ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
បញ្ហាការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ត្រូវបានអ្នកជំនាញអន្តរជាតិតំណាងប្រ ទេសនានា ចោទសួរទៅរដ្ឋាភិបាលវៀតណាម នៅក្នុងកិច្ចប្រជុំលើកទី ៥៣ ស្ដីពី កតិកាសញ្ញាអន្តរជាតិ នៃគណៈ កម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (Committee on Economic, Social and Cultural Rights) ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ នា ការិយា ល័យអង្គការសហប្រជាជាតិ ប្រចាំទីក្រុង ហ្សឺណែវ, ប្រទេសស្វិស ។

ប្រទេសវៀតណាមត្រូវឆ្លើយបំភ្លឺអំពីបញ្ហានេះ រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១០ និង ១១ ខែវិច្ឆិកា ដោយមានក្រុម អ្នកជំនាញអន្តរជាតិតំណាងឲ្យប្រទេសនានាដែលបានចូលរួម នឹងលើកយកបញ្ហា សិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌របស់ជនជាតិដើមខ្មែរក្រោមចោទសួរទៅមន្ត្រីតំណាងរដ្ឋាភិបាលវៀតណាម ។
នៅកិច្ចប្រជុំនេះ គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានអញ្ជើញសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) តំណាងឲ្យពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ចូលទៅថ្លែងការណ៍ និងធ្វើរបាយការណ៍អំពីបញ្ហាជាក់ស្ដែង ដែលបានកើតឡើងនៅកម្ពុជាក្រោមឲ្យគេបានជ្រាប មុនពេលមន្ត្រីតំណាងប្រទេសវៀតណាម ចូលឆ្លើយបំភ្លឺរយៈ ពេល ២ ថ្ងៃ នៅចំពោះមុខអង្គការសហប្រជាជាតិ នូវបញ្ហាអ្វីខ្លះដែលខ្លួនបាន និងមិនបានធ្វើក្រោយពីបានចុះកិច្ច សន្យាជាមួយអន្តរជាតិរួចមក ។
ប្រទេសវៀតណាមបានគេចវេះមិនព្រមចូលបំភ្លឺដល់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ២០ ឆ្នាំមក ហើយ ក្រោយពីខ្លួនបានចូលជាសមាជិកនៃស្ថាប័នអង្គការសហប្រជាជាតិមួយនេះ កាលពីឆ្នាំ ១៩៨២ ។

