ប្រទេសស៊ូដង់​ខាងត្បូង​កកើតហើយ​ ប៉ុន្តែ​ក្តីបារម្ភ​ពីសង្គ្រាម​ក៏ចាប់​មានដែរ​

ប្រទេស​ស៊ូដង់​ខាងត្បូង​មាន​ទង់ជាតិ​ មាន​ភ្លេងជាតិ​ មាន​ប្រធានាធិបតី​ ហើយនិង​ប្រជាជន​ជាង​៨លាន នាក់ ​ដែល​មាន​ក្តី​សង្ឃឹម​យ៉ាងមុតមាំ ​នៅពេល​ដែល​ ខ្លួន​បាន​សម្រេច​ផ្តាច់ខ្លួន​ចេញ​ពី​ទីក្រុង​ខាទុំ​។ ក៏​ប៉ុន្តែ​ ទីក្រុង​ជូបា​ Juba រដ្ឋធានី​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​ ត្រូវ​ប្រឈម​មុខ​ ធ្វើការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ ជាច្រើន​ មានជាអាទិ៍​បញ្ហា​រក្សា​ឲ្យមាន​សន្តិភាព​ជាមួយ​ ទីក្រុង​ខាទុំ​។​ ដោយហេតុថា ទីក្រុង​ខាទុំ​ពុំសប្បាយ​ចិត្ត​ សោះឡើយ​ នៅពេល​ដែលឃើញ​ប្រទេស​ស៊ូដង់​ ខាងត្បូង​ធ្វើការ​ផ្តាច់ខ្លួន​ចេញ​បែបនេះ​ ដែល​ជាមូលហេតុ​ធ្វើឲ្យ​គេ​បាត់បង់​ប្រាក់​រាប់ពាន់លាន​ដុល្លារ​ ដែល​ជា​ប្រាក់​ចំណូល​បាន​មកពី​ការលក់​ប្រេងកាត​ ដែល​មាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​។
បន្ថែម​ពីលើ​ការគំរាម​ទៅលើ​បញ្ហា​សន្តិសុខ​ដោយ​ទីក្រុង​ខាទុំ​ ​ ស៊ូដង់​ខាងត្បូង​ដែល​ជា​ប្រជាជាតិ​ថ្មោងថ្មីនេះ​ ​ ក៏​នឹងត្រូវ​ផងទៀត​ធ្វើការ​ប្រឈមមុខ​ទល់នឹង​ភាពតានតឹង​ផ្ទៃក្នុង​រវាង​សហគមន៍​ភាគតិច​Nuer ដែលបាន​បន្ទោស​សហគមន៍​ភាគច្រើន​Dinka ថា​បាន​ក្តោបក្តាប់​កាន់កាប់​មុខតំណែង​សំខាន់ៗ​ក្នុង​ប្រទេស។
បញ្ហា​ដ៏​សំខាន់​មួយទៀត​ដែលរង់​ចាំ​ការដោះស្រាយ​ពី​សំណាក់​អ្នកដឹកនាំ​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​គឺ​បញ្ហា​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ តើ​គេ​ត្រូវ​ធ្វើការ​ដោះស្រាយ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យ៉ាង​ដូចម្តេច​ទៅ?​ ​ បើ​ប្រជាជន​ស៊ូដង់​ខាងត្បូង​មាន​ដល់ទៅ​៨០%​ពុំចេះ​សរសេរ​និងពុំ​ចេះ​អាន​ ​ ហើយ​មាន​ប្រជាជន​ដល់ទៅ​៩០%​ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាពក្រីក្រ​។​ ចំណែកឯ​ហេដ្ឋារចនា​សម្ព័ន្ធ​ក៏​គ្មាន​ ​ ហើយ​ធនធាន​មនុស្ស​ដែល​ជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ក៏​មាន​តិចតួច​ស្តួចស្តើង​ណាស់។​ រីឯ​អ្នក​ដែល​មាន​សមត្ថភាព​នៅ​សេសសល់​បន្តិច​បន្តួច​វិញ​ ​ កំពុង​តែ​ជាប់​វីវក់​ឈ្លក់​សប្បាយ​នឹង​អំពើ​ពុករលួយ។​ ដូច្នេះ​ឃើញថា​ ​ ប្រទេស​ស៊ូដង់​ខាងត្បូង​ដែល​ទើបនឹង​កើតមាន​ជីវិត​ថ្មីថ្មោងនេះ​ ​ ពិត​ជា​ត្រូវជួប​នឹង​ឧបស័គ្គ​ដ៏​ច្រើន។
បញ្ហា​ព្រំដែន​ដែលមាន​ប្រវែង​២ ០០០​គីឡូម៉ែត្រ​ជាមួយ​ប្រទេស​ខាងជើង​ក៏​ឋិត​នៅក្នុង​សភាពុំ​ជាក់ច្បាស់​។​ ដូចគ្នា​អ៊ីចឹងដែរ​ សម្រាប់​តំបន់​ Abyei ​ដែល​ទាមទារ​ដោយ​ប្រទេស​ស៊ូដង់​ខាងត្បូង​ហើយ​ដែល​ឋិត​នៅក្នុង​ដែនដី​ប្រទេស​ខាងជើង​ ​ ក៏​បាន​ត្រូវ​គេ​លើក​ទៅដាក់​មួយ​អន្លើ​សិន​នាឱកាស​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សរុប​ដើម្បី​សន្តិភាព​។
ក្រៅពី​ការប្រយុទ្ធ​ដណ្តើម​គ្នា​ចង់បាន​ទឹកស្អាត​សម្រាប់​ទទួលទាន​ប្រើប្រាស់​ ​ និង​ ការប្រយុទ្ធ​ដណ្តើម​ចង់បាន​ប្រេងកាត​ដែល​មាន​ដល់ទៅ​៨០%​ដែលឋិត​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ ​ នៅ​មាន​បញ្ហា​បំពង់​បង្ហូរ​ប្រេងកាត​ដែល​មាន​ចំនួន​ពីរ​ឆ្លងកាត់​ប្រទេស​ស៊ូដង់​ខាងជើង​សម្រាប់​ធ្វើការ​នាំចេញ​ទៅលក់​ក្រៅប្រទេស។​ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រេងកាតនេះ​ ​ ទីក្រុង​ខាទុំ​បាន​ទាមទារ​៥០%​នៃ​ប្រាក់​ចំណូល​ដែលបាន​មកពី​ការលក់​ប្រេងកាត​ ​ ក៏​ប៉ុន្តែ​ទីក្រុង​ជូបា​បាន​ឆ្លើយ​បដិសេធ។​ ក្រោយ​ពីមាន​ការចរចា​គ្នា​រវាង​ភាគី​ខាងជើង​និង​ភាគី​ស៊ូដង់​ខាងត្បូង​អស់​រយៈពេល​៦ឆ្នាំមក​ ​ អ្វីៗ​ហាក់​ដូចជា​គ្មាន​បាន​ចម្រើន​ទៅមុខ​អ្វីសោះ​ឡើយ​ ​ ហើយ​នាប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​ ​ នៅ​ពេល​ដែល​ថ្ងៃ​ប្រកាស​ឯករាជ្យ​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង​ខិត​កាន់​តែ​ជិត​មកដល់​ ​ ស្រាប់​តែ​ស្នូរ​កាំភ្លើង​ក៏​ចាប់​បញ្ចេញ​សំឡេង​របស់​ខ្លួន​ឲ្យ​គេ​លាន់ឮ​ដែរ។ ដូច្នេះ​ឃើញថា​ ​ ប្រទេស​ស៊ូដង់​ខាងត្បូង​បានចាប់​បដិសន្ធិហើយ​ ​ ប៉ុន្តែ​ការបារម្ភ​ពីសង្គ្រាម​ក៏​ចាប់មាន​ផងដែរ៕ ប្រភពព័ត៌មាន៖ RFI.