ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
វីដេអូឯកសារមួយរបស់ទូរទស្សន៍ លេខ ៤ របស់អង់គ្លេស ធ្វើសេចក្ដីរាយការណ៍មួយស្ដីអំពី នីទណ្ឌភាពនៃការ លួចឆ្កែ ដើម្បីធ្វើសាច់នៅវៀតណាម ទីដែលសាច់ឆ្កែជាអាហារដ៏ពេញនិយមមួយនៅក្នុងពិភពអ្នកក្លែម ។
កាសែត The Mirror បានរាយការណ៍ថា ឆ្កែរាប់សិបក្បាលត្រូវបានគេលួចចាប់រាល់ថ្ងៃនៅទូទាំងប្រទេសវៀតណាម ។ ឆ្កែទាំងនោះ ត្រូវបានដាក់ចូលក្នុងទ្រុងដែកហើយយកទៅដេញថ្លៃនៅលើទីផ្សារ ។ ការលួចចាប់ឆ្កែ មិនជាទោស ព្រហ្មទណ្ឌឡើយនៅវៀតណាម ។
នៅក្នុងវីដេអូឯកសារដែលមានឈ្មោះ “Vietnam’s Dog-Snatchers” ជនលួចឆ្កែ ដែលមានបទពិសោធដើរលួច ឆ្កែពេលយប់បានថ្លែងប្រាប់អ្នកយកព័ត៌មាន Nelu far Hedayat ថា ក្នុងរយៈពេល ៧ ឆ្នាំ ខ្លួនបានលួចឆ្កែគេ ប្រមាណ ៣០០០ ក្បាល ។
ក្រុមសកម្មជនបានថ្កោលទោសចំពោះការស៊ីសាច់ឆ្កែថា ជាសកម្មភាពមួយដ៏ឃោរឃៅ និងជាការរំលោភបំពានទៅ លើសត្វតិរច្ឆាន ។ សាច់ឆ្កែជាមុខម្ហូបមួយដែលត្រូវបានជនជាតិយួននៅវៀតណាមចូលចិត្តយ៉ាងខ្លាំង ។
ក្រុមជនដែលដើរលួចឆ្កែអាចរកប្រាក់បាន ១០០ ដូល្លារក្នុងមួយយប់ ។ កាសែត Metro បានរាយការណ៍ថា ក្នុង មួយថ្ងៃ សាច់ឆ្កែប្រមាណ ៧ តោន ត្រូវបានដាក់លក់នៅលើទីផ្សារក្នុងទីក្រុងហាណូយ ៕