ដោយ៖ VOKK
ប្រភពព័ត៌មានពីខេត្តពលលាវ អតីតទឹកដីកម្ពុជាក្រោម បានឲ្យដឹងថា កាលពីថ្មីៗ នេះ រដ្ឋាភិបាលកុម្មុយនិស្តយៀកណាមបានបញ្ជូនបក្ខជនរបស់ខ្លួនមួយក្រុមចុះទៅជួបព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោមនៅខេត្តពលលាវ ឬយួនហៅបាកលាវ ដោយបានពាំនាំពាក្យផ្តាំសួរសុខ និងអំពាវនាវឲ្យមានការលើកកម្ពស់ស្មារតីជនរួមជាតិខ្មែរក្រោម បន្ទាប់ពីពួកគេមើលឃើញខ្មែរក្រោមនៅខេត្តមាត់ជ្រូក និងខេត្តឃ្លាំង បះបោរជាញឹកញាប់ ។
ប្រភពច្បាស់ការបានអះអាងថា បក្ខជនដែលត្រូវបានរដ្ឋាភិបាលយួនទមិឡឥតសាសនា បញ្ជូនទៅជួបក្រុមព្រះសង្ឃ និងបងប្អូនជនជាតិដើមខ្មែរកម្ពុជាក្រោមជាង ១ ពាន់អង្គ និងរូប នៅក្នុងទីរួមស្រុកនានា និងទីរួមខេត្តពលលាវ គឺក្រោមការដឹកនាំរបស់បុគ្គលក្បាលយួនខ្លួនខ្មែរ សឺង សុង សឺង ។ បុគ្គលរូបនេះ ត្រូវបានរដ្ឋាភិបាលយួនអះអាងថា ជាសមាជិកមជ្ឈិមបក្ស អនុប្រធានប្រចាំការអចិន្រ្តៃយ៍ នៃគណៈចង្អុលការតំបន់និរតីស្អីគេនោះ ។
ក្នុងឱកាស ជួបធ្វើការសំណេះសំណាលជាមួយក្រុមព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោម បុគ្គលឈ្មោះ សឺង សុង សឺង ត្រូវបានបណ្តាញសារព័ត៌មាន និងក្រុមព្រះសង្ឃក្នុងខេត្តខាងលើស្រង់សំដីថា បុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានមួយចំនួនស្តីអំពីរបស់ ដែលរដ្ឋាភិបាលកុម្មុយនិស្តយួន ហៅថាការអភិវឌ្ឍន៍ប្រទេសជាតិស្អីគេនោះ ។ លើសពីនេះ សឺង សុង សឺង ក៏បានលើកឡើងអំពីលទ្ធផល នៃការអនុវត្តន៍គោលនយោបាយជនជាតិរបស់បក្សកុម្មុយនិស្តយួន ដែលបាននឹងកំពុងអនុវត្តន៍យុទ្ធសាស្រ្តច្រាស់បណ្តោយបំផ្តិចបំផ្លាញធម្មធានធម្មជាតិ នៅត្រង់តំបន់ដី
សណ្តរទន្លេមេគង្គ ហើយថែមទាំងបានញុះញង់ក្រុមព្រះសង្ឃ និងជនរួមជាតិខ្មែរក្រោម នៅខេត្តខាងលើឲ្យប្រុងប្រយ័ត្ន ហើយចាត់ទុកខ្មែរនៅក្រៅប្រទេសជាក្រុមជនប្រតិកិរិយា ។
គំនិតដ៏សែនអាក្រក់អាក្រីរបស់រដ្ឋាភិបាលយួន ដែលបានបញ្ជូនក្រុមបក្ខជនរបស់ផងខ្លួនឲ្យទៅញុះញង់ព្រះសង្ឃ និងបងប្អូនជនរួមឈាមខ្មែរក្រោម ត្រូវទទួលរងការរិះគន់ជុំទិសពីក្រុមព្រះសង្ឃ ។ ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលគង់នៅព្រែកជ្រៅ ទីរួមខេត្តពលលាវ មានសង្ឃដីកាឲ្យដឹងថា