ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
យើងបានជួបនូវចង្កៀងពីរប្រភេទនៅក្នុងវប្បធម៌នគរភ្នំ គឺចង្កៀងធ្វើអំពីសំរឹទ្ធ និងអំពីដីដុត។ ប្រភេទទី១នៃចង្កៀង បានត្រូវគេរកឃើញនៅកំពង់ផែអូរកែវ ទឹកដីកម្ពុជាក្រោម រីឯចំពោះចង្កៀងដែល ធ្វើអំពីដីដុត ដែលមានចំនួនច្រើនឥតឧបមា ត្រូវគេជួបប្រទះនៅអង្គរបូរី។ សូមជម្រាបថា រហូតមកដល់ពេលនេះ យើងអាចចែកក្រុមចង្កៀងដីដុតជាបីប្រភេទ។ ចំពោះ ចង្កៀងដីដុតទី១និងទី២ ដែលមានទំហំធំ ឬមធ្យម យើងអាចសន្និដ្ឋានមិនខុសពីការពិតប៉ុន្មានថា ឧបករណ៍សម្រាប់បំភ្លឺរាត្រីទាំងនេះ ត្រូវបានគេប្រើប្រាស់តាមបូជនីយដ្ឋាន និងផ្ទះសម្បែងនានា។ ចំណែកប្រភេទចង្កៀងទី៣វិញ ដែលមានខ្នាតតូច ប្រហែលជាត្រូវគេអុជប្រើនៅពេលនេសាទត្រី។ ការ អះអាងខាងលើ មានមូលដ្ឋានមកពីប្រពៃណីប្រើចង្កៀងតូចបែបនេះ បានត្រូវអ្នកនេសាទត្រីមួយចំនួន និយមរហូតមកដល់បច្ចុប្បន្ននេះ ជាពិសេសក្នុងការនេសាទត្រីនៅពេលយប់។ ការប្រៀបធៀបទំនៀម ទម្លាប់ខាងលើនេះ ជាហេតុផលដែលបានបណ្តាលឲ្យយើងហ៊ានសន្និដ្ឋានដូច្នេះ។
ចំពោះប្រភេទចង្កៀងទាំងឡាយដែលយើងទើបបានអធិប្បាយសង្ខេប សូមមេត្តាមើលរូបភាព ដែលយើងបានភ្ជាប់ក្នុងឯកសារនេះ។ ទស្សនៈខាងលើនេះ មានលក្ខណៈសមរម្យត្រឹមត្រូវក្នុងសម័យ មួយ ដែលប្រជារាស្ត្រខ្មែរមានជំនឿលើបុព្វបុរស និងភាពអមតៈរបស់ព្រលឹង ឬក៏ចាប់ជាតិឡើងវិញ ដោយកប់កំសួសំណាញ់និងចង្កៀងតូចៗក្នុងភាជន៍ ជាសំណែនចំពោះអ្នកស្លាប់។ ក្រៅពីចង្កៀង ខ្មែរ បុរាណក៏បាននិយមចន្លុះដូចសព្វថ្ងៃនេះដែរ។
ការនិយមទូកៈ
រហូតមកដល់ពេលនេះ យើងពុំទាន់បានរកឃើញបន្ទះក្តារនៃទូក ឬទូកទាំងមូល នៅក្នុងស្ថានីយ៍ អង្គរបូរីនៅឡើយ ថ្វីត្បិតតែទូកធ្វើអំពីឈើជាច្រើន បានត្រូវគេរកឃើញ នៅកម្ពុជាក្រោមក៏ដោយ។
ព្រឹត្តិការណ៍មួយសំខាន់ទៀតដែលយើងគប្បីរំលឹកនៅទីនេះ គឺការនិយមនាវាចម្បាំង ដែល ស្ថាបនាដោយជនជាតិខ្មែរនៅសម័យនោះ ហើយដែលអ្នកប្រវត្តិវិទូចិន បានកត់ត្រាក្នុងពង្សាវតារបស់ គេ។ សូមជម្រាបនៅត្រង់នេះដែរថា នៅអម្លុងសតវត្សរ៍ទី៣មុនគ.ស. សង្គមខ្មែរដែលមានវឌ្ឍនភាពដ៏ មហារុងរឿងជឿនលឿនទៅហើយនោះ ក៏ចេះធ្វើទូកហើយដែរ។
