ទីចាត់ការកណ្ដាលនៃប្រជាជន ទីបេ បានជម្រុញឲ្យមេដឹកនាំចិនដែលទើបតែ តែងតាំងថ្មីអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចមួយ ដោយភ្នាក់ងារអង្គការ សហប្រជាជាតិទៅតំបន់ ទីបេ

មេដឹកនាំនយោបាយនៃជនជាតិ ទីបេ លោក Lobsang Sangay បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា មេដឹកនាំចិនដែលទើបតែតែងតាំងថ្មី នឹងទទួលនូវសំណើសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់តំបន់ ទីបេ ដោយមន្ដ្រីអង្គការសហប្រជាជាតិ និងអនុសាសន៍ ដែលធ្វើឡើង ដោយភ្នាក់ងារនៃអង្គការសហប្រជាជាតិនេះ។
ឧបការីនយោបាយបានមានប្រសាន៍ ទៅកាន់សម្ដេចសង្ឃ Dalai Lama ថា សេចក្ដីថ្លែងការណ៍ដ៏ធ្ងន់ និងមិនធ្លាប់ មានតាំងពីមុនមករបស់លោកស្រី Navi Pillay ប្រធានឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងដំណើរទស្សនកិច្ចរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសចិន គឺលោក Gary Locke ទៅកាន់តំបន់ ទីបេ បានបង្ហាញច្បាស់ថា ស្ថានភាពនៅទីនោះពិតជាត្រូវការកិច្ចអន្តរាគមន៍ ជាបន្ទាន់មែន។
លោកបាន និងកំពុងឋិតនៅ ក្នុងពិធីឧទ្ធិសឋានមួយ ដែលបានរៀបចំឡើង ដោយទីចាត់ការកណ្ដាលនៃ ប្រជាជនទីបេ ហៅកាត់ថា CTA ដើម្បីឧទ្ទិសកុសលជូនអ្នក ដែលបានពលីជីវិតរបស់ខ្លួន ដើម្បីបុព្វហេតុជា ទីបេ។
ទីចាត់ការកណ្ដាលនៃជនជាតិទីបេបានប្រាប់ឲ្យដឹងថា កន្លងទៅថ្មីៗនេះ មានមនុស្សម្នាក់ទៀតហើយ ដែលបានស្លាប់ក្រោយ ពីបានដុតខ្លួនឯង នៅក្នុងស្រុក Luchu ខេត្ត Kanlho ភាគខាងត្បូងនៃប្រទេសទីបេ កាលពីយប់ថ្ងៃព្រហស្បតិ៍ ចំនួនអ្នកដែលធ្វើអត្តឃាតខ្លួនកើនឡើងដល់ ៨០ នាក់ ហើយ ចាប់តាំងពីខែមេសា ឆ្នាំ២០០៩មក ដោយរាប់បញ្ចូល១៨នាក់ផងគ្រាន់តែនៅក្នុងខែនេះមួយប៉ុណ្ណោះ។
លោក Sangay បានមានប្រសាសន៍ថា បើទោះបីជាទីចាត់ការកណ្ដាលនៃជនជាតិទីបេ CTA បានអំពាវនាវ កុំឲ្យមានធ្វើសកម្មភាពខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ករណីធ្វើអត្តឃាតខ្លួន នៅតែមានបន្ត នៅក្នុងប្រទេសទីបេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងរដ្ឋាភិបាលជួយផ្តល់នូវយុត្តិធម៌ ដោយការឆ្លើយតបទៅ នឹងការទាមទារជាសកលរបស់ជនជាតិទីបេ នៅលើទឹកដីទីបេ ដូចជាការយាងត្រឡប់ មកវិញរបស់សម្ដេចសង្ឃ Dalai Lama ជាទីសក្ការៈរបស់ជនជាតិទីបេមកកាន់ប្រទេសទីបេវិញ និងដោះលែង ជនជាតិទីបេឲ្យមានសេរីភាពវិញ”។
លោក Sangay ដែលមានអាយុ៤៣ឆ្នាំ ជាអ្នកបានជ្រើសតាំងជាឧបការីនយោបាយរបស់សម្ដេចសង្ឃ Dalai Lama បានអំពាវនាវដល់ជនជាតិទីបេ និងអ្នកគាំទ្រជុំវិញពិភពលោកដើម្បីចូលរួមទិវាសាមគ្គីភាពពិភពលោក ១០ ធ្នូ។
សម្ដេចសង្ឃ Dalai Lama កំពុងរស់នៅឯប្រទេស India ចាប់ពីពេលព្រះអង្គបានភៀសខ្លួនចេញ ពីទឹកដី ដើមកំណើតរបស់ព្រះអង្គកាលពីឆ្នាំ ១៩៥៩។ រដ្ឋបាលនិរទេសទីបេក៏បានដាក់ទីតាំង នៅដំបន់ខ្ពង់រាប ភាគខាងជើងនៃប្រទេសឥណ្ឌា។ ដោយៈ គឹម បុរី