នាទីប្រវត្តិសាស្រ្តខ្មែរភាគទី១១៖ វត្តមានរបស់ព្រះពុទ្ធសាសនា

ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK

ទន្ទឹមនឹងនេះ យើងឃើញមានព្រះពុទ្ធរូបជាច្រើននៅតាមរមណីយដ្ឋាននានា ដែលស្ថិតក្នុង បង្គោលសីមារបស់នគរភ្នំ ហើយដែលមានឥរិយាបថឬមុទ្រៈផ្សេងៗ។ ម៉្យាងទៀត ចម្លាក់ព្រះពុទ្ធអង្គនា សម័យបុរាណ បានត្រូវចែកចេញជាពីរនិកាយធំៗ គឺនិកាយហីនយាននិងមហាយាន ដែលនិយមប្រើ ភាសាសំស្ក្រឹត។ ជាការសំខាន់ណាស់ សារសំខាន់នៃព្រះពុទ្ធសាសនា មិនមែនគ្រាន់តែអប់រំមនុស្សឲ្យធ្វើល្អ ប៉ុណ្ណោះទេ តែសាសនានេះ តែងតែបន្តកិច្ចអភិវឌ្ឍន៍សង្គមនិងវប្បធម៌ខ្មែរ តាមរយៈការរីកចម្រើនផ្នែក ស្ថាបត្យកម្មនិងសិល្បៈទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូចសម័យអតីតកាលនិងបច្ចុប្បន្ននេះ ព្រះពុទ្ធ សាសនានៅតែផ្តល់ជូនអថិតិជនក្នុងសង្គមខ្មែរនូវប្រព័ន្ធគំនិត គឺអ្វីដែលគេហៅថាទស្សនវិជ្ជាស្របច្បាប់ អភិវឌ្ឍន៍ចំណេះដឹង ដោយឧបត្ថម្ភផ្លូវកាយ-ចិត្តរបស់មនុស្ស ពោលគឺសតិសម្បជញ្ញៈ តាមវិស័យ សីលធម៌។

ស្តីពីវិស័យសិល្បៈ ការស្រាវជ្រាវរបស់យើងរវាងឆ្នាំ១៩៩៣ និង ១៩៩៨ បានផ្តល់នូវព័ត៌មាន បន្ថែមទៀត ដែលពុំធ្លាប់មានពីមុនមក។ នេះជាលទ្ធផលនៃការសិក្សារបស់យើងៈ

ពិតហើយសព្វថ្ងៃនេះ តាមរយៈអ្នកស្រាវជ្រាវ យើងដឹងហើយ ថានាសម័យនគរភ្នំ ជនជាតិខ្មែរ យើងនិយមសាសនាហីនយាននិងមហាយាន ព្រមទាំងព្រហ្មញ្ញសាសនាក្នុងពេលជាមួយគ្នា ហើយការ ជ្រើសរើសនិមួយៗត្រូវធ្វើឡើងតាមឆន្ទៈ ឬតាមចំណូលចិត្តរបស់ពុទ្ធសាសនិក ក៏ប៉ុន្តែមកទល់នឹងពេល នេះ យើងមិនទាន់ដឹងច្បាស់ថា តើនិកាយណាមួយបានមកដល់កម្ពុជាមុនគេ។ បើនិយាយម៉្យាងទៀត សំណួរនេះបានធ្វើឲ្យយើងចាប់អារម្មណ៍ណាស់ ក៏ប៉ុន្តែគេមិនទាន់ដោះស្រាយបានប្រាកដប្រជានៅ ឡើយទេ។ មូលហេតុមកពីកង្វះភស្តុតាងជាក់ស្តែង។ ថ្មីៗនេះយើងមានសេចក្តីរំភើបចិត្តជាខ្លាំង ដោយ បានឃើញនូវភស្តុតាងមួយចំនួន ដែលអាចបំភ្លឺ ចំពោះការហូរចូលនូវព្រះពុទ្ធសាសនា ក្នុងអតីត ព្រះរាជាណាចក្រកម្ពុជានាដើមសម័យប្រវត្តិសាស្ត្រ។ វត្តមានរបស់វត្តអារាមនិងព្រះភិក្ខុសង្ឃ ក៏អាចបញ្ជាក់KA7 និងKA29 ដែរ។

