ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ

ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងរៀបចំមហា សន្និបាតប្រចាំឆ្នាំឱ្យត្រូវ នឹងទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១០ដែលសាកលលោកទាំងមូល រាប់ទាំង ប្រទេសយួនផង កំពុងតែធ្វើបុណ្យ ទិវាសិទ្ធមនុស្ស ជាមួយគ្នា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ វិទ្យុសម្លេងខ្មែរកម្ពុជា ក្រោម ដែលកំពុងធ្វើការយកពរត៌មាន នៅទីក្រុង អ័រឡែនដូ រដ្ឋ Florida សហរដ្ឋអាមេរិក សូមលើក យកមាត្រាទី១១ ក្នុងចំណោមមាត្រាទាំង ៤៦មាត្រា ដែលអង្គការសហប្រជាជាតិស្តីពីសទិ្ធរបស់ជានជាតិដើមបានអនុម័ត សម្រេចជាមហោឡារិក។
មាត្រាទី១១ បានចែងថា៖
១/ជនជាតិដើម មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញ នូវប្រពៃណី ទំនៀមទម្លាប់ ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សា ការពារ និងអភិវឌ្ឍន៍ អ្វីដែលបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និង អនាគត ដូចជាតំបន់បុរាណវិទ្យា និងស្ថានីយ ប្រវត្តិសាស្រ្ត បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព និងការសំដែងសិល្បៈ និងអក្សរសាស្រ្ត។
២/រដ្ឋទាំងឡាយ ត្រូវផ្តល់ឲ្យមានដំណោះស្រាយតាមរយៈយន្តការ មានប្រសិទ្ធិភាព ដែលរួមទាំងបដិទាន ដោយបានរៀបចំបង្កើតឡើងជាមួយជនជាតិដើម ចំពោះកម្មសិទ្ធិវប្បធម៌ កម្មសិទ្ធិបញ្ញា កម្មសិទ្ធិសាសនា កម្មសិទ្ធិជំនឿរបស់ពួកគេ ដែលត្រូវដកហូតដោយគ្មានការ យល់ព្រមដោយសេរី និងដោយមិនបានប្រាប់ឲ្យដឹងជាមុន ឬដែលរំលោភលើច្បាប់ ប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ។
យើងលើកយកមាត្រានេះមកបំភ្លឺនាពេលនេះ ដោយមូលហេតុជាក់ស្តែងដូចតទៅនេះ៖ ជនជាតិខ្មែរក្រោម ដែលពិតមែនតែត្រូវពុះបំបែកចេញពីមហានគរកម្ពុជាដោយដោយព្រំដែនមួយ ប៉ុន្តែនៅតែព្យាយាមថែរក្សាយ៉ាងខ្ជាប់ខ្ជួន នូវវប្បធម៌ សាសនា ប្រពៃណីទំនៀមទំលាប់ខ្មែររបស់ខ្លួន តាំងពីដូនតា មិនខុសពីបងប្អូនខ្មែរដែលកំពុងរស់នៅព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នឡើយ។ ដោយ អកុសល ខ្មែរក្រោមជាងប្រាំបីលាននាក់ត្រូវរស់នៅក្នុងគំនាបនៃការជិះជាន់ញាំញីបំភ្លេចបំផ្លាញរបស់ យួនយូរពេក វប្បធម៌ជាតិខ្មែរដ៏មានតម្លៃខ្លះបានត្រូវសាបសូន្យទៅ។ ប៉ុន្តែឈាមដែលហូរក្នុងសសៃ របស់យើងនៅតែជាឈាមខ្មែរដដែលមិនប្រែប្រួល ខ្មែរក្រោមតែងតែចង់ថែរក្សានូវវប្បធម៌របស់ខ្លួន ហើយខំព្យាយាមនាំយកនូវវីដេអូ និងសម្ភារៈ វប្បធម៌ខ្លះពីប្រទេសកម្ពុជាទៅកម្ពុជាក្រោម។ ប៉ុន្តែដោយ ភាពចង្អៀតចង្អល់ក្នុងរបបគ្រប់គ្រងរដ្ឋាភិបាលវៀតណាម ទោះជាខ្លួនឯងជាភាគីហត្ថលេខីទទួលស្គាល់ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនោះ បានធ្វើការរិតត្បិតដ៏តឹងរឹងហួសវិស្ស័យ ធ្វើការរឹបអូស នូវក្បួនខ្នាតគម្ពីដីការនិងសម្ភារៈវប្បធម៌ រាប់ទាំងសៀវភៅព្រះពុទ្ធសាសនាសម្រាប់អប់តែអប់រំមនុស្ស ឱ្យធ្វើសេចក្តីល្អ ដែលខ្មែរក្រោមនាំយកពីប្រទេសកម្ពុជា ចូលទៅទឹកដីកម្ពុជាក្រោម។ នយោបាយគាប សង្កត់សិទ្ធិសេរីភាពនេះ ជាការដើរបញ្ច្រាស់ទាំងស្រុង ជាមួយនឹងដំណើរសាកលលោកទៅរក សន្តិភាព និងការសម្របសម្រួល។ អ្នកដែលយល់ស្គាល់នយោបាយរបស់អ្នកដឹកនាំយួនច្បាស់ គឺយើងខ្ញុំទាំងអស់ គ្នាជាខ្មែរក្រោម ដែលកំពុងរស់ក្នុងគុកឥតជញ្ជាំងរបស់យួន បានដឹងច្បាស់ថា អ្នកដឹកនាំយួនមាន នយោបាយបំបាត់ពូជសាសន៍ខ្មែរនៅកម្ពុជាក្រោម ហើយធ្វើនយោបាយយួនូបនីយកម្ម ផ្ទុយស្រឡះពី រដ្ឋាភិបាលខ្មែរនៅកម្ពុជា ដែលតែងផ្តល់សេចក្តីសុខគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋយួន ដែលកំពុង រស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ក្នុងឱកាសទិវាសិទ្ធិមនុស្សនៅឆ្នំា២០១០នេះ យើងខ្ញុំជាខ្មែរក្រោម សូមរំលឹកដល់អ្នកដឹកនាំយួនថា ដំណើរដើរបញ្ច្រាស់ទិសសាកលលោករបស់ខ្លួន នឹងមិនអាចធ្វើតទៅ មុខទៀតបានយូរប៉ុន្មានឡើយ ប្រាកដជាត្រូវបុកនឹងជញ្ជាំងខ្មែរក្រោមមួយដ៏រឹងមាំ មិនខុសពីពាក្យស្លោក ថា ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ នោះឡើយ។
ដោយ សឺង សម្រេច

.