ខ្ញុំព្រះករុណា-ខ្ញុំសូមក្រាបថ្វាយបង្គំ ចំពោះព្រះសង្ឃ។ សូមគោរពចំពោះលោកស្រី-លោក ព្រមទាំងក្មួយៗ ជាសហការីទាំងអស់ ក្នុងអគ្គនាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធ ខ្មែរកម្ពុជាក្រោម។ មុនដំបូង ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេន និងជូននូវសេចក្តីថ្លែងអំណរគុណជា ពន្លឹក ចំពោះការខិតខំប្រឹងប្រែង យ៉ាងមមាញឹករបស់ ព្រះតេជព្រះគុណគ្រប់អង្គ និងសហការីគ្រប់រូប ក្នុង ការបំពេញតួនាទីដោយស្ម័គ្រព្រះទ័យ និងស្ម័គ្រចិត្ត ក្នុងការងាររចនា និងផ្សព្វផ្សាយគេហទំព័រនានា និង កម្មវិធីវិទ្យុសំឡេងកម្ពុជាក្រោម ព្រមទាំងក្នុងសកម្ម- ភាព ចូលរួមដទៃទៀត ក្នុងក្របខណ្ឌផលប្រយោជន៍ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃទឹកដីនិងប្រជាពលរដ្ឋកម្ពុជា ក្រោមដ៏ប្រណិតឆ្នើមឆ្នៃ ជាទីស្នេហារបស់យើងទាំងអស់គ្នា។ ចុចត្រង់នេះ ដើម្បីទាញយកសារជូនពរឆ្នាំថ្មី នៃនាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម។
ដូចជាព្រះតេជព្រះគុណ ព្រមទាំងសហការីទាំងអស់គ្នាបានជ្រាប ការងារក្នុងនាយកដ្ឋានព័ត៌មានរបស់យើង គឺមិនមែនជាការងារប្រចាំសប្តាហ៍ ឬប្រចាំខែ ឬប្រចាំឆ្នាំទេ ប៉ុន្តែគឺជាការងារប្រចាំថ្ងៃ ហើយបើហៅថាជាការងារ ប្រចាំ២៤ម៉ោងក៏បាន។ ការងារនេះមិនខុសពីចុងចុងភៅធ្វើម្ហូបរាល់ពេលបាយ ស្លរត្រូវមាត់គេបានម្តងហើយ ត្រូវតែនឹករកមុខម្ហូបថ្មីសម្រាប់ពេលបាយក្រោយទៀត។ ខ្ញុំព្រះករុណា-ខ្ញុំបានដឹងច្បាស់ថា ទាំងអ្នកស្ម័គ្រចិត្តទាំង អ្នកបានទទួលកម្រៃបន្តិចបន្តួច ប្រសិនបើគ្មានទឹកចិត្តស្នេហាប្រទេសជាតិមាតុភូមិ បើគ្មានការឈឺចាប់ បើគ្មាន ការអាណិតអាសូរចំពោះបងប្អូនរួមលោហិតដ៏អភព្វ បើគ្មានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគពេលវេលា និងធនធាន ផ្ទាល់ខ្លួន ដោយមិនចង់បានអ្វីត្រឡប់មកវិញទេនោះ យើងទាំងអស់គ្នាប្រាកដជាមិនអាចបំពេញ ការងារនេះ បានឡើយ។
ទោះជាពេលនេះ វិទ្យុសំឡេងកម្ពុជាក្រោម មិនទាន់អាចប្រកួតប្រជែងបាន បើប្រៀបប្រដូចនឹងវិទ្យុផ្សាយសំឡេង ដទៃទៀត ប៉ុន្តែតាមរយៈទំនាក់ទំនងជាមួយបងប្អូនយើងនៅកម្ពុជាក្រោមបានឱ្យដឹងថា គឺជាសំឡេងនៃសេចក្តី សង្ឃឹមតែមួយគត់ និងជាមោទនភាពរបស់គេទាំងអស់គ្នាផងដែរ។
ខ្ញុំព្រះករុណា-ខ្ញុំ សូមប្រគេន និងជូននូវកិត្តិយសដែលទទួលបាននេះ ចំពោះព្រះសង្ឃជាទីគោរពសក្ការៈ និង សហការីទាំងអស់ សូមថ្លែងនូវសេចក្តីកោតសសើរ និងសេចក្តីសង្ឃឹមដ៏កក់ក្តៅ ថាព្រះសង្ឃនិងសហការីទាំង អស់ ក្នុងការខិតខំប្រឹងប្រែងតទៅទៀត ដើម្បីមូលហេតុដ៏ត្រឹមត្រូវ និងប្រកបដោយកិត្តិយសថ្លៃថ្លានេះ។
ខ្ញុំព្រះករុណា-ខ្ញុំ សូមប្រគេន និងជូនពរឆ្នាំថ្មីចំពោះព្រះសង្ឃគ្រប់អង្គ សហការីគ្រប់រូប ព្រមដោយបងប្អូនរួមជាតិ ទាំងអស់ សូមបានប្រកបដោយសិរីសួស្តីជ័យមង្គលនិងបានសេចក្តីសុខ-ចំរើន កុំបីឃ្លាងឃ្លាតឡើយ។
សូមព្រះសង្ឃ សហការី ព្រមទាំងបងប្អូនរួមជាតិ ព្រះមេត្តានិងមេត្តាទទួលនូវសេចក្តីគោរព-ស្រឡាញ់រាប់អាន ដោយស្មោះចំពោះនិងយ៉ាងកក់ក្តៅបំផុត ពីខ្ញុំព្រះករុណា-ខ្ញុំ។
ធ្វើនៅទីក្រុងឡងប៊ីច្ស ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១២
ខ្ញុំព្រះករុណា-ខ្ញុំ
សឺង សម្រេច
អគ្គនាយកព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម