ទស្សនៈបក្សនិងប្រទេសកុម្មុយនីស្តយួន ជុំវិញបញ្ហាសិទ្ធិមនុស្ស

ដោយៈ ចៅ មុនីខេមរា
កាលពីថ្ងៃទី ៨ ខែមករា កន្លងមកនេះ វិទ្យាស្ថានយោ-បាយ រដ្ឋបាលជាតិទីក្រុងព្រៃនគរ បានរៀបចំសន្និបាតមួយ ដើម្បីវាយតំលៃសកម្មភាពនៃការស្រាវជ្រាវ អប់រំអំពីបញ្ហាសិទ្ធិមនុស្ស តាមទស្សនៈ និងការយល់ឃើញរបស់បក្ស និងរដ្ឋ នៃប្រទេសកុម្មុយនិស្តយួន ។
 ថ្លែងនៅក្នុងសន្និបាតនេះ សាស្រ្តាចារ្យឈ្មោះ ង្វៀង ដាំងថាញ់ អនុប្រធានវិទ្យាស្ថាននយោបាយ រដ្ឋបាលជាតិទីក្រុងព្រៃនគរ បាននិយាយថា ការអប់រំអំពីសិទ្ធិមនុស្ស គឺមានការជាប់ពាក់ព័ន្ធនឹងការឃោសនាទស្សនៈគោលនយោបាយរបស់បក្ស និងប្រទេសអំពីសិទ្ធិមនុស្សជាតិ ហើយក៏ជាការគត់សម្គាល់ពីបុគ្គលិកលក្ខ័ណៈបុគ្គលក្នុងការអនុវត្តន៍ តាមដានការពារសិទ្ធិមនុស្ស ។
 ឈ្មោះ ង្វៀង ដាំងថាញ់ បានបន្តទៀតថា បញ្ហាសិទ្ធិមនុស្ស ត្រូវបានយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្រៀននៅប្រទេសយួន ក្នុងសម័យដូរថ្មី ពោលគឺពីពាក់កណ្តាលទសវត្សរ៍
ទី ៨០ មកម៉្លេះ ។
 ក្នុងសន្និបាតនេះ បណ្ឌិត ង្វៀង ធីបាវ សមាជិកនៃវិទ្យាស្ថានស្រាវជ្រាវផ្នែកសិទ្ធិមនុស្សរបស់រដ្ឋផ្តាច់ការយួន ក៏បានសង្កត់ធ្ងន់ថា ការឃោសនាអំពីសមិទ្ធផលមូលដ្ឋាន ស្តីពីសិទ្ធិមនុស្ស ដែលប្រទេសយួនខំប្រឹងធ្វើបានដូចសព្វថ្ងៃ បានធ្វើឲ្យមនុស្សម្នាលលើពិភពលោកស្គាល់ប្រទេសយួនយ៉ាងច្បាស់ ហើយបានច្រានចោលចំពោះការថ្កោលទោស និយាយបំផ្លើសដោយគ្មានភស្តុតាង ឈរលើមូលដ្ឋានកេងចំណេញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ពួកខ្លាំងប្រតិកិរិយានៅខាងក្រៅប្រទេស ។
 ខណៈពេលនោះ សាស្រ្តាចារ្យជនជាតិយួនម្នាក់ទៀតឈ្មោះ ង្វៀង ថាញ់ទុង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអំពីសិទ្ធិមនុស្ស បាននិយាយអះអាងទាំងបំផ្លើសថា បក្ស និងរដ្ឋ បានតម្រង់ទិសដៅយ៉ាងយកចិត្តទុកដាក់អំពីបញ្ហាសិទ្ធិមនុស្ស ចាប់តាំងពីសិទ្ធិប្រជាពលរដ្ឋ សិទ្ធិឧត្តមគតិ នយោបាយ សិទ្ធិការងារ រហូតដល់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធមិ។ តាមបុគ្គលឈ្មោះ ង្វៀង ថាញ់ ទុង ឲ្យដឹងទៀតថា សិទ្ធិនៃក្រុមមនុស្សដែលងាយនឹងទទួលការប៉ះទង្គិចក្នុងសង្គម គឺអ្នកក្រីក្រ ស្រ្តី កុមារ មនុស្សចាស់ជរា ជនជាតិភាគតិច ក្រុមសាសនា ក៏ត្រូវបានរដ្ឋាភិបាលការពារ និងលើកកម្ពស់ដែរ ។
