ប្រមុខការទូតអាមេរិកសម្ដែងក្ដីបារម្ភ អំពីស្ថានភាពសិទ្ធិមនុស្ស នៅវៀតណាម

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton ( ឆ្វេង ) និងអគ្គលេខាធិការបក្សកុម្មុយ និស្តវៀតណាម នៅរដ្ឋធានីហាណូយកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១២ ។ រូបថត៖ Reuters

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានបំពេញទស្សនកិច្ចនៅ វៀតណាមនៅថ្ងៃទី ១០ ខែកក្កដា ម្សិលមិញនេះ ក្រៅពីពង្រឹងដៃគូពាណិជ្ជកម្ម  ប្រមុខការ ​ទូតសហរដ្ឋអាមេរិកក៏បានលើកឡើង នូវក្ដីបារម្ភពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសវៀតណាមដែរ ។

លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា៖

ថ្លែងនៅក្នុង កិច្ចជំនួបការទូតរវាងប្រទេសទាំងពីរនៅរដ្ឋធានៅហាណូយ កាលពីថ្ងៃទី ១០ ខែកក្ដដារដ្ឋមន្ត្រី ក្រសួងការបរទេសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លិនតោនបានថ្លែងថា សហរដ្ឋអាមេរិកចង់ឲ្យប្រទេសវៀតណាម ធ្វើកំណែទម្រង់ផ្នែកនយោបាយ ទន្ទឹមនឹងការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច ។
លោកស្រីថ្លែងថា៖ “លទ្ធិប្រជាធិបតេយ្យ និងការរីកចម្រើនត្រូវដើរទន្ទឹមគ្នា, ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងលូតលាស់ខាងវិស័យសេដ្ឋកិច្ចត្រូវផ្សារភ្ជាប់ នឹងគ្នា និងសហរដ្ឋអាមេរិកចង់គាំទ្រការរីកចម្រើនទាំងពីរ វិស័យនេះ ” ។

នៅតែរំលោភសិទ្ធិមនុស្ស៖

ប្រមុខការទូតអាមេរិក លោកស្រី ហ៊ីលឡារី ក្លិនតោន បានថ្លែងបន្តទៀតថា ” ពីព្រោះមូលហេតុនេះហើយ បានជាខ្ញុំសម្ដែងនូវក្ដីបារម្ភអំពីបញ្ហាស្ថានភាពសិទ្ធិមនុស្ស រួមទាំងការនៅតែបន្តឃុំខ្លួនក្រុមសកម្មជន, អ្នកច្បាប់ និងអ្នកសរសេរប្លក់ ដោយគ្រាន់តែពួកគេបញ្ចេញមតិ និងគំនិតដោយសន្តិវិធី ។ ជាពិសេស យើងខ្ញុំមានក្ដីបារម្ភ ដល់ការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិ នៅលើប្រព័ន្ធអិនធើណិត និងតុលាការរៀប នឹងកាត់ទោស ពួកអ្នកបង្កើតក្លឹបអ្នកកាសែតសេរី នៅពេលខាងមុខនេះ” ។

មន្ទីរពេទ្យយួនខេត្តមាត់ជ្រូក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១១៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរយួនដាក់ខ្នោះជើងទាំងសុខ ភាពទ្រុឌទ្រោម ខណៈដែលលោកត្រួវបានចេញពីគុកមួយរយៈ ដើម្បីព្យាបាលរបួសនិងជំងឺដែលត្រួវបានឆ្មាំគុកយួនធ្វើទារុណកម្ម ។

របាយការណ៍ថ្មីបំផុតស្ដីអំពីសិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានរាយការណ៍ថា សិទ្ធិ នយោបាយ នៅវៀតណាមត្រូវរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ ខណៈដែលការបោះឆ្នោតរដ្ឋសភាមិនមានសេរី និងតម្លាភាព និងប្រព័ន្ធច្បាប់វៀតណាមត្រូវបានគេអនុវត្តបញ្ច្រាសទិស ព្រោះឥទ្ធិពលនយោបាយ និងគ្រោះនៃអំពីពុករលួយ បានរាលដាលគ្រប់កន្លែង ។

ក្រុមអ្នកសរសេរប្លក់ទាំងនេះ ត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ពីបទថា បានផ្សព្វផ្សាយប្រឆាំងរដ្ឋាភិបាល តាមរយៈក្លឹបអ្នកកាសែតសេរី ។ ក្រុមនេះ បានបង្កើតឡើងកាលពីឆ្នាំ ២០០៧ ក្នុងគោលបំណងជម្រុញ ឲ្យមានកាសែតឯករាជ្យ និងសេរីភាពនៃការបញ្ចេញមតិ។

វៀតណាមបានច្រានចោលនូវរបាយការណ៍ ស្ដីអំពីសិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយចាត់ទុកថា ជារឿងគួរឲ្យសោកស្ដាយ និងថា របាយការណ៍នោះ “គ្រាន់តែជាការកត់សម្គាល់ពឹងផ្អែកទៅលើព័ត៌មានមិនពិត “។

ជម្រុញឲ្យមានការគោរពសិទ្ធិនៃការបញ្ចេញមតិ៖

មុនពេលការចេញដំណើរទៅបំពេញទស្សនកិច្ច នៅវៀតណាមមួយថ្ងៃរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិក ហ៊ីលឡារី គ្លិនតោន , ពីទីក្រុង New York នៅថ្ងៃ ទី ០៩ ខែកក្កដា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយជម្រុញ ឲ្យប្រមុខការទូតសហរដ្ឋអាមេរិក ដាក់សម្ពាធវៀតណាម ឲ្យដោះលែងក្រុមអ្នកបញ្ចេញយោបល់ តាមប្រព័ន្ធអិនធើណិត និងឲ្យវៀតណាម គោរពសិទ្ធិសេរីភាពនៃ ការបញ្ចេញមតិនិងសេរីភាពអិនធើណិត ។

សេចក្ដីផ្ដើមនៃ សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានកត់សម្គាល់ថា៖ “រដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី ក្លិនតោន គួរតែប្រកាសជាសាធារណៈជម្រុញឲ្យវៀតណាម គោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង សេរីភាពអិនធើណិត ហើយដោះលែងក្រុមអ្នកសរសេរប្លក់ល្បីៗ ពេលគាត់ [ហ៊ិលឡារី ក្លិនតោន] ទៅដល់វៀតណាម នៅថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១២” ។

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Phil Robertson បានថ្លែងថា “រដ្ឋមន្រ្តី ហ៊ីលឡារី ក្លិនតោន គួរតែជម្រុញវៀតណាម ឲ្យលុបចេញនូវសិទ្ធិព្រំដែន កំណត់របស់ពង្រាងច្បាប់អិនធើណិត មុនពេលវាត្រូវបានគេលើកឡើងនៅក្នុងរដ្ឋសភា ” ។

សូមបញ្ជាក់ថា វៀតណាមជាប្រទេសប្រកាន់យករបបកុម្មុយនិស្ត រាល់ស្ថាប័នព័ត៌មាន ក្នុងស្រុកសុទ្ធតែជាប្រព័ន្ធឃោសនា របស់បក្សរដ្ឋទាំងអស់ ។ វៀតណាមជានិច្ចកាល ត្រូវបានអង្គការសិទ្ធិមនុស្សនៅក្រៅប្រទេស ក្នុងនោះមានសហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ បានថ្កោលទោសថា “វៀតណាមតែងតែងរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ទៅលើពលរដ្ឋរបស់ខ្លួន ក្នុងនោះមានពលរដ្ឋខ្មែរក្រោម ជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ផងដែរ ” ៕