បទអត្ថាធិប្បាយ នៃវិទ្យុសំឡេងកម្ពុជាក្រោម ទិវារំលឹក Memorial Day ខែឧសភា ឆ្នាំ២០១២

ដោយ៖ សឺង សម្រេច/VOKK៖ សហរដ្ឋអាមេរិក បានយកថ្ងៃចន្ទ ចុងក្រោយនៃខែឧសភា ដើម្បីធ្វើពិធី រំលឹកដល់អតីតយុទ្ធជន ដែលបានប្រយុទ្ធ និងបាន បូជាជីវិត ក្នុងសមរភូមិនានា ក្នុងសង្គ្រាមដែលកន្លង ទៅ។ ដោយថ្ងៃបុណ្យនោះ ជាការចាប់ផ្តើមនៃរដូវក្តៅ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗ នៅតាមសួនឧទ្យាន សាធារណៈនានា ប្រជាពលរដ្ឋអាមេរិកាំងជាទួទៅ បាននាំគ្នាជួបជុំបរិភោគអាហារ និងសំណេះសំណាល គ្នា រំលឹកដល់ប្តីប្រពន្ធ ឳពុក ម្តាយ បងប្អូនឬមិត្តភក្តិ របស់គេ ដែលបានស្លាប់ទៅក្នុងសង្គ្រាម។ នៅតាម ទីលានបញ្ចុះសព ប្រពន្ធ ឬកូន ម្តាយ ឳពុក ឬមិត្តភក្តិ តែងយកផ្កាទៅដាក់លើផ្នូរសព ជាជនទីស្រឡាញ់ របស់គេ ហើយយកម្រាមដៃស្ទាបអង្អែលលើតួអក្សរ ចំណារឈ្មោះអ្នកស្លាប់ សំដែលក្តីសោកស្តាយ អាឡោះអាល័យ។ អ្នកស្ម័គ្រចិត្តដ៏ច្រើន បានយកទង់ជាតិតូចៗ ទៅដោតនៅគ្រប់ផ្នូរយុទ្ធជនទាំងអស់ ទោះជា មិនមែនបងប្អូនសាច់សារលោហិតរបស់គេក្តី។ នៅតាម ទីក្រុងនិងរដ្ឋនានា មានការរៀបចំពិធីនេះជាផ្លូវការ និងការធ្វើព្យុហយាត្រាដែលមានមនុស្សទស្សនាយ៉ាងច្រើនកកកុញ។ ការប្រគុំតន្ត្រីដ៏ធំមួយបានរៀបចំ នៅសួន ខាងលិចនៃរដ្ឋធានីវ៉ាហ្សិងតុន ដោយមានការ ចូលរួមពីនាយទាហ៊ាន និងពលទាហ៊ានជើងចាស់និងជំនាន់ថ្មី ព្រមទាំងក្រុមគ្រួសារជាច្រើនពាន់នាក់។ ចំពោះឆ្នាំ២០១២នេះ ក្រៅពីសុន្ទរកថាដែលថ្លែងដោយភរិយាអតីត យុទ្ធជន មានសេចក្តីថ្លែងការបស់លោក ឧត្តមសេនីយ កូលិន ផាវ៉ឹល អតីតមេបញ្ជាការទ័ពអាមេរិកាំង ក្នុងសង្គ្រាមវៀតណាម។ ក្រៅពីការកត់សំគាល់ ចំពោះតំណក់ទឹកភ្នែក ដែលហូរជោគថ្ពាល់ប្រពន្ធ ដែលនឹក ដល់ប្តី