នឹងមានក្រុមមនុស្សមកឆាឆៅព្រះសង្ឃវត្តសាមគ្គីរង្សី ថ្ងៃទី ១៨ ខែកក្កដា នេះ

ដោយ ថាច់ ជំរឿន l សារព័ត៌មាន ព្រៃនគរ

ព្រះសង្ឃវត្តសាមគ្គីរង្សី ឋិតនៅក្នុងខណ្ឌមានជ័យ ជាយក្រុងភ្នំពេញ នឹងត្រូវក្រុមមនុស្សមួយ ពួកមក ឆាឆៅ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​ ២០១២ ខាងមុខ នេះ ។ នេះបើយោងតាមសេចក្ដីជូន ដំណឹងមួយ តាមរយៈអ៊ីម៉េលមួយ ពីលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរក្រោម ដែលមានទីស្នាក់ការ នៅទីក្រុង ភ្នំពេញ ចុះថ្ងៃទី ១៣ ខែកក្កដា នេះ ។

សេចក្ដីជូនដំណឹងនេះ ដោយបានយោងតាមប្រភព ពីព្រះសង្ឃប្រធានវត្តសមគ្គីរង្សី ដែលមានខ្លឹមសារថា៖ ” តាមព័ត៌មាន ពីព្រះប្រធានសង្ឃវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ សុវណ្ណារ៉ា  បានរាយការណ៍មកថា បច្ចុប្បន្ននេះវត្តសាមគ្គីរង្សីមានបញ្ហាទៀតហើយ ដោយក្រុម​ម្ខាង​ទៀត​ បានរកឧបាយកលឆាឆៅក្នុងវត្តដើម្បីមិនចង់ឲ្យព្រះសង្ឃខ្មែរកម្ពុជាក្រោមយើង បានគង់ នៅប្រកបដោយសេចក្ដីសុខឡើយ ។ នៅថ្ងៃពុធ ទី ១៨ ត្រូវជាថ្ងៃខែដាច់​ខាងមុខ​នេះ​ពួកគេនឹងចេញយុទ្ធនាការ ទៀតហើយ ព្រះអង្គសូមឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមយើងទាំងអស់មានវត្ត មាននៅក្នុងឱកាសនោះ ដើម្បីជួយតាមដាននិងសង្កេត​ការណ៍ផង” ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១០ ព្រះសង្ឃខ្មែរក្រោមនៅវត្តសាមគ្គីរង្សី បានប្រឆាំងយ៉ាងខ្លាំង  ចំពោះ ការតែងតាំងព្រះចៅអធិការវត្តថ្មីដោយក្រសួងធម្មការ និងសាសនានៃប្រទេសកម្ពុជា បន្ទាប់ពី ព្រះតេជព្រគុណ យឿង ស៊ិន អតីតព្រះចៅអធិការវត្ត និងជាប្រធានសមាគមសង្ឃបាន ទទួលអនិច្ចធម្មមិនយូរប៉ុន្មាន ៕