ជីវប្រវត្តិ របស់ព្រះវិរសមណៈ វិជ្ជារតនប្បញ្ញាមហា យឿង សិន ជាព្រះឧបជ្ឈាយ៍ ជាព្រះចៅអធិការវត្ត សាមគ្គីរង្សី និងជាប្រធានសមាគមព្រះសង្ឃ ខ្មែរកម្ពុជាក្រោម។
១.១/ព្រះមហា យឿង សិន (តា យឿង) ព្រះអង្គប្រ សូត នៅឆ្នាំជូត ព.ស ២៤៧៩ គ.ស ១៩៣៥។
១.២/ ស្រុកកំណើត ៖ ភូមិតាទេស ឃុំតាកែវ ស្រុក អូរម៉ុល ខេត្ដព្រែកឫស្សី កម្ពុជាក្រោម ។
១.៣/ ឪពុកនាម យឿង ស៊ីន (ស្លាប់) ។
១.៣/ ម្ដាយនាម ស្រី ចឹម (ស្លាប់)។
១.៤/ ព្រះមហា យឿង សិន (មានបងប្អូន ៤នាក់)៖
- ១.បងប្រុសឈ្មោះ យឿង សាត ។
- ២.បងស្រី យឿង ធី ស្រីសាង ។
- ៣. ព្រះមហា យឿង សិន។
- ៤.ប្អូនស្រី យឿង ធីយ៉ៅ ។
១.៥/ដំណើរជីវិត ព្រះមហាយឿង សិន ៖
- គ.ស ១៩៤៥ អាយុ ១០ (ឪពុកធ្វើទាហានបារាំង) តាមឪពុកទៅនៅទីក្រុងព្រៃនគរ។
- គ.ស ១៩៥០ អាយុ ១៥ ឆ្នាំចូលរៀនអក្សរខ្មែរនៅសាលាបឋមសិក្សាវត្ដសំរោង ខេត្តឃ្លាំង។
- គ.ស ១៩៥៣ អាយុ ១៨ ឆ្នាំបានចូលបួសជាសមណេរ នៅវត្ដហ្លូងបាសាក់ (បាយឆៅ) ឃុំមីស្វៀង ស្រុកបាយឆៅ ខេត្ដ ឃ្លាំង កម្ពុជាក្រោម។ និងរៀនធម្មវិន័យ ថ្នាក់ទោ នៅវត្តប្រាសាទគង់ ឃុំ កំពង់ ដូង (Tham don) ស្រុកបាយឆៅ (My Xuyen) ខេត្តឃ្លាំងកម្ពុជាក្រោម។
- គ.ស ១៩៥៥ បានបំពេញឧបសម្បទា ជាភិក្ខុភាវៈ ក្នុងព័ទ្ធសីមាវត្ត ហ្លួងបាសាក់ (បាយឆៅ) ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ឡឹម បែន។
- គ.ស ១៩៥៥ ដល់ ១៩៥៦ បន្តការសិក្សាសាលាបាលី វត្តសំរោង ខេត្តឃ្លាំង ។
- ១៩៥៦ ដល់ ១៩៥៩ គង់នៅវត្តខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បំរើចលនាខ្មែរសេរី សហការជាមួយលោកខេមរិន្ទ។
- គ.ស ១៩៦០ ដល់ ១៩៦៧ កគង់នៅវត្ដហ្លូងបាស័កបាយឆៅ បន្តសកម្មភាពចលនា ខ្មែរសេរីដដែល និងបានចូលរួមធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាច ងោ ឌិញយៀម (Ngo Dinh Diem)
- ប្រធានាធិបតីយួនសេរី និងមាននាទីជាអ្នកជួយការពារ ដោះស្រាយអ្នក ដែលត្រូវយួន កែនធ្វើទ័ព។
- គ.ស ១៩៦៧ ព្រះមហា យឿង សិន បានលាចាសិក្ខាបទ និងបានចូលធ្វើជាកម្មាភិបាល ស្ថាបនាកម្មជនបទ ឲ្យរដ្ឋាភិបាល ធីវ គី (Thieu Ky) អស់មួយឆ្នាំ ។
- គ.ស ១៩៦៩ ចូលរួមក្នុងកងទ័ពពិសេសហើយទៅហ្វឹកហ្វឺននៅឡុងហាយ និងញ៉ាត្រាង
- គ.ស ១៩៧០ ក្រោយពេលរដ្ឋប្រហានៅភ្នំពេញ អង្គភាព (ខ្មែរសេរី) បានបញ្ជូន ព្រះមហាយឿង សិន ឲ្យទៅកម្ពុជា ដើម្បីសហការនឹងខ្មែរឥស្សរៈ ។
- គ.ស ១៩៧៤ បានវិលពីកម្ពុជាទៅនៅស្រុកបាយឆៅខេត្តឃ្លាំង កម្ពុជាវិញ ។
- គ.ស ១៩៧៤ ដល់ ១៩៧៦ ទទួលតួនាទី ជាប្រធានពុទ្ធសាសនបណ្ឌិតរង (ខ្មែរក្រោម) ដែលមានទីតាំងនៅខេត្តឃ្លាំង បន្ទាប់ពីគ្រូមហា ដិញប្រាជ្ញ ចូលនិវត្តន៍ ។