ម្តាយឳពុកដែលនឹកដល់កូន កូនដែលយំ រកឳពុក ក៏មានការលួងលោមដោយសំឡេងតន្រ្តី សំាផូនីដ៏ពិរោះលន្លង់លន្លោច ច្រៀងដោយ អ្នកចម្រៀង ដ៏ល្បីល្បាញនានា ជាពិសេសនាងកញ្ញា ជែស្ស៊ីកា សានឆេស ដែលទើបនឹងប្រឡងជាប់លេខពីរ ក្នុងការ ប្រកួតប្រជែងរៀបចំដោយកម្មវិធី អាមេរិកាន់ អៃដុល។ ដើម្បីរំលឹកពីអតីតកាល មានការបញ្ចាំងដោយភាគខ្លីៗ នូវទិដ្ឋភាពសង្គ្រាមនានាផងដែរ ជាអាទិ៍សង្គ្រាម នៅវៀតណាម សង្គ្រាមនៅកូរ៉េ អៀរ៉ាក់ និងអាហ្វកានីស្ថាន ជាដើម។ យើងបានធ្វើការកត់សំគាល់ឃើញថា ក្នុងសេចក្តីថ្លែងការរបស់អតីតទាហ៊ានក្នុងសង្គ្រាមវៀតណាមម្នាក់ បាននិយាយអំពីការតស៊ូប្តូរជីវិតក្នុងសង្គ្រាម នោះ នាទសវត្សរ៍១៩៦០ និងគ្រោះថ្នាក់ទាំងឡាយដែលលោក បានឆ្លងកាត់ ប៉ុន្តែនៅពេលដែលលោកសល់ ជីវិត ហើយវិលត្រឡប់មកមាតុភូមិវិញសហរដ្ឋអាមេរិកវិញ លោកបែរជាមិនបានទទួការស្វាគមន៍ ពីប្រជា ពលរដ្ឋអាមេរិកាំងឡើយ។ សុន្ទរកថារបស់លោក ធ្វើឱ្យយើងនឹកឃើញមហា បាតុកម្មរបស់ប្រជាពលរដ្ឋ អាមេរិកាំង ធ្វើឡើងប្រឆាំងនឹងសង្គ្រាមវៀតណាមនាពេលនោះ ហើយដែលជម្រុញ ឱ្យមានការដកទ័ពរបស់ សហរដ្ឋអាមេរិកចេញ ដើម្បីបញ្ចប់សង្រ្គាមដ៏វែងនោះ។ ប៉ុន្តែសម្រាប់ពេលនេះ សញ្ញាជាទួទៅបានបង្ហាញថា ជនជាតិអាមេរិកាំងទាំងអស់គ្នាបាន សំដែងការដឹងគុណចំពោះអតីតយុទ្ធជនរបស់គេ និងបានចាត់ទុក អ្នកទាំងនោះជាវិរបុរសក្នុងដួងចិត្តគេជានិច្ច។ ឆាកនៃការជួបជុំដ៏ធំនោះ បានបញ្ចប់ទៅដោយ ចម្រៀង ’’អាមេរិកា ហូមស្វីតហូម’’( America Nome Sweet Home) ដែលអ្នកចូលរួមទបានក្រោកឈរច្រៀង ទាំងអស់គ្នា បង្កើតជាសំឡេងឮក្រលួចប្រកបដោយឋាមពល និងបង្ហាញទិដ្ឋភាពសាមគ្គីដ៏រឹងមាំរបស់ប្រជាជាតិ អាមេរិកាំង នៅលើទឹកដីដែលគេបានប្រសិទ្ធិនាមថា ’’អាមេរិកា លំនៅដ៏ផ្អែមត្រជាក់’’។