យោងតាមព័ត៌មានដែលបុគ្គលឈ្មោះ សឺង សុង សឺង ផ្តល់ជូន គឺគណៈប្រតិភូរបស់គេបានជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជាង ១ ពាន់អង្គ និងរូប ។ ហើយឈ្មោះ សឺង សុង សឺង ផ្ទាល់ក៏បានលើកពីរឿងដដែល ៗ ដែលទាក់ទិននឹងព្រះសង្ឃ បងប្អូនខ្មែរនៅក្រៅស្រុក ។ ដោយឈ្មោះ សឺង សុង សឺង ជំរុញឲ្យមានស្មារតីប្រុងប្រយ័ត្ន ហើយចាត់ទុកក្រុមព្រះសង្ឃ និងបងប្អូនខ្មែរក្រោមនៅឯនាយប្រទេសថា ជាពួកអានុភាពអមិត្ត កំពុងប្រើឧបាយកលបំបែកបំបាក់សាមគ្គីរវាងជនជាតិយួន-ចិន និងខ្មែរក្រោម ។
ព្រះសង្ឃខាងលើ ដែលសុំមិនបញ្ចេញព្រះនាមបានបន្តថា ក្រៅពីការជួបសំណេះសំណាល និងសួរសុខទុកបុគ្គលឈ្មោះ សឺង សុង សឺង ថែមទាំងបានអំពាវនាវដល់ជនរួមជាតិខ្មែរក្រោមគ្រប់ជាន់ស្រទាប់ឲ្យលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ហើយបានថ្កោលទោសអ្នកនៅក្រៅប្រទេស ថាជាជនទុច្ចរិតកំពុងឆ្លៀតប្រយោជន៍ពីជនជាតិ និងសាសនា បំផ្លិចបំផ្លាញផែនមហាសាមគ្គីជនជាតិ ដែលការអំពាវនាវបែបនេះហាក់ដូចជារដ្ឋាភិបាលទមិឡឥតសាសនាយួនកំពុងមានការព្រួយបារម្ភពីរឿងអ្វីមួយ ។
ឆ្លើយតបទៅនឹងការអះអាង ពីគោលការណ៍អភិវឌ្ឍន៍នៅត្រង់តំបន់ដែនដីសណ្តរទន្លេមេគង្គរបស់បក្សកុម្មុយនិស្តយួន ប្រជាពលរដ្ឋនាំគ្នារិះគន់ដូចផ្គរលាន់ ។ លោក ដាវ ស.ម. អាយុប្រមាណជិត ៤០ ឆ្នាំប្លាយ ដែលរស់នៅទីរួមខេត្តពលលាវ ឬហៅតាមយួនបាកលាវឲ្យដឹងថាគោលការណ៍អភិវឌ្ឍន៍ត្រង់តំបន់សហ-គមន៍ខ្មែរដូចជាគ្មានអ្វីផ្លាស់ប្តូរសោះ ។ ប៉ុន្តែគេសង្កេតឃើញជនជាតិយួនមកតាំងទីលំនៅកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
មតិមួយចំនួនរិះគន់ថា រដ្ឋាភិបាលយួនកំពុងតែមានគោលការណ៍អភិវឌ្ឍន៍ដោយការគាស់រំលាយភ្នំ កាប់បំផ្លាញ
សម្បិត្តធម្មជាតិ ព្រៃប្រឹក្សា និងជីកលុបទន្លេបឹងបួរហើយ ។ មតិប្រជាពលរដ្ឋបានបន្ថែមទៀតថា គោលការណ៍អភិវឌ្ឍន៍បែបនេះនឹងធ្វើឲ្យខ្មែរក្រោមមានជីវភាពកាន់តែក្រឡើង ៗ ។ ហើយក្រុមប្រជាពលរដ្ឋដែលមានបងប្អូន សាច់សារលោហិតនៅប្រទេសក្រៅបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារើស អើង និងញុះញង់ឲ្យក្រុមព្រះសង្ឃ និងបងប្អូនខ្មែរក្រោមក្នុងខេត្តខាងលើបែងចែក ស្អប់ខ្ពើមជនរួមជាតិនៅក្រៅប្រទេសបែបនេះ ៕.