ប្រវត្តិព្រះតេជព្រះគុណ សឺង ជូន អតីតព្រះចៅអធិការវត្តព្រះពន្លាជ័យ ខេត្តព្រះត្រពាំង

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ


ព្រះតេជព្រះគុណ សឺង ជូន ( ឥន្ទជោតោ ) ជាអតីតៈព្រះចៅអធិការវត្តព្រះពន្លាជ័យ (ពន្លា ) បានសាងផ្នួស ជាសង្ឃចាប់ពីអាយុ ១៩ ឆ្នាំ ហើយព្រះអង្គបានទទួលមុខនាទីជាព្រះចៅអធិការវត្តព្រះ ពន្លាជ័យអស់ ៤ ឆ្នាំ ចាប់ពីឆ្នាំ ១៩៧២ ដល់ ១៩៧៦ ។ ក្រោយបក្សកុម្មុយនិសុ្តវៀតណាម បានចូល ត្រួតត្រាដែនដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅឆ្នាំ ១៩៧៦ អាជ្ញាធរយួនបាន ចាប់ព្រះអង្គផ្សឹករួចដាក់គុក និង ធ្វើទារុណកម្មអស់ ៦​ ឆ្នាំ ។ ក្រោយបានចេញពីពន្ធនាគារព្រះអង្គ ស្វិតអស់ដៃជើង និងមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយ ហើយសាងផ្នួសឡើងវិញរហូតដល់ព្រះជន្ម ៧៧ បាន ទទួលអនិច្ចធម្ម នៅវត្តព្រះពន្លាជ័យ ហៅវត្ត ពន្លា ឋិតនៅក្នុងស្រុកកំពង់ធំ (Chau Thanh ) ខេត្តព្រះ ត្រពាំង ។

ប្រសូត៖

ព្រះតេជព្រះគុណ សឺង ជូន ( ឥន្ទជោតោ ) ប្រសូត ក្នុង ព. ស. ២៤៧៩ គ. ស. ១៩៣៦ នៅភូមិ ពន្លា ឃុំឡឿងហ្វា ស្រុកកំពង់ធំ (Chau Thanh) ខេត្តព្រះត្រពាំង ។

ស្ថានភាពគ្រួសារ៖

ព្រះតេជព្រះគុណ សឺង ជូន ជាបុត្ររបស់ លោកតា សឺង តូច និង លោកយាយ ថាច់ ធី សាង នៅ ភូមិពន្លា ឃុំឡើឿងហ្វា ស្រុកកំពង់ធំ (Chau Thanh ) ខេត្តព្រះត្រពាំង ។ ព្រះអង្គមានបងប្អូនបង្កើត ទាំងអស់ ៧ នាក់ ក្នុងនោះ ប្រុស ៥ ស្រី ២ ។ សមាជិកគ្រួសារទាំងនេះ រួមមាន៖

ទី ១. សឺង ចាង (ប្រុស គឺព្រះតេជព្រះគុណ សឺង ជូន )
ទី ២. សឺង ធី ចឿង (ស្រី)
ទី ៣. សឺង ធី ចៀង ( ស្រី ) ( ស្លាប់ )
ទី ៤. សឺង ចូន  ( ប្រុស )  ( ស្លាប់ )
ទី ៥. សឺង ចូវ    ( ប្រុស )  ( ស្លាប់ )
ទី ៦. សឺង ចឹង  ( ប្រុស )  ( ស្លាប់ )
ទី ៧. សឺង ថែន ( ប្រុស ) ( ស្លាប់ )

សាងផ្នួសជាសាមណេរ និង ភិក្ខុ៖

អាយុ ១៩ ឆ្នាំ ម្ដាយឳពុកបាននាំទៅបួសនៅវត្តព្រះពន្លាជ័យ ( ពន្លា ) ជាវត្តកំណើតរបស់ព្រះអង្គ ។ បួសជា សាមណេរបាន ៣ វស្សា ក៏បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងវត្តព្រះពន្លាជ័យ ដដែល ។

ទទួលតួនាទីជាព្រះចៅអធិការវត្ត៖

ព្រះតេជព្រះគុណ សឺង ជូន បានទទួលនាទីជាព្រះចៅអធិការវត្តព្រះពន្លាជ័យ ចាប់ពីឆ្នាំ ១៩៧២ ដល់ ឆ្នាំ ១៩៧៦  ហើយត្រូវបានបក្សកុម្មុយនិស្តវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារអស់រយៈ ពេល ៦ ឆ្នាំ ។

បក្សកុម្មុយនិស្តវៀតណាមចាប់ផ្សឹកដាក់គុក៖

ឆ្នាំ ១៩៧៦ ព្រះតេជព្រះគុណ សឺង ជូន ត្រូវបានអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាមចាប់ផ្សឹកទាំងកំពុង នៅជាព្រះចៅអធិការវត្តទាក់ទិននឹងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ជាព្រឹត្តិការណ៍មួយដែលពលរដ្ឋខ្មែរក្រោម នៅខេត្តព្រះត្រពាំង  បានងើបឡើងដោយកម្លាំងប្រដាប់អាវុធដើម្បីផ្ដួលរំលំរដ្ឋាភិបាល វៀតណាមកាលពីឆ្នាំ ១៩៧៦ ។ ក្នុងព្រឹត្តិការណ៍បះបោរបរាជ័យរបស់ខ្មែរក្រោមមួយនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាច្រើនត្រូវ បានអាជ្ញាធរវៀតណាមបាញ់ប្រហារ និងកាត់ទោសប្រហារជីវិត និងជាប់គុកអស់មួយជីវិតជាច្រើនអង្គនិងរូប ។ ក្រោយពីបាននៅក្នុងគុកយួនអស់ ០៦ ឆ្នាំ ចេញមក ព្រះអង្គស្វិតជើងដៃទាំងសងខាង និងមានជំងឺរីងរៃ ព្រោះត្រូវអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាមធ្វើ ទារុណកម្ម ។

ទទួលអនិច្ចធម្ម៖

ព្រះតេជព្រះគុណ សឺង ជូន ( ឥន្ទជោតោ ) អតីតៈព្រះចៅអធិការវត្តពន្លាជ័យ បានទទួលអនិច្ច ធម្មនៅថ្ងៃចន្ទ ១២ កើត ខែទុតិយាសាឍ ឆ្នាំរោង ចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា គ. ស. ២០១២ ក្នុងព្រះជន្ម ៧៧ ព្រះវស្សា ៕

——————————–

ឯកសារយោង

ប្រវត្តិ ព្រះតេជព្រះគុណ សឺង ជូន សង្ខេប (សំណេរដៃដោយពលរដ្ឋខ្មែរក្រោមម្នាក់ផ្ញើមក សាររព័ត៌មាន ព្រៃនគរ ។

ខាងក្រោមជារូបថតពិធីដង្ហែសពព្រះអង្គទក្សិណព្រះវិហារដើម្បីបូជាព្រះភ្លើង
នៅវត្តព្រះពន្លាជ័យ ។