ថ្ងៃទី១៦កុម្ភៈ គ.ស ១៩៧៦ ដល់ ថ្ងៃទី ២៥ វិច្ឆិកា គ.ស ១៩៧៩ ជាប់ពន្ធនាគារនៅទីក្រុងព្រែកឬស្សី អស់ ៤ ឆ្នាំ ត្រូវជាប់ចោទពីបទប៉ន់ប៉ងផ្ឌួលរំលំរដ្ឋាបាលកម្មុយនិស្តយួន។ ក្នុងសកម្មភាពខ្មែរក្រោម ដើម្បីផ្ដួលរំលំយួន (នៅពេលនោះព្រះមហា យឿ សិន ទទួលបន្ទុក ចលនា នៅស្រុកបាយឆៅ មានប្រាសាទគង បឹងទន្សា និងឃុំ ភូមិជាច្រើនទៀត តែត្រូវ បរាជ័យ កម្លាំងចលនារបស់ខ្មែរជាច្រើន ត្រូវបានយួនកម្មុយនិស្តសម្លាប់ និងដាក់ពន្ធនាគា ឬ មណ្ដលលត់ដំ ឲ្យធ្វើការជទម្ងន់ ព្រមទាំងរងទម្ងន់ទារុណកម្មគ្មានស្រាកស្រាន្ត) ។ ព្រះមហា យឿង សិន ក៏ត្រូវបានទ្រុឌទ្រោម សុខភាពទាំងពីជាប់ពនប្ធនាគារ ជារៀងរហូតមក ។
- គ.ស ១៩៧៩ ដល់ គ.ស ១៩៨៤ រស់នៅខេត្តតាកែវ គឺ ពេលចេញពីពន្ធធាគា ព្រះអង្គត្រូវវិលទៅជួបគ្រួសារ រួចហើយឡើងទៅខេត្ដតាកែវរដ្ឋកម្ពុជាធ្វើអាចារ្យ វត្ដនៅបូទុំពរក្រោម និងវត្ដពោធិវង្សលើ ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ទុក ស្រុកគីរីវង់ ខេត្ដតាកែវ និងទទួលបន្ទុកជាប្រធានផ្សារទន្លាប់ ។
- គ.ស ១៩៨៤ ដល់ គ.ស ១៩៨៦ ជាប់ពន្ធនាគារខេត្តតាកែវ ជាប់ចោទពីបទធ្វើ សកម្មភាពខ្មែរសេរី (ត្រូវចាប់ថ្ងៃទី ១៤ មេសា ១៩៨៤)។ (នេះជាការសហការគ្នារវាង កុម្មុយខ្មែរ និងយួន) ។
- គ.ស ១៩៨៧ ព្រះមហា យឿង សិនបានបួស (បំពេញឧបសម្បទា) ក្នុងព័ទ្ធសីមាវត្ដ ឧណ្ណាឡោម ដែលមានព្រះតេជគុណសង្ឃត្ថេរ អ៊ុំ ស៊ុំ ជាព្រះឧបជ្ឈាយ៍ ព្រះគ្រូ ស មៀង គង់នៅវត្តឧណ្ណាលោមជាពហុសូត្រស្ដាំ ព្រះគ្រូ ប៉ិ ផាង គង់នៅវត្តទួលសង្កែរជា ពហុសូត្រឆ្វេង ។
- គ.ស ១៩៩៣ ដល់ ថ្ងៃទី ២៨កញ្ញា ២០១០ ជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម (សមាគមនេះព្រះអង្គជាអ្នកផ្ដួចផ្ដើម គឺសុំច្បាប់ SNC និង UNTAC ថ្ងៃទី ១៣ កក្កដា ឆ្នាំ ១៩៩៣) ។
- គ.សថ្ងៃទី ០២ កក្កដា ១៩៩៧ ដល់ ថ្ងៃទី ២៨ កញ្ញា ២០១០ ជាព្រះចៅអធិការវត្ត សាមគ្គីរង្សី ស្ថិតក្នុងភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យខ័ណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។
- គ.ស ២០០៦ ទ្រូវបានប្រទានងារជាព្រះឧបជ្ឈាយ៍ជារៀងរហូតមក ពីសម្ដេច ធម្មលិខិត ឡោះ ឡាយ រាជាគណ នៃគណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា (គង់នៅវត្ត សន្សំកុសល រាជធានីភ្នំពេញ )។
ព្រះមហា យឿង សិនជាស្ថាបនិកកសាង វត្តសាមគ្គីរង្សី ។ សព្វថ្ងៃកំពុងកសាង ព្រះវិហារ ២ ជាន់ ដែលជាន់ក្រោមទាំងពីរបានសម្រេចហើយ នៅឡើយគ្រឿងដំបូល ។
- ថ្ងៃអង្គារ ៥ រោច ខែភទ្របទ ឆ្នាំខាលទោស័ក ព.ស ២៥៥៤ ត្រូវនឹងថ្ងៃទី ២៨ កញ្ញា ២០១០ វេលា ម៉ោង ១២ និង ១៥ នាទី ថ្ងៃត្រង់ ព្រះមហា យឿង សិនបានសុគតិ ដោយ ជម្ងឺ ហឺត (ថប់ដង្ហើម) ក្នុងព្រះជន្ម ៧៥ព្រះវស្សា ៕
ភ្នំពេញ ថ្ងៃទី ២៨ កញ្ញា ២០១០
រៀបរៀងដោយ លោក លី ឈូន (VOKK)