បញ្ហាខ្មែរក្រោមត្រូវបានលើកឡើងនៅក្នុងសេចក្ដីពង្រាង “ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣”

កាលពីថ្ងៃទី ០៨ ខែឧសភា កន្លងទៅនេះ នៅអាគារ​សមាជិកសភាតំណាង Rayburn ក្រុមតំណាងរាស្ត្រ ​នៃ​គណ បក្សសាធារណរដ្ឋ ​និង​គណបក្ស​ប្រជាធិ​​បតេយ្យ​អាមេរិក បានលើកឡើងនៅក្នុងរដ្ឋសភាអំពីពង្រាង ច្បាប់អនុវត្ត សិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣

ចលនាលទ្ធិប្រជាធិ​​បតេយ្យ​សម្រាប់​វៀតណាម៖

ចំពោះ​គោល​បំណង​នៃ​ការ​ធ្វើ​យុទ្ធនាការ​សម្រាប់​សេរីភាព ​និង​លទ្ធិ​ប្រជាធិ​​បតេយ្យ​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​សេចក្តី​ព្រាង ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣ ត្រូវ​បាន​ដាក់​ស្នើ​ក្រុមសភាតំណាង ​និង​ព្រឹទ្ធសភា អាមេរិក ហើយសង្ឃឹមថា និងត្រូវបានអនុម័តក្នុង​ឆ្នាំ​នេះ​ ។ ប្រធាន​គណៈកម្ម​ការ​សភាទទួលបន្ទុកកិច្ចការ​បរទេស ​អាមេរិក លោក Rep. Ed Royce បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា​៖

«​ដូច្នេះ​ នៅ​ក្នុងអំឡុងពេល ៦ ស​ប្តា​ហ៍​ដំបូង​ នៃឆ្នាំ​នេះ ​មាន​ករណី​ជា​ច្រើន​ ដែលក្រុម​ប្រឆាំងនៅក្នុងប្រទេស​វៀតណាម​ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំខ្លួនយ៉ាងច្រើន​ បើប្រៀបធៀបជាមួយ​ឆ្នាំ​កន្លង​មក​នេះ ​។ មាន ៤០ ករណី​ដែល​បានឃុំខ្លួន ហើយបាន​ជូនដំណឹង ​។ វា​គឺ​ជា​ការ​មិន​គួរ​ឱ្យ​ជឿ​ថា ​វៀតណាម​ត្រូវ​បាន​កំពុង​ព្យាយាម​ក្លាយ​​​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ តែនៅតែ​បន្ត​សកម្មភាព​​ប្រឆាំង​នឹង​សិទ្ធិមនុស្សកាន់​តែ​កើន​ឡើង ​។ សេរីភាព​ក្នុងនិយាយស្ដី – សេរីភាពក្នុងការបង្កើតអង្គការ​សមាគម និងសេរីភាព​នៃការប្រតិបត្ត​សាសនានៅ​វៀត ណាម​មិនមានឡើយ “។

ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្សដ៏​ធ្ងន់​ធ្ង​ររបស់​អាជ្ញាធរ​ទីក្រុង​ហាណូយ លោក Rep. Ed Royce បានថ្លែងទាមទារ ឲ្យសហរដ្ឋ​អាមេរិក ត្រូវ​តែដាក់បញ្ចូល​វៀតណាមទៅក្នុងបញ្ជី CPC ឡើងវិញ ​។

អ្នក​ពង្រាង ” ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣លោក Chris Smith សមាជិកសភាអាមេរិក បាន​ថ្លែងថា ឆ្នាំ ២០១៣ នេះ ​ជា​ពេល​វេលា​សម្រាប់​សហរដ្ឋ​អាមេរិក​ដើម្បី​ដាក់​វៀតណាមចូលក្នុង​បញ្ជី CPC ឡើងងវិញ ព្រោះរយៈពេល ៧ ឆ្នាំ មកនេះ ​មុន​ពេល​វៀតណាម​ត្រូវ​បានដក​ចេញ​ពី​បញ្ជី​នេះ ដោយអាមេរិកមានសង្ឃឹមថា សេរី ភាព នឹងមានភាព​ប្រសើរឡើង ​ដូចអ្វីដែលវៀតណាមបានសន្យា​ ​។ ទោះ​ជា​យ៉ាង​នេះក្ដី ឆ្លងតាមសវនាការកាលពី ថ្ងៃទី ១០ ខែមេសា កន្លងទៅនេះ ស្ដីពីការរំលោភសិទ្ធិមនុស្សនៅវៀតណាម ​មាន​ភស្តុតាងជាច្រើន​បង្ហាញ​យ៉ាង​ច្បាស់​អំពីស្ថានភាព​នៃ​ការ​រំលោភ​សិ​ទ្ធិ​មនុស្ស​យ៉ាង​ឃោរឃៅ​​នៅ​វៀតណាម ។

