និពន្ធនាយក សារព័ត៌មាន ព្រៃនគរ ត្រូវបានអាជ្ញាធរខ្មែរធ្វើការ គំរាមគំហែង

អស់លោកអ្នកនាង និងប្រិយមិត្តជាមេត្រី យោងតាមលិខិតមួយច្បាប់ របស់ព្រះ តេជគុណ ថាច់ ប្រីជាគឿន និពន្ធនាយក សារពត៌មានព្រៃនគរ ដែលវិទ្យុសំឡេង កម្ពុជាក្រោម ទទួលបាន នៅថ្ងៃនេះ មានខ្លឹមសារថា អាជ្ញាធរខ្មែរបានធ្វើការ គំរាមគំហែង ដោយចោទពីបញ្ហាព្រះ តេជគុណ ថាច់ ប្រីជាគឿន សរសេរ កាសែតព្រៃនគរ។

របាយការណ៍នោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ មេសា ឆ្នាំ២០១០ ក្រុមនគរបាល មន្រ្តីក្រសួងធម្មការ និងសាសនារាជធានីរួមទាំងសមត្ថកិច្ច នៃរដ្ឋាភិបាលកម្ពុជា ក្នុងខ័ណ្ឌ ដូនពេញ ក្រុងភ្នំពេញ បានទៅឡោមព័ទ្ធកុដិលេខ១៧ វត្តបុទុមវតី ជាកន្លែងដែលព្រះអង្គ គង់នៅ បំរុងនឹងចាប់ខ្លួនព្រះអង្គ តែព្រះតេជគុណ ថាច់ ប្រីជាគឿន ក៍បានរត់គេចខ្លួន ទាន់ពេលវេលា ក្រោយមកលោក លី ឈូន ដែលជាចាងហ្វាងកាសែត ព្រៃនគរ ប្រចាំនៅកម្ពុជា បង្ហាញប័ណ្ណពត៌មាន នឹងចរចារជាមួយក្រុមប៉ូលីសអស់មួយយប់ ក៍រំសាយទៅអស់ទៅ។

ដោយគង់នៅទីនោះគ្មានសុវត្ថភាព ព្រះតេជគុណ ថាច់ ប្រីជាគឿន ក៏និមន្តទៅគង់នៅវត្តអង្គពោធិញ្ញាណ ជាយទីក្រុងភ្នំពេញ រហូតមកទល់ថ្ងៃទី ២៦ សីហានេះ ក៏ជួបបញ្ហាដដែលនោះកើតឡើងម្តងទៀត គឺក្រុមអាជ្ញាធរ និងមន្រ្តីក្រសួងធម្មកា និងសាសនាធ្វើការគំរាមគំហែងជាលើកទីពីរ ដោយគង់នៅទីនោះគ្មានសុវត្ថិភាពទៀត និងភ័យខ្លាចជាមួយ នឹងតាមចាប់ខ្លួនពីអាជ្ញាធរនគរខ្មែរ ក៏រត់ទៅគង់នៅវត្តអង្គតាមិញ ដែលស្ថិតនៅក្នុង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែសីហានេះ។ បន្ទាប់ពីចូលទៅដល់វត្តអង្គតាមិញភ្លាម ក៏ស្រាប់តែនគរបាលក្រសួងមហាផ្ទៃ និងមន្រ្តី ស្ថានទូតយួនប្រចាំទីក្រុងភ្នំពេញ រួមទាំងនគរបាលយួន ទីក្រុងហាណូយទូរស័ព្ទទៅគំហែង ព្រះចៅអធិការវត្តអង្គតាមិញមិនឱ្យទទួលព្រះតេជគុណ ថាច់ ប្រីជាគឿន គង់នៅវត្តនោះ ទៀត។ រហូតមកទល់ពេលនេះព្រះតេជគុណ ថាច់ ប្រីជាគឿន កំពុងគង់នៅវត្តអង្គតាមិញ ដដែល តែត្រូវបានមន្រ្តីនគរបាលក្រសួងមហាផ្ទៃបញ្ជាឱ្យព្រះចៅអធិការវត្តអង្គតាមិញ ដក់ហូតយកឆាយា និងលិខិតឆ្លងដែនរបស់ ព្រះតេជគុណ ថាច់ ប្រីជាគឿន កាលពីថ្ងៃទី ២៩ សីហាកន្លងទៅថ្មីៗនេះ។

យោងតាមលិខិតរបស់ព្រះតេជគុណ ថាច់ ប្រីជាគឿន និពន្ធនាយកសារព័ត៌មានព្រៃនគរ ក៏សូមអំពាវនាវដល់អង្គការសហសហព័ន្ធខ្មែរកម្ពុជាក្រោម អង្គការសិទ្ធិមនុស្សនានា នៅក្នុង ប្រទេសកម្ពុជា និងអង្គការសិទ្ធិមនុស្សអន្តរជាតិ នៅជុំវិញពិភពលោក ជួយធ្វើអន្តរគមន៍ និងការពារសុវត្ថិភាព ចំពោះព្រះអង្គផងដែរ។

.