ប្រទេសកម្ពុជា​ប្រារព្ធ​ខួប​ទី​៥៧​ នៃ​ថ្ងៃ​​បុណ្យ​ឯករាជ្យ​ជាតិ

ថ្ងៃអង្គារ ០៩ ខែវិច្ឆិកា ២០១០ ដោយលោក សេក បណ្ឌិត វិទ្យុអាស៊ីសេរី ភ្នំពេញ

ប្រទេស​កម្ពុជា ប្រារព្ធ​បុណ្យ​ខួប ៥៧​ឆ្នាំ ថ្ងៃ​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង (ឆ្នាំ​១៩៥៣ ដល់ ឆ្នាំ​២០១០) នៅ​វិមាន​ឯករាជ្យ ​រាជធានី​​ភ្នំពេញ។ព្រះករុណា​ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បាន​យាង​ជា​ព្រះអធិបតី​ក្នុង​ពិធី​បុណ្យ​ខួប​លើក​ទី​៥៧ ថ្ងៃ​បុណ្យ​ឯករាជ្យ ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ពី​ប្រទេស​បារាំង ដោយ​ទ្រង់​បាន​ដុត​ទៀន​ជ័យ និង​ដាក់​កម្រង​ផ្កា​នៅ​វិមាន​ឯករាជ្យ ដើម្បី​គោរព និង​រំឭក​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​ដែល​បូជា​ជីវិត ដើម្បី​ប្រទេស​ឯករាជ្យ​ជាតិ​មាតុភូមិ។ ចុចស្តាប់ជាសំឡេង

Texte alternatif

នៅ​ក្នុង​ពិធី​នេះ ព្រះ​ករុណា​មិន​បាន​ថ្លែង​ព្រះ​សង្កថា​អ្វី​ឡើយ ក្រៅ​ពី​យាង​សួរ​សុខ​ទុក្ខ​ប្រជារាស្ត្រ​របស់​ព្រះអង្គ សិស្ស និស្សិត មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល មន្ត្រី​ទូត​ជាដើម។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ។
និស្សិត​មួយ​រូប​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឈ្មោះ សួ គីមនី អាយុ​ប្រមាណ ២៣​ឆ្នាំ មាន​ចំណាប់​អារម្មណ៍​ថា ទោះ​បី​រូប​គេ​កើត​មិន​ទាន់​សម័យ​កាល​ដែល​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពី​បារាំង​ភ្លាមៗ​នោះ​ក៏ដោយ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​បាន​ឲ្យ​គេ​ដឹង​ថា ការ​ទាម​ទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​នោះ ទម្រាំ​បាន​ជោគជ័យ​គឺ​ពិត​ជា​មាន​ការ​លំបាក​ណាស់ ដូច្នេះ​ថ្ងៃ​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ពិត​ជា​មាន​ន័យ​ឧដុង្គឧត្ដម​បំផុត ដែល​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប។
និស្សិត សួ គីមនី បន្ថែម​ថា ៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ណាស់ ដែល​ប្រទេស​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​អ្នក​ណា​ទៀត ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​សម្ដេច​តា ដែល​ទ្រង់​តែង​តែ​ព្យាយាម​ពុះពារ​ទាមទារ​ឯករាជ្យ​នេះ​មក​ជូន​ប្រជាពលរដ្ឋ​ ខ្មែរ»។
និស្សិត​រូប​នេះ​ក៏​សូម​បួងសួង​ផង​ដែរ សូម​ឲ្យ​ឯករាជ្យ​នេះ​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀង​រហូត​នៅ​កម្ពុជា។
តំណាងរាស្ត្រ​បក្ស​ជំទាស់ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ គឺ​ជា​ការ​រំឭក​ដឹង​គុណ​ដល់​មេដឹកនាំ​ជំនាន់​មុនៗ​ផង និង​ជា​ការ​រំឭក​ដាស់​តឿន​ដល់​មេដឹកនាំ​ឲ្យ​គិតគូរ និង​ទទួល​ខុស​ត្រូវ​ចំពោះ​បូរណភាព​ដែនដី​របស់​ខ្លួន។
លោក សុន ឆ័យ មាន​ប្រសាសន៍​ទៀត​ថា ៖ «ក្នុង​ថ្ងៃ​នេះ ជា​ថ្ងៃ​មួយ​ដ៏​សំខាន់ ដែល​ពលរដ្ឋ​យក​ថ្ងៃ​ឯករាជ្យ​នេះ​មក​វិនិច្ឆ័យ​មើល​ថា តើ​មេ​ដឹក​នាំ​របស់​ខ្លួន​បាន​បំពេញ​តួនាទី​ការពារ​ឯករាជ្យ​របស់​ខ្លួន​ដែរ ឬ​ទេ?»។
ឯកសារ​ដែល​និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ បង្ហាញ​ថា ប្រទេស​បារាំង បាន​ធ្វើ​អាណានិគម​ត្រួតត្រា​លើ​ប្រទេស​កម្ពុជា ចាប់​ពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ឆ្នាំ​១៩៥៣ គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ទើប​ប្រទេស​បារាំង បាន​ប្រកាស​ជា​ផ្លូវការ​ផ្តល់​នូវ​ឯករាជ្យ​ទាំង​ស្រុង​ ឲ្យ​ ដល់​ ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក្រោម​ព្រះរាជ បូជនីយកិច្ច​របស់​សម្ដេច​ឪ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ​ខ្មែរ។
គិត​មក​ដល់​ឆ្នាំ​២០១០​នេះ កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពេញលេញ​ពី​បារាំង បាន​រយៈពេល ៥៧​ឆ្នាំ​ហើយ។
គណៈកម្មាធិការ​បុណ្យ​ជាតិ បាន​ប្រកាស​ឲ្យ​ដឹង​ថា ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​ពន្លត់​ទៀន​ជ័យ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​វិច្ឆិកា ខាង​មុខ ក្រោយ​គេ​​តម្កល់​ទុក​រយៈ​ពេល ៣​ថ្ងៃ ដើម្បី​រឭក​ដល់​វិញ្ញាណក្ខន្ធ​ទាហាន និង​អ្នក​តស៊ូ​ខ្មែរ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង៕

.