ដោយៈ ចៅ មុនីខេមរា
“ព្រឹត្តិបត្តសហព័ន្ធខ្មែរកម្ពុជាក្រោម” ធ្លាប់បានចុះផ្សាយជូនប្រិយមិត្តអ្នកអានរួមមកហើយ ថាជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមរបបគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ មានបញ្ញាស្មារតី និងភាពវៃឆ្លាតហួសការប្រមាណ ។ ប៉ុន្តែជាអកុសល ពួកគេមិនត្រូវបានរដ្ឋាភិបាលយួន ឬក្រសួងអប់រំ និងបណ្តុះបណ្តាលយួនយកចិត្តទុកដាក់ ឬលើកតម្កើង ហើយបញ្ជូនពួកគេទៅបន្តការសិក្សា នៅបណ្តាប្រទេសលោកខាងលិច ដូចនិស្សិតជនជាតិយួន ដែលមានឱកាស និងកំពុងបន្តការសិក្សាស្កេកស្កះតាមបណ្តាប្រទេសនានានោះឡើយ ។
ថ្មី ៗ នេះ យើងខ្ញុំទទួលបានដំណឹងមួយពីទឹកដីខេត្តឃ្លាំង ឬយួនហៅសុកត្រាំង អតីតដែនដីកម្ពុជាក្រោម ថាមាននិស្សិតជនជាតិដើមខ្មែរក្រោមតែម្នាក់គត់ក្នុងមួយសាលា ដែលទទួលបានកិត្តិនាមជានិស្សិតពូកែ ហើយថែមទាំងត្រូវបានជ្រើសរើសឲ្យទទួលអាហារូបករណ៍ទៀតផង ។
ដាវ អ៊ុកអាល គឺជាឈ្មោះនិស្សិតជនជាតិដើមខ្មែរកម្ពុជាក្រោមមួយរូប ដែលមានកំណើត និងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយ នៅភូមិ ៥ ឃុំសាផៀង ស្រុកឡុងមី ខេត្តឃ្លាំង អតីតខេត្តហូវយ៉ាង ទឹកដីកម្ពុជាក្រោម ។ ដាវ អ៊ុកអាល ជានិស្សិតមួយរូបឧស្សាហ៍ព្យាយាម ។ និស្សិតរូបនេះទៅរៀនផង និងដើរស៊ីឈ្នួលជាមួយឪពុកម្តាយផង ។ ថ្វីត្បិតតែមានការហត់នឿយខ្វះខាតគ្រប់ជំពូក ប៉ុន្តែនិស្សិតជនជាតិដើម ដែលមានឈាមជ័រពូជខ្មែរអ្នកប្រាជ្ញរូបនេះ ក្នុងអំឡុងពេល ១២ ឆ្នាំ រៀននៅសាលាចំណេះដឹងទូទៅ
អ៊ុកអាល តែងមានឈ្មោះជានិស្សិតរៀនពូកែជានិច្ច ។ ហើយក៏ជានិស្សិតមួយរូបគត់ ដែលសម្រេចបានកិត្តិនាមជានិស្សិតពូកែប្រចាំសាលា និងទទួលបានអាហារូបករណ៍ វ៉ី អាយ៉ិញ នាឆ្នាំសិក្សា ២០០៨-២០០៩ ផងដែរ ។
ដើម្បីសំរេចបាននូវលទ្ធផលសិក្សាដូច្នេះ យុវនិស្សិតអ៊ុកអាល បានខិតខំជំនះរាល់ការលំបាកជាច្រើនដើម្បីរៀនសូត្រ ។ គ្រួសារក្រីក្រគ្មានដីស្រែចំការ បង ៗ ទាំងពីរនាក់រៀនបានចប់ត្រឹមតែថ្នាក់ទី ៥ ក៏ត្រូវឈប់ទៅវិញ ដើម្បីទៅស៊ីឈ្នួលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ អ៊ុកអាល គឺជាកូនប្រុសពៅ តាំងពីកុមារភាពការរៀនសូត្ររបស់អ៊ុកអាល តែងទទួលបានកិត្តិនាមជានិស្សិតពូកែ ដូច្នេះហើយ ក៏បានម្តាយឪពុកខិតខំបង្កលក្ខណៈងាយស្រួលឲ្យទៅរៀន ។ ក្រោយពេលបង ៗ រៀបចំគ្រួសារ ហើយចេញទៅរស់នៅដោយឡែក ការរៀនសូត្ររបស់អ៊ុកអាល ត្រូវពឹងពាក់ទាំងស្រុងទៅលើកម្លាំងស៊ីឈ្នួលរបស់ឪពុកម្តាយ ។ ជីវភាពគ្រួសារមានការខ្វះមុខខ្វះក្រោយ ចំណែកឪពុកម្តាយអ៊ុកអាល តែងដើរស៊ីឈ្នួលជាប្រចាំតាំងពីព្រលឹមទល់ព្រលប់ ។ ដោយការអាណិតអាសូរដល់ឪពុកម្តាយហត់នឿយ ក្រៅពីការសិក្សា អ៊ុក អាល ក៏បានឆ្លៀតឱកាសទៅចាប់ខ្យងចាប់ក្តាម បង់សំណាញ់ ចាប់ត្រី បង្គា ។ល។ ដើម្បីលក់រកប្រាក់បង់កម្រៃរៀនសូត្រ ។