យោងតាមព័ត៌មានដែលបានចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅលើគេហទំព័រអគ្គស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ស្ដីអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសវៀតណាមថា ៖
“វាគ្មិនតំណាងឲ្យពលរដ្ឋខ្មែរក្រោម បានថ្លែងថា ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ឬ នៅតំបន់ដែនដីសណ្ដទន្លេ មេគង្គ មិនត្រូវបានរដ្ឋាភិបាលវៀតណាមទទួលស្គាល់ថា ជាជនជាតិដើមទេ ដោយគេចាត់ទុកថាជា ជនជាតិ ភាគ តិចតែប៉ុណ្ណោះ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានជម្រុញឱ្យវៀតណាមដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងអស់ ដែលបានឃុំខ្លួន ព្រោះការតស៊ូមតិរបស់ពួកគេស្ដីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយជម្រុញឱ្យឲ្យវៀតណាម ត្រូវអនុវត្តឱ្យបានពេញលេញសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជន ជាតិដើម” ។
គេហទំព័រអង្គការសហប្រជាជាតិបានបន្តទៀតថា៖
“តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលធ្វើការនៅលើផ្នែក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” បាននិយាយ ថា ប្រជាជនខ្មែរក្រោមបានរស់នៅក្នុងតំបន់ទន្លេមេគង្គរាប់ពាន់ឆ្នាំមកហើយ ។ បើទោះមានប្រវត្តិសាស្ត្រ និង វប្បធម៌ នៅក្នុងតំបន់ដីសណ្តនោះជាយូរមកហើយក្ដី តែវៀតណាមមិនបានទទួលស្គាល់ខ្មែរក្រោមទាំងនេះថា ជាជនជាតិដើមទេ ដោយរដ្ឋាភិបាលវៀតណាមចាត់ទុកថា ជាជនជាតិភាគតិច ទៅវិញ ។ ពួកគេត្រូវបានហាមមិន ឲ្យហៅពលរដ្ឋខ្លួនឯងថាជា ខ្មែរក្រោម និងទឹកដីរបស់ខ្លួនថា កម្ពុជាក្រោម ។ មានមនុស្សតិចណាស់ដែលបាន ដឹងថា អង្ករនាំចេញដោយវៀតណាមត្រូវបានផលិតឡើងដោយញើស និងទឹកភ្នែករបស់កសិករខ្មែរក្រោម ។ ផ្ទុយ ទៅវិញ ពលរដ្ឋខ្មែរក្រោមមិនមានអាហារដើម្បីបរិភោគគ្រប់គ្រាន់ទេ ដោយសារការចំណាយទៅលើធ្វើវត្ថុ និង សម្ភារៈកសិកម្មខ្ពស់ពេក ហើយពួកគេក្លាយទៅជាពលរដ្ឋក្រីក្របំផុតនៅក្នុងតំបន់នោះ ។ មនុស្សជាច្រើនបានបោះ បង់ចោលសាលា ឬ ត្រូវបានបង្ខំឱ្យធ្វើចំណាកស្រុកទៅកាន់តំបន់ទីក្រុងដើម្បីធ្វើខ្ញុំគេ ។ ពួកគេមិនត្រូវបាន អនុញ្ញាតឱ្យរៀនដោយសេរីនូវភាសារបស់ពួកគេទេ ។ វាត្រូវបានផ្ដល់អនុសាសន៍ថា គណៈកម្មាធិការជម្រុញឱ្យ ប្រទេសវៀតណាម អនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរបស់អង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនជាតិ ដើម ដើម្បីអនុវត្តនីតិវិធីក្នុងការស្ថាបនាឱ្យមានឯកសារផ្លូវច្បាប់ដើម្បីចាប់ផ្តើមដំណើរការនៃការទទួលស្គាល់ជន ជាតិដើមនៃប្រទេសវៀតណាម ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមនុស្ស ‘នៃសិទ្ធិរបស់ពួកគេ’ និងដើម្បីអនុញ្ញាត ឱ្យកុមារខ្មែរក្រោមបានរៀនភាសារបស់ពួកគេនៅក្នុងសាលារៀនចាប់ពីមតេយ្យ” ។
មុនពេលវៀតណាមចូលចូលឆ្លើយបំភ្លឺ នៅថ្ងៃទី ១០ ខែវិច្ឆិកា អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ដែលធ្វើដំណើរទៅពីសហរដ្ឋអាមេរិក បានឡើងថ្លែងអំពីបញ្ហាសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្មែរក្រោមនៅកម្ពុជាក្រោមដល់ដល់អង្គការសហប្រជាជាតិថា៖
“តាងនាមឲ្យពលរដ្ឋខ្មែរក្រោមរាប់លាននាក់ដែលមិនមានសំឡេងនៅកម្ពុជាក្រោម យើងខ្ញុំសូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ឱកាសឲ្យយើងខ្ញុំបានបញ្ចេញសំឡេង នៅក្នុងអង្គការ សហប្រជាជាតិ” ។
អ្នកនាង កៀង សុធី បានបន្តទៀតថា៖
“សេចក្ដីរាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់ [ឲ្យអង្គការសហប្រជាជាតិ] សម្លឹងមើលឲ្យបានកាន់ តែស៊ីជម្រៅលើភាពជាក់ស្ដែងដែលកំពុងកើកមាននៅកម្ពុជាក្រោម ដូចជា បញ្ហាសិទ្ធិសង្គមកិច្ច និងវប្បធម៌ មិនត្រូវ បានទទួល និងអនុវត្តដោយពេញលេញឡើយ ព្រោះពួកគេនៅតែត្រូវបានវៀតណាមចាត់ទុកថា ជាមនុស្សលំដាប់ ទីពីរនៅលើទឹកដីកំណើតរបស់ខ្លួន” ។
ថ្ងៃទី ១០ ខែវិច្ឆិកា ក្រោយពីរដ្ឋាភិបាលវៀតណាមបានឡើងអាននូវរបាយការណ៍ដែលបញ្ជូនមកពីទីក្រុងហាណូយ ស្ដីពីការរីកចម្រើនគ្រប់វិស័យរួចមក ក្រុមអ្នកជំនាញតំណាងឲ្យប្រទេសនានា បានសួរវៀតណាម ទាក់ទិននឹងបញ្ហា ខ្មែរក្រោមជាច្រើន ដូចជា ហេតុអ្វីរដ្ឋាភិបាលវៀតណាមមិនព្រមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម និងហេតុ អ្វីខ្មែរក្រោមនៅកម្ពុជាក្រោមមិនអាចបង្កើតសមាគមរបស់ខ្លួនបាន ជាដើម ។ វៀតណាមបានឆ្លើយយករួចខ្លួនថា ប្រទេសវៀតណាមមានច្បាប់របស់ខ្លួនជាដើម ។ ក្រុមអ្នកជំនាញសួរវៀតណាមតទៅទៀតថា ចុះបើទទួលស្គាល់ ខ្មែរក្រោមជាជនជាតិដើម និងឲ្យពួកគេបង្កើតសមាគម វាមានបញ្ហាអ្វីសម្រាប់ប្រទេសវៀតណាម ។ ទីបំផុតមន្ត្រី តំណាងឲ្យរដ្ឋាភិបាលវៀតណាមទាល់នឹងសំនួរទាំងនេះ នៅចំពោះមុខមន្ត្រីអង្គការសហប្រជាជាតិ ។

ក្រៅពីវៀតណាម ប្រទេសចំនួន ៧ ផ្សេងទៀតដែលត្រូវចូលបំភ្លឺអំពីបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅក្នុង កិច្ចប្រជុំនេះ រួមមាន Portugal, Finland ,Montenegro, Guatemala, Slovenia , Nepal និង Romania ៕