ទូក​ខ្មែរ​ក្រោម ​ទទួល​បាន​មេដាយ​មាស និង​ប្រាក់

ទូក​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ទទួល​មេ ដាយ​មាស និង​មេដាយ​ប្រាក់ ក្នុង​ចំណាត់​ថ្នាក់​លេខ​១ និង ​លេខ​២ ពី​ការ​អុំ​ ប្រណាំង​ជា​លក្ខណៈ​អន្តរ​ជាតិ។ ការ​អុំ​ប្រណាំង​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ក្រុង Tampa នៃ​រដ្ឋ Florida សហ​រដ្ឋ​អាមេរិក ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដល់ ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ ២០១១។ ពល​រដ្ឋ​ខ្មែរ​ក្រោម និង​ សហព័ន្ធ​ខ្មែរ​ក្រោម​ក្នុង​សហ​រដ្ឋ​អាមេរិក​ បាន​សម្ដែង​ មោទនភាព​របស់​ ខ្លួន​ក្នុង​ការ​ខិតខំ​ប្រកួត​ប្រជែង​យក​ មេដាយ​មាស និង​មេដាយ​ប្រាក់ ពី​ការ​អុំ​ទូក​ប្រណាំង ជា​លក្ខណៈ​អន្តរ​ជាតិ។ ពួក​គេ​និយាយ​ថា ជ័យ​ជម្នះ ដែល​គេ​ទទួល​បាន​ដោយ​សារ​កម្លាំង​សាមគ្គីភាព និង​ការ​ព្យាយាម​បង្ហាញ​ពី​សមត្ថភាព បច្ចេកទេសនៃ​កីឡាករ ​ខ្មែរ​ក្រោម។

លោក សេង ងុក​ថាញ់ ដែល​ជា​ប្រធាន​ក្រុម​នៃ​ទូក​ឈ្មោះ នាគរាជ​ខ្មែរ​ក្រោម ដែល​បាន​ទទួល​មេដាយ​មាស​ក្នុង​ការ​ប្រគួត​អុំ​ចម្ងាយ ២០០​ម៉ែត្រ មាន​ប្រសាសន៍​ថា ដោយ​សារ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​ខ្មែរ​ក្រោម និង​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់ បាន​នាំ​ឲ្យ​កម្លាំង​កូន​ក្រុម​របស់​លោក​មាន​ទឹក​ចិត្ត​ដណ្ដើម​ជ័យ​ជម្នះ​លើ ​គូ​ប្រកួត ៖ «ការណ៍​ដែល​យើង​មាន​សាមគ្គី​ជា​មួយ​គ្នា​ហើយ ទៅ​ណា​យើង​អាច​មាន​ជ័យ​ជម្នះ​បាន​យ៉ាង​ច្រើន។ កាល​ណា​យើង​បែក​បាក់​ហើយ​វា​ធម្មតា​បន្តិច ព្រោះ​ទៅ​ណា មាន​សង្គម​ជួយ​ឧបត្ថម្ភ និង​មាន​សហព័ន្ធ​ជួយ​ឧបត្ថម្ភ​ពេល​នោះ​យើង​នឹង​អាច​មាន​ជោគ​ជ័យ​ច្រើន។ ក្នុង​ជ័យ​ជម្នះ​ដែល​យើង​ទទួល​បាន​នេះ គឺ​យើង​មាន​ក្ដី​រំភើប​ចិត្ត​មែន ព្រោះ​គ្មាន​នរណា​នឹង​ស្មាន​ថា កូន​ខ្មែរ​ដែល​គ្មាន​អ្នក​ណា​ស្គាល់​សោះ ប៉ុន្តែ​យើង​មក​នេះ​ទទួល​បាន​លេខ​១ លេខ​២ ដូច្នេះ​ក្នុង​នាម​កូន​ខ្មែរ​មួយ យើង​ត្រូវ​តែ​រំភើប​ចិត្ត ហើយ​ដែល​ខ្មែរ​ទូទៅ​សប្បាយ​រីក​រាយ​មែន​ទែន។»

