ដោយៈ ចៅ មុនីខេមរា
ថ្ងៃទី ១០ ខែធ្នូ ត្រូវបានអន្តរជាតិកំណត់យកជាទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយត្រូវបានបណ្តាប្រទេសនៅលើពិភពលោកប្រារព្ធទិវានេះឡើងជារៀងរាល់ឆ្នាំ ដោយយោងតាមសេចក្តីអនុម័តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ ។ ដោយឡែកជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើដែនដីសណ្តទន្លេមេគង្គ ឬអតីតដែនដីកម្ពុជាក្រោម ពួកគាត់មិនត្រឹមតែគ្មានសិទ្ធិប្រារព្ធទិវានេះទេ គឺស្ទើរតែមិនបានស្គាល់នូវរបស់អ្វីដែលហៅថា “សិទ្ធិមនុស្ស” ទៀតផង ។
ប្រទេសយួន បានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ តែរដ្ឋាភិបាលកុម្មុយនិស្តយួន មិនបានគោរពលក្ខន្តិកៈច្បាប់អង្គការសហប្រជាជាតិទេ ជាពិសេសគឺសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ។ ហើយថែមទាំងត្រូវបានរដ្ឋាភិបាលយួនជាន់ឈ្លី និងរំលោភបំពានយ៉ាង គឃ្លើនទៀត ។
នៅក្នុងប្រទេសយួន រដ្ឋាភិបាលផ្តាច់ការមួយនេះមិនអនុញ្ញាតឲ្យប្រារព្ធទិវាសិទ្ធិមនុស្សជាដាច់ខាត ពិសេសគឺចំពោះជនជាតិដើមខ្មែរកម្ពុជាក្រោមតែម្តង ។ រដ្ឋាភិបាលយួនតែងតែឃោសនាថាខ្លួនតែងឧបត្ថម្ភ និងចូលរួមពង្រឹងសុខសន្តិភាពលើពិភពលោក ។ តែផ្ទុយទៅវិញ សូម្បីតែសិទ្ធិមូលដ្ឋានសំរាប់ជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលត្រូវសិក្សារៀនសូត្រប្រវត្តិសាស្រ្តរបស់ខ្លួន ប្រើប្រាស់ភាសាកំណើតរបស់ខ្លួន ក៏ត្រូវបានរដ្ឋាភិបាល យួន ហាមឃាត់ផងដែរ ហើយបើសិនជាខ្មែរក្រោមរូបណាហ៊ានរៀន ឬផ្សព្វផ្សាយនូវប្រវត្តិសាស្រ្តរបស់ផងខ្លួន នោះនឹងត្រូវបានបញ្ជូនចូលពន្ធនាគារភ្លាម ៗ ។
កាលពីដើមឆ្នាំ ២០០៧ មកដល់ពេលនេះ មានព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តយួនចាប់ផ្សឹក ហើយញាត់ចូលក្នុងពន្ធនាគារ ។ ថ្មី ៗ នេះ រដ្ឋាភិបាលកុម្មុយនិស្តយួននេះ ទើបបានដោះលែងព្រះសង្ឃមួយអង្គគត់ឲ្យមានសេរីភាពនៅក្រៅឃុំ ។ ប៉ុន្តែមិនមានន័យថា មានសិទ្ធិសេរីភាពពេញលេញនោះទេ ។
ដូច្នេះ តើនៅកម្ពុជាក្រោម ខ្មែរក្រោមអាចទទួលបានសុខសន្តិភាពដែរឬទេ បើរដ្ឋាភិបាលរបស់ក្រុងហាណូយ មិនអនុញ្ញាតឲ្យខ្មែរក្រោម មានសូម្បីតែសិទ្ធិមូលដ្ឋានរបស់ផងខ្លួននោះ ? ទង្វើរឹងរុះទាំងនេះ គឺផ្ទុយស្រឡះទៅនឹងច្បាប់អង្គការសហប្រជាជាតិនៅត្រង់មាត្រា ២៦ ចែងថា “រាល់ប្រជាជាតិទាំងឡាយមានសិទ្ធិទទួលការអប់រំ” ។
នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៥ បុរសខ្មែរក្រោមម្នាក់ ឈ្មោះ ប៊ិច ងឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវបានយួនកុម្មុយនិស្តព្រួតគ្នាវាយសម្លាប់ចោលសាកសពក្នុងទឹក ក្រោយពីជនរងគ្រោះបានចុះទៅរាវកាយដំឡូងរបស់យួន មកដើម្បីទទួលទាន ។ ប្រជាជនយួនបាននិយាយថា មូលហេតុដែលគេសម្លាប់បុរសខ្មែរក្រោម ឈ្មោះលោក ប៊ិច ងឿន ព្រោះលោកបានចូលទៅលួចកាយដំឡូងរបស់ពួកគេ ។ ក្រោយមក ក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានប្រទះឃើញសាកសពអណ្តែតហើមក្នុងទឹក ពោរពេញទៅដោយរបួសស្នាម ។ ប៉ុន្តែទោះបីជាមានអំពើឃាតកម្មយ៉ាងនេះក្តី ក៏រដ្ឋាភិបាលកុម្មុយនិស្តយួន ពុំបានយកចិត្តទុកដាក់ចំពោះបញ្ហនេះឡើយ ព្រោះអ្នកដែលត្រូវស្លាប់នោះ គឺជាខ្មែរក្រោម ។ ម្យ៉ាងទៀត គ្រួសារលោក ប៊ិច ងឿន ក៏មិនបានយករឿងឃាតកម្មនេះ ទៅឲ្យតុលាការយួនកាត់ក្តីដែរ ព្រោះគ្រួសារគាត់ក្រីក្រ ហើយទោះបីជាយ៉ាងណាក៏រដ្ឋអំណាចយួន នឹងមិនរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក្រោមដែរ ។ ដូច្នេះ តើខ្មែរក្រោមរស់ក្នុងសុខសន្តិភាពដែរឬទេ ពេលដែលខ្មែរក្រោមរស់នៅក្រោមរបបអាណានិគមយួនហើយទទួលនូវរឿងអយុត្តិធម៌បែបនេះ ?
ជាការពិតណាស់ ទិវាសិទ្ធិមនុស្សឆ្នាំនេះ ផ្តោតទៅលើ “ការប្រយុទ្ធប្រឆាំងនឹងភាពក្រក្រី, អមនុស្សធម៌, ភាពក្រីក្រគឺជាបញ្ហាដែលបង្កឲ្យមានការរំលោភបំពានសិទ្ធិមនុស្ស” ។ រដ្ឋាភិបាល យួន បានទទួលប្រាក់ឧបត្ថម្ភរាប់កោដិដុល្លារពីបរទេស ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសរបស់ខ្លួន ហើយរដ្ឋាភិបាលយួនក៏មានកលល្បិចជាច្រើន ដើម្បីបោកឲ្យអន្តរជាតិបន្តការផ្តល់ជំនួយដល់ប្រទេសរបស់ខ្លួន ដែលជំនួយទាំងនោះស្ទើរតែលើសពីថវិកាជាតិទៅទៀត ។ ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលយួនទទួលបានថវិកាជាង ២៦ កោដិដុល្លារ ដែលបានមកពីការចម្រាញ់យកប្រេងនៅក្នុងខេត្តអូរកាប់ (Vung Tau), ការកាប់, ការលក់ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ជនជាតិដើមខ្មែរកម្ពុជាក្រោម បូករួមទាំងជំនួយពីបរទេសផងដែរ តែរដ្ឋាភិបាលក្រុងហាណូយមិនបានចំណាយអ្វីទៅលើបងប្អូនខ្មែរកម្ពុជាក្រោមនោះឡើយ ។
