ប្រវតិ្តសាស្ត្រកម្ពុជា ភាគទី២៤៖ ប្រព័ន្ធធារាសាស្ត្រ

ស្រាវ ជ្រាវដោយ៖ សឺង សម្រេច/VOKK

បុរាណដ្ឋានខ្មែរជាច្រើន បានបន្សល់ទុកនូវគូទឹកព័ទ្ធជុំវិញទីក្រុង ដូចជាវត្តភូ ស្រីទេព អង្គរបូរី និងសុរិន្ទ្រ ជាដើម។ តើតួទឹកទាំងនោះមានសារៈសំខាន់អ្វីខ្លះក្នុងអតីតកាល? សូមជម្រាបថា ការជីកគូ ទឹក និងលើកទំនប់ជាកំពែងព័ទ្ធជុំវិញទីក្រុងបុរាណជាប្រពៃណីមួយ ដែលគេពើបប្រទះនៅដើមសម័យ ប្រវត្តិសាស្ត្រ ដូចដែលមានពិពណ៌នាដោយកំណត់ហេតុចិន។

នៅព្រះរាជាណាចក្រខ្មែរ ក្នុងសម័យនគរភ្នំ និងនាដើមសតវត្សរ៍ទី១នៃគ.ស. និងសម័យ ចេនឡា គូទឹកនិងទំនប់ដីដែលហ៊ុំព័ទ្ធទីក្រុងនានា មានតួនាទីសំខានពីរ គឺក្រៅពីតម្រូវការទឹកសម្រាប់ ប្រើប្រាស់ក្នុងនគរ ទឹកជារបាំងមួយសម្រាប់ការពារទប់ទល់នឹងសត្រូវ ដែលមកពីខាងក្រៅដែរ។ សូមកុំ ភ្លេចថា ប្រទេសខ្មែរនាសម័យនោះ មានរដ្ឋតូចៗជាច្រើនដែលប្រឆាំងនឹងអំណាចកណ្តាលជានិច្ចជា កាល ហើយរចនាសម្ព័ន្ធនយោបាយនេះ ជាសារជាតិរបស់អារ្យធម៌ខ្មែរ។

ប្រភពព័ត៌មានថា លក្ខណៈគូទឹកដែលជនជាតិខ្មែរបានជីកឡើងនោះ មានសណ្ឋានស្ទើរមូល ដែលជាហេតុសម្គាល់ឲ្យដឹងថា ជាទីក្រុងបុរាណនាសម័យដើមប្រវត្តិសាស្រ្ត ហើយទម្រង់មូលនៃទីក្រុង ត្រូវបានគេសម្គាល់យ៉ាងច្បាស់ដោយរូបថតពីលើអាកាស។ម៉្យាងទៀត កំណើតនៃទីក្រុងខ្មែរជាច្រើននៅ កម្ពុជា ឬនៅភូមិភាគឥសាន និងភូមិភាគកណ្តាលនៃប្រទេសថៃ បណ្តាលមកពីកំណើនចំនួនប្រជាជន នាសម័យលោហធាតុ ជាពិសេសសម័យដើមប្រវត្តិសាស្រ្ត ដែលសហគមន៍មនុស្សចាំបាច់ត្រូវការ ក្នុង ការបង្កបង្កើតផល បំពេញទៅតាមសេចក្តីត្រូវការរបស់ពួកគេ ក្នុងជីវិតប្រចាំថ្ងៃ។ កំណើនចំនួនប្រជាជន តម្រូវឲ្យមានការពង្រីកផ្ទៃដីដាំដុះ នៅតំបន់វាលរាបនៃទីក្រុងនានា ប្រយោជន៍ក្នុងការបង្កើនផលិតផល កសិកម្ម។ គឺក្នុងករណីនេះហើយ ដែលការជីកគូទឹកនិងលើកទំនប់ដី ដើម្បីបង្កើនប្រព័ន្ធធារាសាស្ត្រ មួយថ្មី ក្នុងទីក្រុងបុរាណជាការចាំបាច់បំផុត ដើម្បីនាំមកនូវនិរន្តរភាព និងវឌ្ឍនភាពរបស់សង្គមខ្មែរ នា សម័យនោះ។

