វបុរសខ្មែរប្រើក្នុងតំបន់នានានៃចក្រភពភ្នំ ស្ថិតនៅក្នុងបរិវេណនៃ អតីតដែនដីខ្មែរ ដោយហេតុថា នៅសម័យនោះ ពុំទាន់មានគោលសីមានៅឡើយ។ បញ្ហាព្រំប្រទល់ដែន ជាបញ្ហាមួយថ្មីថ្មោង នៅអាស៊ីអាគ្នេយ៍។
នៅកម្ពុជាក្រោម ជាពិសេស នៅម្តុំ អូរកែវ និង កោះត្រល់ ដែលសព្វថ្ងៃបានក្លាយទៅជារបស់ វៀតណាមទៅហើយ គេឃើញមានអណ្តូងរ៉ែស្ពាន់ជាច្រើន។ ឯនៅប្រទេសលាវវិញ គេក៏ជួបរ៉ែលោហ-ធាតុ នៅក្នុងភូមិភាគខាងត្បូងនៃប្រទេស ដូចជានៅចម្ប៉ាសាក់ និងសារ៉ាវ៉ាន់។
ចំពោះការជីកយករ៉ែស្ពាន់វិញ គេឃើញនៅមានជនជាតិភាគតិច មន-ខ្មែរ មួយចំនួន ដូចជា រដែរ សឺដាំង និងចារ៉ាយ ដែលរស់នៅតាមខ្ពង់រាបនិងតំបន់ព្រៃភ្នំនានានៅឯកម្ពុជាក្រោម និងនៅ វៀតណាមកណ្តាល នៅតែប្រព្រឹត្តិអាជីវកម្មនេះនៅឡើយ។
សូមរំលឹកថា នៅស្ថានីយ៍បុរេប្រវត្តិមួយចំនួន គេបានឃើញនូវឧបករណ៍ប្រើប្រាស់អំពីស្ពាន់ ឬ សំរឹទ្ធ ដែលាមានអាយុកាលប្រមាណជា១,៥០០ឆ្នាំ ទៅ២,០០០ឆ្នាំមុនគ.ស. ហើយការប្រើប្រាស់ លោហធាតុនេះដោយសហគមន៍បុរាណ បានត្រូវបន្តពីឆ្នាំ៥០០មុនគ.ស.រហូតដល់សម័យប្រវត្តិសាស្ត្រ មិនដាច់។
ចំណែករ៉ែសំណវិញ ដែលគេបាននិយមប្រើជាងគេបំផុតនាសម័យដើមប្រវត្តិសាស្ត្រខ្មែរ ហើយ ដែលយើងអាចចាត់ទុកថា “ វប្បធម៌សំណសម័យនគរភ្នំ “នោះ តាមការស្រាវជ្រាវរបស់លោក ល្វីអ៊ី-ម៉ាឡឺរ៉េ នៅក្នុងដែនដីសណ្តកម្ពុជាក្រោម បានឲ្យដឹងថា អណ្តូងរ៉ែជាច្រើន ត្រូវបានគេរកឃើញនៅ ភូមិភាគកណ្តាលនៃប្រទេសលាវសព្វថ្ងៃ។
សូមជម្រាបថា សព្វថ្ងៃនេះ ជនជាតិ មន-ខ្មែរ បាណា នៅកុងទុំនៃវៀតណាមខាងត្បូង បានប្រើ ធាតុរ៉ែសំណនេះ សម្រាប់ផលិតគ្រឿងអលង្ការប្រុសស្រី ដើម្បីតុបតែងខ្លួន ភាគច្រើន អណ្តូងរ៉ែនិងស្ពាន់ ស្ថិតនៅតំបន់ជ្រលងភ្នំ និងខ្ពង់រាប។ ម៉្យាងទៀត នៅជ្រោយម៉ាឡាកា គេក៏បានជួបនូវអណ្តូងរ៉ែជាច្រើន ដែរ។ វត្តមានរបស់អណ្តូងរ៉ែស្ពាន់និងសំណ ព្រមទាំងអលង្ការជាច្រើន ដូចជាចិញ្ចៀន បន្តោងខ្សែក បដិមាតំណាងទេវតា ឬក៏ប្រាក់ដែលគេប្រើនៅ អូរកែវ អង្គរបូរី និងអ៊ូថង អាចបញ្ជាក់ថា ធាតុរ៉ែខាងលើ នេះ ពុំបានត្រូវដឹកចូលពីប្រទេសក្រៅមកទេ។
យ៉ាងណាមិញ ការនិយមប្រើស្ពាន់និងសំណ នៅតែនិយមរហូតដល់សព្វថ្ងៃ ជាពិសេសក្នុងការ សូនបដិមា ធ្វើពុម្ព និងព្រះពុទ្ធអង្គ។
វប្បធម៌ដីដុត
វឌ្ឍនភាពនៃវប្បធម៌នាសម័យនគរភ្នំ មិនអាចកើតចេញពីភាពមិនប៉ិនប្រសប់ ឬពីទេពកោសល្យ ដ៏ឧត្តុង្គឧត្តម នៃជនជាតិខ្មែរបានឡើយ។ កំហុសដ៏ធ្ងន់របស់អ្នកប្រត្តិវិទូមួយចំនួន ដែលបានយកនយោ-បាយជាមូលដ្ឋាន ពោលគឺខ្វះភាពជាក់លាក់ច្បាស់លាស់ ហើយមិនព្រមលះបង់នូវទស្សនៈចាស់គំរឹល ដើម្បីបិទបាំងនូវភាពអវិជ្ជារបស់ខ្លួនទាំងនោះ បានមានមតិថា យើងអាចយកជាការបាន ដរាបណាមាន ភស្តុតាងជាក់ស្តែងដែលមានលក្ខណៈជាវិទ្យាសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានការណ៍ស្រាវ-ជ្រាវ ផ្នែកបុរាណវិទ្យានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បានចង្អុលបង្ហាញយើងយ៉ាងច្បាស់ នូវលក្ខណៈ វប្បធម៌នាសម័យនគរភ្នំយ៉ាងប្រាកដ។
យោងទៅលើវត្ថុវប្បធម៌ធ្វើអំពីដីដុត ដែលមានចំនួនដ៏ច្រើនលើសលុប ដូចជាភាជន៍(រាប់សែន) រូបចម្លាក់តំណាងទេវរូប ព្រះពុទ្ធរូប និងបុព្វបុរសស្ថាបត្យកម្មនានា ដូចជាប្រាសាទ ស្តូប កំពែងទីក្រុង ក្បឿង ឥដ្ឋ ។ល។ យើងអាចចាត់ទុកថា វប្បធម៌នគរភ្នំគឺជាវប្បធម៌ដីដុតដ៏ធំសម្បើមមួយ ជាងពេលណា ណាទាំងអស់។
រីឯនៅខេត្តកំពង់ធំឯណោះវិញ ការសាងសង់រាជធានីមួយអំពីឥដ្ឋ នៅចុងសតវត្សរ៍ទី៦ និងដើម សតវត្សរ៍ទី៧នៃគ.ស. ដែលបានធ្វើឡើងនៅឯស្រុកសម្បូរព្រៃគុហ៍ ក៏ជាសក្ខីកម្មប្រពៃណីប្រើឥដ្ឋដែរ ដើម្បីសាងសង់ប្រាង្គប្រាសាទ ដូចជាក្រុមប្រាសាទ រលួស ឬ គូលែន ជាច្រើន ដែលបានប្រសូត្រឡើង នៅក្រោយសម័យនគរភ្នំ។
មូលដ្ឋានស្ថាបនា នគរភ្នំ អង្គរបូរី ឬ វ្យាធបុរៈ ក្នុងចំណោមនគរភ្នំនានាដែលស្ថិតនៅ អូរកែវ ឬតាមតំបន់ផ្សេងៗក្នុងឈូងសមុទ្រសៀមសព្វថ្ងៃ គឺដីដុត ឬឥដ្ឋ។ ការប្រើប្រាស់ដីដុត ឬឥដ្ឋ ក្នុងការ ស្ថាបនា បូជនីយដ្ឋាន ឬធ្វើឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ(ដូចជា កំសួល ត្រល់ ចង្កៀង ឆ្នាំង) សឲ្យឃើញថា ដីដុតជាវត្ថុដែលងាយរក ហើយថោកជាងថ្ម ឬក៏ផ្តល់ភាពងាយស្រួលក្នុងការសាងសង់ នានា។