 ទោះបីជាក្រុមវិទ្យាស្ថានស្រាវជ្រាវផ្នែកសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកុម្មុយនិស្តយួនបានអះអាងបែបនេះក្តី ប៉ុន្តែស្ថានភាពសិទ្ធិមនុស្ស សេរីភាពជំនឿសាសនា សិទ្ធិកាន់កាប់ដីធ្លី និងសិទ្ធិទទួលបានការអប់រំរបស់ជនជាតិភាគតិច និងជនជាតិដើមនានាក្នុងប្រទេសយួន នៅតែត្រូវបានអ្នកមានអំណាច និងរដ្ឋាភិបាល
ផ្តាច់ការក្រុងហាណូយរំលោភទាំងគឃ្លើន ។
 ស្រ្តីខ្មែរក្រោមមួយរូប ដែលបានចូលរួមដឹកនាំប្រជាពលរដ្ឋ ក្នុងស្រុកស្វាយទង ធ្វើការតវ៉ាទាមទារឲ្យក្រុមអាជ្ញាធរដោះស្រាយពាក្យបណ្តឹងរឿងដីធ្លី និងប្រគល់ដីធ្លីដែលត្រូវបានក្រុមអ្នកមានអំណាច ឬជនជាតិយួនរឹបអូសយកកាលពីទសវត្សរ៍ទី ៧០ និយាយប្រាប់ “ព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម” ថា រដ្ឋាភិបាលយួននៅតែអសមត្ថភាពដោះស្រាយរឿងដីធ្លីជូនខ្មែរក្រោម។ ហើយ ការសន្យារបស់ពួកគេ គឺនៅតែសន្យាជាដដែល ។
 ស្រ្តីខ្មែរក្រោមរូបនេះ បានស្រែកប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម កាលពីដើមខែមករា ដូច្នេះថា៖ “ពួកខ្ញុំបានទៅតវ៉ានៅរដ្ឋសភា ហើយដាក់ពាក្យបណ្តឹងទៅរដ្ឋសភា ។ ខាងរដ្ឋសភា ប្រាប់ថាឲ្យខាងឃុំ និងស្រុកដោះស្រាយ តែពួកខ្ញុំមកដល់ឃុំ ពួកគេមិនដោះស្រាយជូនពួកខ្ញុំ ។ ពេលពួកខ្ញុំមកដល់ឃុំចូវឡាំង តវ៉ាឲ្យគេ (អាជ្ញាធរឃុំ)ដោះស្រាយ តែពួកគេនិយាយថា គេមិនដោះស្រាយស្អីទាំងអស់ ។ ប្រធានឃុំចូវឡាំង ឈ្មោះ វៀក បាននិយាយប្រាប់ពួកខ្ញុំត្រង់ ៗ ថា ដីធ្លីរបស់ពួកខ្ញុំត្រូវបានគេលក់អស់កាលពីឆ្នាំ ១៩៩៣-១៩៩៤ ។ ដូច្នេះបើពួកខ្ញុំចង់ទៅប្តឹងទីណាទៅទៅ ដល់ពេលពួកខ្ញុំរៀបចំចេញពីផ្ទះទៅប្តឹងនៅខេត្ត ពួកវាឲ្យនគរបាល ១១៣ (កម្លាំងសំរាប់បង្រ្កាបកុប្បកម្ម) មកហ៊ុំព័ទ្ធ
ផ្ទះពួកខ្ញុំ…”។
 ចំពោះរឿងរំលោភសិទ្ធិមនុស្ស ពិសេសសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម គឺត្រូវបានសហគមន៍អន្តរជាតិដឹងឮទូទាំងពិភពលោក ទាំងនេះដោយសកម្មភាពតស៊ូរបស់បងប្អូនជនរួមខ្មែរ ខ្មែរក្រោម ក្រោមការដឹកនាំដ៏ភ្លីស្វាងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់នៅសហរដ្ឋអាមេរិក ។ ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលបានរត់ភៀសខ្លួនទៅដល់ប្រទេសកម្ពុជា និងចូលរួមធ្វើ
