ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
(សហរដ្ឋអាមេរិក) របាយការណ៍មួយបានចេញផ្សាយជាសាធារណៈ កាលពីដើមសប្ដាហ៍ នេះ បានឲ្យដឹងថា និស្សិតវៀតណាមដែលកំពុងសិក្សា នៅសហរដ្ឋអាមេរិក កើនឡើងដល់ ១៦.0៩៨ នាក់ នៅក្នុងវគ្គសិក្សា ឆ្នាំ ២០០១២ – ២០១៣ នេះ ខណៈដែល និស្សិតអាមេរិកទៅសិក្សានៅវៀតណាម មានតែ ៩០០ នាក់ប៉ុណ្ណោះ ។

តួលេខនេះ កើនឡើងដល់ ៣,៤ % បើប្រៀបធៀបនឹងឆ្នាំកន្លងទៅនេះ ។ វៀតណាមក្លាយ ជាប្រទេសទី ៨ ដែលមាននិស្សិតចេញមកសិក្សានៅសហរដ្ឋអាមេរិកច្រើនជាងគេ ។
លោក David Shear ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅវៀតណាមសម្ដែងនូវក្ដីរីករាយ ពេលបានឃើញកំណើននៃនិស្សិតវៀតណាម បានបន្តបញ្ជូនមកសិក្សាថ្នាក់មហាវិទ្យា ល័យនៅសហរដ្ឋអាមេរិក ។
លោក David Shear បានបន្តទៀតថា “រាល់ការវិភាគ និង ការគិត ជាគន្លឹះដ៏សំខាន់មួយដែលអាចឲ្យពួកគេត្រូវបានអភិវឌ្ឍ នឹងអាចជួយឱ្យប្រទេសវៀតណាមធ្វើសមាហរណកម្មបានពេញលេញជាមួយពិភពលោក ហើយវៀតណាមអាចក្លាយជា ប្រទេសមួយដ៏ខ្លាំងក្លា រុងរឿង និងឯករាជ្យភាពមួយ” ។
ឆ្នាំសិក្សា ២០១២ – ២០១៣ នេះ មាននិស្សិតបរទេស ចំនួន ៨១៩.៦៤៤ នាក់ រៀននៅ សហរដ្ឋអាមេរិក មានន័យថា កើនឡើងចំនួន ៥៥.000 នាក់ បើប្រៀបធៀប នឹងឆ្នាំសិក្សា ២០១១ – ២០១២ ។
និស្សិតដែលច្រើនជាងគេ គឺមកពីប្រទេសចិន ឥណ្ឌា និងកូរ៉េ ។ និស្សិតវៀតណាមដែល កំពុងសិក្សា និងស្រាវជ្រាវនៅសហរដ្ឋអាមេរិកច្រើនលំដាប់លេខមួយ ក្នុងចំណោមនិស្សិត មកពីប្រទេសអាស៊ីអាគ្នេយ៍ ។
មិនទាន់មានព័ត៌មានជាក់លាក់ណាមួយថា មាននិស្សិតខ្មែរក្រោមបានចេញមកបន្តការ សិក្សានៅសហរដ្ឋអាមេរិក ក្នុងចំណោមនិស្សិតវៀតណាមទាំង ១៦.0៩៨ នាក់ នៅឡើយ ទេ ៕