ដោយៈ ថាច់ ង៉ុក ថាច់
ព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរីរង់ ខេត្តតាកែវ ប្រទេសកម្ពុជា នៅតែបន្តជាប់ឃុំឃាំងក្នុងផ្ទះរបស់សាច់ញាតិព្រះអង្គ ឯភូមិអណ្តូងទរ ឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម ដដែល ។
កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេចាប់ផ្សឹក ហើយត្រូវបាន និរទេសខ្លួនដោយអាជ្ញាធរ នៃរដ្ឋាភិបាលកម្ពុជា ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយៀកណាមខេត្តមាត់ជ្រូក បានកាត់ទោសព្រះតេជគុណទឹម សាខន ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ត្រង់មាត្រា ៨៧ នៃច្បាប់ព្រហ្មទណ្ឌសាធារណៈរដ្ឋ សង្គមនិយមយៀកណាម ពីបទ “បំផ្លិចបំផ្លាញគោលនយោបាយសាមគ្គីភាព” ។
ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៨ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេដោះលែងពីពន្ធនាគារ ហើយគេសង្កេតឃើញមន្រ្តី អាជ្ញាធរយៀកណាមអមដំណើរជាមួយទៀតផង ។ ក្រោយមកគ្មាននរណាគេដឹងថា ព្រះអង្គគង់នៅទីណាទេ ទើបតែពីដើមខែសីហានេះ ប្រជាជនបានឃើញវត្តមានរបស់ព្រះតេជគុណ ទឹម សាខន នៅខេត្តមាត់ជ្រូក ។
ព័ត៌មានថ្មីបំផុតពីសាច់ញាតិព្រះតេជគុណទឹម សាខន ឲ្យដឹងថា សព្វថ្ងៃព្រះអង្គកំពុងរស់នៅជាមួយគ្រួសារអ៊ុំ ព្រះអង្គ ដោយទទួលការយាមកាងពីមន្រ្តីអាជ្ញាធរយៀកណាមផង ។ ក្រៅពីនោះ ព្រះតេជគុណ ទឹម សាខន ត្រូវបានគេចាប់ឲ្យនៅមួយកន្លែង ដោយមានការយាមកាង និងឃ្លាំមើលពីពួកមន្រ្តី នៃអាជ្ញាធរយៀកណាម ២៤ ម៉ោងក្នុងមួយថ្ងៃ, ៧ ថ្ងៃក្នុងសប្តាហ៍ ។
តាមការកាត់ទោសរបស់តុលាការយៀកណាម កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ព្រះតេជគុណ ទឹម សាខន គួរតែត្រូវបានគេដោះលែង ហើយបញ្ជូនព្រះអង្គត្រឡប់ទៅរស់នៅជាមួយឪពុកចាស់ជរាឯប្រទេសកម្ពុជាវិញ ។ ជាពិសេស គឺសេចក្តីស្រេកឃ្លានចង់ជួបមុខកូនដ៏ជាទីស្នេហា របស់ឪពុកចាស់ជរាដ៏កម្សត់ម្នាក់ ។
ប៉ុន្តែចំពោះសកម្មភាពរបស់អាជ្ញាធរនៃតុលាការយៀកណាមវិញ បានបង្ហាញយ៉ាងងងើលថា ខ្លួនបានបំពាននៅ សាលក្រមតុលាការ និងរំលោភរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសខ្លួនទាំងគឃ្លើន ។
បច្ចុប្បន្ននេះ ព្រះតេជគុណ ទឹម សាខន នៅតែបន្តគ្មានសិទ្ធិសេរីភាពបញ្ចេញមតិ គ្មានការទំនុកបំរុង និងបន្តរងគំនាបយ៉ាងតឹងតែងបំផុតអំពីសេរីភាពមូលដ្ឋាន និងសិទ្ធិសេរីភាព នៃការដើរហើរ ។
ក្នុងការណ៍នេះ ខ្ញុំសូមអំពាវនាវសហគមន៍អន្តរជាតិអង្គការសិទ្ធិមនុស្សយូមិនរ៉ាយវ៉ច និងអង្គការលើក លែងទោសអន្តរជាតិមេត្តាជួយសង្គ្រោះព្រះតេជគុណ ទឹម សាខន ជាបន្ទាន់៖
ជំរុញឲ្យប្រទេសយៀកណាម គោរពនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយដកកម្លាំងអាជ្ញាធរយៀកណាម ដែលស៊ីឈ្នួល បំភិតបំភ័យ និងឃ្លាំមើលព្រះតេជគុណ ទឹម សាខន ២៤ ម៉ោងក្នុងមួយថ្ងៃ ឬ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ។
ជំរុញឲ្យយៀកណាម បញ្ជូនព្រះតេជគុណទឹម សាខន ទៅរស់នៅជាមួយក្រុមគ្រួសារព្រះអង្គ ឯប្រទេសកម្ពុជា ដោយសុវត្ថិភាព ៕.