ភ្នំពេញ: តាមរយៈការពន្យល់បំភ្លឺរដ្ឋសភា អំពីដំណើរការបោះបង្គោលកំណត់ព្រំដែនកម្ពុជា-វៀតណាម នាពេលបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានបាត់បង់សិទ្ធិទាមទារយកទឹកដីកម្ពុជាក្រោម និងកោះមួយចំនួនពីប្រទេសវៀតណាម ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមរបស់សម្តេចឪ នរោត្តមសីហនុ មកម៉្លេះ។ ក៏ប៉ុន្តែសម្តេចហ៊ុន សែន បានបញ្ជាក់ថា គេមិនអាចបន្ទោសថា ព្រះករុណា សម្តេចឪ ជាអ្នកធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រោម និងកោះមួយចំនួន រាប់ទាំងកោះត្រល់នោះទេ។
ចំពោះមុខសមាជិករដ្ឋសភា និងដែលមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍គ្រប់ប៉ុស្តិ៍ ព្រមទាំងវិទ្យុ នាព្រឹកថ្ងៃទី៩សីហា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ក្រោយពីរួចផុតពីអាណានិគម ប្រទេសជាច្រើន រាប់ទាំងកម្ពុជាផង បានជ្រើសយកគោលការណ៍ដ៏មានសារសំខាន់មួយមកអនុវត្តន៍ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា ដោយរក្សាបាននូវសុខសន្តិភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អជាមួយគ្នា។
សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា “ជម្រើសយកគោលការណ៍ខ្សែព្រំដែនមិនកែប្រែរវាង កម្ពុជានិងវៀតណាម ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៦៤ សម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ នៅពេល នោះ បានយកផែនទី ប៊ន ខ្នាត ១ លើ ១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ទៅ តម្កល់ទុកនៅអង្គការសហប្រជាជាតិ ហើយតាមរយៈនេះ ព្រះអង្គបានអំពាវនាវឲ្យមានការធានារ៉ាប់រងពីសំណាក់ មហាអំណាចក្នុង ការគោរពបូរណភាពទឹកដីតាមផ្លូវច្បាប់អន្តរជាតិ និងឲ្យទទួលស្គាល់ ព្រមទាំងគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាព នៅក្នុងរង្វង់ខ្សែព្រំដែនបច្ចុប្បន្ន ដោយបានប្រកាសដាច់ខាត មិនអាចរុះរើ និង កែប្រែបាន។ ក្រោមការអំពាវនាវនេះ ប្រទេសជាច្រើន ជាពិសេសប្រទេសសាមី ដែលមានការពាក់ព័ន្ធបាន ប្រកាសទទួលស្គាល់ និងសន្យាគោរពបូរណភាពទឹកដីកម្ពុជា ក្នុងរង្វង់ខ្សែព្រំដែនបច្ចុប្បន្ន”។
ជាមួយនឹងបទ អន្តរាគមន៍អានសេចក្តីព្រាងទុកដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអង្គុយធ្វើ អត្ថាធិប្បាយ ដោយចង្អុលបង្ហាញលើផែនទី និងឯកសារ តាមការបញ្ចាំងស្លាយជូនដល់អង្គសភា និងប្រជាជន កម្ពុជាផងដែរ។
