និស្សិតខ្មែរក្រោមនៅថៃ នឹងធ្វើសិក្ខាសាលាស្ដីអំពី «ព្រះពុទ្ធសាសនា និងការអប់រំ» នៅចុងខែនេះ

ដោយ ថាច់ ជំរឿន l សារព័ត៌មាន ព្រៃនគរ

ព្រះតេជព្រះគុណ មាស​ សាវឿន ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោមនៅថៃ ។


បឹងកក់,ប្រទេសថៃ៖ សម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរក្រោមនៅប្រទេសថថៃ (KKBSU) កាល ពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១២ បានបើកកិច្ចប្រជុំនៅវត្តមហាធាតុ នាក្រុងទេពមហានគរ(បឹងកក់) ស្តីអំពីការរៀបចំ ចូលរួម «ពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០១២» ដែលនឹងប្រព្រឹតទៅនៅប្រទេសថៃ ចាប់ពីថ្ងៃ ទី ៣០ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ខាងមុខ នេះនិងអំពីការកែប្រែគេហទំព័ររបស់សម្ព័ន្ធសមណនិស្សិត ខ្មែរក្រោម នៅប្រទេសថៃ ។ក្នុងកិច្ចជួបជុំនេះ ព្រះតេជព្រះគុណ មាស សាវឿន ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោម បានឡើងបង្ហាញ និងពិភាក្សាអំពីការចូលរួមរបស់និស្សិតខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមក្នុងពិធី
បុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០១២ ដែលនឹងរៀបចំឡើង នៅប្រទេសថៃរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ ថ្ងៃទី ២ ខែមិថុនា ។
តាមការសម្រេចរបស់កិច្ចប្រជុំ នៅក្នុងពិធីបុណ្យវិសាខបូជានេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរក្រោម នឹងរៀបចំ កម្មវិធីសិក្ខាសាលាដាច់ដោយឡែករបស់ខ្មែរក្រោមមួយ ផ្តោតលើប្រធានបទ «ព្រះពុទ្ធសាសនា និងការអប់រំ » ដែលមានការចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមមកពីប្រទេសនានាក្នុងពិភពលោក ផងដែរ ។

ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បង្ហាញពីភាពងាយស្រួលក្នុងការបង្កើតគេហទំព័រតាមរយៈ WordPress ។

នៅក្នុងកិច្ចជួបជុំនេះដែរ អ្នកចូលរួមក៏បានពិភាក្សាគ្នាអំពីការកែប្រែគេហទំព័របស់សម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរក្រោម ដែលមានអាសយដ្ឋាន www.kkbsu.org ឲ្យមានភាពល្អប្រសើរឡើង ។ ការពិភាក្សាគ្នាជុំវិញ ការកែលម្អគេហទំព័រនេះ លោក សៅរ៍ សុមេធ អ្នករចនាគេហទំព័ររបស់សម្ព័ន្ធសមណនិស្សិតខ្មែរក្រោមបច្ចុប្បន្ន បានឡើងពន្យល់អំពីការងាររបស់ខ្លួនដែលបានធ្វើក្នុងពេលកន្លងមក ដោយរចនាម៉ូដគេហទំព័រ (Template) តាមរយៈកម្មវិធី Dreamweaver ។ ចំណែក ភិក្ខុ ថាច់ ប្រីជា គឿន និពន្ធនាយក សារព័ត៌មាន ព្រៃនគរ ក៏បាន ឡើងបង្ហាញអំពីភាពងាយស្រួលរបស់ការបង្កើតគេហទំព័រតាមរយៈក្រុមហ៊ុន WordPress ។ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បាន មានថេរដីកាអំពីភាពងាយស្រួល ក្នុងការបង្កើតគេហទំព័រតាមរយៈក្រុមហ៊ុន WordPress និងអំពីគុណសម្បត្តិរបស់ក្រុមហ៊ុនមួយនេះ ដូចជា « មានម៉ូដ ឬ Template ស្អាតជាច្រើន ដែលផ្តល់ដោយ មិនបាច់គិតថ្លៃ រាល់អត្ថបទថ្មីបំផុតដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន នឹងត្រូវបានចែករំលែក នៅលើទំព័រមុខនៃគេហទំព័រ www.wordpress.com ដោយស្វ័យប្រវត្តិ  និងអ្នកដែលមិនជំនាញ ក្នុងការរចនា គេហទំព័រ ក៏អាចចូលបង្ហោះអត្ថបទបានដោយស្រួលជាដើម » ។

សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរក្រោមនៅប្រទេសថៃ (KKBSU) ជាក្រុមនិស្សិតខ្មែរក្រោម ដែលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យនៅក្នុងប្រទេសថៃ ។ សព្វថ្ងៃសមណនិស្សិតខ្មែរក្រោមទាំងនេះ មានប្រមាណ ជិត ២០០ អង្គ ដែលបាននិមន្តមកពីប្រទេសកម្ពុជា [កាន់លិខិតឆ្លងដែនខ្មែរ] និងមកពីកម្ពុជាក្រោមផ្ទាល់ [កាន់លិខិតឆ្លងដែនវៀតណាម] ៕ ខាងក្រោមជារូបថតមួយចំនួននៃកិច្ចប្រជុំថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១២ ។

រូបថត៖ សារព័ត៌មាន ព្រៃនគរ