ភស្តុតាងទាំងនោះរួមមាន ការចាបខ្លួនអ្នកបញ្ចេញយោបល់ខ្វែងគំនិតវៀតណាមជាច្រើនរូប ដាក់គុក , ក្រុមព្រះ សង្ឃ និងពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកដែនដីកម្ពុជាក្រោម ដែលឋិតនៅភាគខាងត្បូងវៀតណាម ត្រូវបានអាជ្ញាធរ វៀតណាមគំរាមកំហែងចាប់ផ្សឹក និងដាកក់ពន្ធនាគារ និងក្រុមជនជាតិដើមម៉ុងតៃញ៉ា នៅភាគកណ្ដាលប្រទេស វៀតណាមក៏ត្រូវបានអាជ្ញាធរគាបសង្កត់សេរីភាពសាសនារបស់ពួកគេផងដែរ ។

ព្រះតេជព្រះគុណ យ័ញ តូន ព្រះសង្ឃខ្មែរក្រោម ដែលបានចូលស្ដាប់សវនាការរបស់សភាអាមេរិកកាំង ស្ដីពី ការរំលោភសិទ្ធិមនុស្សនៅវៀតណាម បានថ្លែងថា បញ្ហាខ្មែរក្រោមត្រូវបានអាមេរិកយកចិត្តទុកដាក់ ហើយបានគេ លើក ឡើងនៅក្នុងសវនាការនោះដែរ ។

ក្រុមសភាតំណាងដែលគាំទ្រពង្រាង ” ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣និង លោក Chris Smith បានបញ្ចុះបញ្ចូលសេតវិមានដាក់សម្ពាធវៀតណាម អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីរដ្ឋាភិបាល ក្រុង ហាណូយ ។

លោក Chris Smith បានមានប្រសាសន៍ថា៖

រដ្ឋាភិបាល​របស់ ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក George W. Bush និង ​លោក ​អូ​បា​ម៉ា ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​រំលោភ​សិ​ទ្ធិ​មនុស្ស​វៀតណាម​ ដោយវិធីដ៏​មាន​ប្រសិទ្ធិ​ភាព ។ ​ដូច្នេះ​ឥឡូវ​នេះ ​វា​ដល់​ពេល​ ​ដើម្បី​ទៅ​មើល​នៅ​ស្ថានភាពជាក់ស្ដែង​ ថា ​ពួក​គេ​បាន​រំលោភ​បទដ្ឋាន​សិ​ទ្ធិ​មនុស្ស​អ​ន្ដ​រ​ជាតិដល់កម្រិតណា ហើយយើង​បាន​សម្រេច​ចិត្ត​ថា ដាក់​ទណ្ឌកម្ម​វៀតណាមសម្រាប់​ការ​អនុវត្ត​មិនបាន​ត្រឹមត្រូវ ​។ ឆ្នាំ ២០១៣ នេះ មនុស្សមួយ​ចំនួនអាច​និយាយ​បាន​ថា ​ទុកឱកាសឲ្យវៀតណាម​ ​ដើម្បី​កែប្រែ​ស្ថានភាពសិទ្ធិមនុស្សឲ្យមានភាពល្អប្រសើរឡើង ,​ ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាងប្រទេសទាំង​ពីរកើនឡើងដល់ទៅ ២៥ ពាន់​ លាន​ដុល្លារ​ ​ប៉ុន្តែ​ស្ថាន​ភាព​ ​សិ​ទ្ធិ​មនុស្សដាំ ក្បាលចុះហួសយ៉ាងធ្ងន់ធ្ងរ ។ ​ប្រសិន​បើ​យើង​មិន​និយាយ​ តើនឹងមានអ្នកណា​និយាយឲ្យយើង ? “

ក្រុមអ្នកគាំទ្រសេចក្ដីពង្រាង ច្បាប់អនុវត្តសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១៣ ក៏បានអំពាវនាវឲ្យវៀតណាមគោរព សិទ្ធិមនុស្ស ដើម្បីខ្លួនបានក្លាយជាប្រទេសមួយមានតម្លៃដោយការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ។

សូមបញ្ជាក់ថា វៀតណាមជាញឹកញាប់ ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) រាយការណ៍ថា មានការរំលោភសិទ្ធិមនុស្សទៅលើ ក្រុមជនជាតិដើមខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ ។

កាលពីឆ្នាំ ២០០៧ ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង ចំនួន ៥ អង្គត្រូវបានចាប់ផ្សឹក និងដាក់គុកពី ២ ទៅ ៤ ឆ្នាំ ពីបទបង្កអសន្តិសុខទីសាធារណៈ ដោយគ្រាន់តែព្រះសង្ឃទាំងនោះនាំគ្នាចេញតវ៉ានៅមុខការិយាល័យនគរបាល វៀតណាម ខេត្តឃ្លាំង , ព្រះតេជព្រះគុណ ទឹម សាខន ព្រះសង្ឃខ្មែរក្រោម ជាព្រះចៅអធិការវត្តភ្នំដិនខាងជើង នៃ ខេត្តតាកែវ ត្រូវចាប់បញ្ជូនទៅដាក់គុកនៅខេត្តមាត់ជ្រូក និង ករណី លោក ចៅ ហេន នៅខេត្តមាត់ជ្រូក ជាដើម ៕

ដោយ សារព័ត៌មាន ព្រៃនគរ