ទស្សនៈរបស់សហព័ន្ធខែ្មរកម្ពុជាក្រោម អំពីឯករាជ្យ ?

ប៉ុន្មានថ្ងៃមុន អ្នកខ្លះបានលើករឿង “ ឯករាជ្យ “ មកជជែក ដែលខ្ញុំយល់ឃើញថា ត្រូវតែបំភ្លឺឲ្យច្បាស់ ដូចតទៅ ៖
ឯករាជ្យ ម្ចាស់ការ ចាកផុតពីនឹមត្រួតត្រារបស់បរទេសជាចំណង់របស់យើងគេរាល់គ្នា។ ការតស៊ូរបស់ បុព្វ ការីជនខែ្មរ តាំងពីយូរលង់មក ក៏នៅក្នុងគោលបំណងតែមួយនេះ។ យោងទៅលើប្រវត្តិសាស្រ្ត គតិយុត្តិ និងភស្តុ តាង បានបង្ហាញឲ្យឃើញច្បាស់ថា ខែ្មរយើងនៅតែរក្សាទុកអធិបតេយ្យភាព របស់ខ្លួននៅកម្ពុជាក្រោមនៅឡើយ។
ចំពោះសហព័ន្ធខែ្មរកម្ពុជាក្រោម ឯករាជ្យ ឬការផ្តាច់ខ្លួនពីប្រទេសយៀកណាម គឺជាសេចក្តីសម្រេចរបស់ បងប្អូនរួមជាតិខែ្មរនៅក្នុងស្រុក។ មេរៀនប្រវត្តិសាស្រ្តដែលខែ្មរត្រូវបង់តម្លៃ ដោយគំនរឈាម និងមហាសោកនាដ កម្ម តាំងពីជំនាន់ លោកតា សឺង គុយ រហូតដល់ជំនាន់ព្រះតេជគុណ គឹម តុក ចើង បានឆ្លុះបញ្ចាំងឲ្យឃើញថា ការប្រកាសឯករាជ្យ កម្ពុជាក្រោម មិនបាននាំមកនូវលទ្ធផល ដែលយើងគ្រោងបំណងឡើយ។
ការតស៊ូសេ្នហាជាតិដោយប្រាកដនិយម ត្រូវផ្តោតទៅលើស្ថានការណ៏ជាក់ស្តែងនៃសង្គមជាតិ។ ការពិនិត្យ ស្ថានការណ៏ជាក់ស្តែងនៃសង្គមជាតិនោះសោត ត្រូវសំដៅលើលក្ខណៈបីយ៉ាងគឺ៖ ១/ កាលៈទេសៈ ២/ កម្លាំងរបស់ យើង កម្លាំងរបស់សត្រូវ និង ៣/ ឆន្ទៈរបស់ប្រជាជន។
សហព័ន្ធខែ្មរកម្ពុជាក្រោម បានកំណត់គោលដៅយ៉ាងច្បាស់លាស់នោះគឺ៖ តស៊ូទាមទារឲ្យរដ្ឋាភិបាលយួន គោរពនូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ដូចបានចែងក្នុងសេចក្តីប្រកាស ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ នៃ សហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (united Nation Declaration on the Right of the Indigenous People September 13, 2007)
“ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង “ មានន័យថា សិទ្ធិជ្រើសរើស របបនយោបាយ និងរបៀបកសាង សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយសេរី ដូចបានចែងក្នុងមាត្រាទី៣ នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិ ជនជាតិដើម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧។
អាស្រ័យទៅលើអំពីរបស់រដ្ឋាភិបាលយៀកណាម និងឆន្ទៈរបស់ប្រជាជនខែ្មរក្រោម លទ្ធផលនៃការប្រតិ បត្តិនូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង មានបីចំណុចសំខាន់គឺៈ ទី១ រួមរស់ ទី២ ស្វ័យយ័ត និងទី៣ ឯករាជ្យ។
បើយួនប្រគល់សិទ្ធិជាម្ចាស់ស្រុកពេញលេញឲ្យខែ្មរ ប្រជាពលរដ្ឋគាត់នឹងទទួលយកចំណុចទីមួយខាងលើ គឹថា ខែ្មរ និងយៀកណាម រួមរស់ជាមួយគ្នា ជាសហភាព ដូចប្រទេសកាណាដាជាដើម ពីព្រោះខែ្មរស្រឡាញ់យុត្តិធម៌ សន្តិភាព មោទនភាព និងសហប្របត្តិការ។
បច្ចុប្បន្នកាលនេះ ព្រោះតែឧបាយកល់ ពឹសពុល របស់យួន ដែលខែ្មរកម្ពុជាក្រោម កំពុងតែប្រឈមមុខ នឹងជ្រោះមរណៈ។ អត្តសញ្ញាណរបស់ខែ្មរយើង នៅកម្ពុជាក្រោម នឹងរលាយដូចចាម បើសិនជាយើងមិនមានពិធី ទប់ទល់ ត្រឹមត្រូវ។ អាស្រ័យហេតុនេះ អ្វីដែលខែ្មរក្រោម ត្រូវការបំផុតនាបច្ចុប្បន្នគឺ សិទ្ធិមនុស្ស សិទ្ធិរស់នៅដោយ សុវត្ថិភាព នឹងសិទ្ធិរក្សា សាសនា ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី របស់ជនជាតិខែ្មរ នៅលើដែនដីសន្តរទន្លេ មេគង្គ។
យោងទៅតាម កាលៈទេសៈ កម្លាំងរបស់យើង កម្លាំងរបស់សត្រូវ និងឆន្ទៈរបស់ប្រជាជន សហព័ន្ធខែ្មរ កម្ពុជាក្រោម បានរៀបចំយុទ្ធសាស្រ្ត “ ដំណើរមហាយាត្រាឆ្ពោះទៅកាន់មាតុភូមិ “ ។
ដំណើរមហាយាត្រាឆ្ពោះទៅកាន់កាន់មាតុភូមិ “ ជាពាក្យស្លោករំឭកឲ្យកូនខែ្មរទាំងអស់គ្នាចាំថា រាល់ សកម្មភាព របស់សហព័ន្ធខែ្មរកម្ពុជាក្រោម គឺដើម្បីផលប្រយោជន៏ដល់ប្រជាពលរដ្ឋខែ្មរ ដែលរស់នៅលើដែនដី កម្ពុជាក្រោម មិនមែនដើម្បីប្រកួតប្រជែងនិងគ្នាឯងនៅក្រៅស្រុកទេ ហើយក៏មិនមែនដើម្បីជ្រៀតជ្រែតនយោបាយ នៅប្រទេសកម្ពុជាដែរ។
ខ្លឹមសារ នៃផែនការណ៏ “ ដំណើរមហាយាត្រាឆ្ពោះទៅកាន់មាតុភូមិ “ គឺយើងធ្វើអ្វីៗទាំងអស់ ដើម្បីបង្ក លក្ខណៈឲ្យការតស៊ូ បានរីកចំរើនជាលំដាប់ និងឋិតថេរចីរកាល រហូតដល់ខែ្មរមានអំណាចពេញលេញ ក្នុងការ ត្រួតត្រាទឹកដីកម្ពុជាក្រោម តាមច្បាប់អន្តរជាតិ។.