ទូក ង ខែ្មរក្រោម ទទួលពានរង្វាន់ជ័យលាភីលេខ ០១

ដោយៈ សឺង សុជាតិ
ជារៀងរាល់ឆ្នាំ សមាគមទូក ង អាស៊ី អាមេរិកាំង (Asian American Dragon Boat Association)
នៅទីក្រុងតាខូម៉ា រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក បានរៀបចំពីធីប្រណាំងទូក ង ជាលក្ខណៈខ្នាត អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៏ ទី១៦ ខែសីហា ឆ្នាំ២០០៨ កន្លងទៅថ្មីៗនេះ។
ក្រុមកីឡាករ កីឡាការិនី ទាំងអស់មានចំនួន១១ក្រុម តំណាងឲ្យជាតិសាសន៏មកពីតំបន់អាស៊ី អាគ្នេយ៏ មានប្រទេស ឡាវ,ខែ្មរ សៀម, ខែ្មរក្រោម និងជនជាតិអាមេរិកាំង ព្រមទាំងជនជាតិដទៃមួយចំ នួនទៀត បានចូលរួមប្រកួតប្រណាំង ដណ្តើម ពានរង្វាន់ជ័យលាភីប្រចាំឆ្នាំ ក្នុងឧកាសខួបលើកទី០៥ នៃទិវាបុណ្យអ៊ុំទូកឆ្នាំ២០០៨ (2008 Bon Om Tuk Dragon Boat Festival) នៅដងទន្លេមួយ ជាប់ នឹងវិថី Dock ST នៃទីក្រុងតាខូម៉ា។ ខណៈប្រកួតនោះ ត្រូវបានគណៈកម្មការរៀបចំបុណ្យ បែងចែកជា បីក្រុម គឺក្រុមទី០១ ក្រុមស្តី្រ, ក្រុមទី០២ ក្រុមអ្នកទើបតែចាប់ផ្តើបដំបូង និងក្រុមទី០៣ គឺជាក្រុមអ្នក ស្ទាត់ជំនាញ (ក្រុមជើងចាស់)។
នៅក្នុងទិវាដ៏មហោឡារឹកនោះ យើងសង្កេតឃើញមានទស្សនិកជន ចម្រុះជាតិជាតិសាសន៏រាប់ ពាន់នាក់ បានសម្តែងការសប្បាយចិត្តគាំទ្រ និងទស្សនានូវកម្មវិធីប្រពៃណី ទំនៀមទម្លាប់ នៃជាតិ សាសន៏ផ្សេងៗគ្នា ដែលបង្ហាញអំពីលក្ខណៈវប្បធម៌របស់ខ្លួន ក្នុងនោះមានពិធីតាំងពិព័រណ៌និងលក់ នូវវត្ថុអានុស្សាវរីយ៏ជាអាទិ៏។
ក្រុមកីឡាករ កីឡាការិនី ខែ្មរក្រោម ដឹកនាំដោយលោកប្រធាន ថាច់ សាម៉ន និងអនុប្រធាន លោក សឺង ង៉ុក ថាញ់ បានពាក់អាវមានរូបសញ្ញារាហូចាប់ច័ន្ទ និងក្រវ៉ាត់ដោយទង់ជ័យបីព័ណ៌ ខៀវ លឿង ក្រហម នៅលើក្បាល តំណាងឲ្យជនជាតិដើមខែ្មរក្រោម និងជានិមិ្មតសញ្ញាទូក ង ខែ្មរក្រោម រហស្សនាម កំហែងនាគរាជ ដែលបានអង្គការទូក ង អន្តរជាតិ (IDBF) ទទួលស្គាល់ជាសមាជិកពេញ សិទ្ធិ ក្រោមការរៀបចំឡើងដោយសហព័ន្ធខែ្មរកម្ពុជាក្រោម កាលពីខែសីហា ឆ្នាំ២០០១។
ការប្រកួតប្រណាំង បានចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាច ក្រោមកំដៅព្រះអាទិត្យ នៃធម្មជាតិ ពោរពេញទៅដោយស្នូរគាំទ្រពីណាក់ទស្សនិកជន ដែលធ្វើឲ្យទឹកចិត្តអ្នកកីឡាចម្រុះជាតិ សាសន៏មានទឹកចិត្តក្លាហានរៀងៗខ្លួន ដើម្បីដណ្តើមជ័យលាភីនោះ ក្រុមកីឡាករ កីឡាការិនី ទូក ង ខែ្មរក្រោម ខិតខំអស់ពីសមត្ថភាព បានធ្វើឲ្យក្រុមទូកងជាតិសាសន៏ដទៃ មិនអាចដណ្តើមយកជ័យជំ នៈទៅលើក្រុមទូកងខែ្មរក្រោម ឡើយ ពេលនោះ ក្រុមកីឡាករ កីឡាការិនី ទូក ង ខែ្មរក្រោម ទទួល បានជ័យលាភីលេខ០១ ដែលក្រុមកីឡាករ-ការិនីខែ្មរក្រោម នឹកស្មានមិនដល់នោះ ហើយក្រុមកីឡា ករ-ការិនី Xtreme លេខ០២, ក្រុមកីឡាករ-ការិនី Water Serpent លេខ០៣ និងក្រុមកីឡាករ-ការិនី Turtle Squa លេខ០៤ ផ្តល់ដោយគណៈកម្មការជម្រុះជាតិសាសន៏យ៉ាងយុត្តិធម៌បំផុត ។
គួររំឭកថា នៅកម្ពុជាក្រោម ជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ពេញបូរណ៌មី ខែកក្តឹក ប្រជាពល រដ្ឋខែ្មរក្រោម បានរៀបចំពិធីអកអំបុក និងប្រណាំង ទូក ង ជាលក្ខណៈប្រពៃណី ទំនៀមទម្លាប់ជាតិ នៅនឹងទន្លេមេគង្គ ក្នុងទីរួមខែត្រព្រះត្រពាំង, ឃ្លាំង និងខែត្រក្រមួនសជាដើម ដើម្បីរក្សានិងលើក ស្ទួយវិស័យវប្បធម៌ជាតិ ពីបុរាណកាល មិនដែលអាក់ខានឡើយ។ ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលយួន កុម្មុយនីស្តផ្តាច់ការ បានបង្ខំឲ្យខែ្មរក្រោម រៀបចំពិធីនេះ បន្ថែមមួយរដូវទៀត គឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដើម្បីចូលរួមអបអរសាទរ ថ្ងៃដែលយួនកុម្មុយនីស្ត បានចូលដាក់នឹមត្រួតត្រាទៅលើ ខែ្មរក្រោម៕.