ការវិភាគលើជ្រុងបដិមាសាស្ត្របានបង្ហាញឲ្យយើងឃើញថា ទន្ទឹមនឹងនិកាយទាំងពីរខាងលើ នេះ ប្រជាពលរដ្ឋខ្មែរបុរាណដែលរស់នៅម្តុំអង្គរបូរី និងម្តុំដែនដីសណ្តនៅកម្ពុជាក្រោមសព្វថ្ងៃ បាន ប្រារព្ធនិកាយមួយទៀត គឺនិកាយពេជ្រយានដែលជាយានកណ្តាល ហើយដែលជាមែកធាងរបស់លិទ្ធិ មហាយាន។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺតាមការស្រាវជ្រាវផ្នែកបដិមាសាស្ត្រ យើងបានរក ឃើញថា ចម្លាក់ដែលតំណាងព្រះពុទ្ធអង្គ ដែលមានឥរិយាបថឬមុទ្រៈផ្សេងៗ គឺជាចម្លាក់បែបហីនយាន និយម ហើយមានចំណាស់ចាស់ជាងគេបង្អស់។

ការអាស់អាងរបស់យើង គឺពឹងផ្អែកទៅលើការរកឃើញនូវព្រះបដិមាថ្មតំណាងព្រះពុទ្ធអង្គ ឬក៏ ព្រះកេសព្រះពុទ្ធជាច្រើនអង្គ ដែលមានលក្ខណៈជាសិល្បៈគន្ធារៈ និងអមរវតី។ សូមជម្រាបថា គន្ធារៈ ជាមណ្ឌលវប្បធម៌បែបពុទ្ធនិយម ដែលមានអាយុចាស់ជាង រវាងស.វ.​ទី២មុនគ.ស. និងទី៣ ក្រោយ គ.ស.។ រីឯមណ្ឌលវប្បធម៌នេះ បានដុះដាលឡើងនៅស.វ.ទី២នៃគ.ស. តែប៉ុណ្ណោះ។

លក្ខណៈវិសេសវិសាលនៃរចនាបថគន្ធារៈ គឺការផ្លាស់រូបរបស់ព្រះពុទ្ធអង្គ ឬឆាកជីវិតរបស់ ព្រះពុទ្ធអង្គជារូបមនុស្សសុទ្ធសាធ ដោយយកលំនាំដើមតាមពួកក្រិកនិងរ៉ូម៉ាំង នាសតវត្សរ៍ទី៣មុនគ.ស ដែលបានលាតសន្ធឹងឥទ្ធិពលនយោបាយ និងវប្បធម៌ដល់ភូមិភាគនេះ។ ព្រោះអីមុនសម័យកាលនេះ សិល្បករជាតិឥណ្ឌាគ្រាន់តែនិយមសញ្ញានិមិត្តតែប៉ុណ្ណោះ ដើម្បីតំណាងព្រះពុទ្ធអង្គ ឬឆាកជីវិតរបស់ ព្រះពុទ្ធអង្គបរមគ្រូនៃយើង។ តួយ៉ាងដូចជាព្រះពុទ្ធបាទ ដើមពោធិ សត្វប្រើស កងចក្រ។ល។នៅ សានឈី ក្នុងអម្លុងស.វ.ទី៣ និងទី១ នៃគ.ស.។

