និពន្ធនាយកកាសែត ព្រៃនគរ ព្រះនាម ថាច់ ប្រីជា គឿន ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលគង់នៅវត្តអង្គតាមិញ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានមានថេរដីកាថា ព្រះចៅអធិការវត្តកាលពីថ្ងៃទី២៩ ខែសីហា បានដកហូតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសង្ឃរបស់ព្រះអង្គ។ព្រះអង្គមានថេរដីកាថា ចំណាត់ការរបស់ចៅអធិការវត្តអង្គតាមិញមកលើព្រះអង្គ ធ្វើឡើងតាមការស្នើរបស់សមត្ថកិច្ចក្រុងភ្នំពេញ។
ព្រះអង្គមានថេរដីកាថា កាលពីថ្ងៃទី២៦ ខែសីហាកន្លងមក លោក គឹម វណ្ណឆេង មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងជាទីប្រឹក្សារបស់លោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានទូរស័ព្ទសុំឲ្យព្រះអង្គធ្វើលិខិតសន្យាឈប់សរសេរ ឬចេញផ្សាយកាសែតព្រៃនគរ ដោយមន្ត្រីរូបនោះចោទប្រកាន់ថា កាសែតព្រៃនគរតែងចេញផ្សាយអត្ថបទរបស់ខ្លួន វាយប្រហាររដ្ឋាភិបាល។
ព្រះអង្គ ថាច់ ប្រីជាគឿន បានសម្ដែងការភ័យខ្លាច និងមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ ៖ «យើង ចេះតែមានការភ័យព្រួយដែរ ព្រោះអីឯកសារ ប៉ាស្ព័រ ចៅអធិការលោកដកទុកហើយ! យើងក៏អត់មានសិទ្ធិអីដើរហើរ ទៅណាទៅណី! កាសែតអាត្មាគឺមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានត្រឹមត្រូវ ហើយគេទៅចោទប្រកាន់អ៊ីចេះអ៊ីចុះ!»។
ព្រះអង្គមានថេរដីកាបន្តថា កាសែតនេះមានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវពីក្រសួងព័ត៌មាន។
ស្នងការនគរបាលក្រុងភ្នំពេញ លោក ទូច ណារ៉ុថ នៅមិនអាចធ្វើអត្ថាធិប្បាយអំពីការដកហូតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសង្ឃរបស់ព្រះតេជគុណ ថាច់ ប្រីជាគឿន បានទេ។
ព្រះតេជគុណ ថាច់ ប្រីគឿន មានថេរដីកាថា កាលពីខែមេសា កម្លាំងប៉ូលិសក្រុងភ្នំពេញបានឡោមព័ទ្ធព្រះអង្គ ខណៈព្រះអង្គកំពុងគង់ក្នុងវត្តបទុមវតី ដោយសារព្រះអង្គឲ្យក្មេងចែកកាសែតព្រៃនគរដល់សាធារណជនដោយឥតគិតថ្លៃ ហើយក្រុមអាជ្ញាធរបានចោទព្រះអង្គថា ធ្វើការចែកខិត្តប័ណ្ណនយោបាយ។ ព្រះអង្គក្រោយមកត្រូវបានចៅអធិការវត្តបទុមវតី បណ្ដេញចេញពីវត្ត ៕
ប្រភព៖RFA
កាលបរិច្ឆេទផ្សាយៈ០១ ខែកញ្ញា ឆ្នាំ ២០១០
អ្នករាយការណ៍ៈតាំង សារ៉ាដា