ប្រជាពលរដ្ឋខ្មែរ សញ្ជាតិអាមេរិក នៅទីក្រុងសាន់ហូស្សេ រំលឹកខួប ៤២ ឆ្នាំ ជូនវិញ្ញាណក្ខន្ធ អ្នកតស៊ូប្រឆាំង កងទ័ពវៀតកុង

ដោយ អ្នកនាង ថាច់ សុជាតា/VOKK៖ កាលពីថ្ងៃ អាទិត្យទី ១៨ មីនា ម្សិលមិញនេះ ប្រជាពលរដ្ឋខ្មែរ សញ្ជាតិអាមេកាំង នៅទីក្រុងសាន់ហូស្សេ នៃរដ្ឋកាលី ហ្វ័រញ៉ា បានរៀបចំទិវាខួប ៤២ ឧទ្ទិសកុសល ជូនវីរជនអ្នកស្នេហាជាតិ ប្រឆាំងនឹងកងទ័ពវៀតកុង កាលពីទស្សវត្សរ៍ឆ្នាំ ១៩៧០ នៃរបបសាធារណរដ្ឋ ខ្មែរ។ កម្មវិធីបានប្រព្រឹត្តទៅតាមការព្រៀងទុក ដោយ មានពិធីបង្សុកូល តាមប្រពៃណីសាសនា និងអាននូវ ជីវប្រវត្តិលោកសេនាប្រមុខ លន់ នល់ ជាដើម នេះ លើកទី ២ ហើយ ដែលប្រជាពលរដ្ឋខ្មែរ នៅទីក្រុង សាន់ហូស្ស បានរៀបចំ ទិវាជាប្រវត្តិសាស្រ្តរំលឹក វិញ្ញាណក្ខ័ន្ធ ដល់វីរជនអ្នកស្នេហាជាតិតស៊ូ ដើម្បីបុព្វ ហេតុជាតិ និងបណ្តេញ យួនវៀតកុងចេញពីទឹកដី ខ្មែរ។ លោកស្រី បៃ សុផានី អតីតគ្រូបង្រៀង ក្នុងរបបសាធារណរដ្ឋខ្មែរ និងជាអ្នករៀបចំកម្មវិធី នេះឡើង បានថ្លែងរៀបរាប់អំពីប្រវត្តិលោកសេនាប្រមុខ លន់ នល់ យ៉ាងដូច្នេះ លន់ នល់ (Lon Nol) ជា​អ្នកនយោបាយ និង ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​កម្ពុជា ដែល​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​២​លើក និង ជា​រដ្ឋមន្ត្រី​ការពារជាតិ ។ គាត់​បាន​ដឹកនាំ​រដ្ឋាភិបាលស្រោចស្រង់ជាតិ និង ជា​អ្នកបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ និង ជា​ប្រធានាធិបតី​សាធារណរដ្ឋ​នេះ ។ គាត់​ក៏​ជា​មនុស្ស​ទី​១​ដែរ​ដែល​ចេញមុខ​ប្រកាសសង្គ្រាម​បណ្តេញ​យួន​ខាងជើង និងវៀត​កុង​ចេញពី​ទឹកដី​ខ្មែរ ។​ លន់ នល់ កើត​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នា​ខេត្តព្រៃវែង ក្នុង​គ្រួសារ​ខ្មែរ​ដើមកំណើត​ចិន ។ ឪពុក​របស់គាត់​ឈ្មោះ លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ នួន , គាត់​ជា​កូ​នទី​២​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​១០​នាក់ ដែល​ក្នុងនោះ​ប្អូនប្រុស​ទី​៧ ​របស់គាត់​ឈ្មោះ លន់ ណុន ជា​មនុស្ស​ដែលមាន​តួនាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ​ ចាប់តាំងពី​ការចាត់ចែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ និងការបង្កើត​របបសាធារណរដ្ឋ​ខ្មែរ ។

គួររំលឹកថា ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ គឺ​ជា​ថ្ងៃ​លោក​សេនា​ប្រមុខ លន់ នល់ ដែល​ជា​មនុស្ស​ជំនិត ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ដឹក​នាំ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះ​អង្គ​ពី​អំណាច​ជា​ប្រមុខ​រដ្ឋាភិបាល។ ហើយក្រុម​របស់​លោក​សេនា​ប្រមុខ លន់ នល់ បាន​ថ្កោល​ទោស​សម្ដេច​ព្រះនរោត្តម សីហនុ ថា​ បាន​ឃុបឃិត​អនុញ្ញាត​អោយ​កង​ទ័ព​វៀតកុង​​ ចូល​មក​បោះទី​តាំង​នៅ​លើ​ទឹក​ដី​កម្ពុជា។ ភ្លាម​ៗក្រោយ​ពី​ទម្លាក់​ព្រះ​អង្គ​ពី​អំណាច ទាហាន​ នៃ​របប​សាធារណរដ្ឋ​ខ្មែរ ​ដឹក​នាំ​ដោយលោក លន់ នល់ បាន​ធ្វើ​យុទ្ធនាការ​បណ្ដេញ​កង​ទ័ព​វៀតកុង​ចេញ​ពី​ប្រទេស ​កម្ពុជា៕