០៤ កក្កដា ទិវាបុណ្យឯករាជ្យ នៃសហរដ្ឋអាមេរិក

សឹងតែមួយសប្តាហ៍កន្លងមកហើយ អ្នកដែលរស់ នៅលើទឹកដីនៃសហរដ្ឋអាមេរិក បានឮសូរសម្លេងផ្ទុះ ពីទីនេះម្តង ពីទីនោះម្តង ទាំងថ្ងៃយប់។ នោះមិនមែន ជាស្នូរកាំភ្លើង ដោយសារអសន្តិសុខ ដោយប្រការណា មួយទេ ប៉ុន្តែគឺស្នូរផាវតូចធំ ដែលអ្នកស្រុកអុច ដើម្បីអបអរសាទរ ចំពោះថ្ងៃបុណ្យឯករាជ្យនៃសហរដ្ឋ អាមេរិក។ ជាប្រពៃណី ជនជាតិអាមេរិកាំងតែងប្រារឰ ពិធីនេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី៤ខែកក្កដា ជាថ្ងៃ ដែលសហរដ្ឋអាមេរិក បានប្រកាសឯករាជ្យ ពីចក្រភព អង់គ្លេស។ ស្មារតីស្នេហាជាតិមាតុភូមិបានត្រូវ បង្ហាញឡើង ដោយការដោតទង់ជាតិសហរដ្ឋអាមេរិក ស្ទើរតែគ្រប់មុខផ្ទះ និងនៅតាមគ្រឹះស្ថាន សាធារណៈ។ ហើយពិធីអបអរសាទរក៏ត្រូវបានរៀបចំឡើងជាទូទៅ ទាំងជាផ្លូវការ និងជារបៀប គ្រួសារ។ ពិធីអបអរសាទរនេះ មានឬសគល់យ៉ាងជ្រៅទៅក្នុងប្រពៃណីអាមេរិកាំង អំពីសេរីភាព នយោបាយ។
តើនៅថ្ងៃបុណ្យនេះ ប្រជាពលរដ្ឋអាមេរិកាំងធ្វើអ្វីខ្លះ ?
មានមនុស្សតិចតួចណាស់ ដែលធ្វើការងារនៅថ្ងៃបុណ្យឯករាជ្យ។ គឺជាថ្ងៃដែលក្រុមគ្រួសារនាំគ្នាវេចខ្ចប់ ចំណីអាហារយកទៅតាមសួនឱទ្យានសាធារណៈ គឺថ្ងៃអាំងសាច់ទទួលទាន ជាការបង្ហាញអំពីការឱ្យ តម្លៃយ៉ាងខ្លាំង ទៅលើទំនៀមទម្លាប់អាមេរិកាំង ចំពោះសេរីភាពនយោបាយ ។ សកម្មភាពចម្រុះក្នុងទិវានេះ មានការប្រណាំងគ្នាទទួលទានផ្លែឳឡឹក ឬនុំប៉ាំងសាច់ដែលហៅថា ហតដក (Hot dog) និងល្បែកកីឡា ដូចជាការលេង បេសបល (Base ball) ការរត់ប្រណាំងដោយ ជើងបី ការហែលទឹក និងបាញ់គ្នាដោយកាំភ្លើងទឹកជាដើម។
សហគមចំនួនច្រើន បានរៀបចំពិធីអុជកាំជ្រួច កំដរដោយបទភ្លេងស្នេហាជាតិ។ កាំជ្រួចដែលល្អគួរ ឱ្យចាប់អារម្មណ៍ជាងគេ បានត្រូវបង្ហាញតាមកញ្ចក់ទូរទស្សន៍។ ពួកបុគ្គលិកខ្លះ បានយកថ្ងៃវិសមកាល ប្រចាំឆ្នាំរបស់គេមួយថ្ងៃ មកបន្ថែមលើការឈប់សម្រាកចុងសប្តាហ៍ បន្តសម្រាកឱ្យបានយូរ ដើម្បីគេច វេសពីសីតុណ្ហភាពរដូវក្តៅ ទៅសម្រាកកាយនៅតាមឆ្នេរសមុទ្រ ឬនៅតាមរមណីយដ្ឋាននានា។
ទិវាឯករាជ្យ គឺជាជាថ្ងៃបុណ្យស្នេហាជាតិ ដើម្បីអបអរសាទរចំពោះអ្វីដែលមានទិដ្ឋភាពជាវដ្តមាន ចំពោះសហរដ្ឋអាមេរិក។ អ្នកនយោបាយជាច្រើន បានបង្ហាញខ្លួននៅតាមទីកន្លែងដែលមានការរៀបចំ ជាសាធារណៈ ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនចំពោះប្រវត្តិសាស្ត្រ មត៌ក និងប្រជាពលរដ្ឋក្នុងប្រទេស។ លើសពីអ្វីទាំងអស់ ប្រជាពលរដ្ឋនៃសហរដ្ឋអាមេរិក បង្ហាញនូវការដឹងគុណចំពោះសេរីភាព និងឯករាជ្យ ដែលបានមកដោយការតស៊ូរបស់មនុស្សជំនាន់ដំបូងៗ នៃសហរដ្ឋអាមេរិកបច្ចុប្បន្នកាល។