ដោយឡែកយើងត្រូវកត់ត្រាថា បណ្ឌលវប្បធម៌គន្ធារៈ ដែលស្ថិតនៅក្នុងភូមិភាគខាងជើងនៃ ប្រទេសឥណ្ឌា និងមណ្ឌលវប្បធម៌អមរវតី នៅក្នុងភូមិភាគឥណ្ឌាខាងត្បូង បានដុះដាលដោយឥទ្ធិពល នៃសិល្បៈខ្មែរ នាគ្រាបឋមនៃប្រវត្តិសាស្ត្រខ្មែរ ក៏ប៉ុន្តែពុំមានន័យថា មានតែមជ្ឃមណ្ឌលវប្បធម៌តាមបែប ពុទ្ធនិយមពីនោះទេ ដែលបានជះឥទ្ធិពលលើសិល្បៈខ្មែរ។ តាមពិត ជាងចម្លាក់ថ្ម ជាងទង និងជាងសូន រូបនាសម័យនគរភ្នំ បានទទួលឥទ្ធិពលពីមណ្ឌលវប្បធម៌សរនថៈ និងអជនតៈ ជាដើម។

អានុភាពនៃវប្បធម៌ឥណ្ឌាបុរាណនៅលើវិស័យសិល្បៈខ្មែរ អាចធ្វើឡើងតាមវិធីផ្សេងៗ ដូចតទៅ នេះ ៖

វិធីទី១ : គឺជនជាតិយើងដែលបានរស់នៅក្នុងចក្រភពភ្នំ បានសាងរូបព្រះបដិមា ដោយយកគំរូ សិល្បៈតាមចម្លាក់តូចៗ ដែលពួកពាណិជ្ជករក្លិង្គបាននាំយកតាមសំពៅ ដើម្បីគោរពបូជាប្រចាំថ្ងៃ ឬឆ្លាក់ រូបតាមគម្ពីរសាសនាទាំងឡាយ ដូចជាគម្ពីរសិល្បសាស្ត្រជាដើម ដែលជាក្បួនខ្នាតពិធីការដ៏សំខាន់។ គេបានរកឃើញនូវព្រះបដិមា ព្រមទាំងព្រះកេសព្រះពុទ្ធតូចៗជាច្រើន  នៅក្នុងព្រំប្រទល់នគរភ្នំ គឺនៅ កម្ពុជាក្រោម ឬនៅទីរួមខេត្តផ្សេងៗក្នុងចក្រភពភ្នំ ដូចជា អង្គរបូរី កញ្ចនៈបូរី នគរបឋម នគររាជសីមា និងនៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ចម្លាក់បុរាណទាំងអស់នោះ ជាភស្តុតាងទាក់ទិននឹងការ ផ្សព្វផ្សាយ នៃលិទ្ធិព្រះពុទ្ធសាសនា។

រីឯវិធីទី២ : គឺខ្មែរយើងបានអញ្ជើញទៅរៀនសូត្រនៅប្រទេសឥណ្ឌា ហើយក្រោយពីបានធ្វើ មាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើតវិញ ក៏បានសាងសង់នូវព្រះបដិមាឡើងតាមលំនាំក្លិង្គ សម្រាប់ គោរពបូជា។

សូមជម្រាបបញ្ជាក់ថា លិទ្ធិព្រះពុទ្ធសាសនាដែលមានកេរ្តិ៍ឈ្មោះល្អប្រពៃបន្តិចម្តងៗ បាន ផ្សព្វផ្សាយទួទាំងព្រះរាជាណាចក្រខ្មែរ។ ការស្រាវជ្រាវក៏បានឲ្យយើងដឹងទៀតថា ទឹកដីខ្មែរបុរាណ ដែលស្ថិតនៅតំបន់ខ្ពង់រាបនៃប្រទេសថៃបច្ចុប្បន្ន តំបន់នេះក៏ស្ថិតនៅក្រោមឥទ្ធិពលនៃព្រះពុទ្ធសាសនា លិទ្ធិហីនយាន ឬថេរវាទ ដូចតំបន់វាលទំនាបដ៏ទៃៗទៀតដែរ។ សេចក្តីសន្និដ្ឋាននេះ បានមកពីការ វិភាគនូវបដិមាសាស្ត្របែបពុទ្ធនិយម ដែលបានធ្វើឡើងក្នុងអម្លុង១៥ឆ្នាំចុងក្រោយនេះ ក្រោយពីប្រមែ- ប្រមូលនូវវត្ថុតាងជាច្រើន។