ប្រសិនបើរដ្ឋាភិបាលក្រុងហាណូយ ជួយខ្មែរក្រោម ពួកគេបានត្រឹមតែកសាងផ្ទះមនុស្សធម៌ប៉ុន្មានខ្នង ជូនគ្រួសារបងប្អូនខ្មែរក្រោមក្រីក្រតែប៉ុណ្ណោះ ។ ដោយឡែកផ្ទះមនុស្សធម៌ដែលបានកសាងឲ្យនោះ គឺមានតែដំបូលឥតជញ្ជាំង ។ ប្រសិនបើគ្រួសារខ្មែរក្រោមក្រីក្រទាំងនោះត្រូវការធ្វើជញ្ជាំងបន្តទៀត ពួកគាត់ត្រូវតែខ្ចីប្រាក់ពីធនាគាររបស់យួន ។ ទាំងនេះគឺជាល្បិចដែលអាណានិគមកុម្មុយនិស្តយួន តែងប្រើប្រាស់មកលើខ្មែរក្រោមម្ចាស់ដី ។ ជាការពិតណាស់ នៅពេលខ្មែរក្រោមធ្លាក់ខ្លួនក្រ ពួកគាត់នឹងក្លាយទៅជាកូនបំណុលរបស់យួន ។ ដូច្នេះពួកគាត់ត្រូវបង្ខំចិត្តខ្ចីប្រាក់ពីធនាគារ ហើយពេលដែលពួកគាត់គ្មានប្រាក់សងបំណុលដ៏ខ្ពស់បំផុត នោះរដ្ឋាភិបាលយួនងាយស្រួលនឹងរឹបអូសយកដីធ្លីពីប្រជាកសិករខ្មែរក្រោមជាទីបំផុត ។
ដោយសារតែភាពក្រីក្រទាំងនេះហើយ ទើបមានយុវជន និងនិស្សិតខ្មែរក្រោមជាច្រើនរូប ត្រូវបង្ខំចិត្តបោះបង់ការសិក្សាទៅបំរើការងារឲ្យយួននៅតាមបណ្តាទីក្រុង ។ យុវជនទាំងនោះ ពួកគេពុំបានទទួលការអប់រំខ្ពស់ ជាពិសេសគឺពួកគេមិនបានចេះទាំងភាសាយួនថែមទៀត ។ ទាំងនេះហើយជាហេតុសំខាន់ ដែលបណ្តាលឲ្យពួកគេពុំអាចស្វែងរកការងារធ្វើបាន នៅតាមបណ្តារោងចក្រនានា ។ ពួកគេបានត្រឹមតែទៅបំរើនូវតាមផ្ទះជនជាតិយួន ដោយឃ្លាតឆ្ងាយពី
ម្តាយឪពុក ភូមិកំណើតជាទីស្រលាញ់របស់ពួកគេតែប៉ុណ្ណោះ ។
អំឡុងពេលដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលក្រុងហាណូយនឹងបើកទូលាយចិត្តល្អរបស់ខ្លួន ដើម្បីជួយជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមអាណានិគមរបស់ខ្លួន ។ ប្រសិន បើរដ្ឋាភិបាលក្រុងហាណូយ មិនបើកចំហនូវគោលនយោបាយ ក្នុងការជួយជនជាតិដើមនៅក្នុងប្រទេសយួនទេនោះ រដ្ឋាភិបាលក្រុងហាណូយ គឺគ្មានសង្ឃឹមឡើយ ថាទទួលបានជោគជ័យក្នុងគោលបំណងអភិវឌ្ឍន៍សហស្សវត្សថ្មីនោះ ។ ក្នុងពេលដែលជនជាតិដើមរស់នៅក្រោមអាណានិគមរបស់ខ្លួន កំពុងស្ថិតក្នុងភាពក្រីក្របែបនេះ កត្តាចំបងដែលពួកគាត់ចង់បានគឺសិទ្ធិមនុស្សជាមូលដ្ឋាន ដែលត្រូវបានអង្គការសហប្រជាជាតិប្រកាសជាសកល ហើយប្រសិនបើជនជាតិដើម អាចធ្វើជាម្ចាស់នៃសិទ្ធិរបស់ខ្លួន ពួកគេនឹងត្រូវបានរស់នៅក្នុងសន្តិភាព និងយុត្តិធម៌ជាទីបំផុត ។
ឆ្លងកាត់យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រនេះ យើងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលក្រុងហាណូយនឹងដោះស្រាយយ៉ាងប្រញាប់នូវរាល់បញ្ហាណា ដែលទាក់ទិនទៅនឹងខ្មែរកម្ពុជាក្រោមជាពិសេសផ្នែកសិទ្ធិមនុស្ស ។ ហើយយើងខ្ញុំសង្ឃឹមថា មេដឹកនាំយួន នឹងមិនឲ្យមានសម្រែកដ៏សែនអយុត្តិធម៌កើតមានឡើងក្នុងប្រទេសរបស់ខ្លួន ដូចដែលព្រះសង្ឃ និងបងប្អូនខ្មែរក្រោម ត្រូវបានធ្វើទុក្ខទោស គាបសង្កត់ រឹតបន្តឹងផ្នែកសិទ្ធិមនុស្ស និងរំលោភបំពានផ្នែកសាសនានោះទៀតឡើយ ៕.