ប្រទេសវៀតណាមត្រូវគេស្នើឲ្យស.រ.អា.ដាក់ជា”ប្រទេសគួរបារម្ភ”

ប្រតិភូ នៃស្នងការផ្នែកសេរីភាពសាសនាអន្តរជាតិរបស់ប្រទេសអាមេរិកដែលទើប បានវិលត្រឡប់ពីទស្សនកិច្ចលើកទី៤នៅប្រទេសវៀតណាមកាលពីចុងខែឧសភា កន្លងទៅ បានស្នើសុំសភាសហរដ្ឋអាមេរិកឲ្យដាក់ប្រទេសវៀតណាមជាប្រទេសដែលគួរ បារម្ភ (Country of Particular Concerns (CPC))។
ក្នុងឯកសារសរសេរផ្តល់កសិណសាក្សីដែលយើងបានទទួលនៅចុងសប្តាហ៍ មុននេះ លោក Michael Cromartie អនុប្រធានស្នងការសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការផ្នែកសេរីភាព សាសនាអន្តរជាតិ មានប្រសាសន៍ជម្រាបគណៈកម្មការកិច្ចការសិទ្ធិមនុស្សរបស់សភាអាមេរិក Tom Lantos នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ថា ក្នុងដំណើរទស្សនកិច្ចចំនួន៤ដងទៅប្រទេសវៀតណាម ស្នងការលោកអាចទាញសេចក្តីសន្និដ្ឋានបានថា ប្រទេសនេះគឺជាប្រទេសដែលរំលោភលើសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរលើ វិស័យសេរីភាពផ្នែកការគិតគូរ, ផ្នែកសម្បជញ្ញៈ និងផ្នែកជំនឿសាសនា។ លោកបន្តថា ប្រទេសវៀតណាមតែងធ្វើទុក្ខបុកម្នេញចំពោះសហគមន៍សាសនានិងសកម្មជន នានាដែលទាមទារសេរីភាព។
លោក Michael Cromartie បានឲ្យដឹងថា ក្នុងទស្សនកិច្ចរបស់លោកនៅចុងខែឧសភាកន្លងទៅ សមាជិកប្រតិភូរបស់លោកបានជួបធ្វើសម្ភាសន៍ជាមួយព្រះសង្ឃខ្មែរក្រោម ចំនួន៧អង្គដែលអាជ្ញាធរវៀតណាមទើបនឹងបានដោះលែងពីគុក ព្រោះតែបានទាមទារសិទ្ធិមនុស្សនិងចូលរួមក្នុងបាតុកម្មសន្តិភាព ដើម្បីសុំឲ្យមានសិទ្ធិសេរីភាពផ្នែកសាសនាឲ្យបានប្រសើរឡើងនាពេល កន្លងទៅ។
លោក Michael Cromartie បន្តថា ការគាបសង្កត់ជំនឿសាសនាលើព្រះសង្ឃខ្មែរក្រោមទាំងនោះមានសភាព ធ្ងន់ធ្ងរណាស់ ហើយថា ក្រសួងការបរទេសនៃប្រទេសអាមេរិកមិនដែលបានធ្វើសេចក្តីរាយការណ៍ពី រឿងនេះឡើយ។
លោកអនុប្រធានស្នងការ Michael Cromartie បានសង្កត់បញ្ជាក់ដោយជំទាស់ទៅនឹងការអះអាងរបស់លោកឯកអគ្គរដ្ឋទូត អាមេរិក Michael Michalak ប្រចាំប្រទេសវៀតណាម ដែលបានមានប្រសាសន៍កាលពីពេលថ្មីៗថា លោកពុំទាន់ឃើញភ័ស្តុតាងគ្រប់គ្រាន់នឹងដាក់ប្រទេសវៀតណាមទៅក្នុង ក្រុមប្រទេស CPC នោះ ដោយបានមានប្រសាសន៍ថា ពេលនេះលោកមានភ័ស្តុតាងយ៉ាងគ្រប់សព្វដោយគ្មានសង្ស័យឡើយ។
