អតីត ព្រះគ្រូចៅអធិការវត្តភ្នំឌិនខាងជើង ទឹម សាខន បានទទួលការការពារពេញលេញពីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកផ្នែកជនភៀសខ្លួន (UNHCR) ហើយក៏ត្រូវបានប្រទេសមួយនៅអឺរ៉ុបផ្ដល់សិទ្ធិជ្រកកោនជូនផងដែរ។
អតីតចៅអធិការវត្តភ្នំដិនខាងជើង លោក ទឹម សាខន។
ព្រះអធិបតីរងនៃគណៈសង្ឃក្នុងសហព័ន្ធខ្មែរកម្ពុជា ព្រះភិក្ខុបញ្ញាបជោតោ ថាច់ បេរ៉ុង បានឲ្យដឹងថា ការបំពេញឧបសម្បទាអតីតព្រះគ្រូចៅអធិការវត្តភ្នំឌិនខាងជើងជាថ្មី ឡើងវិញ ដែលនឹងត្រូវធ្វើនៅមុនថ្ងៃចូលព្រះវស្សានោះត្រូវផ្អាកសិន ដោយហេតុថា អតីតចៅអធិការរូបនេះបានត្រូវអង្គការសហប្រជាជាតិទទួលយកជាជនភៀស ខ្លួនស្របច្បាប់ ហើយបានទទួលក្តីប្រណីពីប្រទេសមួយក្នុងទ្វីបអឺរ៉ុបផ្តល់ទីជម្រក ទៀត ដែលជាជម្រើសប្រសើរជាងការបំពេញផ្នួសជាថ្មីឡើងវិញនោះ។
ចំណែកឧទ្ទេសាចារ្យ៥រូបទៀតនៃសាលាបាលីជាន់ខ្ពស់ក្នុងខែត្រ ឃ្លាំងនៃទឹកដីកម្ពុជាក្រោមដែលត្រូវអាជ្ញាធរវៀតណាមបានចាប់ផ្សឹក ក្នុងព្រឹត្តិការណ៍មិនស្ងប់មួយនៅឆ្នាំ២០០៧នោះ ក៏ពុំទាន់មានកាលបរិច្ឆេទច្បាស់លាស់ថា នឹងត្រូវបំពេញឧបសម្បទាឡើងវិញនៅពេលណាដែរ។
ព្រះបញ្ញាបជោតោ ថាច់ បេរ៉ុង បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីប្រទេសថៃកាលពីរំលងអាធ្រាត្រយប់ម៉ិញនេះដូច្នេះ ៖ «សហព័ន្ធ ខ្មែរកម្ពុជាក្រោមបានរៀបចំកិច្ចការថានឹងឧបសម្បទាលោកគ្រូ ទឹម សាខន ឡើងវិញ និងឧទ្ទេសាចារ្យទាំង៥ព្រះអង្គហ្នឹង ឥឡូវនេះគឺសហព័ន្ធបានត្រៀមឯកសារជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល មួយចំនួន គឺយើងមិនទាន់បានរៀបចំឧបសម្បទានៅឡើយ ដោយសារអង្គការសហប្រជាជាតិបានទទួលលោកគ្រូ ទឹម សាខន ថានឹងនិមន្តចេញទៅប្រទេសទី៣ស្របច្បាប់។ អ៊ីចឹងលោកគ្រូចៅអធិការ ទឹម សាខន នោះ ឥឡូវនេះក្រោមការថែរក្សានិងការពារដ៏មានសុវត្ថិភាពបំផុតនៃអង្គការ សហប្រជាជាតិនេះឯង»។
ព្រះអធិបតីរងនៃគណៈសង្ឃក្នុងសហព័ន្ធខ្មែរកម្ពុជា ព្រះបញ្ញាបជោតោ បេរ៉ុង បានឲ្យដឹងទៀតថា សហព័ន្ធខ្មែរក្រោមរបស់ព្រះអង្គមានប្រាថ្នាចង់ឃើញវាសនា ឧទ្ទេសាចារ្យ៥រូបទៀតនោះមានដំណើរដូចអតីតព្រះគ្រូចៅអធិការវត្ត ភ្នំឌិន ទឹម សាខន ផងដែរ។
ព្រះបញ្ញាបជោតោ បេរ៉ុង បានមានដីកាថា ៖ «ការការពារសុវត្ថិភាពនៃ ឧទ្ទេសាចារ្យទាំង៥ព្រះអង្គនេះ ឥឡូវនេះគឺខ្ញុំករុណាអាត្មាភាពកំពុងតែរៀបចំឯកសារក្រដាសស្នាម ធ្វើយ៉ាងណាឲ្យអង្គការសហប្រជាជាតិលោកបានទទួលស្គាល់ ធ្វើអន្តរាគមន៍ដើម្បីការពារសុវត្ថិភាព គឺជាការដែលយើងបានរៀបចំ។ ហើយគោលបំណងយើងចង់បាននោះគឺប្រហាក់ប្រហែលដូចជាលោកគ្រូ ទឹម សាខន ដើម្បីឲ្យបានប្រទេសទី៣ លោកទទួលស្គាល់ជាផ្លូវការ។ ហ្នឹងគឺការសង្ឃឹម ហើយទន្ទឹមនឹងការសង្ឃឹមនោះគឺសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងទាក់ទង ជាមួយនឹងការទូតនិងស្ថាប័ននៃជនភៀសខ្លួន ក៏ដូចជាអង្គការសហប្រជាជាតិ។ វេលាថ្ងៃស្អែកយើងនឹងទៅជួបមន្រ្តីទាំងអស់នោះដើម្បីជំរុញយ៉ាងណា ឲ្យបានទាន់ពេលវេលា»៕
អត្ថបទវិទ្យុអាស៊ីសេរី.