អ្វីៗដែលទើបនឹងអធិប្បាយនេះ ពុំមែនមានន័យថា ខ្មែរនាសម័យនោះ មិនចេះឬមិននិយមថ្ម ដើម្បីសាងប្រាសាទ ឬព្រះបដិមានោះទេ ដោយហេតុថាគ្រប់ប្រាសាទតូច-ធំ ថ្មនិងដីដុតត្រូវបានគេប្រើ ក្នុងពេលជាមួយគ្នា ឬផ្ទួនគ្នា។ ចំពោះការនិយមជាទួទៅនូវដីដុតនេះ យើងសូមរំលឹកថា ទេពកោសល្យ របស់សិល្បករខ្មែរមានកំរិដល់កំពូល ហើយគុណសម្បត្តិដ៏វិសេសវិសាលនេះ មិនមែនកើតឡើងដោយ គ្មានមូលហេតុនោះទេ។ តាមពិត សិល្បករនាសម័យនគរភ្នំ បានទទួលនូវការចេះដឹងគ្រប់វិស័យ ពី បុព្វបុរសរបស់ខ្លួនពីសម័យបុរេប្រវត្តិសាស្ត្រ ដែលមានកំរិតវប្បធម៌-អរិយធម៌ដ៏ខ្ពង់ខ្ពស់រុងរឿងទៅ ហើយ។ រួមសេចក្តីមក វឌ្ឍនភាពនាសម័យនគរភ្នំ គឺកើតចេញពីការរួមសង្វាស់ រវាងខឿនវប្បធម៌ខ្មែរ និងក្លិង្គ។ បើនិយាយម៉្យាងទៀត ក្លិង្គបានផ្តល់ឲ្យខ្មែរ នូវទ្រឹស្តីមនោគមសាសនាថ្មី បច្ចេកទេសថ្មី សម្រាប់អភិវឌ្ឍន៍ខឿនសង្គមវប្បធម៌មូលដ្ឋាន ដែលខ្មែរមានមកពីមុន ប្រយោជន៍នឹងធ្វើឲ្យខ្មែរក្លាយទៅ ជាអរិយប្រទេសដ៏ជឿនលឿនល្បីល្បាញក្នុងអតីតកាល។
យើងអាចចែកស្ថាបត្យកម្មដីដុតជាបីប្រភេទ គឺចំនួនដែលយើងយកចិត្តទុកដាក់ជាងគេ ការ និយមនៅទីនេះ ជាទូទៅ នូវឥដ្ឋមុនសម័យអង្គរ ដែលមានលក្ខណៈដ៏ពិសេសមួយ នៃអរិយធម៌ខ្មែរ- បុរាណ។ ទី១- ប្រាង្គប្រាសាទ ឬបូជនីយដ្ឋានដែលមានលក្ខណៈជាពុទ្ធនិយម ដែលក្នុងនោះត្រូវបញ្ចូល នូវក្បូរក្បាច់សម្រាប់លំអទេវស្ថាន។ ទី២- ចម្លាក់តំណាងទេវរូបនិងពុទ្ធរូប ព្រមទាំងរូបតំណាងបុព្វបុរស និងអារក្សអ្នកតា។ ទី៣- វត្ថុប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងជំពូកទី២ គប្បីរាប់បញ្ចូលនូវវត្ថុដែលជានិមិត្តរូប របស់ទេវតា ឬភាពពិសិដ្ឋដូចជា លិង្គ យោនី ផ្កា កងចក្រ និងសត្វអច្ឆរិយៈមួយចំនួនដែលជាអវតារបស់ ទេវតានៃលទ្ធិព្រហ្មញ្ញសាសនា ដូចជា ហង្ស អណ្តើក កណ្តុរ ហនុមាន ព្រះគណេស ។ល។
ភាពប៉ិនប្រសប់នៃជនជាតិខ្មែរនាសម័យនោះ គឺពុំមែនស្ថិតត្រង់ភាពល្អស្រស់បំព្រង ឬក្បូរក្បាច់ ល្អិតឆ្មារ នៃរូបចម្លាក់បុរាណប៉ុណ្ណោះទេ ក៏ប៉ុន្តែស្ថិតលើពិធីលាយពណ៌ឥដ្ឋ ដែលប្រដូចទៅនឹងចម្លាក់ថ្ម ឬវត្ថុពិតថែមទៀតផង។ ដូច្នេះហើយ នៅពេលដែលគេសម្លឹងទៅរូបបុរាណខ្លះ ដែលមានអាយុជិត ២,០០០ឆ្នាំមកហើយ គេមានអារម្មថា កំពុងស្ថិតនៅចំពោះមុខវត្ថុពិតៗ។