កូដ្តកម្ម នៅខាងមុខទីស្នាក់ការឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR កាលពីដើមខែសីហា ឆ្នាំ ២០០៥ ប្រចាំនៅទីក្រុងភ្នំពេញ បានអះអាងថា នៅកម្ពុជាក្រោមមានការលំបាកយ៉ាងខ្លំាងសំរាប់ការសិក្សារៀនសូត្រ របស់ព្រះសង្ឃ ក៏ដូចជាពលរដ្ឋខ្មែរក្រោម ។ ជាមូលហេតុនាំឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ត្រូវភៀសខ្លួនទៅបន្តការសិក្សានៅប្រទេស
កម្ពុជា ឬទាមទារឲ្យសហប្រជាជាតិជួយរកយុត្តិធមិ ។
 ក្រៅពីជួបការលំបាកក្នុងការសិក្សារៀនសូត្រ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម នៅជួបការលំបាកជាច្រើន ដូចជាការគោរពប្រតិបត្តិសេរីជំនឿ ការបញ្ចេញមតិ និងការសេរីភាព នៃការដើរហើរជាដើម ។ ព្រះសង្ឃខ្មែរក្រោម ដែលធ្លាប់ត្រូវបានរដ្ឋាភិ-
បាលយួនតាមច្បាប់ខ្លួន ដោយសារផ្សព្វផ្សាយព្រឹត្តិបត្រសហព័ន្ធខ្មែរកម្ពុជាក្រោម បន្តអះអាងទៀតថា៖ “រឿងសិទ្ធិមនុស្ស ចូរយើងទាំងអស់គ្នាពិនិត្យមើលនូវអ្វីដែលរដ្ឋាភិបាលយួនបានធ្វើ យើងមិនត្រូវស្តាប់នូវអ្វីដែលពួកគេនិយាយនោះទេ ។ ជាក់ស្តែង សិទ្ធិសេរីភាពខ្មែរក្រោម ត្រូវបានគេបិទបាំង”។
 ចំណែកលោក Marco Perduca សមាជិកសភា នៃសហគមន៍អឺរ៉ុប តំណាងរាស្រ្តទៅពីប្រទេសអ៊ីតាលី ល្បីល្បាញខាងការតស៊ូដើម្បីសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ដែលត្រូវបានគេរំលោភបំពាននៅលើពិភពលោក ។ លោក Marco Perduca បានមានប្រសាសន៍ថា៖ “សព្វថ្ងៃសភាអ៊ីតាលីក៏មានព័ត៌មានពីជីវភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយួន ។ ក៏ប៉ុន្តែគួរឲ្យសោកស្តាយយ៉ាងខ្លាំង ដែលគ្មានអ្នកណានិយាយដល់ស្ថានភាពសិទ្ធិមនុស្ស ឬសេរីភាពសាសនានៅក្នុងប្រទេសយួនឡើយ ។ ដូច្នេះ ទើបសភាអ៊ីតាលី ត្រូវតែគត់សម្គាល់នូវអ្វីដែលកើតឡើងប្រចាំថ្ងៃនៅក្នុងប្រទេសយួន ដែលយើងខ្ញុំបានដឹងតាមរយៈព័ត៌មានអន្តរជាតិ ហើយភាគច្រើនសុទ្ធសឹងតែជារឿងរំលោភបំពានសិទ្ធិមនុស្ស ដែលកំពុងតែពេញនិយម និងកើតមានឡើងគ្រប់ខេត្ត-ក្រុងក្នុងប្រទេសយួន ។ ម្យ៉ាងទៀត ដើម្បីស្វែងយល់រឿងពិតដោយខ្លួនឯង កាលពីចុងខែធ្នូកន្លងមកនេះ តំណាងរាស្រ្ត Penella បានរួមដំណើរនឹងយើងខ្ញុំចង់ទៅទស្សនៈកិច្ចក្នុងប្រទេសយួន ទោះបីរដ្ឋសភាប្រទេសយួនបានអញ្ជើញយើងខ្ញុំដោយផ្ទាល់ ទីបំផុតយើងខ្ញុំត្រូវគេលេបសំដី ។ ដូច្នេះហើយទើបយើងខ្ញុំមិនអាចទៅបាន”។
