(វណ្ណ វិចារ និង វោហារ ជាតិ l RFA) អ្នកចូលរួមធ្វើបាតុកម្មបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យ ទី ២២ ធ្នូ នេះ មានចំនួនច្រើនជាងថ្ងៃមុន ។ ចំនួននេះកើនឡើង បន្ទាប់ពីថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ប្រកាសថា បក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មធំរៀងរាល់ថ្ងៃអាទិត្យ ក្រៅពីធ្វើមហាបាតុកម្ម រៀងរាល់ថ្ងៃក្នុងរយៈពេល ៣ ខែ ដើម្បីទាមទារឲ្យមានការ បោះឆ្នោតឡើងវិញ និងសុំឲ្យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះពីតំណែង ។

នៅថ្ងៃអាទិត្យ នេះ ប្រធានបក្សសង្គ្រោះជាតិ លោក សម សង្ស៊ី និងអនុប្រធានបក្ស លោក កឹម សុខា នឹងទៅជួបអ្នក គាំទ្រ នៅទីលាន ប្រជាធិបតេយ្យមុននឹងហែក្បួនមហាបាតុកម្មអហិង្សា ។
បាតុកម្មថ្ងៃនេះ គឺជាថ្ងៃទី ៨ ហើយ ។ នៅរសៀលថ្ងៃទី ២២ ធ្នូ នេះដែរ បក្សសង្គ្រោះជាតិ បានបង្ហោះផែនទីបង្ហាញ ផ្លូវហែក្បួន បាតុកម្ម តាមគេហទំព័រ (Website) របស់ខ្លួនតាមផ្លូវមួយចំនួននៅរាជធានីភ្នំពេញ ដោយចាប់ចេញដំណើរពីទីលាន ប្រជាធិ បតេយ្យ តាមផ្លូវព្រះមុនីវង្ស ដល់ស្ដុបបូកគោ បត់ទៅទិសខាងលិចតាមផ្លូវម៉ៅសេទុង ទៅម្ដុំវត្តមហាមន្ត្រី ចាក់ទៅស្តុប អាង ទឹក ស្តាតអូឡាំពិក កាត់តាមផ្សាដេប៉ូ តម្រង់ផ្លូវកម្ពុជាក្រោម រួចបត់ទៅកើតសំដៅផ្លូវព្រះមុនីវង្ស ហើយបត់ចូលទីលាន ប្រជាធិបតេយ្យវិញ ។
ស្របពេលនេះដែរ មន្ត្រីបក្សសង្គ្រោះជាតិ តវ៉ានៅថ្ងៃទី ២២ ធ្នូ នេះថា កងកម្លាំងប៉ូលិស និងប៉េអិម បានឃាត់រថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីចំនួន ២០ គ្រឿង ដែលដឹកអ្នកគាំទ្របក្សសង្គ្រោះជាតិ មកចូលរួមមហាបាតុកម្មនៅ ទីលានប្រ ជាធិបតេយ្យ រាជធានីភ្នំពេញ ។
មន្ត្រីបក្សសង្គ្រោះជាតិ ដែលនាំក្បួនរថយន្តបក្សសង្គ្រោះជាតិ ឡើងមកភ្នំពេញ នៅថ្ងៃទី ២២ ធ្នូ បានចោទថា កម្លាំងប៉ូលិស ប៉េអិម ដែលដាក់ប៉ុស្តិ៍យាមចល័តនៅចំណុចមួយចម្ងាយប្រហែល ១ គីឡូម៉ែត្រ ខាងលិចបញ្ជរបង់ពន្ធផ្លូវជាតិលេខ ៤ ចម្ងាយ ប្រហែល ១៣ គីឡូម៉ែត្រ ខាងលិចភ្នំពេញ មានចេតនាឃាត់អ្នកគាំទ្របាតុកម្មបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមមហា បាតុកម្ម នៅថ្ងៃទី ២២ នេះបាន ៕