នាឱកាសវិស្សមកាល ក្នុងពេលមិត្តរួមថ្នាក់ទៅរៀនបន្ថែមក្រៅម៉ោង គឺជាវេលាដែលនិស្សិតឈ្មោះ ដាវ អ៊ុកអាលជាមួយនឹងឪពុកម្តាយ កំពុងរវល់ដើរស៊ីឈ្នួលគេគ្រប់ទិសទី ។ កាលណាជិតដល់ថ្ងៃបើកបវេសនកាល ទើបនិស្សិតរូបនេះវិលមកផ្ទះវិញដើម្បីចូលរៀនជាបន្តទៀត ។
យុវនិស្សិត ដាវ អ៊ុកអាល សព្វថ្ងៃកំពុងរៀនថ្នាក់ទី ១២ នៃវិទ្យាល័យអន្តេវាសិកដ្ឋានខេត្តហូវយ៉ាង ។ អ៊ុកអាល បានរៀបរាប់ឲ្យដឹងថា “ឆ្នាំសិក្សាថ្នាក់ទី ៨ ដោយឃើញប្អូនមានការនឿយហត់ខ្លាំង ទៅរៀនផងដើរស៊ីឈ្នួលរកប្រាក់ផង ខ្លាចប្អូនរៀនមិនទាន់គេ ឪពុកម្តាយក៏ឲ្យប្អូនឈប់រៀន ។ ក្នុងពេលនោះ អារម្មណ៍របស់ប្អូនយល់ឃើញថា មានតែការរៀនសូត្រទេ ទើបអនាគតមានការងារលំនឹង ហើយរួចចាកពីជីវភាពដើរស៊ីឈ្នួលគេបាន ។ គិតឃើញដូច្នេះ ខ្ញុំក៏ប្តេជ្ញាចិត្តរៀនសូត្រឲ្យបានពូកែ ដើម្បីបានចូលរៀននៅសាលាវិទ្យាល័យអន្តេវាសិកដ្ឋានខេត្ត”។ និស្សិតអ៊ុកអាល បានរៀបរាប់បន្តទៀតថា ចូលរៀនសាលានេះ និស្សិតគ្រប់រូបតែងទទួលបានប្រាក់អាហារូបករណ៍ប្រចាំខែសម្រាប់បង់ថ្លៃសាលា ។ ម្យ៉ាងទៀតបើរៀនបានពូកែ នៅទាំងទទួលបានអាហារូបករណ៍ទៀតផង ។
គួរបញ្ជាក់ជូនថា ទោះបីជីវភាពគ្រួសារ ដាវ អ៊ុកអាល មានការលំបាកយ៉ាងណា ក៏និស្សិតជនជាតិដើមខ្មែរក្រោមរូបនេះនៅតែព្យាយាមខិតខំសិក្សារៀនសូត្រជានិច្ច ។ បន្ទាប់ពីប្រឡងបញ្ចប់ថ្នាក់ទី ៩ និស្សិតជនជាតិដើមខ្មែរក្រោមរូបនេះ ត្រូវបានជ្រើសតាំងចូលរៀនក្នុងវិទ្យាល័យអន្តេវាសិកដ្ឋានខេត្តហូវយ៉ាង ។ ដាវ អ៊ុកអាល គឺជានិស្សិតឧស្សាហ៍រៀនសូត្រ ដូច្នេះហើយ អ៊ុក អាល មានឱកាសអានសៀវភៅ និងសាកសួរលោកគ្រូអ្នកគ្រូដើម្បីលើកកំពស់ចំណេះវិជ្ជា ។ និស្សិតជនជាតិដើមដ៏ឆ្នើមរូបនេះ បានជំរាបឲ្យដឹងពីរបៀបរៀនសូត្ររបស់ខ្លួនដូច្នេះថា “មុនពេលចូលរៀនប្អូនតែងមើលមេរៀនមុន ក្នុងពេលរៀនប្អូនយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូពន្យល់ ដូច្នេះហើយទើបប្អូនអាចយល់បាននូវមេរៀនយ៉ាងឆាប់រហ័ស”។ និស្សិតជនជាតិដើមខាងលើបានបន្ថែមទៀតថា ក្រៅពីការរៀនសូត្រនៅសាលា ប្អូនត្រូវរៀបចំពេលវេលាដើម្បីរៀនដោយខ្លួនឯង ត្រូវចេះស្រាវជ្រាវរៀនសារឡើងវិញ ធ្វើលំហាត់ និងសួរមិត្តភ័ក្តិ ។ ប្រសិនបើពេលរសៀលគ្មានវិញ្ញាសាទេ គឺប្អូនទៅបណ្ណាល័យដើម្បីអានសៀវភៅបន្ថែម ហើយកន្លែងណាមិនយល់ ប្អូនសួរលោកគ្រូអ្នកគ្រូភ្លាម ។