ការ​អុំ​ទូក​ប្រណាំង​ជា​លក្ខណៈ​អន្តរ​ជាតិ​ក្នុង​រដ្ឋ Florida នេះ មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ចំនួន​២៦ ដែល​មាន​ប្រទេស​អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន ជប៉ុន រុស្សី សហ​រដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ ជា​ច្រើន​ទៀត ហើយ​មាន​ក្រុម​កីឡាករ​សរុប​ចំនួន ៣​ពាន់​នាក់។ ការ​ប្រកួត​នេះ​មាន ៤​ប្រភេទ គឺ​ការ​ប្រកួត​សម្រាប់​ចម្ងាយ ២​រយ​មែត្រ ៥​រយ​មែត្រ ១​ពាន់​ម៉ែត្រ និង​២​ពាន់​ម៉ែត្រ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ទូក​របស់​ខ្មែរ​ក្រោម​អាច​នឹង​យក​ជ័យ​ជម្នះ​លើ​ការ​ប្រកួត​ចម្ងាយ ២​ពាន់​ម៉ែត្រ​ផ្ដាច់​ព្រាត់​នោះ ឬ​យ៉ាង​ណា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ថាច់ ងុក​ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​វេទិកា​ ប្រណាំង​ទូក​ក្នុង​ទីក្រុង Tampa រដ្ឋ Florida មក​ថា លោក​មាន​ចិត្ត​ត្រេក​អរ​ឥត​ឧបមា​ចំពោះ​ការ​គាំទ្រ​របស់​ពល​រដ្ឋ​ខ្មែរ ក៏​ដូច​ជា​ខ្មែរ​ក្រោម ដែល​មក​ពី​តាម​រដ្ឋ​ផ្សេងៗ នៅ​អាមេរិក និង​កាណាដា ក្នុង​ការ​ជួយ​លើក​កម្លាំង​ចិត្ត​ដល់​ក្រុម​កីឡាករ​ខ្មែរ​ក្រោម​រហូត​ដល់​ បាន​ទទួល​មេ​ដាយ​មាស និង​មេដាយ​ប្រាក់ ៖ «យើង​មាន​មោទនភាព​ណាស់​ក្នុង​ នាម​យើង​ជា​មនុស្ស​ដែល​គ្មាន​ស្រុក ហើយ​ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ប្រគួត ហើយ​បាន​ទទួល​ជោគជ័យ​ប្រកប​ដោយ​មោទនភាព។ ជា​ពិសេស​យើង​មាន​ការ​គាំទ្រ​ពី​ពល​រដ្ឋ​ខ្មែរ​ពី​តាម​រដ្ឋ California, Oregon, Massachusetts, Texas, Louisiana, North Carolina និង Georgia ជា​ដើម។»

តាំង​ពី​មាន​ការ​ចាប់​ផ្ដើម​ប្រកួត​ទូក​អុំ​ជា​លក្ខណៈ​អន្តរ​ជាតិ​ក្នុង​ ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania កាល​ពី​ឆ្នាំ​២០០១ នោះ​មក ទូក​របស់​ខ្មែរ​ក្រោម​បាន​ចូល​រួម​ប្រកួត​នៅ​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ​២០០២ និង​ប្រទេស​កាណាដា ក្នុង​ឆ្នាំ​២០០៤។ ប៉ុន្តែ​ពួក​គេ​បាន​អាក់​ខាន​ក្នុង​ការ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ចិន​ក្នុង ​ឆ្នាំ​២០០៦ ដោយ​សារ​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ។

រហូត​មក​ទល់​ពេល​នេះ ក្រុម​កីឡា​អុំទូក​ប្រណាំង​របស់​ខ្មែរ​ក្រោម​បាន​មេដាយ​មាស ២​ដង និង​មេដាយ​ប្រាក់ ២​ដង សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នេះ៕ ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

.