សូមថ្វាយបង្គំ ព្រះថេរានុថេរៈ និងជនរួមឈាមខ្មែរជាទីគោរពរស្រឡាញ់រាប់អាន
ឆ្នាំនេះជាឆ្នាំទី៦១ នៃការបាត់សិទ្ធិជាម្ចាស់ស្រុកលើដែនដីកម្ពុជាក្រោម ដែលជាមត៌កខ្មែរដូច្នេះ កម្ពុជាក្រោមជាបញ្ហាខ្មែរ។
សហពន្ធ័ខ្មែរកម្ពុជាក្រោមសូមអំពាវនាវ ដល់ជនរួមឈាមខ្មែរទាំងនៅក្នុងស្រុក ក្រៅស្រុកជា ពិសេសនៅកម្ពុជាក្រោម ត្រូវចងចាំថាកម្ពុជាក្រោមជាដីខ្មែរ អាស្រ័យហេតុនេះ ថ្ងៃទី៤ ខែមិថុនា ខាង មុខនេះ សូមប្រជាជនខ្មែរ មេត្តាចូលរួមពិធីរំលឹកខួបទី៦១ ឱ្យបានគ្រប់ៗគ្នានិងឱឡារឹក។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី កៀង ប្រមូល វិទ្យុសម្លេងកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក
ជាច្រើនទស្សវត្សមកនេះ ខ្មែរយើងបានបន្តការទាមទារតវ៉ានិងជំរាបសង្គមអន្តរជាតិ ព្រមទាំងរំ លឹកដាស់តឿនខ្លួនឯងឱ្យស្គាល់ ឱ្យយល់ដឹងនៅអតីតកាល ដែលជាប្រភព នៃភាពអយុត្តិធម៌របស់អាណានិគមមកលើខ្មែរយើង។
ការយល់ដឹងនៅអតីតកាលនឹងនាំឱ្យពិភពលោក និងខ្មែរត្រូវធ្វើការសហការគ្នា ដើម្បីរកភាព រុងរឿង ប្រសើរនិងអនាគតដ៏ល្អដើម្បីកម្ពុជាក្រោម។ សក្ខីភាពដ៍ប្រកដដែលយើងបានយល់យ៉ាងច្បាស់ ក្រោយពីថ្ងៃទី៨ខែឧសភា ឆ្នាំ២០០៩ និងការចូលរួមវេទិការនៃជនជាតិដើមនៅអង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំនៅបូរីញ៉ូវញ៉កនោះ យើងបានយល់ច្បាស់ថាដំណោះស្រាយមានតែមួយ ដើម្បីប្តូរចរិក រដ្ឋាភិបាលយួនហាណូយគឺខ្មែរត្រូវតែសាមគ្គីគ្នា ត្រូវយល់ថាបញ្ហាកម្ពុជាក្រោមជាបញ្ហាខ្មែរតែមួយនិង អំពាវនាវអន្តរជាតិសហការជាមួយដាក់គំនាបលើគ្រប់មធ្យាយទាំងអស់។
សាមគ្គីភាព សហការនេះជាមគ្គុទេសក៍ ជាផែនទីយុទ្ធសាស្រ្ត ដើម្បីបំពេញនូវសុបិន្ត របស់ដូនតា និងរបស់យើងគ្រប់ៗរូប គឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង។
បុណ្យខួបទី៦១ក៍ដូចជាបុណ្យខួបមុនៗដែរ គឺគ្មានបំណងបង្កើតចលនាបំបែកស្រុក ឬបំផ្លេចបំ ផ្លាញជនណា ជាតិណា ឬបង្កអសន្តិសុខនោះទេ។ បំណងរបស់យើងគឺជំរះនូវភាពអយុត្តិធម៌ កង្វះការ គោរព រំលោភជិះជាន់ ប្រល័យពូជសាសន៍ និងអាណានិគមនិយមមកលើកដែនដីម្ពុជាក្រោម។
យើងស្រឡាញ់ទឹកដីរបស់យើង ប្រជារាស្រ្តយើង និងគោរពដល់អ្នកស្នេហាជាតិរបស់យើង ដែលលះបង់បូជាជីវិតជួនជាតិ។ យើងសង្ឃឹមថា បុណ្យខួបរំលឹងការបាត់បងទឹកដី និងធ្វើឱ្យខ្មែរ យើង មានមោនភាពជាខ្មែរឡើងវិញ ម្យ៉ាងនិងជំរុញឱ្យរដ្ឋាភិបាលកុម្មុនីស្តយួន ត្រូវតែគោរពលើរាល់មាត្រា ច្បាប់សិទ្ធិមនុស្ស សិទ្ធិជនជាតិដើម ព្រមទាំងលះបង់ចោលនូវគំនឹតអនានិគមអោយបានឆាប់បំផុត។