ដោយឃើញអតីតយុទ្ធជនអាមេរិកាំងឡើងថ្លែងអំពីសកម្មភាពក្នុងចម្បាំង និងវិរភាពរបស់អតីតយុទ្ធជន អាមេរិកាំង ខ្ញុំសូមអនុញាតិរំលឹកឡើងវិញ អំពីព្រឹត្តិការណ៍មួយនៅក្នុងព្រៃភាគខាងលិចនៃប្រទេសកម្ពុជា នាខែ កញ្ញាឆ្នាំ១៩៧៩ ដែលខ្ញុំបានចូលប្រលូកផ្ទាល់ ដូចតទៅនេះ៖…

…ក្នុងសភាពក្រៀមក្រំ យើងកំពុងរង់ចាំមើលផ្លូវអ្នកជិះសេះទៅភូមិអ្នកស្រុក មិនទាន់ឃើញត្រឡប់មកវិញ សោះ។ ចាំបាត់ៗ យើងចេះតែព្រួយ ក្រែងលោគ្នាយើងត្រូវទ័ពយួនដាក់អន្ទាក់ចាប់បានតាមផ្លូវ។

បង ទន់ ចាយ (កាលរស់នៅក្នុងនៅព្រៃ អ្នកតស៊ូស្នេហាជាតិមិនទាន់មានបុណ្យសក្តិអ្វីទេ យើងហៅគ្នាថាបង ប្អូន ពូ មា ហើយស្រឡាញ់រាប់អានគ្នា ដឹងសុខទុក្ខការពារគ្នាទៅវិញទៅមកដូចបងប្អូនបង្កើត) ជាអ្នកព្រួយបារម្ ភជាងគេ ព្រោះគាត់ជាមេកោយផង និងជាអ្នកចេញបញ្ជាឱ្យយុវជនឈ្មោះ វង់ ជិះសេះទៅទៅរកស្រាពីភូមិ។ មិនមែន រកស្រាដើម្បីផឹកសប្បាយទេ តែដោយគាត់ចង់យកមកច្រូចសែនឱ្យយុទ្ធជនម្នាក់ ដែលត្រូវពួកខ្មែរ ក្រហមបាញ់ស្លាប់ពីព្រឹកមិញ។ តាមពិតពួកយើងដែលនាំគ្នាលួចកាំភ្លើងយួនរត់ចូលព្រៃ ប្រមូលផ្តុំជាកម្លាំង តស៊ូរំដោះស្រុក យើងគ្មានបំណងច្បាំងស៊ីសាច់ហុតឈាមខ្មែរគ្នាឯងទេ ទោះជាពួកយើងស្អប់ពួកខ្មែរក្រហម ប៉ុនណាក៏ដោយ។ គោលបំណងរបស់យើង គឺដេញទ័ពយួនឈ្លានពាន ដែលលើកចូលមក នៅពេញស្រុកខ្មែរ នៅឆ្នាំចុងឆ្នាំ១៩៧៨ នោះ ឱ្យចេញទៅវិញតែប៉ុណ្ណោះ។ ហើយបទបញ្ជាមកពីលើ ក៏បានហាមកុំឱ្យសម្លាប់គ្នា តទៅទៀតដែរ ព្រោះខ្មែរយើងបានស្លាប់ច្រើនណាស់ទៅហើយ ដោយសាររបបដ៏កាចសាហាវរបស់ពួកខ្មែរ ក្រហម ដែបទើបនឹងកន្លងទៅថ្មីៗ។ ប៉ុន្តែដោយជាទ័ពព្រៃ ដែលពួនជ្រកនៅក្នុងព្រៃដូចគ្នា ទ័ពនៃរណសិរ្ស ស្នេហាជាតិ តែងប៉ះទង្គិចប្រយុទ្ធ ជាមួយទ័ពពួកខ្មែរក្រហមជាហូរហែ ជៀសមិនរួច។ ពួកខ្មែរក្រហមចេះល្បិច ទ័ពព្រៃ ច្បាស់លាស់ជាងពួកយើង។ ពេលដាច់ស្បៀងអត់បាយ ពួកវាតែងសុំចរចាជាមួយពួកយើង កុំឱ្យបាញ់គ្នា។ ដូចករណីនៅភូមិតាត្រៃ ពួកខ្មែរ ក្រហមជិតមួយរយនាក់ដាច់ស្បៀង បានចូលសុំបាយអ្នកស្រុក។ អ្នកស្រុកមិនឱ្យ ហើយរាយការណ៍មកពួកយើង យើងក៏ទៅហ៊ុំព័ទ្ធពួកវាជាប់។ ពេលនោះពួកវាទ័លច្រក ក៏សុំយើងចរចា។ យុទ្ធជនសេរីរបស់យើងស្អប់ពួកខ្មែរ ក្រហមណាស់។ មួន ជាមេកងម្នាក់ដ៏ក្លាហាន មានស្ពាយដាវកេរឳពុកនៅជាប់នឹងខ្លួនគេជានិច្ច។  មុននឹងតាមាំង (ឈ្មោះពិតគឺ លឿង ស៊ីនាក់) និងខ្ញុំ ដើរទៅជួបចរចាជាមួយពួកមេខ្មែរក្រហមលើទួលមួយក្រោមដើមក្រសាំង មេកង មួន បានផ្តាំថា ’’បង! សូមបង សម្លឹងមើលគ្រហ៊ុកណាមួយ ប្រុងលោតចូលឱ្យហើយទៅ ! តែពួកវាញោច ពួកខ្ញុំបាញ់ហើយ! បងដឹងស្រាប់ គ្រាប់កាំភ្លើងអត់ស្គាល់គ្នាឯងឬគ្នាគេទេ! ’’។ សំណាងល្អ ការចរចានៅចន្លោះ កាំភ្លើងដែលភ្ជង់មកនោះ បានបញ្ចប់ទៅដោយស្ងៀមស្ងាត់។ ពួកវាសុំដើរខាងភូមិថ្មី ពួកយើងខាងតាសៀវ ផ្គាំ ទ្រាស ជន្លាសដៃ។ល។ មួយខែក្រោយមក ពួកវាបានបាយស៊ីមានកម្លាំង ក៏ឆ្មក់វាយពួកយើងប្រ៉ាវ ! ស្នៀតពួក កុម្មុយនិស្តពេលណា ក៏ដូចពេលណា គឺនៅតែដដែល ពេលចាញ់ប្រៀប ក៏សុំចរចា ពេលមានប្រៀប គឺវាយសម្រុក ជារហូត។