សម្តេចហ៊ុន សែន បានលើកឡើងថា “នេះហើយជាខ្សែព្រំដែនមិនកែប្រែ ហើយដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិឆ្នាំ១៩៦៤។ អ៊ីចឹងចំណុចនេះ ជាជម្រើសមួយ ដែលបន្សល់ទុកឲ្យយើងមកដល់ថ្ងៃនេះ។ សូមបញ្ជាក់ថា តើមាននរណាស្នេហាជាតិជាងសម្តេចព្រះ នរោត្តម សីហនុទៅទៀត? ហេតុអ្វីបានជាព្រះអង្គ ត្រូវបង្ខំចិត្តរៀបចំឯកសារ? ឯកឧត្តម វ៉ាគីមហុង គឺជាមនុស្សម្នាក់ដែលនៅសល់… រៀបចំឯកសារទាំងយប់ ឲ្យ ហួត សម្បត្តិ ចុះហត្ថលេខា ដើម្បីយកទៅតម្កល់នៅអង្គការសហប្រជាជាតិ។ ផែនទីដែលយើងប្រើបច្ចុប្បន្នជាមួយវៀតណាម គឺផែនទីហ្នឹងឯង។ តើមានអ្វីខុសទៅ?។ អ៊ីចឹងអស់លោកវ៉ៃខ្ញុំ មានតម្លៃស្មើនឹងវ៉ៃសម្តេចព្រះ នរោត្តម សីហនុ ទេ? ឬក៏អាជំងឺឆ្នាំ១៩៧០ វាកើតឡើងវិញ ដើម្បីផ្តួលរំលំរាជបល្ល័ង្កតែម្តង?។ ប៉ុន្តែអស់លោក ត្រូវរំលងសពរបស់ខ្ញុំសិន ទើបអាចឈានដល់រំលំរាជបល្ល័ង្កបាន”។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា “ទន្ទឹមនឹងនេះ ក៏គួរកត់សម្គាល់ដែរថា បន្ទាប់ពីកម្ពុជាប្រកាសទទួលយកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ នៅពេលកម្ពុជាបានឯករាជ្យ នៅឆ្នាំ១៩៥៣ និងបន្ទាប់ពីកម្ពុជាបានយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិ និងប្រកាសឲ្យអន្តរជាតិទទួលស្គាល់មកនោះ សិទ្ធិទាមទារទឹកដីដូនតានៅកម្ពុជាក្រោម ក៏ត្រូវបានផុតរលត់ទៅដែរ ដោយសារថា កូសាំងស៊ីន ទឹកដីកម្ពុជាក្រោម ត្រូវបានកំណត់ថា ជាទឹកដីរបស់វៀតណាមរួចអស់ទៅហើយ តាមរយៈសេចក្តីសម្រេចស្តីពីការកំណត់ព្រំដែន ឆ្នាំ១៨៧០ និងអនុសញ្ញាកំណត់ព្រំដែន ឆ្នាំ១៨៧៣ ហើយថែមទាំងបានបោះបង្គោលព្រំដែននៅលើដី បានចំនួន ១២៤ បង្គោលទៀតផង”។
ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា “នៅពេលពេលដែលយើងយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិ ទាក់ទងនឹងខ្សែព្រំដែនមិនកែប្រែ សិទ្ធិទាមទារទឹកដីនៅកម្ពុជាក្រោម ត្រូវផុតរលត់ទៅហើយ ព្រោះយើងបានអំពាវនាវឲ្យគេទទួលស្គាល់ព្រំដែនបច្ចុប្បន្ន ឯបន្ទាប់មកគឺកោះ នៅពេលដែលយើងយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយយកខ្សែបន្ទាត់ លីងប្រ៊េវីយ៉េ ជាព្រំដែនទឹក គឺសិទ្ធិទាមទារយកកោះត្រល់ និងកោះដទៃទៀត គឺក៏ផុតរលត់ទៅហើយដែរ។ តែចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា យើងមិនអាចដាក់កំហុសលើសម្តេចព្រះ នរោត្តម សីហនុ ជាអ្នកធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រោម និងកោះនោះទេ ព្រោះគ្មានជម្រើសណាដែលល្អជាងជម្រើសដែលព្រះអង្គ សម្តេចព្រះ នរោត្តម សីហនុ បានបូជាធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងបានបូជាការពារទឹកដីបានប៉ុណ្ណឹង វាជាការល្អណាស់ទៅហើយ។ រហូតដល់ទាំងអស់គ្នាហៅថា ជាព្រះបិតាឯករាជ្យជាតិ។ តើនរណាស្នេហាជាតិជាងព្រះអង្គ?”៕ ដោយ: សុខ ភក្តី (CEN.COM.KH)