ទិវាឯករាជ្យជាទិវាបុណ្យរបស់ជាតិ។ ដោយសកម្មភាព មនុស្សដ៏ច្រើន បានចេញដំណើរទៅទីដៅរៀងៗ ខ្លួន ចរាចរណ៍ក៏មានការកកស្ទះជាច្រើនកន្លែងដែរ។ រីឯ ប្រភពនៃការរៀបចំពិធីអបអរសាទរនេះ គឺនៅឆ្នាំ ១៧៧៥ ប្រជាពលរដ្ឋនៃរដ្ឋ នូវអ៊ីនគ្លែន(New England) បានចាប់ផ្តើមការប្រយុទ្ធជាមួយនឹងពួក អង់គ្លេស ដើម្បីឯករាជ្យរបស់រដ្ឋនេះ។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៧៧៦ សភាបានបោះឆ្នោតដោយ សម្ងាត់ អនុម័តយកឯករាជ្យពីចក្រភពអង់គ្លេស។ ការប្រកាសឯករាជ្យបានត្រូវធ្វើឡើងជាដំបូង ពីរថ្ងៃ ក្រោយ គឺនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦។ ការសូត្រឡើងជាលើកទី១ នូវសេចក្តីប្រកាសឯករាជ្យ បានធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៧៧៦។ ក្រុមប្រតិភូបានចុះហត្ថលេខា លើសេចក្តីប្រកាស ឯករាជ្យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៧៧៦។ នៅឆ្នាំ១៨៧០ ទិវាឯករាជ្យបានត្រូវរៀបចំឡើង ប៉ុន្តែពួក បុគ្គលិករបស់រដ្ឋមិនបានទទួលប្រាក់កម្រៃសម្រាប់ថ្ងៃបុណ្យនោះទេ។ គឺទាល់តែរហូតដល់ឆ្នាំ១៩៤១ ទើបពួកគេបានទទួលប្រាក់កម្រៃ សម្រាប់ឈប់សម្រាកនៅថ្ងៃបុណ្យឯករាជ្យ។
មានកំណត់សំគាល់ដ៏សំខាន់មួយ នោះគឺប្រធានាធិបតី ថូម៉ាស់ ជែហ្វឺសុន និង ចន អាដាំ ទាំងពីររូប ជាអ្នកបានចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យ ហើយហាសិបឆ្នាំក្រោយមក លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិកទាំងពីររូបនេះ ក៏បានធ្វើមរណកាលក្នុងថ្ងៃ-ខែ-និងឆ្នាំ ជាមួយគ្នា គឺនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨២៦ ដូចគ្នា។
ក៏ជារឿងគួរកត់សំគាល់មួយទៀត គឺមានជនជាតិកំណើតដើមអាមេរិកាំងរស់នៅក្នុងប្រទេស ហើយក្រុម កុលសម្ពន្ធទាំងនេះ មានជាតិនិងរដ្ឋាភិបាលផ្ទាល់របស់ពួកគេ។
ក្រៅពីទង់ជាតិអាមេរិកាំងដែលបក់នៅតាមផ្ទះ និងតាមគ្រឹះស្ថានសាធារណៈនានា អ្វីដែលជានិមិត្តរូបនៃ ឯករាជ្យរបស់សហរដ្ឋអាមេរិក គឺមានរូបសំណាកដ៏ល្បីល្បាញមួយ ដែលមនុស្សម្នាក្នុងពិភពលោកតែង ប្រាថ្នាចង់ឱ្យបានទៅដល់ ឱ្យបានឃើញនិងស្ទាបអង្អែល ហើយថតរូបទុកជាអនុស្សាវរីយ៍ផងនោះ គឺ គឺរូបសំណាកតំណាងឱ្យសេរីភាពនិងឯករាជ្យ (Statue of Liberty)កសាងឡើងនៅលើកោះ អែលី្លស អៃឡែន (Ellis Island) នៃទីក្រុងនូវយ៉ក។ អ្វីដែលគួរកត់សំគាល់ទៀតនោះ គឺរូបសំណាកនេះ ត្រូវបានធ្វើពីស្ពាន់សុទ្ធ ហើយមានកំពស់ជាងមួយរយម៉ែត្រ និងទម្ងន់ពីររយម្ភៃប្រាំតោន ។
អត្ថបទស្រាវជ្រាវដោយ ខ្ញុំបាទ សឺង សម្រេច/VOKK
នៃវិទ្យុសម្លេងកម្ពុជាក្រោម
ក្នុងឱកាសបុណ្យឯករាជនៃសហរដ្ឋអាមេរិក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១
ពីរដ្ឋកាលីហ្វ័រនីញ៉ា នៃសហរដ្ឋ អាមេរិក

.