ដូចគ្នា វត្ថុបុរាណមួយចំនួនក៏ត្រូវគេផាត់ពណ៌ដែរ ដូចជាក្រឡ ឆ្នាំង កន្ទិកោដ និងបដិមា។ កុំ ភ្លេចថា ពណ៌ ខ្មៅ ស និង ក្រហម ដែលគេនិយមសម្រាប់លាបបដិមា ឬឧបករណ៍សម្រាប់ប្រើប្រាស់ក្នុង ពិធីសាសនា ដែលមានលក្ខណៈពិសិដ្ឋ។
ការប្រើមន្ត អាគម–គាថា
សម័យនគរភ្នំ ប្រជាពលរដ្ឋខ្មែរដែលស្ថិតនៅក្រោមអារ្យធម៌សំស្រ្កឹត ពិតជាមានជំនឿទៅលើ មន្តអាគម ដូចសម័យក្រោយៗដែរ ដូច្នេះបានជាគេទៅឧបកិច្ចលើសំណែន ឬវត្ថុមួយចំនួននៅតាម បូជនីយដ្ឋាននានា ដែលស្ថិតនៅរាជធានីវ្យាធបុរៈ ឬអង្គរបូរី ដែលមានចំនួនរាប់សិបកន្លែង។ ដូច្នេះ ហើយ ឃើញថាអាជ្ញាធរខ្មែរនាសម័យនោះជឿថា មន្តអាគម អាថាន់គាថាទាំងឡាយដែលគេឧបកិច្ច នោះ មានតម្លៃពិសិដ្ឋណាស់ មកពីគេបានឲ្យតម្លៃទៅលើរូបមន្តជាភាសាសំស្ក្រឹត ឬជាសញ្ញានិមិត្ត គឺមិនខុសពីសព្វថ្ងៃនេះប៉ុន្មានឡើយ។
ម៉្យាងទៀត ការដែលប្រើបន្តោងខ្សែក ចិញ្ចៀន និងក្រវិលច្រមុះ ដោយមានរូបមន្តពិសិដ្ឋ ជា ភាសាសំស្ក្រឹតចារពីលើ ក៏ជាវត្ថុតាងយ៉ាងសំខាន់មួយទៀត ដែលបង្ហាញនូវការនិយមចូលចិត្តរបស់ខ្មែរ នូវមន្តអាគមគាថា ដើម្បីប្រាថ្នាសេចក្តីសុខសប្បាយចម្រុងចម្រើនរបស់ខ្លួន។ ចំពោះមនុស្សបុរាណ ការ និយមមន្តអាគមគាថា ដោយមានលក្ខណៈលាយល័ក្ខអក្សរចារលើគ្រឿអលង្ការ សន្លឹកមាស-ប្រាក់ ស្តើងៗ ដើម្បីយកទៅកប់ជុំវិញប្រាសាទឬព្រះវិហារជាដើម ពិតជាមានមហិទ្ធិប្ញទ្ធិស្រេចដូចបំណងរបស់ ខ្លួនមែន។ ម៉្យាងទៀត អ្នកដែលមិនជឿ ឬមិននិយមរូបមន្តទាំងនោះ ពិតជានឹងជួបផលវិបាកផ្សេងៗ ជាពុំខាន។ សូមជម្រាបថា បន្តិចម្តងៗ ជំនឿនេះកាន់តែលូតលាស់ ហើយលាតសន្ធឹងពេញទាំង ប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។
ការនិយមមន្តអាគមបែបនេះ បានធ្វើឲ្យមនុស្សជំនាន់បុរាណមានជំនឿទុកចិត្តលើខ្លួនឯង និង ទៅលើកិច្ចការនានាដែលខ្លួនត្រូវប្រព្រឹត្ត ពោលគឺបំបាត់នូវការភិតភ័យ។ គប្បីបញ្ជាក់នៅត្រង់នេះថា គេបានរកឃើញសន្លឹកមាសជាច្រើនជារូបសត្តគោនន្និន្ទ ព្រះវិស្ណុ ផ្កាឈូក សត្វអណ្តើក កងចក្រ ខ្យងស័ង្ខ ។ល។ ជាសញ្ញានិមិត្តនៅក្រោមស្រទាប់ឥដ្ឋនៃបាតប្រាសាទ។ ឥឡូវនេះ អ្វីៗដែលបានពោល ខាងលើនេះ បានក្លាយជាទម្លាប់ទៅហើយ ជាក់ស្តែង ពេលសាងសង់វត្តអារាមម្តងៗ ខ្មែរយើងនៅតែបញ្ចុះអាថាន់ ដូចក្នុងសម័យបុរាណកាលដែរ។