សេចក្តីសន្និដ្ឋាន

អាណាចក្រសំខាន់បំផុតនៃអាស៊ីអាគ្នេយ៍ តាំងតែពីអម្លុងសតវត្សរ៍ទី១ ដល់ឆ្នាំ៦២៧នៃគ.ស.​គឺជាអាណាចក្រភ្នំ ក្រុងភ្នំ ដែលចិនហៅថាហ៊្វូណន។ នគរភ្នំដំបូងនេះត្រូវបានគេបង្កើតឡើង ដោយ ការផ្សព្វផ្សាយវប្បធម៌-អារ្យធម៌ក្លិង្គ ហើយពាក្យ ក្រុងភ្នំ គឺជាពាក្យខ្មែរបុរាណ ( កុរុង វ្នំ ) សំដៅភ្នំ នៃព្រះ រាជាណាចក្រខាងលើនេះ ដែលទ្រង់មានព្រះនាមជាភាសាសំស្ក្រឹតថា បព៌តភូបាល ឬសៃលរាជ។ តាម ពិតនាសម័យបុរាណ ជនជាតិចិនបានប្រើឋានន្តរនាមដើម្បីហៅប្រទេសដែលមានស្តេចសោយរាជ្យផង ដែរ។

នគរភ្នំជាក្សត្រប្រទេសដែលបានចាប់បដិសន្ធិឡើង ដោយការបង្រួបបង្រួមផ្សំផ្គុំរដ្ឋតូចធំជាច្រើន ដូច្នេះហើយបានជាគេរកឃើញ នូវរាជធានីបុរាណជាច្រើននៃអតីតអាណាចក្រភ្នំនេះ ដែលស្ថិតក្បែរដង ទន្លេមេគង្គផ្នែកខាងក្រោម ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ និងទន្លេចៅព្យា ក្នុងបរិវេណស្រុកអ៊ូថង នៃខេត្ត សុផានបូរី ប្រទេសសៀមបច្ចុប្បន្ននេះ។

តាមពិត នាសម័យមហារុងរឿង ដែនដីនៃព្រះរាជាណាចក្រភ្នំ ដែលមានអង្គរបូរីនិងអ៊ូថងជារាជ ធានី បានលាតសន្ធឹងពីភូមិភាគខាងត្បូងនៃកម្ពុជាក្រោម តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល សៀមរាប បន្ទាយមានជ័យ។ល។ ហើយពីតំបន់វាលទំនាបទាំងនេះ ដល់ដងទន្លេមេគង្គផ្នែកកណ្តាល រហូតដល់ ផ្នែកធំនៃទន្លេតាព្យា និងជ្រោយម៉ាឡាកាក្នុងបច្ចុប្បន្ន។ សេចក្តីសន្និដ្ឋាននេះ សំអាងលើភ័ស្តុតាងនៃវត្ថុ បុរាណជាច្រើន ដូចជារូបចម្លាក់ គ្រឿងអលង្ការ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាចានឆ្នាំងជាដើម ដែលគេបានរកឃើញនៅស្ថានីយ៍ប្រវត្តិសាស្ត្រ អូរកែវ អ៊ូថង និងថ្មីៗនេះ នៅភូមិស្នាយ ស្រុកព្រះនេត្រ-ព្រះ និងអង្គរបូរី ឬវ្យាធបូរៈ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងបាភ្នំ នៃខេត្តព្រៃវែង។ ឯកភាពផ្នែក ស្ថាបត្យកម្មនិងបដិមាសាស្ត្រវប្បធម៌-អារ្យធម៌ រវាងស្ថានីយ៍ប្រវត្តិសាស្ត្របុរាណនានា ក៏ជាសក្ខីភាពមួយ យ៉ាងសំខាន់បំផុត ដើម្បីបញ្ជាក់អំពីខ័ណ្ឌសីមារបស់អាណាចក្រភ្នំដែរ ដែលត្រូវបានគេធ្វើការផ្ទៀងផ្ទាត់ ជាមួយនឹងកំណត់ហេតុរបស់ចិន នាសម័យរាជវង្សលាង នៅពាក់កណ្តាលពុទ្ធសតវត្សរ៍ទី១១។