ប៉ុន្តែព្រឹកមិញនេះ គ្រោះថ្នាក់បានបណ្តាលមកពីគ្នាយើងស្អប់ខឹងខ្មែរក្រហមពេក ក៏ទៅជាចាញ់ល្បិចបោក របស់ពួកវា។ ប្រទះគ្នាបាញ់ផូងផស់តែមួយប្រាវ ពួកវាក៏នាំគ្នារត់ប្រុយ។ ពួកយើងមិនបាញ់ទេ រត់តាមប្រុង ចាប់យកទាំងរស់ ក៏ត្រូវចូលក្នុងអន្ទាក់ពួកវា ដែលត្រៀមបាញ់យើងពីចំហៀង នាំឱ្យមានអ្នកស្លាប់ និងត្រូវ របួស…

ទីបំផុត អ្នកជិះសេះក៏វិលត្រឡប់មកវិញ បានស្រាកន្លះដបនិងធូបបួនប្រាំសសៃ។ បង ទន់ ចាយ អុជធូប នៅមាត់ រណ្តៅហើយច្រូចស្រា ធ្វើមាត់ជីបអូចៗ។ ខ្ញុំក៏ឧទ្ទិសតិចៗ នឹកស្រណោះដល់វិញ្ញាណក្ខន្ធកូនខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិពិតប្រាកដ លះបង់ជីវិតដោយគ្មានប្រាថ្នាបុណ្យសក្តិយសលាភសក្ការៈអ្វីទាំងអស់ ហើយត្រូវស្លាប់ចោលឆ្អឹងក្នុងព្រៃយ៉ាងអនោចអធម មិនដឹងជាម្តាយឳពុកបងប្អូននៅឯណា។ ពួកយើងក៏កប់សព យុទ្ធជនអ្នកស្នេហាជាតិផ្ទាល់ដី គ្មានក្តារម្ឈូសអ្វីទេ។ កាលនៅភូមិគោកកប្បាស ក៏យើងបានធ្វើរបៀបនេះដែរ…

