ខ្មែរក្រោមនៅខេត្តមាត់ជ្រូក បានឲ្យដឹងថាប្រពៃណីប្រណាំងគោ របស់ពួកគេបានត្រូវរដ្ឋាភិបាលកុម្មុយនិស្តយួនគ្រប់គ្រងទាំងស្រុង នេះបើយោងតាមគំរោងនៃការរៀបចំប្រណាំងគោនាបុណ្យសែនដូនតាខាងមុខនេះ ។
ពិធីប្រណាំងគោ ដែលជាប្រពៃណីពលរដ្ឋខ្មែរក្រោមជុំវិញភ្នំពពាល ខេត្តមាត់ជ្រូក ត្រូវបានគេអះអាងថា កាលពីដើមឡើយកម្មវិធីប្រណាំងគោបែបនេះ គឺត្រូវរៀបចំឡើងដោយក្រុមព្រះសង្ឃនៃព្រះចៅអធិការវត្ត បន្ទាប់ពីមានការចូលរួមជួយភ្ជួររាស់ដីស្រែវត្ត ។ ប៉ុន្តែដោយមើលឃើញពិធីប្រណាំងគោនេះចេះតែរីករាលដាលធំធាត់ និងមានមនុស្សជាច្រើនចាប់អារម្មណ៍ និងអាចទទួលបានចំណូលច្រើនថែមទៀត ពិធីប្រណាំងគោនេះបានត្រូវអាជ្ញាធរយួនក្នុងស្រុកទាំងពីរ (ស្វាយទង និងក្របៅ) ដណ្តើមឈរឈ្មោះជាអ្នករៀបចំកម្មវិធី ហើយប្តូរវេនគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ។
តាមការអះអាងពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា បច្ចុប្បន្នពិធីប្រណាំងគោនេះ ត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តយួនទទួលស្គាល់ថា ជាវិញ្ញាសាកីឡាថ្នាក់ (លំដាប់) ប្រទេស ហើយឋិតក្រោមការគ្រប់គ្រង និងត្រួតត្រាដោយរដ្ឋាភិបាល ទាំងស្រុង ។ ប្រភពបានបញ្ជាក់ទៀតថា ឆ្នាំនេះក្រុមអាជ្ញាធរយួននឹងរៀបចំពីធីប្រណាំងគោនេះឲ្យកាន់តែធំជាងឆ្នាំមុន ៗ ទៀត ដោយទាំងមានការអញ្ជើញក្រុមកីឡាករពីខេត្តតាកែវ នៃប្រទេសកម្ពុជាចូលរួមផងដែរ ។
ពិធីប្រណាំងគោឆ្នាំនេះ នឹងត្រូវបានរដ្ឋាភិបាលយួនរៀបចំឡើងពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះ ។ ប្រភពបានបញ្ជាក់ទៀតថា ការប្រណាំងគោលើកនេះមិនមែនធ្វើឡើងនៅតាមវត្តអារាមខ្មែរដូចមុន ៗ ទៀតឡើយ គឺក្រុមអាជ្ញាធរយួន នឹងរៀបចំប្រណាំងនៅឯតំបន់ត្រង់ចំណុចអតីតទីក្រុងខេត្តមាត់ជ្រូកឯនោះ ។
គួររំលឹកជូនថា កាលពីឆ្នាំទៅមិញយ៉ាងហោចណាស់មានគោចំនួន ៧០ គូរទាំងគោខ្មែរ និងយួន ទៅពីបណ្តាស្រុក និងខេត្តនានាចូលរួមប្រណាំងប្រជែង នៅភូមិគោករមៀត ឃុំលឿងភី ស្រុកស្វាយទង ដោយយួនលក់សំបុត្រចូល
ទស្សនា នៃការប្រណាំងនោះក្នុងតំលៃ ៨ ពាន់ដុង ដែលពីមុនមកធ្លាប់លក់ក្នុងតំលៃ ៥ ពាន់ដុងតែប៉ុណ្ណោះ ។ ហើយការប្រណាំងទៀតសោត គឺក្រុមអាជ្ញាធរយួនលំអៀងទៅរកភាគីយួនទាំងស្រុង ប្រជាពលរដ្ឋខ្មែរធ្លាប់បានអះអាងថា គោខ្មែរឈ្នះយួនមិនព្រមជាដាច់ខាត ដោយគេបានចោទប្រកាន់ថាខ្មែរបានបំពានលក្ខន្តិកៈ ។
ឆ្នាំមុននេះ ផ្នែកគោជំនាញ លេខ ០១ គឺគូរគោពាក់
ផ្លាកលេខ១៣ របស់ត្រឹង វ៉ាំងកាក ជនជាតិយួននៅស្រុកក្របៅ ។ លេខ ០២ បានទៅលើគូរគោពាក់ផ្លាកលេខ២៨ របស់ត្រឹង វ៉ាំងដាក ជនជាតិនៅស្រុកស្វាយទង និងលេខ ០៣ គឺគូរគោពាក់ផ្លាកលេខ៤០ របស់ង្វៀង ថាញ់វ៉ាំង ជនជាតិយួននៅស្រុកចូវថាញ់ ។
ចំណែកជ័យលាភីផ្នែកចលនាវិញ លេខ ០១ បានទៅលើង្វៀង វ៉ាំងបុក ជនជាតិយួន នៅស្រុកស្វាយទង គូរគោពាក់ផ្លាកលេខ៥២ ។ លេខ ០២ បានទៅលើគូរគោពាក់ផ្លាក លេខ៦៣ របស់លោកចៅ រើស ខ្មែរកម្ពុជាក្រោម នៅស្រុកក្របៅ និងចំណាត់ថ្នាក់លេខ ០៣ បានទៅលើគូរគោពាក់ផ្លាក លេខ៦៨ របស់លោកចៅ សុខ រ៉ាំង ខ្មែរកម្ពុជាក្រោម នៅស្រុកស្វាយទង ។
តាមរយៈប្រពៃណីប្រណាំងគោ របស់ខ្មែរក្រោមនៅខេត្តមាត់ជ្រូកនេះ ឆ្នាំទៅមិញរដ្ឋាភិបាលយួនអាចរកបានចំណូលជាង ២៤០ លានដុង ខណៈពេលមនុស្សម្នាលចូលរួមទស្សនាជាង ៣ពាន់នាក់ ។ ប៉ុន្តែគេមិនដឹងថា យួននឹងទទួលបានប្រាក់ចំណេញប៉ុន្មានលាននោះទេក្នុងឆ្នាំនេះ ៕
ដោយៈ VOKK.