បញ្ហា​វៀតណាម​ធ្វើទុក្ខបុកម្នេញ​លើ​ខ្មែរក្រោម នឹងត្រូវ​បាន​ថ្លែង​នៅ អ​. ស​. ប​.

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ចាប់ពី​ថ្ងៃទី ១២ ខែឧសភា​នេះ មេដឹកនាំ និង​ក្រុមយុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក​, ប្រទេស​កាណាដា និង​កម្ពុជា បានមក​ជួបជុំគ្នា​នៅ​វត្ត​ខ្មែរ​សុរិយា​រង្សី ដែល​ឋិត​នៅក្នុង ទីក្រុង ភី​ឡា​ដែល​ផ្យា (Philadelphia) រដ្ឋ​ផែន​ស៊ី​វ៉េ​នៀ (Pennsylvania) ដើម្បី​ចូល​ថ្លែងការណ៍​អំពី​បញ្ហា​ខ្មែរក្រោម នៅក្នុង​វេទិកា​ចិ​ន្ដ្រៃ​យ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីអំពី បញ្ហា ជនជាតិដើម (UNPFII) នៅ​ការិយាល័យ អង្គការសហប្រជាជាតិ នាទី​ក្រុង New York ។ ក្នុងឱកាស​នេះដែរ ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹងធ្វើ​សន្និបាត​យុវជន​មួយ នៅ​ទីក្រុង ភី​ឡា​ដែល​ផ្យា នៅ​ថ្ងៃទី ១៧ ខែឧសភា នេះ ដើម្បី​រំឭក​ដល់​ខួប ១០ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក UNPFII ។​

ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពជាក្រោម នៅអង្គការ ប្រជាជាតិ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៤ ។
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពជាក្រោម នៅអង្គការ ប្រជាជាតិ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៤ ។

​នៅ​ថ្ងៃទី ១៤ ខែឧសភា នេះ ជា​ថ្ងៃទី ២ ហើយ​ដែល​ក្រុមយុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន ចូល​ស្ដាប់ និង​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីអំពី​បញ្ហា​ជនជាតិ ដើម នៅក្នុង​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង New York សហរដ្ឋអាមេរិក ។​

​ថ្លែងប្រាប់​ទូរទស្សន៍ Online ព្រៃនគរ (PTV) លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយក្រុម បាន​ចូលទៅ​អង្គ ការ​សហប្រជាជាតិ តាំងពី​ថ្ងៃទី ១៣ ខែឧសភា ម្ល៉េះ ដើម្បី​លើកយក​បញ្ហា​សេរីភាព​សាសនា បញ្ហា សិទ្ធិមនុស្ស និង​ការអប់រំ​របស់​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​ត្រូវបាន​រំលោភ​ដោយ​រដ្ឋា ភិ​បាល​វៀតណាម​ទៅ​ថ្លែង​នៅក្នុង​អង្គការសហប្រជាជាតិ ។​

លោក ត្រឹង ម៉ាន់ រិន្ទ បាន​បន្តទៀតថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​លើកយក​បញ្ហា​ដែល​រដ្ឋា ភិ​បាល​វៀតណាម​បាន​ធ្វើទុក្ខបុកម្នេញ ព្រះសង្ឃ​ខ្មែរក្រោម នៅ​វត្ត​សេរី​តាសេក និង​វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង កាលពី​ឆ្នាំទៅ​មិញ ទៅ​ថ្កោលទោស​នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ នៅក្នុង​វេទិកា ជនជាតិដើម​មួយ​នេះ ផងដែរ ។​

​លោក ត្រឹង ម៉ាន់ រិន្ទ បាន​បន្តទៀតថា ក្រៅពី​ចូល​ថ្លែងការណ៍​នៅក្នុង​អង្គការសហប្រជាជាតិ ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និបាត​យុវជន នៅ​ថ្ងៃទី ១៧ ខែឧសភា នេះ ដើម្បី រំឭក​ខួប ១០ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក UNPFII ។ ក្នុង​សន្និបាត​នេះ នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ ផងដែរ ។​

សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការ សហប្រជាជាតិ​ស្ដីអំពី​បញ្ហា​ជនជាតិដើម ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPFII ចាប់ពី​ឆ្នាំ ២០០៤ មក​រហូតមកដល់​ប​ច្ចុ​ប្បន្ន ។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុកថា ជា​ប្រវត្តិ​សា​ស្រ​ជោគជ័យ​មួយ​សម្រាប់​ពួកគេ ដែល​មិន​ធ្លាប់មាន​តាំងពីដើម​មក ។​

​អង្គការសហប្រជាជាតិ​កំពុងតែ​បើក​មហាសន្និបាត​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​បញ្ហា​ជនជាតិដើម នៅ ការិយាល័យ​កណ្ដាល របស់ខ្លួន នាទី​ក្រុង New York ចាប់ពី​ថ្ងៃទី ១២ ដល់ ថ្ងៃទី ២៣ ខែឧសភា នេះ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ជនជាតិដើម​ក្នុង​ពិភពលោក បាន​ថ្លែង​អំពី​កង្វល់​របស់​ពួកគេ ទៅកាន់ សហគមន៍​អន្តរជាតិ ។ ប្រធានបទ​នៃ​វេទិកា​ឆ្នាំនេះ នឹង​ពិភាក្សា​អំពី​បញ្ហា​របស់​ជនជាតិដើម​ភាគតិច​ដែល​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ,​សង្គម​, វប្បធម៌​, បរិស្ថាន​, អប់រំ​, សុខភាព និង សិទ្ធិមនុស្ស ៕​