បក្ស​ជម្លោះ​ទាំងពីរ​នៅ​កម្ពុជា​មិនទាន់​ឯកភាគ​គ្នា​ក្នុង​កិច្ចចរចា​

​ជំនួប​បិទទ្វារ​ជាង ៣ ម៉ោង​រវាង​ក្រុមការងារ​ពិសេស​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​អង្គារ ទី ០៥ ខែវិច្ឆិកា ម្សិលមិញ មិន​ទទួលបាន​លទ្ធផល​តាម​ការរំពឹងទុក​ទេ ។ ក្រុមការងារ​នៃ​គណបក្ស​ដែលមាន​ជម្លោះ​ទាំងពីរ​សន្យាថា នឹង​រក​ពេលវេលា​ជួបគ្នា​សារជាថ្មី​នៅ​ចុង​សប្តាហ៍​នេះ ។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។ រូបថត៖ RFA/Mom Sophon
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។ រូបថត៖ RFA/Mom Sophon

ក្រុមការងារ​ពិសេស​ដែលមាន​ម្ខាងៗ​ចំនួន ៥ រូប​បាន​ជួបគ្នា​សារជាថ្មី​នៅ​មន្ទីរ​រដ្ឋសភាជាតិ​ដើម្បី​រក​វិធីសាស្ត្រ​ទម្លុះទម្លាយ​ភាពជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត ។

ក្រុមអ្នកកាសែត​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ថ​ត​យក​រូបភាព​រយៈពេល​ប្រមាណ ៣ នាទី ប៉ុណ្ណោះ​បន្ទាប់មក​មិនត្រូវ​អនុញ្ញាត​ឱ្យចូល​ស្តាប់​ខ្លឹមសារ​នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​ទេ ។​

​អ្នកតំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លោក យឹម សុវណ្ណ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ព្រំ សុខា បានបញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត​ដែល​ឈរ​រង់ចាំ​លទ្ធផល​នៃ​ជំនួប​នេះ​ថា ជំនួប​គ្នា​នេះ​បាន​និយាយ​ច្រើន​ទៅលើ​កំណែទម្រង់​ ប្រព័ន្ធ​បោះឆ្នោត ។​

​ក្រុមការងារ​ពិសេស​មកពី​គណបក្ស​ទាំងពីរ​បាន​អះអាងថា ​នឹង​រាយការណ៍​អំពី​លទ្ធផល​ជំនួប​នេះ​ទៅកាន់​ថ្នាក់ដឹកនាំ​កំពូល​ រៀងៗ​ខ្លួន​ជា​អ្នកសម្រេច ។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គណបក្ស​ទាំង​ពីរបាន​ជជែក​គ្នាច្រើន​ពាក់ ព័ន្ធ​នឹង​ចំណុច «​នយោបាយ​» ដែល​ផ្តោតទៅលើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ ។​

​លោក​និយាយថា​៖ «​តាម​ធម្មតា​ការជជែក​គ្នា​វា​មានការ​ឯកភាពគ្នា​ខ្លះ​ហើយ​វា​មាន​ការមិន​ឯកភាពគ្នា​ខ្លះ ។ អ៊ីចឹង​ហើយ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ជា​សាធារណៈ​ទេ ប៉ុន្តែ​គ្រាន់តែ​ថា យើងខ្ញុំ​នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​កំពូល​ដើម្បី​ធ្វើការ​សម្រេច​»​។​

​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​មកពី​គណបក្ស​ប្រជាជន​បានឱ្យដឹងថា​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ថា​នឹង​ប្រឹងប្រែង​ធ្វើកំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ ។​

​លោក​និយាយថា​៖ «​យ៉ាងហោចណាស់​ការជួប​គ្នា​នេះ​ជា​យន្តការ​មួយ​ដែល​យើង​បាន​ឯកភាពគ្នា ប្រជុំ​កំពូល​នោះ​គឺថា​ចំណុច​ទី​ពី​រថា​បង្កើត​យន្ត​ការដើ​ម្បី​កំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ​។ ​ដូច្នេះ​ការជួបគ្នា​នេះ​គឺជា​រូបភាព​មួយ​នៃ​យន្តការ ជួបគ្នា​ដើម្បី​ជជែក​គ្នា​អំពី​ការកែទម្រង់​»​។​

​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៨ ខែកក្កដា​បានបង្ហាញ​ឱ្យឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៨​អាសនៈ​ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥ អាសនៈ ។​

​គណបក្ស​ដែល​ទទួលបាន​សំឡេងគាំទ្រ​ទាំងពីរ​កំពុងមាន​ជម្លោះ​វិបត្តិ​នយោបាយ​ ដោយសារតែ​មិនបាន​បែងចែក​ឱ្យមាន​ តុល្យភាព​នៃ​អំណាច ។​

​គណបក្ស​សង្គ្រោះ​ជាតិ​បានទាមទារ​កាន់កាប់​មុខតំណែង​ប្រធានរដ្ឋសភា និង​បែងចែក​ឱ្យបាន​ស្នើ​គ្នា​នូវ​តួនាទី​ជា​សមាជិក​ គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ទាំង ១២ នៃ​រដ្ឋសភា ។​

​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយមក​បានទាមទារ​ឱ្យ​បែងចែក​អំណាច​ក្នុង​ថា្នក់​មូលដ្ឋាន​មានន័យថា​ខេត្ត ក្រុង​មួយចំនួន​ដែល​ គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​ឆ្នោត​ត្រូវបាន​កាន់​តួនាទី​ជា​អភិបាលខេត្ត​ក្រុង​និង​ស្រុក ខណ្ឌ​តែ​ការលើកឡើង​នេះ ត្រូវបាន​មន្ត្រី​គណបក្ស​ប្រជាជន​ចាត់ទុកថា​ផ្ទុយទៅនឹង​ច្បាប់ ។​

សមាសភាព​មន្ត្រី​ចូល​ចរចា​កាលពី​ម្សិលមិញ មាន​ម្ខាង ៥ រូប ។ មន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ព្រំ សុខា រដ្ឋលេខា ធិ​ការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា លោក កើត រិ​ទ្ធ លោក សំ សឿន និង​លោក ឡេង វី ។ ចំណែកឯ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ រួមមាន​លោក សុន ឆ័យ លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ ។​

​ក្នុង​កិច្ចចរចា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ឡើង​របៀបវារៈ ៣ ចំណុច រួមមាន ការស៊ើបអង្កេត​ឯករាជ្យ លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត កំណែទម្រង់​ការបោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្នើ​ឲ្យ​សមាជិក​ទាំង ៩ រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លាលែង​ពី​តំណែង ។​

​ការបោះឆ្នោត កាលពី​ថ្ងៃទី ២៨ កក្កដា ដែល​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា មាន​ការលួចបន្លំ និង​ទាមទារ​ឲ្យ​សើរើ រក​ភាពមិនប្រក្រតី ព្រមទាំង​ទាមទារ​ឲ្យ​កែទម្រង់ ។​
​ឧបការី​រង​សហរដ្ឋអាមេរិក​អាមេរិក លោក Scot Marciel ពេល​បញ្ចប់​ការបំពេញ​ទស្ស​កិច្ច​របស់ខ្លួន​នៅ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី ០៤ ខែវិច្ឆិកា បាន​ជំរុញ​គណ​ក្ស​ទាំងពីរ​ដែលមាន​សំឡេង​នៅក្នុង​រដ្ឋសភា បន្ត​ពិភាក្សា​ដោយ​សន្តិវិធី ដោះ ស្រាយ បញ្ហា​ដោយ​ផ្អែកលើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត​ជាធំ ៕