គួរកត់ត្រាថា និកាយថេរវាទ ឬនិកាយហីនយានខាងលើនេះ ដែលមានវត្តមាននៅក្នុងខេត្ត បច្ចឹមបូរី និងនគររាជសីមាបច្ចុប្បន្ន បានបែកចេញពីនិកាយមហាយានសង្ឃឹក ដែលស្ថិតក្នុងភូមិភាគ ខាងត្បូង ត្រង់ម្តុំអមរវតី និងនាគារជូនកោណ្ឌៈ ក្នុងភូមិភាគកណ្តាលនៃប្រទេសឥណ្ឌាសព្វថ្ងៃ។ គឺនៅ ក្នុងទីតាំងបុរាណទាំងពីរនេះហើយ ដែលយើងបានជួបប្រទះនូវវត្តអារាម ព្រះចេតិយ និងព្រះបដិមា ប្រកបដោយក្បាច់រចនាដ៏ល្អវិចិត្រ។

សរុបសេចក្តីមក ចំពោះសំណួរដែលចោទសួរថា នៅប្រទេសកម្ពុជា តើរចនាបថណាមួយ ដែលចាស់ជាងគេ? យើងអាចសន្និដ្ឋានថា គឺរចនាបថ គន្ធារៈ ដែលមានរចនាបថចាស់ជាងរចនាបថ ដ៏ទៃៗទៀត ហើយជារចនាបថផ្សំរវាងរចនាបថឥណ្ឌានិងក្រិករ៉ូម៉ាំង ដែលផ្សព្វផ្សាយដោយអធិរាជ អាឡិកហ្សង់មហារាជ្យ

ជាសេចក្តីសន្និដ្ឋាន ការវិភាគលើមុមបដិមាសាស្ត្របែបពុទ្ធនិយម នៅក្នុងមជ្ឃមណ្ឌលវប្បធម៌ ជាច្រើននៃប្រទេសឥណ្ឌា ដូចជានៅ សានឈី អមរវតី នាគារជូនកោណ្ឌៈ អជនតៈ។ល។ បានបញ្ជាក់ ថា ខេត្តនានាជាច្រើននៃមហាប្រទេសឥណ្ឌាបុរាណ បានចូលរួមវិភាគទានយ៉ាងសកម្ម ក្នុងការសាង-សង់ខឿនវប្បធម៌-អារ្យធម៌ខ្មែរបុរាណ ហើយទំនាក់ទំនងរវាងឥណ្ឌានិងនគរភ្នំ មានលក្ខណៈជា អចិន្ត្រៃយ៍ ចាប់តាំងពីដើមសម័យប្រវត្តិសាស្ត្រ រហូតមកដល់សម័យអង្គរ។ ពីសម័យកាលមួយទៅ សម័យកាលមួយទៀត ប្រទេសខ្មែរបានទទួលពីប្រទេសឥណ្ឌា នូវលិទ្ធិសាសនា និងរចនាបថសិល្បៈ ប្លែកៗពីគ្នា តាមលំដាប់លំដោយ ហើយគឺក្នុងបរិស្ថានសង្គមវប្បធម៌នេះហើយ ដែលសិល្បៈខ្មែរប្រកប ដោយភាពសម្បូរបែប និងមានលក្ខណៈថ្កុំថ្កើងរុងរឿង ជាងវប្បធម៌-អរិយធម៌នៃប្រទេសជិតខាង ក្នុង​ភូមិ​ភាគអាស៊ីអាគ្នេយ៍នេះ។