តាមរយៈអ្វីដែលយើងទើបតែរៀបរាប់ខាងលើនេះ យើងដឹងថាប្រជាពលរដ្ឋខ្មែរចេះស្ថាបនាទូក សម្រាប់ដឹកជញ្ជូនឥវ៉ាន់ ឬក៏សម្រាប់ធ្វើដំណើរតាមផ្លូវទឹកពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេស ក្នុងរដូវវស្សា ដែលពោរពេញទៅដោយទឹក។ ជាការត្រឹមត្រូវណាស់ ដែលយើងអាចសន្និដ្ឋានថា សង្គម ខ្មែរប្រកបដោយវប្បធម៌ដែលមានទឹកជាមូលដ្ឋាន និងការនិយមទូកជាអចិន្ត្រៃយ៍ថែមទៀត។ តាមចម្លាក់ បុរាណយើងដឹងថា មានការនិយមទូកធ្វើអំពីឈើមិនដាច់ តាំងតែពីសម័យបុរេប្រវត្តិរហូតមកដល់សព្វ ថ្ងៃ មិនត្រឹមតែនៅតាមសមុទ្រប៉ុណ្ណោះទេ ថែមទាំងនៅតាមវាលទំនាប បឹងបួ ស្ទឹង ព្រែក ដែលជាសាខា របស់ទន្លេតូចធំ សម្រាប់លក់ដូរ។ សព្វថ្ងៃនេះ ការនិយមនិងការផលិតទូកនៅតែមានតាមស្រុកភូមិ។
រួមសេចក្តីមក គ្រឿងជាយានជំនិះមួយមានលក្ខណៈសំខាន់ចម្បងក្នុងវប្បធម៌-អារ្យធម៌ខ្មែរ ហើយដែលធ្វើឲ្យមិនលេចទឹកចូល លុះត្រាតែគេយកជ័រឈើទៅបិទចន្លោះបន្ទះក្តារទូក ដែលគេផ្គុំផ្ជិត គ្នា។ ហើយតាមរយៈការរកឃើញថ្មីៗនេះ នូវកូនភាជន៍មួយដែលមានកំពូលបិទជិតដោយជ័រ ដែលធ្លាប់ ប្រើសម្រាប់បិទទូក យើងក៏អាចសន្និដ្ឋានយ៉ាងត្រឹមត្រូវបានដែរថា ខ្មែរយើងចេះធ្វើទូកដោយប្រើជ័រចុង នាសម័យនគរភ្នំ។
ការនេសាទត្រីៈ
ត្រីជាម្ហូបអាហារចម្បងសម្រាប់ខ្មែរ ហើយក៏ជាប្រភពមួយនៃវឌ្ឍនភាព របស់វប្បធម៌-អារ្យធម៌ ខ្មែរ។ភាពសម្បូរនៃត្រីនៅប្រទេសខ្មែរ បានត្រូវបញ្ជាក់ដោយសុភាសិតខ្មែរមួយគឺ “មានទឹកមានត្រី”។ នៅទីនេះ យើងគ្រាន់តែលើកនូវឧបករណ៍ដ៏តូចមួយ គឺកំសួសំណាញ់ដែលធ្វើអំពីដីដុត ដើម្បីបង្ហាញ ឲ្យឃើញថា ខ្មែរយើងនាសម័យនោះ ចេះនេសាទត្រីសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។
ម៉្យាងទៀត វត្តមានរបស់ជន្លួញធ្វើអំពីសំរឹទ្ធ និងឆ្អឹងសត្វ ក៏អាចចាត់ទុកថាជាឧបករណ៍សម្រាប់ ចាប់ត្រីក្នុងអតីតកាលដែរ។ យើងពុំទាន់បានរកឃើញផ្លែសន្ទូច នៅក្នុងស្ថានីយ៍អង្គរបូរីនៅឡើយទេ ក៏ប៉ុន្តែវត្តមានរបស់វានៅក្នុងវប្បធម៌សម័យបុរេប្រវត្តិសាស្ត្រ ដូចជានៅស្ថានីយ៍សំរោងសែនជាដើម ក៏ អាចបញ្ជាក់ឲ្យយើងដឹងដែរថា ទំនៀមទម្លាប់ខាងលើនេះ នៅតែប្រព្រឹត្តិរហូតទៅដល់បឋមសម័យ ប្រវត្តិសាស្ត្រ។
សូមជម្រាបថា ក្រៅពីជន្លួញនិងកំសួសំណាញ់ ថ្មីៗនេះយើងបានរកឃើញបន្តោងខ្សែកមួយធ្វើ អំពីកែវស្ល មានឆ្លាក់រូបមនុស្សស្ទូចត្រី។ នេះជាសក្ខីភាពថ្មីសំខាន់បំផុត ស្តីពីការរស់នៅនៃខេមរជននា សម័យបុរាណកាល។ ទំនៀមស្ទូចត្រីនិងនេសាទត្រីបែបនេះ ដោយប្រើសំណាញ់ដោយមានកំសួសំណ ដែលពីមុនជាដីដុត បានត្រូវបន្សល់ទុករហូតដល់សព្វថ្ងៃ។
ការធ្វើស្រែចំការៈ
តាមរយៈការពិនិត្យសិក្សាវត្ថុបុរាណមួយចំនួន ដែលជាសំណល់នៃមូលដ្ឋានវប្បធម៌នាដើម គ្រិស្តសករាជមក យើងបានដឹងថា គ្រឹះនៃសេដ្ខកិច្ចនិងសង្គមខ្មែរ គឺកសិកម្ម គឺវិស័យនេះហើយដែលជា ប្រភពនៃវឌ្ឍនភាពនៃសម័យអង្គររវាងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៤។
ជាការពិតណាស់ សង្គមខ្មែរយើងនាសម័យនគរភ្នំ ជាសង្គមធ្វើស្រែចំការដូចសព្វថ្ងៃ ប៉ុន្តែជា អកុសល ការបំផ្លិចបំផ្លាញនូវស្ថានីយ៍ប្រវត្តិសាស្ត្រ និងការពុំទាន់ផ្តោតអារម្មណ៍ទៅលើសារសំខាន់នៃ បញ្ហាធម្មជាតិនេះ ធ្វើឲ្យយើងជួបផលវិបាកក្នុងការសំយោគអំពីវប្បធម៌ខ្មែរ នាគ្រាបឋមនៃប្រវត្តិសាស្ត្រ។
តាមការស្រាវជ្រាវថ្មីរបស់យើងនៅអង្គរបូរី និងតាមឯកសារមួយចំនួនដែលយើងបានសិក្សា នៅប្រទេសៀមនិងវៀតណាមខាងត្បូង គឺនៅកម្ពុជាក្រោម យើងអាចបញ្ជាក់ថា បុព្វបុរសខ្មែរនាដើម សតវត្សរ៍ទី១នៃគ.ស. ពិតជាធ្វើស្រែចំការដូចខេមរជនសព្វថ្ងៃដែរ។ តាមរយៈការវិភាគលើរូបចម្លាក់មួយ តំណាងមនុស្សបុកស្រូវ យើងឃើញថា ជីវភាពនាសម័យនគរភ្នំមិនខុសពីជីវិតនៅជនបទ នៃព្រះរាជា-ណាចក្រកម្ពុជាសព្វថ្ងៃប៉ុន្មានទេ។ ដោយសារឯកសារខាងលើនេះ យើងដឹងថា អ្នកស្រុកភាគច្រើនធ្វើ ស្រែចំការ ដាំស្រូវ ពោត ល្ង ល្ពៅ ឃ្លោក ម្ទេស ត្រកួន។ល។ ហើយក្នុងការដាំដំបូង ពួកគេត្រូវឆ្ការព្រៃ ដុត ដើម្បីបង្កើនជីរជាតិ ដូចជាជនជាតិដែលរស់នៅតាមព្រៃភ្នំ ឬខ្ពង់រាប។
ភស្តុតាងសំខាន់មួយដែលធ្វើឲ្យយើងរឹតតែជឿជាក់ថា ខ្មែរសម័យនោះ ក្រៅពីពាណិជ្ជកម្ម ធ្វើស្រែចំការ មានការពិពណ៌នាមួយចំនួន អំពីអំណោយជាដីធ្លីចំពោះបូជនីដ្ឋាននានាពីសំណាក់ ព្រះរាជាម្ចាស់ផែនដី។
មួយវិញទៀត ប្រសិនបើយើងឡើងទៅលើកំពូលភ្នំដា នៅខេត្តតាកែវ ហើយចោលកន្ទុយភ្នែក ចុះទៅក្រោម យើងពិតជានឹងឃើញវាលស្រែបុរាណដ៏ធំធេងលាតសន្ធឹងដាច់កន្ទុយភ្នែក ។ ទាំងនេះជា សក្ខីកម្មមួយបញ្ជាក់ប្រាប់យើងឲ្យដឹងថា គឺនៅទីនោះហើយ ដែលបុព្វបុរសយើងធ្វើស្រែចំការ។
ឧស្សាហកម្មលោហធាតុៈ
ជាងដែក ជាងទងខ្មែរនាសម័យនគរភ្នំ ដែលជាអ្នកតពូជពង្សពីបុព្វបុរសរបស់ខ្លួន នាសម័យបុរេ ប្រវត្តិសាស្ត្រ ចេះស្លលោហធាតុដើម្បីផលិតវត្ថុប្រើប្រាស់ ឬតុបតែងយ៉ាងល្អប្រណិត។ វត្តមានរបស់ ឧស្សាហកម្មលោហធាតុ បានធ្វើឲ្យទម្រង់សង្គមខ្មែរនាដើមសតវត្សរ៍ទី១នៃគ.ស. បានផ្លាស់ប្តូរ ដោយ ហេតុថា គេសង្កេតឃើញមានការបែងចែកប្រជាពលរដ្ឋជាក្រុមៗ ដែលមានជំនាញខុសប្លែកៗពីគ្នា ដូច ជាក្រុមជាងដែក ជាងទង និងជាងឈើ។ល។ ក្នុងសង្គមខ្មែរ។ ទន្ទឹមនឹងនេះ គេក៏ឃើញបណ្តាញ ពាណិជ្ជកម្មជាច្រើនខ្វាត់ខ្វែងទូទាំងព្រះរាជាណាចក្រ ជាហេតុដែលបណ្តាលឲ្យយើងអាចសន្និដ្ឋានថា សម័យនេះជាសម័យថ្កុំថ្កើងរុងរឿង ក្នុងវិស័យឧស្សាហកម្មលោហធាតុ។
នៅសម័យនគរភ្នំ ការសិក្សាសំណល់វប្បធម៌បានបញ្ជាក់ឲ្យយើងដឹងថា ខ្មែរយើងចេះស្លលោហ-ធាតុ ដូចជាមាស ដែក សំរឹទ្ធ សម្រាប់ធ្វើឧបករណ៍ប្រើប្រាស់និងវត្ថុសម្រាប់គោរពបូជា ដូចជាព្រះ បដិមារ ជាដើម។ ក្រៅពីនេះ គេឃើញមានវត្តមានរបស់ឧស្សាហកម្មស្លកែវដែរ។
វត្ថុធ្វើអំពីមាសៈ
មាសជាលោហធាតុមួយ ដែលជនជាតិខ្មែរចាត់ទុកជាវត្ថុពិសិដ្ឋ ត្រូវបានគេប្រើប្រាស់ដើម្បីសូនរូបទេវតា ឬគ្រឿងអលង្ការផ្សេងៗ។ យ៉ាងណាមិញ មាសក៏ជានិមិត្តរូបនៃភាពបរិសុទ្ធនិងអមតៈដែរ ដូច្នេះហើយបានជាលោហធាតុនេះមានតម្លៃជាងអ្វីៗទាំងអស់ តាំងពីសម័យបុរាណរហូតដល់សព្វថ្ងៃ។
ការឃើញនូវឧបករណ៍ជាងទង ដូចជាពុម្ពនិងក្រឡសម្រាប់ស្លមាសនៅស្រុកអង្គរបូរី បញ្ជាក់ថា ប្រភពនៃជាងទងខ្មែរ ពិតជាបានកើតចេញពីតំបន់នេះ។
លទ្ធផលនៃការស្រាវជ្រាវរបស់យើងបានឲ្យដឹងថា មាសដែលខ្មែរបុរាណបានប្រើនោះ មានភាព សម្បូរបែបជាអតិបរមា និងលក្ខណៈខុសប្លែកៗពីគ្នា ដែលមានដូចតទៅនេះ៖
ទេវរូបៈ
ទេវរូប ឬពុទ្ធរូបធ្វើអំពីមាស មានចំនួនតិចហើយចំនួនតូច។ យើងពុំបានឃើញផ្ទាល់ទេ ក៏ប៉ុន្តែ តាមសេចក្តីអធិប្បាយរបស់អ្នកស្រុក យើងដឹងថា ព្រះបដិមាទាំងនោះ តំណាងព្រះវិស្នុ និងព្រះពុទ្ធអង្គ ប្រក់នាគ។
សិវលិង្គៈ
សិវលិង្គមាស និងស្រោបមាសជាច្រើន ត្រូវបានគេរកឃើញ។
មាសសន្លឹកៈ
មាសសន្លឹកស្តើងៗជាច្រើន ត្រូវបានគេរកឃើញនៅក្រោមឃឿនបូជនីយដ្ឋាន។ នៅលើសន្លឹក មាសទាំងនោះ គេអាចឃើញសញ្ញានិមិត្ត ដូចជាព្រះពុទ្ធអង្គ ព្រះនារាយណ៍ សត្វអណ្តើក ស្លឹកពោធិ រូប ហនុមានកាន់ដំបង គោនន្និន ខ្យងស័ង្ខ កងចក្រ ។ល។
គ្រឿងអលង្ការៈ
ក្នុងចំណោមអលង្ការជាច្រើន គេឃើញមានក្រវិលច្រមុះ ក្រវិលត្រចៀក ត្រសាលត្រចៀក បន្តោងក អង្កាមគ្រប់ខ្នាត ចិញ្ចៀនដៃនិងចិញ្ចៀនជើង។
ចិញ្ចៀនមាសទាំងនោះមានដាំត្បូង ធ្វើអំពីកែវស្ល ឬធ្វើអំពីថ្មដែលមានរូប គោនន្និន និងរូប ព្រះនាងលក្ស្មី។ ជួនកាលគេឃើញមានដែរ នូវរូបទន្សាយ ខ្យងស័ង្ខ ឬផ្កា។
កាក់មាសៈ
ក្រៅពីវត្ថុវប្បធម៌ទាំងនោះ គេឃើញមានកាក់មាសមួយចំនួនទៀត ជាភស្តុតាងនៃការជួញប្រែ ជាមួយប្រទេសជិតខាង ជាពិសេសប្រទេសចិន និងទ្វារវតីនៃជនជាតិមន ដែលទើបតែត្រូវបង្កើតឡើង នៅចុងសតវត្សរ៍ទី៦នៃ.គ.ស។
កាក់មាសខ្លះមានរូបមាន់កំពុងរងាវនៅម្ខាង ហើយម្ខាងទៀតគឺព្រះអាទិត្យរះឬលិច ឬរូបសត្វ..។
សូមជម្រាបថា សម្ភារៈធ្វើអំពីមាស ដែលយើងបានរៀបរាប់ខាងលើនេះ មិនខុសពីសម្ភារៈដែល គេបានរកឃើញនៅម្តុំកំពង់ផែ អូរកែវ កម្ពុជាក្រោម និងអ៊ូថង ព្រមទាំងនៅខេត្តកញ្ចនបូរីប្រទេសថៃ បច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះគប្បីជ្រាបថាមួយភាគធំនៃគ្រឿងអលង្ការមាសបុរាណ ត្រូវបានគេរំលាយ ដើម្បីយកមាស។ នេះជាការខាតបង់ដ៏ធំ។