ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តឹង យ៉ុង បានស្នើដល់ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន ជម្រុញ ឲ្យរដ្ឋសភា និង រដ្ឋាភិបាលកម្ពុជា មានវិធានការសមស្របដើម្បីទប់ស្កាត់ចំពោះករណីដុតទង់ជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា និងកុំ ឲ្យបញ្ហានេះកើតឡើងសាជាថ្មី ។ សំណើរនេះ ធ្វើឡើងនៅវិមាននាយករដ្ឋមន្ត្រីវៀតណាម នាទីក្រុងហាណូយ ខណៈដែល លោក ហេង សំរិន បានចូលជួបលោក ង្វៀង តឹង យ៉ុង នៅរសៀល ថ្ងៃទី ១៨ ខែសីហា ម្សិលមិញនេះ ។

ស្នើទប់ស្កាត់ការដុតទង់ជាតិ៖
យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិវៀតណាម ដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែសីហា បានឲ្យដឹងថា នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀង តឹង យ៉ុង បានស្នើឲ្យប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ជម្រុញឲ្យរដ្ឋសភា និងរដ្ឋាភិបាលខ្មែរ ត្រូវមានវិធានការសមស្រប ដើម្បីទប់ស្កាត់ការដុតទង់ជាតិវៀតណាម និងកុំបញ្ហានេះកើតឡើងសាជាថ្មី នៅក្នុងប្រទេស កម្ពុជា ។
សន្យាទប់ស្កាត់អំពើហិង្សា និងដុតទង់ជាតិ៖
យោងតាមប្រភពដដែល លោក ហេង សំរិន ឆ្លើយតបនឹង លោក ង្វៀង តឹង យ៉ុង ថា ភាគីកម្ពុជា មានការសោក ស្ដាយ ចំពោះសកម្មភាពនៃការធ្វើបាតុកម្ម និងជាពិសេសចំពោះការដុតទង់ ជាតិវៀតណាម ។ លោកបានបន្តទៀតថា នេះជា សកម្មភាពមួយ ដែលបានកើតឡើងដោយក្រុមជ្រុលនិយម ត្រូវបាន ញុះញង់ដោយក្រុមដែលមិនបានស្គាល់អំពីប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ គឺវៀតណាម និងកម្ពុជា ហើយសូមឲ្យរដ្ឋាភិបាល និងប្រជាជនវៀតណាមអធ្យាស្រ័យ ។ លោក ហេង សំរិន បានបន្តទៀត លោក និង រដ្ឋសភាកម្ពុជាមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ។ លោកថា កម្ពុជាក៏ធ្លាប់ មានវិធានការរួចមក ហើយ ក្នុងការពិន័យចំពោះសកម្មភាព និងបុគ្គលដែលបង្កហេតុ ។ លោក ហេង សំរិន បានសន្យាជាមួយ វៀតណាមថា នឹងខិតខំឲ្យអស់ពីសមត្ថភាពតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយ សកម្មភាព នេះឲ្យបានលទ្ធផល ជា អតិបរណា និង ទប់ស្កាត់មិនឲ្យមានការប្រើពើហិង្សា និងសកម្ មភាព ស្រដៀងគ្នានេះកើតឡើងសាជាថ្មី ។
នេះជាលើកទីពីរហើយដែលវៀតណាមស្នើឲ្យកម្ពុជាចាត់វិធានការលើក្រុមអ្នកតវ៉ា ដែលបានដុតទង់ជាតិវៀត ណាម នៅក្នុង ប្រទេសកម្ពុជា ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយ បិន កាលពី ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ បានស្នើឲ្យប្រទេស កម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកតវ៉ាដែលបានដុតទង់ជាតិវៀតណាម កាលពីថ្ងៃទី ១២ ខែសីហា ផងដែរ ។ លោក ឡេ ហាយ បិន បានថ្លែងថា អ្នកដែលបានដុតទង់ជាតិរបស់ខ្លួននោះ ជាក្រុមជ្រុល និយមខ្មែរក្រោមមួយក្ដាប់តូច ។