យោងតាមច្បាប់ប្រទេសអាមេរិកហៅថា Act 1998 ប្រទេសដែលគួរបារម្ភ (CPC) នោះ នឹងតម្រូវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើការឆ្លើយតបទៅកាន់ ប្រទេសនោះដោយវិធីណាមួយក្នុងវិធីទាំង១៥យ៉ាង ដោយរួមទាំងការធ្វើសេចក្តីថ្លែងថ្កោលទោសជាឯកជនឬជាសារធារណៈចំពោះ អំពើរំលោភនោះរហូតដល់ការផ្តាច់ជំនួយនិងហាមប្រាមប្រទេសផ្សេងទៀត មិនឲ្យធ្វើកិច្ចសន្យាជំនួញជាមួយប្រទេសនោះទៀតផង។
លោក ចាប ត្រាន់ អគ្គនាយករដ្ឋបាលនៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលបានដឹកនាំប្រតិភូខ្មែរក្រោមចូលរួមស្តាប់សវនាការនៃគណៈកម្មការ រដ្ឋសភាប្រទេសអាមេរិកទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សកាលពីថ្ងៃ ព្រហស្បតិ៍នោះ បានឲ្យដឹងថា លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់សមាជិក គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាប្រទេសអាមេរិកចំពោះសេចក្តី សោកសៅនិងការរងទុក្ខដែលពលរដ្ឋខ្មែរក្រោមបានទទួលក្នុងពេលកន្លងមក ដោយអស់លោកបានទទួលដំណឹងយ៉ាងតិចតួចបំផុតពីក្រសួងការបរទេសរបស់ ខ្លួន។
លោក ចាប ត្រាន់ បានមានប្រសាសន៍ថា ៖ «សមាជិក Human Rights Commission នៅ Congress ហ្នឹង កំពុងតែចាប់អារម្មណ៍មែនទែន។ គេបានដឹងបានឮថា ខាងក្រសួងការបរទេសអត់បានធ្វើការម៉ត់ចត់រឿងខ្មែរក្រោមនិងរឿង ម៉ុងតាញ៉ា។ ថ្ងៃ Hearing ហ្នឹង ក៏បានអញ្ជើញក្រសួងការបរទេសសម្រាប់មកឆ្លើយ១០សំណួរ ហើយក្រសួងការបរទេសក៏អត់បានមក ដល់អ៊ីចឹងទៅធ្វើឲ្យខាង Human Rights Commission ហ្នឹង អត់សប្បាយចិត្តសោះជាមួយក្រសួងការបរទេស។ ទី១ ប្រកាសទាមទារដកទូតអាមេរិកនៅហាណូយត្រឡប់មកវិញ ព្រោះអត់មានការបារម្ភអីរឿងរ៉ាវខ្មែរក្រោមសោះ រឿងបងប្អូនខ្មែរក្រោមខាងព្រះពុទ្ធសាសនា ខ្មែរក្រោមយើងនៅកម្ពុជាក្រោម បញ្ហាសម្បើម ហើយគេយកចិត្តទុកដាក់តិចតួចមែនទែន»។
លោក ចាប ត្រាន់ ឲ្យដឹងទៀតថា ក្រោយចប់សវនាការលោកបានទទួលពាក្យសន្យាពីគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភាប្រទេសអាមេរិកថា ពួកអស់លោកបានដឹងបញ្ហាខ្មែរក្រោមប្រសើរជាងមុន ហើយថានឹងបញ្ចូលតំណាងខ្មែរក្រោមនិងតំណាងម៉ុងតាញ៉ាទៅក្នុង ការពិភាក្សានានា ក្នុងពេលអនាគតដែលទាក់ទងនឹងបញ្ហានានានៅប្រទេសវៀតណាម មានបញ្ហាសិទ្ធិមនុស្សនេះជាដើម៕

អត្ថបទវិទ្យុអាស៊ីសេរី.