យើងសង្ឃឹមថា រដ្ឋាភិបាលកុម្មុយនីស្តយួនចង់ឃើញនូវសេចក្តីសុខ សន្តិភាពកើតមានដល់ជន ជាតិទាំងនៅវៀតណាម រួមទាំងជនជាតិវៀតណាមផង។
ព្រះពុទ្ធជាម្ចាស់នៃយើងមានព្រះពុទ្ធដិកាថា វត្ថុ៣លើលោកនេះមិនអាចលាក់កំបាំងបាន គឺព្រះ អាទិត្យ ព្រះចន្ទ័និងការពិត។ ការតស៊ូអហឹង្សារបស់យើង គឺយកការពិតជាមូលដ្ឋានដើម្បីវែកបំភ្លឺនូវភាព អយុត្តិធម៌ដែលកើតមានឡើងមកលើខ្មែរក្រោមនៅក្នុងស្រុក។ យើងមានជំនឿថា ខ្មែរក្រោមនិងត្រូវ បានទទួលស្គាល់និងរាប់បញ្ចូលក្នុងមហាគ្រួសារ នៃពិភពលោកនេះនាពេលដ៏ខ្លីខាងមុខនេះ មិនខាន ឡើយ។ ពេលណាយើងក្រឡេកមើលអតីតកាលនៃប្រវត្តិសាស្ត្រជាតិ គ្មានកូនខ្មែរណាម្នាក់មិនទទួល អារម្មណ៍ក្តុកក្តួល ឈឺចាប់ នូវអ៊្វីៗ ដែលដូនតាយើងបានត្រូសត្រាយ ដើម្បីកូនចៅជំនាន់ក្រោយ និងការ រងទុកឈឺចាប់ជាទីបំផុត ដែលពួកគាត់ទទួលទារុណកម្មលើដែនដីកំណើតរបស់ខ្លួន។
ដំណើរជីវិតរស់នៅ ជំនឿសាសនា វប្បធម៌ ប្រពៃណី និងតម្លៃជាខ្មែរបាននិងកំពុងតែរលាយ បន្តិចម្តងៗនៅចំពោះមុខយើងគ្រប់គ្នាជារៀងរាល់ថ្ងៃ នៅសល់តែសមុទ្រទឹកភ្នែក គំនរទុក្ខនិងសេចក្តី អស់សង្ឃឹមប៉ុណ្ណោះ។
ខួបទី៦១រំលឹកឡើងនូវប្រវត្តិសាស្រ្ត ការតស៊ូដ៏អង់អាចក្លាហានរបស់វីរសមណៈ និងវីរបុរសជាតិ ដែលបានបូជាជីវិតរបស់ខ្លួន ដើម្បីរក្សានូវវប្បធម៌ អក្សរសាស្រ្ត ។ល។ ឲ្យបានគង់រហូតមកដល់បច្ចុប្បន្ន កាលនេះ។
៤ មិថុនា ឆ្នាំ១៩៤៩ ជាទិវាបង្កលក្ខណៈសាមគ្គីជាតិ សេចក្តីក្លាហាន ពង្រឹងស្មារតីស្នេហាជាតិ សេចក្តីស្មោះត្រង់ចំពោះជាតិនិងជនរួមឈាមខ្មែរក្រោមដែលកំពុងរងគ្រោះក្រោមនឹមអាណានិគមយួនហាណូយ។
គោលបំណង នៃទិវាឃួប៦១ មាន៣ចំណុច ៖
– ចងចាំនូវប្រវត្តិសាស្រ្តដ៏អាស្រូវ ដើម្បីរកមធ្យោបាយបញ្ឈប់រាល់អំពើអាណានិគមនិយមមកលើ ខ្មែរក្រោម។
– ដំឡើងសាមគ្គីជាតិ ដើម្បីបង្រ្កាបរាល់មហិច្ឆិតាលេបទឹកដីខ្មែរនាបច្ចុប្បន្ន និងក្នុងអនាគតដោយ បរទេស។
– ប្តេជ្ញាតស៊ូដើម្បីការពារព្រលឹងជាតិ មានជាអាទិ៍ វប្បធម៌ អារ្យធម៌ អក្សរសាស្រ្តខ្មែរ និងធ្វើឲ្យខ្មែរ ក្រោម មានសិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង។
សហព័ន្ធខ្មែរកម្ពុជាក្រោម និងបន្តរចលនាអន្តរជាតិ ដើម្បីបំភ្លឺពិភពលោកអោយដឹងថា រដ្ឋាភិ បាលកុម្មុនីស្តមិនត្រឹមតែធ្វើអាណានិគមលើកម្ពុជាក្រោមប៉ុណ្ណោះទេ ថែមទាំងមានបំណងបំបាត់ព្រ លឹងនិងឬសគល់ដែលខ្មែរទៀងផង។ ទង្វើទាំងនេះគ្មានអ្នកណាទទួលយកបានឡើយ។
