ប្រវត្តិសាស្ត្រកម្ពុជា ភាគទី១៤៖ ឥទ្ធិពលរបស់សិល្បៈគន្ធារៈ អមរាវតី និងអនុរាធបុរៈ

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK

ការវិភាគរូបចម្លាក់តំណាងព្រះពុទ្ធអង្គជាច្រើន នៃស្រុកអង្គរបូរីបង្ហាញឲ្យដឹងថា សិល្បៈខ្មែរ សម័យនគរភ្នំ បានទទួលឥទ្ធិពលវប្បធម៌ពីមជ្ឃមណ្ឌលវប្បធម៌ក្លិង្គគន្ធារៈ អមរាវតី និង អនុរាធបុរៈ។ ពិតណាស់ហើយដែលព្រះកេសព្រះពុទ្ធអង្គនៃភូមិកំពង់ពោធិ បង្ហាញឲ្យឃើញនូវលក្ខណៈនៃ សិល្បៈគន្ធារៈនាសតវត្សរ៍ទី១និងទី២នៃគ.ស.ក៏ពិតមែន ក៏ប៉ុន្តែយើងពុំអាចថា ចម្លាក់បុរាណនេះបាន ត្រូវស្ថាបនាឡើងនៅស្រុកអង្គរបូរី ដោយសិល្បករខ្មែរនាសម័យបុរាណឡើយ។ ប្រការដែលធ្វើឲ្យយើង សន្និដ្ឋានដូច្នេះ បណ្តាលមកពីវត្តមានរបស់ប្រភេទ ឬធាតុថ្ម ដូចព្រះកេសព្រះពុទ្ធអង្គនោះ នៅក្នុងតំបន់ អង្គរបូរី ឬនៅក្នុងប្រទេសកម្ពុជា តែថែមពីលើនោះទៀត ព្រះកេសនោះពុំមានលក្ខណៈពេញលេញទេ ដោយហេតុថា សំណាកព្រះកេសបុរាណនោះពុំបានត្រូវគេឆ្លាក់ផ្នែកខាងក្រោយឡើយ។ គឺករណីនេះ ហើយដែលធ្វើឲ្យយើងអាស់អាងថា សំណាកព្រះកេសបុរាណនោះ ត្រូវគេឆ្លាក់នៅប្រទេសក្លិង្គខាងជើង ហើយបានដឹកចូលទីក្រុងអង្គរបូរីតាមកំពង់ផែអូរកែវ(១) ដោយអ្នកជំនួញសម័យនោះ គឺប្រយោជន៍ក្នុង ការសក្ការៈបូជា។

ប្រការមួយទៀតដែលគួរឲ្យយើងចាប់អារម្មណ៍បំផុតនៅទីនេះ គឺលក្ខណៈជាប្រវត្តិសាស្ត្ររបស់ រូបចម្លាក់នេះ ដែលជាវត្ថុតាងគម្រូមួយយ៉ាងសំខាន់សម្រាប់ជាងចម្លាក់ខ្មែរ នាដើមសតវត្សរ៍ទី២និងទី៣ នៃគ.ស. ក្នុងអាណាចក្រភ្នំ។

ប្រភពព្រះកេសនៃព្រះពុទ្ធអង្គខាងលើនេះ មិនធ្វើឲ្យយើងភ្ញាក់ផ្អើលប៉ុន្មានឡើយ ពីព្រោះគេបាន រកឃើញក្នុងគោលសីមានគរភ្នំ នូវព្រះពុទ្ធអង្គជាច្រើនទៀត ដែលត្រូវគេបានដឹកមកពីស្រីលង្កា ដែលជា រចនាបថអមរាវតី និងអនុរាធបុរៈ ដូចជាព្រះពុទ្ធអង្គនៅយ៉ុងដឿន នគរបឋម នគររាជសីមា អ៊ូថង ជាដើម។ សូមជម្រាបថា ជាការគួរឲ្យអស្ចារ្យទៀតនោះ គេបានរកឃើញព្រះពុទ្ធអង្គដែលមានលក្ខណៈ ដូចព្រះពុទ្ធអង្គទាំងប៉ុន្មានខាងលើនេះ នៅប្រទេសឥណ្ឌូណេស៊ី និងនៅម៉ាឡេស៊ី។ ទាំងអស់នេះបញ្ជាក់ ឲ្យឃើញថា ការនាំចូលនគរភ្នំនូវព្រះពុទ្ធអង្គជារឿងធម្មតា ដែលទាក់ទងនឹងការផ្សព្វផ្សាយព្រះពុទ្ធ សាសនា។

ព្រឹត្តិការណ៍ដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺវត្តមានរបស់រូបចម្លាក់តំណាងព្រះពុទ្ធអង្គ ដែលជារចនាបថអមរាវតីមកពីស្រីលង្កា នាសតវត្សរ៍ទី២-ទី៤ នៃគ.ស. ដែលគេបានរកឃើញនៅ រាជធានីអង្គរបូរី នៅត្រង់ម្តុំវត្តគំនូរ។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏បានជួបប្រទះដែរ នូវព្រះកេសរចនាបថ គុប្ភៈ ដែលមកពីការដ្ឋាន គន្ធារៈ មានប្រភពនៅឥណ្ឌាខាងជើង។

អាស្រ័យដោយវត្តមានរបស់ចម្លាក់បុរាណ តំណាងព្រះពុទ្ធរូបបុរាណទាំងនោះ ក្នុងអតីតកាល នគរភ្នំ យើងអាចយល់ថា បណ្តាខេត្តនានានៃប្រទេសឥណ្ឌាបុរាណ បានចូលរួមវិភាគទានក្នុងការ ស្ថាបនាខឿនវប្បធម៌-អារ្យធម៌ខ្មែរ។

ម៉្យាងទៀត តាមរយៈសិលាចារឹក យើងក៏ដឹងដែរថា ប្រទេសក្លិង្គខាងត្បូងក៏បានចូលរួមដែរ ក្នុងការស្ថាបនាឃឿនវប្បធម៌ខ្មែរបុរាណ។ យើងឃើញមានសិលាចារឹកជាច្រើនដែលគេទើបតែរកឃើញ ក្នុងអម្លុង១០ឆ្នាំចុងក្រោយនេះ នៅប្រទេសៀមនិងប្រទេសខ្មែរបច្ចុប្បន្ន ទោះជាគ្មានការតាំងកាល បរិឆ្ឆេទក៏ដោយ ដូចជាសិលាចារឹកជាអក្សរ វបល្លៈនៅក្លងធំ ខេត្រក្របី នាស.វ.ទី៤-៥នៃគ.ស. (Ka85)។ ក៏ប៉ុន្តែសិលាចារឹកទាំងអស់នេះមានលក្ខណៈចាស់ជាងគេបំផុត ហើយជាក់ស្តែងណាស់ទៅទៀត ថ្មីៗ នេះ កាលពីឆ្នាំ១៩៩០កន្លងទៅ គេបានរកឃើញក្នុងខេត្តខាងលើនេះ នូវអង្កាំមួយគ្រាប់ ដែលមាន តួអក្សរចារឹកចំនួនពីរបន្ទាត់  ដែលមានចារឡើងក្នុងអម្លុងស.វ.ទី១-២ នៃគ.ស.។ ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា តួអក្សរទាំងនោះ គឺជាអក្សរព្រាហ្មណ៍។ ខ្លឹមសាររបស់បន្ទាត់ទី១ នៃសិលាចារឹកនេះ មាន ដូចតទៅៈ  “ រូបលក្ខណៈរបស់ព្រាហ្មណ៍ ព្រះឥន្ទ ព្រះហស្បត៍ និងព្រះគណេស។ ចំណែកឃ្លាទី២ គឺ សេចក្តីល្ងង់ខ្លៅ។ ការនេះបង្ហាញថា ជនជាតិខ្មែរបានស្គាល់ទេវតាក្លិង្គសំខាន់ៗ ចាប់តាំងពីស.វ. ទី១ នៃគ.ស.ម៉្លេះ ហើយបន្ទាប់មកទៀត ពាក់កណ្តាលស.វ.ទី៣ នៃគ.ស. ទើបគេឃើញមានការដុះដាលរីក ចម្រើននៃព្រហ្មញ្ញសាសនា ដូចជាវត្តមាននៃសិលាចារឹក វូកាញ់ នៅកម្ពុជាក្រោម ជាសក្ខីភាពស្រាប់។ រួមសេចក្តីមក នៅក្នុងអម្លុងសតវត្សរ៍ទី៤និងទី៥ នៃគ.ស. គេរកឃើញមានការដ្ឋានសាងសង់រូបបដិមា ផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានៅក្នុងអតីតដែនដីរបស់នគរភ្នំ ដូចជាតំបន់វាលភក់នៅ កម្ពុជាក្រោម តំបន់ឈូងសមុទ្រសៀមបច្ចុប្បន្ន និងជាពិសេសនៅអង្គរបូរី ជាហេតុដែលឲ្យយើងឃើញ នូវវត្តមានចម្លាក់បុរាណមួយចំនួនដែលពុំទាន់ធ្វើរួច។ ដោយយោលទៅលើរូបចម្លាក់ព្រះពុទ្ធអង្គមួយ យ៉ាងធំ ដែលគេបានរកឃើញនៅម្តុំវត្តគំនូរ ក៏ប៉ុន្តែពុំទាន់រួចជាស្ថាពរនៅឡើយ យើងសន្និដ្ឋានថា សម្ព័ន្ធភាពផ្នែកវប្បធម៌និងសេដ្ឋកិច្ច រវាងនគរភ្នំនិងស្រីលង្កា មានភាពជិតស្និទ្ធណាស់។

ប្រពៃណីខ្មែរ តាមប្រភពឯកសារចិន

ឯកសារចិនមួយ នៅសតវត្សរ៍ទី៣នៃគ.ស. បាននិយាយថា ប្រជារាស្ត្រខ្មែរចូលចិត្តរចនា ក្បូរក្បាច់ និងមានឃ្លាំងដាក់សៀវភៅ ដែលមានតួអក្សរ ដូចជនជាតិឥណ្ឌា។

ម៉្យាងទៀត ការរៀបចំពិធីបូជាសពរបស់ខ្មែរជំនាន់នោះ មានលក្ខណៈដូចគ្នាទៅនឹងអាណាចក្រ ចម្ប៉ា។

ស្ត្រីភេទលែងខ្លួន គ្រាន់តែស្លៀកសំពត់ក្រណាត់មួយផ្ទាំង ដែលគេពាក់ “ស៊ក” ពីលើក្បាល។ ឯ បុរសវិញ គេស្លៀកសំពត់តាមបញ្ជារបស់ព្រះរាជា មានន័យថា មនុស្សដែលស្លៀកសំពត់ទាំងនោះ សុទ្ធតែជានាម៉ឺនមន្ត្រីក្នុងស្ថាប័ននានា និងក្នុងរដ្ឋបាលសម័យនោះ។ គេក៏អាចដឹងដែរថាមនុស្សសាមញ្ញ ពិតជាត្រូវស្លៀកប៉ឹង ឬ រុំក្រមារ ដូចបងប្អូនខ្មែរលើពុំខាន។

នេះជាសេចក្តីសង្ខេបស្តីពីទំនៀមទម្លាប់ខ្មែរខ្លះៗនាសម័យនគរភ្នំ ដែលជនជាតិចិនបានបន្សល់ ទុកក្នុងកំណត់ហេតុរបស់គេ ហើយដែលយើងអាចយកមកប្រៀនធៀបនឹងវត្ថុបុរាណនៅពេលបន្តិច ទៀត ដើម្បីបង្រួញឡើងវិញ នូវជីវភាពរបស់ប្រជាជនខ្មែរ នៅគ្រាបឋមកាល នៃប្រវត្តិសាស្ត្ររបស់ខ្លួន។

អំពីលក្ខណៈប្រពៃណីនគរភ្នំ

ការនិយម ស្លា ម្លូៈ

ការពិពណ៌នាអំពីប្រពៃណីខ្មែរនាសម័យនគរភ្នំ ដែលបានផ្តើមឡើងតាំងតែពីសតវត្សរ៍ទី១នៃ គ.ស. មិនមែនជាការងាយស្រួលប៉ុន្មានទេ ជាពិសេសក្នុងរយៈកាលមួយដែលយើងខ្វះឯកសារជាលាយ លក្ខអក្សរ ហើយម៉្យាងទៀត ក្នុងសម័យកាលមួយដែលជនជាតិខ្មែរ ទើបតែទទួលឥណ្ឌូរូបនីយកម្ម។

ដូច្នេះក្នុងករណីនេះ ការអធិប្បាយអំពីប្រពៃណីខ្មែរនាសម័យនោះ ត្រូវពឹងផ្អែកទៅលើវត្ថុទាំង ឡាយ ដែលបានមកពីស្ថានីយ៍ប្រវត្តិសាស្ត្រ។

ដោយមានឯកសារមិនទាន់គ្រប់គ្រាន់នៅឡើយ យើងពុំទាន់អាចរៀបរាប់ឲ្យបានពិស្តា អំពី ជីវភាពរបស់ខេមរជននាសម័យដើមប្រវត្តិសាស្ត្រខ្មែរ ពោលគឺអារិយធម៌ផ្នែកសម្ភារៈ និងជំនឿសាសនា ឬសិលធម៌ឡើយ។ បើនិយាយម៉្យាងទៀត យើងគ្រាន់តែសូមលើក​នូវទំនៀមទម្លាប់ខ្លះៗ ដែលទាក់ទង នឹងសង្គមខ្មែរ ដូចទៅនេះ :

ថ្វីត្បិតតែយើងពុំអាចតាំងកាលបរិច្ឆេត នៃការនិយមខាងលើយ៉ាងច្បាស់លាស់ក៏ដោយ ក៏យើង អាចបញ្ជាក់ថា ខ្មែរយើងនាសម័យបុរេប្រវត្តិសាស្ត្រ បានចេះស៊ីស្លាម្លូយ៉ាងប្រាកដ។ ការសន្និដ្ឋានបែប នេះ មកពីយើងបានរកឃើញនូវប្រអប់ធ្មេញមានពណ៌ខ្មៅ ក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រ បានឈាង។ សូម បញ្ជាក់ថា ធ្មេញដែលមានពណ៌ខ្មៅខាងលើនេះ បណ្តាលមកពីការនិយមស្លាម្លូ ហើយម៉្យាងទៀត ប្រពៃ ណីខ្មែរនេះ ត្រូវបានពួកកុលសម្ព័ន្ធខ្មែរលើ រក្សារហូតដល់សព្វថ្ងៃនេះ។ ឧទ្ទាហរណ៍ខាងលើនេះ សឲ្យឃើញនូវនិរន្តរភាពនៃទំនៀមទម្លាប់នេះ។

ថ្មីៗនេះ យើងបានរកឃើញនៅឯស្ថានីយ៍អង្គរបូរី នូវក្រឡមួយចំនួនដែលផ្ទុកកំបោតពណ៌ ផ្កាឈូក។ ការរកឃើញនេះក៏ជាភស្តុតាងមួយយ៉ាងសំខាន់ សម្រាប់បង្ហាញបញ្ជាក់ពីការនិយមស្លាម្លូ នា សម័យប្រវត្តិសាស្ត្រ។

ការពិនិត្យយ៉ាងហ្មត់ចត់នូវជាតិកំបោរ ដែលនៅក្នុងក្រឡធ្វើអំពីដីដុតខាងលើនេះ អាចផ្តល់ឲ្យ យើងនូវព័ត៌មានមួយចំនួនទៀត ដែលយើងពុំធ្លាប់មានពីមុនឡើយ។ ព័ត៌មានទី១ គឺកំបោរដែលយើងរក ឃើញនោះ បានត្រូវធ្វើឡើងដោយសំបកលៀស ដែលគេដុតឲ្យក្លាយហ្មត់ទៅជាផេះ ដើម្បីយកមកធ្វើ កំបោរ។ ទន្ទឹមនឹងនេះ យើងក៏អាចដឹងទៀតថា សំបកលៀសដែលគេយកទៅផលិតកំបោរទាំងនោះ ពិតជាបានមកពីគំនរសំបកលៀសតាម បឹងបួ ព្រែក អូរ និងដងទន្លេមេគង្គ ដែលក្រុមមនុស្សបាន បរិភោគជាចំណីអាហារ។

(១) តាមផែនទី នគរភ្នំ Oc Eo ត្រូវតែសរសេរថា O Ceo និងត្រូវអានថា អូរ កែវ