នេះគ្រាន់តែការរំលឹកក្នុងព្រឹត្តការណ៍មួយដ៏តូចប៉ុណ្ណោះ។ តាមពិតយុទ្ធជនស្នេហាជាតិរបស់យើង ដែលបានតាំង ចិត្តតស៊ូប្តូរជីវិត ដើម្បីការពារបូរណភាពទឹកដីមានជាហូរហែគ្រប់ជំនាន់មនុស្ស។ ប៉ុន្តែបើលើក យកតែរឿងនៅថ្មី យុទ្ធជននៃរណសិរ្សពីព្រំដែនខាងលិចនាទស្សវត្សរ៍១៩៧០ និង១៩៨០ បានកើតឡើង ពីការយល់ច្បាស់ចំពោះ គ្រោះថ្នាក់របស់ជាតិ នៅចំពោះមុខការឈ្លានពានរបស់ទ័ពយួន ហើយពេលនេះ ឆ្អឹងអ្នកទាំង នោះពុកផុយ រលួយ នៅពាសពេញព្រៃ។ យើងទាំងអស់គ្នាក៏បានឃើញ បានដឹង ថាទ័ពយួនតែងចូលមករុករកឆ្អឹង របស់អតីតទាហ៊ានគេ ដែលបានស្លាប់ក្នុងទឹកដីយើង ក្នុងពេលឈ្លានពាន។ នោះក៏ជាមេរៀនសម្រាប់អ្នកដឹកនាំ ខ្មែរគ្រប់សម័យកាល គួរតែកុំភ្លេចឱ្យតម្លៃ ដល់ពលិកម្មប្តូរជីវិតរបស់អតីតយុទ្ធជនខ្មែរគ្រប់ជំនាន់ផង កុំឱ្យឆ្អឹងនិង អំពើពលិកម្មរបស់កូនខ្មែរ ថោកទាបជាងឆ្អឹងពួកបរទេសពេក។ ហើយក៏គឺដោយសារពលិកម្មរបស់អ្នកទាំងនោះ ដែរ ដែលជម្រុញឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នាំបង្កើតអ្នកមានបុណ្យ សក្តិធំៗ ប្រកបដោយប្ញទ្ធិអំណាច និងពួកមហាសេដ្ឋីមានសម្បត្តិមហាសាលសព្វថ្ងៃនេះ។

ខ្ញុំក៏នៅចាំពាក្យសំដីរបស់ថ្នាក់ដឹកនាំម្នាក់ ដែលបានពោលនៅឆ្នាំ២០០០ នៅក្រុភ្នំពេញ។ លោកបាន ចេញបញ្ជា ហាមមិនឱ្យអ្នកណានិយាយអំពីគុណឧប្បការៈរបស់អតីតអ្នកតស៊ូនៅក្នុងព្រៃឡើយ។ ខ្ញុំយល់ថា ប្រសិនបើយើង បបួលគ្នារំព្ញកគុណរបស់ពួកបរទេស ដែលចូលមកលុកលុយប្រទេសជាតិក្នុងបំណងមិនល្អ ហើយបែរជា បំភ្លេចគុណបំណាច់យុទ្ធជនស្នេហាជាតិពិតៗរបស់យើង នោះគឺយើងកំពុងតែវង្វេងផ្លូវហើយ !

សូមមេត្តាជួយគិតដល់អ្នកស្លាប់ អ្នកពិការ អ្នកគ្មានទីលំនៅ អ្នកមានវិបត្តិផ្លូវចិត្ត អ្នកគ្មានសង្ឃឹម

និងប្រពន្ធកូនរបស់គ្នាផង ! …