ការសន្និដ្ឋានខាងលើនេះ បានមកពីការវិភាគសិក្សាវត្ថុតាងមួយចំនួន ដែលជាមូលដ្ឋាននៃប្រវត្តិ-សាស្ត្រ។ គប្បីរំលឹកនៅត្រង់នេះថា វឌ្ឍនភាពរបស់អាណាចក្រភ្នំ បណ្តាលមកពីពាណិជ្ជកម្ម រវាងខ្មែរ និងបរទេស។

វត្តមានរបស់កាក់ និងចង្កៀងរ៉ូម៉ាំងជាច្រើនក្នុងស្ថានីយ៍ប្រវត្តិសាស្រ្ត នាសតវត្សរ៍ទី១នៃគ.ស. បានត្រូវអ្នកវិភាគពិពណ៌នាថា ជាសក្ខីកម្មផ្នែកពាណិជ្ជកម្មជាមួយអាណាចក្រភ្នំ ហើយបានហៅ ព្រឹត្តិការណ៍នេះ ថាជាព្រឹត្តិការណ៍សេដ្ឋកិច្ចមួយយ៉ាងសំខាន់។ ម៉្យាងទៀត ទំនាក់ទំនងរវាងខ្មែរនឹង ចក្រភពរ៉ូម៉ាំង តាមរយៈ”គ្រឿងទេស” ត្រូវបានកត់ត្រាតាមរយៈរឿងព្រេងមួយចំនួននៅស្រុកបាភ្នំ ខេត្ត ព្រៃវែង សព្វថ្ងៃនេះ។

ស្នាមកំពង់ផែសមុទ្រមួយយ៉ាងធំសម្បើម ដែលខ្មែរនិយមហៅថា កំពង់ផែអូរកែវ នាសម័យនោះ បានត្រូវគេរកឃើញនៅទឹកដីកម្ពុជាក្រោម។ កំពង់ផែ ព្រមទាំងវត្ថុបុរាណទាំងនោះ ជាភស្តុតាងផ្នែក ពាណិជ្ជកម្មយ៉ាងសកម្ម រវាងរដ្ឋខ្មែរដំបូងបង្អស់ ជាមួយនឹងប្រទេសឆ្ងាយៗមួយចំនួន ដែលមានជាអាទិ៍ ចក្រភពអ៊ីរ៉ាង់ ចក្រភពរ៉ូម៉ាំង ចិន និងក្លិង្គ។

ថ្វីត្បិតតែភាពថ្កុំថ្កើងរុងរឿងនៃនគរភ្នំ បណ្តាលមកពីវិស័យពាណិជកម្ម ដែលប្រទេសខ្មែរយើង ធ្វើជាមួយប្រទេសជិតខាង ក៏ប៉ុន្តែដើម្បីឲ្យជំនួញអន្តរាជាតិនេះអនុវត្តទៅបាន លុះត្រាតែប្រទេសនេះ មានមធ្យោបាយដឹកជញ្ជូន ពោលគឺមានបច្ចេកទ្ទេសខ្ពស់ក្នុងការសាងសង់សំពៅតូចធំនានា ដើម្បីធ្វើ ដំណើរឆ្លងកាត់ពីតំបន់មួយទៅដំបន់មួយ ឬប្រទេសមួយទៅប្រទេសមួយទៀត តាមផ្លូវសមុទ្រ។ យើងចង់និយាយនៅត្រង់នេះថា ខ្មែរយើងចេះប្រើនិងធ្វើសំពៅ ដើម្បីធ្វើជំនួញជួញប្រែ។

សូមរំលឹកថា ឯកសារចិនបានឲ្យដឹងថា នៅនគរភ្នំ គេឃើញមានសំពៅធំៗ បើកបរទៅមកកាត់ សមុទ្រ។ រីឯកន្សៃនៃសំពៅទាំងនោះ មានរាងជាក្បាលនិងកន្ទុយត្រី ហើយមានប្រវែងប្រមាណជា៣០ ម៉ែត្រ។

ម៉្យាងទៀតអ្នកសង្កេតការណ៍ចិននាសម័យបុរាណ បានមើលឃើញថា វត្ថុដែលគេលក់ដូរនោះ មាន មាស ប្រាក់ សំពត់ព្រែ ចរបាប់ គ្រឿងកែវ ភ្លុកដំរី សំណប៉ាហាំង ទង់ដែង គ្រឿងក្រអូប ក្រមួន និងគុជខ្យងដែលបានមកពីបាតសមុទ្រ។ ពួកចិនក៏បានបញ្ជាក់ទៀតថា អ្នកស្រុកពូកែណាស់ ក្នុងការ មុជក្នុងបាតសមុទ្រ ដើម្បីរាវរកពេជ្រទាំងនោះ ដែលមានសភាពរឹងជាងដែកទៅទៀត ដោយហេតុថា យកដែកទៅដំក៏មិនខូចពេជ្រនោះទេ តែវៀចខូចដែកទៅវិញ។ មិនតែប៉ុណ្ណោះ ជនជាតិខ្មែរជាជាងទង ដ៏ចំណាន ក្នុងការធ្វើកងដៃ ចិញ្ចៀន និងចានក្បានអំពីមាសប្រាក់។ មួយវិញទៀត ខ្មែរនាសម័យនោះក៏ មានការស្ទាត់ជំនាញក្នុងការសូនរូប ត្បាញសូត្រ និងស្លរកែវដើម្បីធ្វើគ្រឿងអលង្ការ។

ការរកឃើញនូវវត្ថុបុរាណដ៏សន្ធឹកសន្ធាប់ នៅក្នុងដែនដីសណ្តនៃកម្ពុជាក្រោម និងនៅខេត្ត តាកែវបច្ចុប្បន្ន ជាពិសេសនៅក្នុងទីក្រុងវ្យាធបុរៈ និងក្នុងឈូងសមុទ្រសៀមសព្វថ្ងៃ ជាសក្ខីកម្មមួយ បញ្ជាក់នូវវឌ្ឍនភាពកប់កំពូល នៃវប្បធម៌-អារ្យធម៌របស់ខ្មែរសម័យនគរភ្នំ។

ចំពោះវត្ថុតាងស្តីពីពាណិជ្ជកម្មរវាងខ្មែរនិងចិនវិញ ក្រៅពីកំណត់ហេតុរបស់ចិន គេនៅឃើញ វត្តមានវត្ថុបុរាណជាច្រើនទៀត ដូចជាកញ្ចក់ឆ្លុះមុខ កាក់ និងក្បឿងខ្មែរមួយចំនួន ដែលបានទទួល ឥទ្ធិពលវប្បធម៌ចិន។

ជាទីអវសាន យើងសូមធ្វើសំណូមពរមួយដូចតទៅនេះ គប្បីយើងថែរក្សាវត្ថុតាងទាំងនោះឲ្យ គង់វង្ស ដោយហេតុវាជាស្លាកស្នាមនៃសំណង់វប្បធម៌ខ្មែរបុរាណ។ ដូច្នេះហើយ ការកាយស្ថានីយ៍ ប្រវត្តិសាស្ត្រដោយមិនគោរពតាមបទវិទ្យាសាស្ត្រ ដើម្បីគ្រាន់តែយកវត្ថុបុរាណទៅលក់ដូរ ជាការខាត បង់ផ្នែកប្រវត្តិសាស្ត្រមួយយ៉ាងធំធេងបំផុត។ ទង្វើនេះ អាចប្រៀបបាននឹងការបំផ្លេចបំផ្លាញនូវអត្ត-សញ្ញាណជាតិ ឬព្រលឹងជាតិរបស់យើង។

សរុបសេចក្តីមក គេស្គាល់ឬវាយតម្លៃវប្បធម៌ជាតិយើង តាមរយៈវត្ថុបុរាណដែលជាសិម្ធិផល សង្គមទាំងអស់នោះ ហើយបើយើងបាត់បង់វត្ថុតាងទាំងនោះ តើយើងនៅមានអ្វីទៀត សម្រាប់បង្ហាញ នូវភាពចំណាស់ ឬទេពកោសល្យរបស់ជនជាតិខ្មែរយើង?។