ដោយសេចក្តីព្យាយាមបែបនេះ កន្លងមកអ៊ុកអាលតែងទទួលបាននិទេសល្អ និងជានិស្សិតពូកែប្រចាំសាលា ។ នាឆ្នាំសិក្សា ២០០៨-២០០៩ នេះ ទូទាំងសាលាវិទ្យាល័យអន្តេវាសិកដ្ឋានខេត្តហូវយ៉ាង មានតែនិស្សិត ដាវ អ៊ុកអាល ដែលជាជនជាតិដើមខ្មែរក្រោមតែម្នាក់គត់ ទទួលបានកិត្តិនាមជានិស្សិតពូកែ និងទទួលបានអាហារូបករណ៍ ។
យុវនិស្សិត យ័ញ ក្វឹកង៉ឹង ដែលជាមិត្តរួមថ្នាក់ និងនៅស្រុកជាមួយ ដាវ អ៊ុកអាល បាននិយាយថា “ក្រៅពីរៀនពូកែ អ៊ុកអាល នៅទាំងខ្នះខ្នែងជួយមិត្តភ័ក្តិដែលរៀនខ្សោយទៀតផង” ។ យុវនិស្សិត យ័ញ ក្វឹកង៉ឹង រៀនថ្នាក់ទី ១២១ បានឲ្យដឹងថា “ប្អូនទាំងពីរនាក់នៅស្រុកជាមួយគ្នា រៀនថ្នាក់ជាមួយគ្នា ហើយនៅអន្តេវាសិកដ្ឋានជាមួយគ្នា ។ ឆ្នាំរៀនថ្នាក់ទី ១០ ជាលើកដំបូងឃ្លាតឆ្ងាយពីផ្ទះ ប្អូនវក់នឹងការលេងច្រើនជាងការរៀនសូត្រ ហេតុនេះប្អូនធ្លាក់ខ្លួនខ្សោយ ប៉ុន្តែដោយសារបានមិត្តអ៊ុកអាលជួយដាស់តឿន លើកទឹកចិត្ត ប្អូនបោះបង់ចោលការសប្បាយឥតប្រយោជន៍ ហើយខិតខំរៀនសូត្ររហូតដល់ជាប់ថ្នាក់ទី ១២ ។ មិនត្រឹមតែរៀនសូត្រពូកែប៉ុណ្ណោះទេ អ៊ុកអាលនៅទាំងជាប្រធានថ្នាក់ជាគំរូ និងខ្នះខ្នែងចូលរួមរាល់សកម្មភាពរបស់សម្ព័ន្ធយុវជនសាលាទៀតផង” ។
លោក គ្រូ វ៉ ញ៉ឹងសល នាយករងសាលាវិទ្យាល័យជនជាតិអន្តេវាសិកដ្ឋានខេត្តហូវយ៉ាង បានវាយតម្លៃថា ស្ថានភាពគ្រួសារប្អូន ដាវ អ៊ុកអាល មានការលំបាកលំបិនមែន ប៉ុន្តែយុវ-និស្សិតរូបនេះ តែងខិតខំឆ្លងកាត់ការលំបាករៀនសូត្របានពូកែ
ជានិច្ច ។ ឆ្នាំនេះជាមួយនឹងលទ្ធផលសិក្សារបស់ប្អូន សាលាបានធ្វើការពិនិត្យរួចផ្តល់ជូននូវអាហារូបករណ៍ វ៉ី អាយ៉ិញ ។ ដោយទទួលបានរង្វាន់អាហារូបករណ៍ វ៉ី អាយ៉ិញ និងការលើកទឹកចិត្តពីលោកគ្រួអ្នកគ្រូ និងមិត្តភ័ក្តិ យើងសង្ឃឹមថា នេះគឺជាកម្លាំងចិត្តមួយញ៉ាំងឲ្យប្អូនកាន់តែមានក្តីជំនឿឆ្លងកាត់បាននូវរាល់ការលំបាក ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន ។
គួររំលឹកជូនដែរថា នៅតាមបណ្តាលសាលាជនជាតិអន្តេវាសិកដ្ឋាននានាលើទឹកដីកម្ពុជាក្រោម ក្រៅពីមានជនជាតិដើមខ្មែរក្រោម គេសង្កេតឃើញនូវមានជនជាតិយួនជាច្រើនបានបន្លំឯកសារ និងលិខិតស្នាមផ្សេងជាជនជាតិខ្មែរ ហើយកំពុងសិក្សាលាយឡំគ្នា ។ ប៉ុន្តែរឿងដែលចំឡែកនោះ គឺយុវនិស្សិត ដាវ អ៊ុកអាល ដែលជាជនជាតិដើមខ្មែរកម្ពុជាក្រោមតែមួយរូបគត់ ដែលទទួលបានកិត្តិនាមជានិស្សិតពូកែ ក្នុងចំណោមនិស្សិតជនជាតិយួន និងខ្មែរក្រោមដ៏ទៃទៀតរាប់រយរាប់ពាន់នាក់ ៕.