ដោយ មុំ គន្ធា /Phnom Penh Post៖ ភ្នំពេញៈ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានបញ្ជូនលិខិត ទៅស្ថាប័ន៤ កាលពីចុងសប្តាហ៍ ដើម្បីស្នើសុំស្ថាប័ន ទាំងនោះ ធ្វើអន្តរាគមន៍ឲ្យព្រះសង្ឃខ្មែរក្រោម មួយ អង្គ វិលត្រឡប់ចូលវត្តវិញ និងរកយុតិ្តធម៌ជូន ព្រះអង្គ បន្ទាប់ពីត្រូវបណ្តេញចេញពីកុដិ កាលពី ដើមខែនេះ ។ ព្រះតេជគុណ កាន់ សុផាននរិទ្ធ ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម តំណាងឲ្យសមាគមខ្មែរ កម្ពុជាក្រោម នៅកម្ពុជា បានផ្ញើលិខិតទៅសម្តេចព្រះសង្ឃរាជ ទេព វង្ស រដ្ឋមន្រ្តីក្រសួងធម្មការ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ពីថ្ងៃទី២៤ វិច្ឆិកា ដើម្បីសុំអន្តរាគមន៍ឲ្យចៅអធិការវត្តមុនីវ័នបាននិមន្តចូលវត្តវិញ។ ព្រះតេជគុណ ជា សុវណ្ណភូមិ ចៅអធិការវត្តមុនីវ័ន ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបង្ខំឲ្យនិមន្តចេញពីវត្តពីដើមខែនេះ ដោយមិនដឹងពីមូលហេតុ។
ព្រះតេជគុណ កាន់ សុផាននរិទ្ធ បានអំពាវនាវឲ្យព្រះតេជគុណ ជា សុវណ្ណភូមិ បាននិមន្តចូលវត្តវិញ។ ទ្រង់មានថេរដីកាថា តេជគុណ ជា សុវណ្ណភូមិ បានស្នើសមាគមខ្មែរកម្ពុជាក្រោមឲ្យជួយអន្តរាគមន៍ឲ្យព្រះតេជគុណ បានវិលត្រឡប់មកវត្តវិញ បន្ទាប់ពីកម្លាំងប្រដាប់អាវុធជាង ២០នាក់បង្ខំឲ្យព្រះអង្គឲ្យលះបង់ និងចាកចេញទាំងគ្មានមូលហេតុ។
ក្នុងលិខិតស្នើសុំអន្តរាគមន៍នោះថា ព្រះតេជគុណ កាន់ សុផាននរិទ្ធ បានអំពាវនាវឲ្យបញ្ឈប់សកម្មភាពមិនល្អ ចំពោះព្រះតេជគុណ ជា សុវណ្ណភូមិ និងឲ្យចាត់វិធានការតាមច្បាប់ ចំពោះមន្រ្តីដែលប្រើកាំភ្លើងបាញ់ដោយខុសច្បាប់នៅក្នុងវត្ត និងឲ្យព្រះតេជគុណ ជា សុវណ្ណភូមិ បាននិមន្តចូលគង់នៅវត្តនេះវិញ។
ព្រះតេជគុណ ជា សុវណ្ណភូមិ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ ប៉ុន្តែតាមថេរដីកាកាលពីលើកមុនថា ព្រះអង្គមិនបានដឹងពីមូលហេតុ ដែលមន្រ្តីចាប់ខ្លួន និងឃុំព្រះអង្គដោយគ្មានមូលហេតុនោះទេ។ លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏មិនអាចទាក់ទងបានដែរពីថ្ងៃម្សិលមិញ។
ទាក់ទិននឹងករណីនេះដែរនៅពាក់កណ្តាលខែនេះ មេឃុំសំបួរមាស ស្រុកមុខកំពូល ត្រូវបានដកហូតតំណែង បន្ទាប់ពីប្រឆាំងនឹងការចាប់ខ្លួនព្រះសង្ឃ ដោយនគរបាល ដែលអ្នកស្រុកចោទថា បានចូលក្នុងវត្ត និងបាញ់កាំភ្លើងគំរាមឡើងទៅលើដោយខុសច្បាប់៕