ឡេ ហាយ បិន បានថ្លែងថា៖
“វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការចំពោះការដែលក្រុមជ្រុលនិយមខ្មែរកម្ពុជាក្រោមមួយក្ដាប់ តូចដែលបានធ្វើបាតុកម្មខុស ច្បាប់ និងបានដុតទង់ជាតិវៀតណាម នៅទីក្រុងភ្នំពេញ កាលពី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤” ។
ដុតទង់ជាតិជារឿងទូទៅក្នុងការធ្វើបាតុកម្ម៖
ឆ្លើយតបនឹងសំណើររបស់វៀតណាម នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោក ខៀវ សុភ័គ បានថ្លែងប្រាប់សារព័ត៌មានថា ការដុតទង់ជាតិក្នុងការធ្វើបាតុកម្មជារឿងធម្មតាដែល វាកើតឡើង សឹងជាទូទៅ ហើយនៅ លើពិភពលោក គឺ “ដើម្បីសម្ដែងមតិរបស់ពួកគេនៅក្នុង ប្រទេសដែលប្ រកាន់យករបប ប្រជាធិបតេយ្យ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែសីហា ក្រុមអ្នកតវ៉ាបានដុតទង់ជាតិយួននៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុង ភ្នំពេញ ក្នុងការធ្វើបាតុកម្មលើកទីបី រយៈពេល ៣ ថ្ងៃ ដើម្បីទាមទារឱ្យអ្នកនាំពាក្យស្ថានទូតនេះ ចេញមុខ សុំទោស ជាសាធារណៈ ចំពោះអ្វីដែលមន្ត្រីវៀតណាមរូបនេះ ធ្លាប់បានថ្លែងថា ទឹកដីកម្ពុជា ក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់ មកហើយ ។ រហូតមកទល់ពេលនេះ លោក ត្រឹង វ៉ាំង ថុង មិនបានចេញមុខ សុំទោស ពលរដ្ឋខ្មែរជាសាធារណៈ និងបានចេញ ទទួលញត្តិពីក្រុមអ្នកតវ៉ាទេ ។
លោក ហេង សំរិន និង គណៈប្រតិភូខ្មែរ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេល ៣ ថ្ងៃ តាមការ អញ្ជើញរបស់ប្រ ធានរដ្ឋសភាវៀតណាម លោក ង្វៀង ស៊ិងហ៊ុង (Nguyen Sinh Hung) ។ យោងតាម ការផ្សាយរបស់ទូរទស្សន៍ជាតិ វៀតណាម (VTV) ក្នុងដំណើរទស្សនកិច្ចនេះ លោក ហេង សំរិនបានជួប ពិភាក្សាការងារជាមួយមេដឹកកំពូលបក្សកុម្មុយនិស្ត នៃរដ្ឋា ភិបាលវៀតណាម មួយចំនួនដូចជា លោក ង្វៀន ភូ ត្រុង (Nguyen Phu Trong) ជាលេខាបក្ស, លោក ត្រឿង តឹង សាង (Truong Tan Sang) ប្រធានរដ្ឋ, លោក ង្វៀង តឹង យ៉ុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី និង លោក ង្វៀង ស្វឹង ហ៊ុង ប្រធានរដ្ឋសភាវៀតណាម ជាដើម ។
យោងតាមប្រវត្តិសាស្ត្របារាំងបានផ្ទេរដែនដីកម្ពុជាក្រោមដែលជាអតីតតៈទឹកដីរបស់កម្ពុជាមួយភាគឲ្យក្លាយទៅ ជារដ្ឋចំណុះ វៀតណាម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ក្រោយពីការផ្ទេរដែនដីនេះ មកដល់ពេលនេះ មានរយៈពេល ៦៥ ឆ្នាំហើយ ដែលពលរដ្ឋខ្មែរក្រោមរស់នៅក្រោមអាណានិគមរបបគ្រប់គ្រងរបស់វៀតណាម មកដល់សព្វថ្ងៃ ៕