ដោយៈ VOKK
ទីភ្នាក់ងារព័ត៌មានក្នុងស្រុកយួន បានឲ្យដឹងកាលពីថ្ងៃច័នទី ១៩ មករា នេះ ប្រធានរដ្ឋសភាកម្ពុជា បានមកបំពេញទស្សនកិច្ចក្នុងស្រុកយួន ដោយបានជួបជាមួយ នឹងប្រធានរដ្ឋសភាយួនឈ្មោះ ង្វៀង ភូត្រុង ។ មេដឹកនាំប្រទេសទាំងពីរ បានជជែកលើបញ្ហាការកំណត់ព្រំប្រទល់ និងបញ្ហាកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងកម្ពុជា និងប្រទេសយួន ។
សារព័ត៌មានយួនក្នុងស្រុកបានឲ្យដឹងទៀតថា លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញមកដល់ប្រទេសយួនកាលពីថ្ងៃទី ១៥ មករា ហើយនៅថ្ងៃទី ១៨ មករានេះ លោក និងគណៈប្រតិភូក៏បានចុះមកបំពេញទស្សនកិច្ចនៅខេត្តនិញប៊ិញ តំបន់ភាគខាងជើង នៃប្រទេសយួន ។
សារព័ត៌មានយួនក្នុងស្រុក បានដកស្រង់សំដីបុគ្គលឈ្មោះ ឌិន វ៉ាំងហុង ប្រធានគណៈប្រតិភូសភា លេខាធិការគណៈកម្មាធិការខេត្តនិញប៊ិន តំណាងឲ្យបក្សកុម្មុយនិស្ត និងប្រជាជនយួនក្នុងខេត្តខាងលើនេះ បានពណ៌នាអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ សង្គមរបស់ខេត្ត ហើយឈ្មោះ ឌិន វ៉ាំងហុង ក៏បានសង្កត់ធ្ងន់ពីបញ្ហាទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីធ្វើឲ្យខេត្តកាត់តែរីកចំរើន និងជឿនលឿនទៅមុខ ។
សារព័ត៌មានក្នុងស្រុកយួន បានស្រង់សំដីលោក ហេង
សំរិន ដែលថាលោកបានវាយតំលៃខ្ពស់ចំពោះការរីកចំរើនក្នុងប្រទេសយួន ។ ក្រៅពីនោះ លោក ហេង សំរិន ក៏បានជូនពរដល់ប្រជាពលយួន ក៏ដូចជាជនជាតិយួនដែលកំពុងរស់នៅក្នុងខេត្តខាងលើ នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយួន ខិតជិតមកដល់នេះ ដោយមិនបានយកចិត្តទុកដាក់ ឬនឹកនាដល់ប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់ កំពុងរស់នៅលើដែនដីសណ្តទន្លេមេគង្គ ត្រង់តំបន់ភាគខាងត្បូង នៃប្រទេសយួនឡើយ ។
សារព័ត៌មានយួនបានបន្ថែមទៀតថា ក្រៅពីការចុះសួរសុខទុក្ខ និងបំពេញទស្សនកិច្ចក្នុងខេត្តខាងលើនេះ ប្រធានរដ្ឋសភា
កម្ពុជា នូវបានថ្លែងអំណរគុណមិនដាច់ពីមាត់ដល់ប្រជាពលរដ្ឋយួន ដែលលោកអះអាងថា បានជួយឲ្យប្រជាពលរដ្ឋកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ស្អីគេនោះ ។
គួរជំរាបជូនដែរថា រាប់សិបឆ្នាំមកនេះខ្មែរក្រោមមិនទាន់ឃើញមេដឹកនាំក្នុងជួររដ្ឋាភិបាលកម្ពុជា ចុះមកសាកសុខទុក្ខ ស្វែងយល់ពីស្ថានភាពជីវភាពរស់នៅ ការអនុវត្តន៍សិទ្ធិមនុស្ស និងជំនឿសាសនារបស់ខ្មែរក្រោម ដែលកំពុងឋិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាលក្រុងហាណូយយ៉ាងណានោះទេ ។ ក្រៅពីលោក សុន ឆ័យ តំណាងរាស្រ្តគណៈបក្សសមរង្សី បានចុះមកជួបផ្គាល់នឹងព្រះសង្ឃ គឺមានលោក មាស សុធា និងលោក ដៀង សារុន ដែលទើបនឹងមានសំណាងមកជាន់ទឹកដីកម្ពុជាក្រោមកាលពីខែធ្នូ ប៉ុន្តែពួកគេនៅតែត្រូវបានខ្មែរក្រោមអះអាងថា មិនស្គាល់ជនជាតិដើមខ្មែរកម្ពុជាក្រោមច្បាប់លាស់ រីឯលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាវិញ កាន់តែគ្មានសំណាងជាន់ដីកម្ពុជាក្រោមទៅទៀត ៕.