ខួបទី៦១និងរំលឹកនូវឡើងវិញនូវអតីតកាលថា តើខ្មែរយើងបានឆ្លងកាត់នូវគ្រោះកាចយ៉ាង ណាក្រោមនឹមអាណានិគមយួន។ ត្រូវចងចាំថាអតីតកាល និងបន្តនូវភាពមហន្តរាយដល់ខ្មែរយើងនា ពេលបច្ចុប្បន្ន និងអនាគតកាលបើយើងមិនក្រោកឡើងតស៊ូទេនោះ។
យើងខ្ញុំសូមអំពាវនាវដល់ជនរួមឈាមទូទាំងសកលថាមានតែការតស៊ូអហឹង្សាតាមកំលាំងសមគ្គីរួមទេដែលអាចឈ្នះលើកុម្មុនិស្តិយួនក្រុងហាណូយ។
ការតស៊ូអហឹង្សាបានទទួលជ័យជំនះមានដូចជា៖
– ព្រឹត្តិការណ៍នៅពីលីពិនប្រឆាំងនិង ម៉ាកូស នៅខែកុម្ភៈ ឆ្នាំ១៩៨៦,
– ការទំលាក់របបដឹកនាំស្សឺប៊ៀនដោយលោក ស្លូប័រដាន ម៉ីឡូស៊ីវិក នៅឆ្នាំ ២០០០
– ចលនាតស៊ូប្រឆាំងទីម័រខាងកើត និងការកាន់កាប់របស់ឥណ្ឌូណេស៊ី ហើយបានឯករាជ្យ ឆ្នាំ១៩៩៩។
– ការរំលំរបបប្រកាន់ពូជសាសន៍នៅអាហ្រឹកខាងត្បូង នៅឆ្នាំ១៩៩០។
– ចលនាសទ្ធិមនុស្សអាមេរិកកាំង ឆ្នាំ១៩៥០ និង១៩៦០។
– ចលនាដើម្បីឯករាជ្យដឹកនាំដោយ មហាត្មៈ គន្ធី ឆ្នាំ១៩២០ដល់១៩៤០។
តើចលនាអហឹង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបានជោគជ័យដែរឬទេ? ការពិតយើងទទួលបានជោគជ័យជាបន្តបន្ទាប់ដូចជា៖
– សេចក្តីសំរេចរបស់សភាអ៊ឺរុបនៅខែតុលា ២០០៨ ក្រុងស្ត្រាសប៊ួស។
– បាតុកម្មនៅទីក្រុងហ្សឺណែង និងជុំវិញពិភពលោក ដើម្បីដោះលែងព្រះសង្ឃខ្មែរក្រោម។
– មហាបាតុកម្មនៅទីក្រុងហ្សឺណែងពេលរដ្ឋាភិបាលយួនមកបំភ្លឺពីបញ្ហាសិទ្ធិមនុស្ស។
– ការបានចេញផុតពីគុកយួននិងមកតាំងទីលំនៅថ្មីនាប្រទេសទី៣របស់អតីតព្រះសង្ឃខ្មែរក្រោមទាំង៦រូប ។ល។និង។ល។
ខួបរំលឹកទី៦១គឺជាទិវាដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំនៅរាល់សកម្មភាព និងការបូជាជីវិត របស់ដូនតាយើងនៅគ្រប់កាលៈទេសៈនិងព្រឹត្តិការណ៍ទាំងអស់។
ខួបរំលឹកថ្ងៃនេះ គឺដើម្បីបញ្ចប់នូវការឈឺចាប់ របស់ខ្មែរក្រោមយើង និងចង់បំភ្លឺនូវការពិតតើរដ្ឋា ភិបាលកុម្មុនីស្តយួន មានមហិ្ឆតាដល់កំរិកណាមកលើខ្មែរយើង។
សូមឱ្យព្រះពុទ្ធជាម្ចាស់នៃយើង ប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ ដល់ដួងវិញ្ញាណក្ខ័ន្ធ ដល់ វីរៈបុរសជាតិ ដួងព្រលឹងខ្មែរគ្រប់ជំនាន់។ សូមទិវាខួបទី៦១ ជួយជំរុញកំលាំងស្មារតីសាមគ្គី ចំពោះ កូនខ្មែរគ្រប់ៗរូប ដើម្បីចងចាំនៅអនុស្សាវរីយ៍ដ៏មហាសោកនាដកម្ម របស់ជនជាតិដើមខ្មែរក្រោម ដែល រដ្ឋាភិបាលបក្សកុម្មុយនីស្តយួន ដឹកនឹមអាណានិគមទៅលើទឹកដីកម្ពុជាក្រោម។
ធ្វើនៅសហរដ្ឋអាមេរិក, ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១០
អំពីខ្ញុំព្រះករុណាខ្ញុំបាទ
ថាច់ ង៉ុក ថាច់
ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម.