បណ្ឌិត Daryn Reicherter ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សានៃសហព័ន្ធខែ្មរកម្ពុជាក្រោម

ដោយៈ សឺង សុជាតិ

kkf02.JPGនៅថ្ងៃសៅរ៏ ទី០៩ សីហា កន្លងទៅនេះ សហព័ន្ធខែ្មរកម្ពុជាក្រោម ភាគជើង​ខាង​លិច សហរដ្ឋអាមេរិក ដែល ដឹកនាំដោយលោក ថាច់ តង ប្រធានតំបន់ បានរៀប​ចំកម្ម​វិធី​បញ្ចាំងកុនឯកសារខែ្មរក្រោម ដែលផលិតដោយ អ្នកស្រី Rebecca Sommer ក្រោម​ចំណងជើងថា ការរំលាយពូជសាសន៏ដោយគ្មានបង្ហូរឈាម (Eliminated Without Bleeding) នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រនីញ៉ា ចាប់ពីម៉ោង ៤ និង ៣០​នាទី រហូត​ដល់ម៉ោង៨និង៣០នាទី យប់ ក្រោមព្រះអធិបតីភាព ព្រះតេជគុណ ថាច់ ប៊ីរង្គ សង្ឃនា​យកសហព័ន្ធខែ្មរកម្ពុជាក្រោម ទទួលបន្ទុកអន្តរ សាសនា។

          មន្រ្តីជាន់ខ្ពស់ ប្រធានតំបន់ ប្រធានសាខា សមាជិក សមាជិកា នៃសហព័ន្ធខែ្មរ​កម្ពុជាក្រោម និងបងប្អូន រួមឈាម ព្រមទាំងឥស្សរជនខែ្មរប្រមាណជាង៥០រូប អញ្ជើញ​មកពីទីក្រុងនានា ជុំវិញរដ្ឋកាលីហ្វ័រនីញ៉ា បាន ចូលរួមគាំទ្រនិងទស្សនាកុនឯក​សារ​ខែ្មរ​ក្រោម ប្រកបដោយស្មារតីក្តុកក្តួល និងឈឺចាប់ជាទីបំផុត។

          លោក​ ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម បានថ្លែងនៅ​ក្នុង​ពិធី​នោះថា

“សហព័ន្ធខែ្មរកម្ពុជាក្រោម បានធ្វើចលនាយ៉ាងសកម្មភាព លើឆាកអន្តរជាតិ និងដាក់​ផែនការដំណើរឆ្ពោះទៅ កាន់មាតុភូមិ ដើម្បីស្វែងរកសិទ្ធិសេរីភាព ជំនឿសាសនា និង​សិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯង” ។

          លោកប្រធានប្រតិបត្តិ ថាច់ ង៉ុក ថាច់ បានសង្កត់ធ្ងន់ថា៖ “យើងជាកូនខែ្មរ ត្រូ​វតែមានគោលជំហសេ្នហា ជាតិឲ្យពិតប្រាកដ ហើយយើងទាំងគ្នាត្រូវតែធ្វើចិត្តឲ្យ​វាឯក​រាជ្យ ទើបយើងដឹកនាំសង្គម ឬប្រទេសជាតិ ផុតពី គ្រោះមហន្តរាយ ជាពិសេសយើង​ត្រូវចេះសាមគ្គីគ្នា ការពារទ្រព្យសម្បត្តិជាតិ ហើយអ្វីដែលបាត់បង់យើងត្រូវ តែទាម​ទារយកមកវិញ យើងមិនត្រូវបាក់ស្បាត ឬខ្លាចសត្រូវបរទេសឡើយ។

          លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម ទទួលបន្ទុក​កិច្ច​ការបរទេស បាន ថ្លែងអំពីសកម្មភាពថ្មីៗ លើឆាកអន្តរជាតិ ក្នុងនោះមានការចូល​រួម​ប្រ​ជុំ​ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក ផែ្នកសេរីភាព​ជំនឿសាស​នា ស្តីពីបញ្ហាព្រះតេជគុណ ទឹម សាខន និងស្ថានភាព ព្រះ ពុទ្ធសាស​នាខែ្មរ នៅកម្ពុជាក្រោមជាដើម។

នៅក្នុងឧកាសនោះដែរ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ​សហព័ន្ធខែ្មរ​កម្ពុជា​​ក្រោម ក៏បានជូនលិខិត តែងតាំងលោកបណ្ឌិត Daryn Reicherter ជនជាតិអា​មេរិ​កាំង ជាឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃសហព័ន្ធ  ខែ្មរកម្ពុជាក្រោម ចាប់ពីពេលនេះត​ទៅ ។ ហើយលោកបណ្ឌិតក៏ទទួលដោយសោមនស្សរីករាយ ព្រមទាំងប្តេជ្ញា​ ចិត្តយ៉ាង​មុតមាំថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញឲ្យអន្តរជាតិជួយ​ធ្វើអន្តរាគមន៏ចំ​ពោះ​បញ្ហា​សិទ្ធិ មនុស្សខែ្មរ នៅកម្ពុជាក្រោម​ លុះត្រាណាតែទទួល​បានលទ្ធផលជោគ​ជ័យ ៕

          គួររំឭកថា សហព័ន្ធខែ្មរកម្ពុជាក្រោម គឺជាអង្គការជាតិខែ្មរក្រោម ធ្វើចលនា តស៊ូ ដោយ​អហឹង្សា នៅជុំវិញពិភពលោក ស្របតាមច្បាប់អង្គការសហប្រជាជាតិ និងជាស​មា​ជិក​ពេញសិទ្ធិនៃអង្គការ UNPO ដើម្បីទាមទារសិទ្ធិសេរីភាព ស្វ័យសម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង ជូនបងប្អូនជនរួមជាតិខែ្មរក្រោមរាប់លាន នាក់ ដែលកំពុងរស់នៅ​ក្រោមរបបអាណានិគមយួនបច្ចុប្បន្ន។ .