ប្រជាពលរដ្ឋខែ្មរក្រោមនៅខែត្រក្រមួន ស រាប់ពាន់គ្រួសារកំពុងជួបជីវភាពក្រីក្រ

ដោយៈ ចៅ មុនីខេមរា
កាលពីថ្ងៃទី ០៣ ខែតុលា គណៈកម្មាធិការខេត្តក្រមួនស ឬហៅគៀងយ៉ាង បានចុះផ្សាយរបាយការណ៍របស់ខ្លួនលើគេហ-ទំព័រមួយ ស្តីពីជីវភាពជនជាតិដើមខ្មែរក្រោមក្នុងខេត្តនេះ មានការរីកចម្រើនយឺតយ៉ាវ, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចនៅមានកម្រិតទាបបើប្រៀបធៀបនឹងតុល្យភាព នៃការរីកចម្រើនរួមនៅក្នុងខេត្ត (ក្រមួនស) ។
ការចុះផ្សាយបែបនេះ គឺបន្ទាប់ពីគេមើលឃើញថា ប្រជាពលរដ្ឋខ្មែរក្រោមនៅក្នុងខេត្តមួយនេះ ប្រមាណជិត ១៤ ០០០ គ្រួសារកំពុងតែប្រឈមមុខនឹងការគម្រាមកំហែង ក្លាយជាជនគ្មានទីពឹងពាក់ ចំណាកគ្រួសារទៅស៊ីឈ្នួលនិគមជនយួន និងរស់នៅក្នុងជីវភាពខ្វះខាតយ៉ាងយ៉ាប់យ៉ឺនបំផុត ដែលមតិភាគច្រើនយល់ថា ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្តយួន មិនបានយកចិត្តទុកដាក់ ឆ្លៀតឱកាសកេងប្រវ័ញ្ច និងយកពន្ធដាខ្ពស់លើកសិផលរបស់ពួកគាត់ ។
តាមរបាយការណ៍ របស់គណៈកម្មាធិការខេត្តខាងលើ មកដល់ដំណាច់ឆ្នាំ ២០០៧ កន្លងទៅនេះ ខេតក្រមួនសមានប្រជាជនខ្មែរក្រោមប្រមាណ ៩.៤៨៣ គ្រួសារកំពុងឋិតនៅក្នុងលំដាប់ជាគ្រួសារក្រីក្របំផុត និងចំនួន ៤.៥០០ គ្រួសារ ដែលកំពុងឋិតនៅក្នុងលំដាប់ជាគ្រួសារក្រីក្រមធ្យម បើសរុបស្ថានភាពគ្រួសារក្រីក្រីទាំងពីរប្រភេទខាងលើចូលគ្នា ឃើញថាពលរដ្ឋខ្មែរក្រោមជិត ១៤ ០០០ គ្រួសារដែលមានជីវភាពក្រីក្រ ។
របាយការណ៍ខាងលើបានបន្តទៀតថា បើគិតជាមធ្យម-ភាគ គ្រួសារខ្មែរក្រោមដែលក្រីក្រក្នុងមួយគ្រួសារ គឺមានសមាជិក ៥ នាក់ គឺទូទាំងខេត្តមានពលរដ្ឋខ្មែរក្រោមប្រមាណជិត ៥០.០០០ នាក់ ទទួលបានប្រាក់ចំណូលក្នុងមួយខែ ២០០.០០០ ដុង (យោងតាមការចុះផ្សាយរបស់គេហទំព័រយួន) ។
បុគ្គលឈ្មោះ យ័ញ ង៉ុកហ៊ុង ប្រធានគណៈជនជាតិខ្មែរខេត្តក្រមួនស បាននិយាយថា ជីវភាពក្រីក្ររបស់បងប្អូនជនរួមជាតិខ្មែរក្រោមត្រូវបានកាត់បន្ថយ ប៉ុន្តែកំណើននៃជីវភាពក្រីក្រត្រូវបានកើនឡើងយ៉ាងច្រើនគួរឲ្យបារម្ភ ។ យ័ញ ង៉ុកហ៊ុង បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០០៧ នេះ កំណើនជីវភាពក្រីក្ររបស់ជនរួមជាតិខ្មែរក្រោមមានការកើនឡើងដល់ ១.៧៥៨ គ្រួសារ ។
តាម យ័ញ ង៉ុកហ៊ុង ដដែលបានបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពក្រីក្ររបស់បងប្អូនខ្មែរក្រោម គឺជាបញ្ហាមួយគួរឲ្យបារម្ភ ព្រោះករណីលក់ដីកេរដូនតាចេះតែកើនឡើង បណ្តាលឲ្យពួកគាត់គ្មានដីធ្លីសម្រាប់ផលិតមុខរបរ ដូច្នេះពួកគាត់ត្រូវពឹងផ្អែកទៅលើស៊ីឈ្នួលគេ ហើយកូនចៅពួកគាត់ក៏កំពុងប្រឈមមុខនឹងបញ្ហាលំបាកគ្រប់ជំពូកដែរ ។ យ័ញ ង៉ុកហ៊ុង បានបន្តទៀតថា មានគ្រួសារខ្មែរក្រោមជាច្រើនត្រូវផ្លាស់ប្តូរទីកន្លែង និងមុខរបរទៅធ្វើការជាកម្មករនៅក្នុងរោងចក្រផ្សេងៗ គឺមានជីវភាពល្អបង្គួរ ។ ប៉ុន្តែក្នុងចំណោមគ្រួសារទាំងនេះមានមិនតិចដែរ ដែលកម្លាំងពលកម្មរបស់ខ្លួនមិនសម្របបាននឹងការងារឧស្សាហកម្មនោះ ពួកគាត់ធ្វើបានតែមួយរយៈពេលខ្លីក៏បោះបង់ការងារ បណ្តាលឲ្យរស់នៅដោយគ្មានមុខរបរ ។
ទោះជាមានការអះអាង របស់គណៈកម្មការខេត្តបែបនេះក្តី មជ្ឈដ្ឋានជាតិរិះគន់ថា មូលហេតុហេតុខ្មែរក្រោមក្រនោះក៏ដោយសារអាជ្ញាធរ នៃរដ្ឋការយួនមានការរើសអើងក្នុងការទទួលយកកូនចៅខ្មែរក្រោមចូលបំរើងការ ដូចជានៅតាមរោងចក្រ និងស្ថាប័នរដ្ឋជាដើម ។ ក្រៅពីនេះ មានខ្មែរក្រោមមួយចំនួនធំធ្លាក់ខ្លួន គឺដោយសារតែអាជ្ញាធរយួនបានរឹបអូសយកដីធ្លីរបស់គាត់ ៕.