 ជាមួយបទសម្ភាសន៍នឹងវិទ្យុបរទេសមួយ សមាជិកសភាសហគមន៍អឺរ៉ុប លោក Marco Perduca កំពុងបំពេញទស្សនៈកិច្ចនៅឯប្រទេសហូលឡុងដ៍ លោកបានសង្កត់ធ្ងន់ថា លោកនឹងបន្តការតាមដាននូវអ្វីដែលលោកបាន និងកំពុងតែធ្វើកាលពីមុនមក៖ “យើងខ្ញុំនឹងប្រឹងប្រែង ដើម្បីទទួលបានព័ត៌មានស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសយួន ហើយពិភាក្សាជាមួយនឹងបណ្តាប្រទេសសហគមន៍អឺរ៉ុប អំពីសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងប្រទេសយួន ក្នុងសកម្មភាពនយោបាយ និងសាសនា ។ ហើយក៏នឹងគត់សម្គាល់ពីករណីរំលោភបំពានសិទ្ធិមនុស្ស ដែលកើតឡើងគ្រប់ទីកន្លែង និងជាញឹកញាប់ ជាពិសេសគឺតំបន់ខ្ពង់រាប និងតំបន់ជនជាតិភាគតិច ។ ក្រៅពីនេះ យើងក៏សំណូមពរដល់រដ្ឋាភិបាលក្រុងហាណូយអនុញ្ញាតឲ្យអ្នកសង្កេតការណ៍សហគមន៍អឺរ៉ុប ទៅបំពេញទស្សនកិច្ចនៅតំបន់មួយចំនួន ដែលតែងតែកើតឡើងករណីរំលោភសិទ្ធិសាសនា ដាក់គំនាបផ្នែកសិទ្ធិមនុស្ស ដែលក្រុមអង្គការអន្តរជាតិ ដូចជាអង្គការឃ្លំាមើលសិទ្ធិមនុស្ស Human Rights Watch, អង្គការលើកលែងទោសអន្តរជាតិ Amnesty International រកឃើញ ដើម្បីធ្វើការប្រៀបធៀបទៅនឹងអ្វី ដែល
រដ្ឋាភិបាលក្រុងហាណូយ បានបង្ហាញដល់សាធារណៈជន ក្នុងគោលបំណងបញ្ជាក់ថា អ្វី ៗ គ្រប់យ៉ាង គឺមានសេរីភាព និងសិទ្ធិគ្រប់គ្រាន់ ។ ហើយប្រសិនជាមានការរំលោភបំពានផ្នែកសិទ្ធិមនុស្សពិតមែន យើងខ្ញុំនឹងស្នើដល់សហគមន៍អឺរ៉ុបបញ្ឈប់ជំនួយសេដ្ឋកិច្ច ហិរញ្ញវត្ថុដល់ក្រុងហាណូយ ។ ពីព្រោះថា វាជារឿងអាក្រក់អាក្រីខ្លាំងណាស់ ដែលថវិកាជំនួយដើម្បីកែប្រែសង្គម អភិវឌ្ឍន៍សេដ្ឋកិច្ច បំបាត់ភាពក្រីក្រ បែរជាត្រូវគេប្រើប្រាស់ក្នុងយុទ្ធនាការលុបបំបាត់សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋក្នុងប្រទេសយួន”។
 គួររំលឹកជូនថា កាលពីថ្ងៃទី ១៨ ធ្នូ កន្លងទៅនេះ ក្រុមមេដឹកនាំផ្តាច់ការក្រុងហាណូយ ដែលបានទៅធ្វើទស្សនកិច្ចនៅទី
ស្នាក់ការសភាសហគមន៍អឺរ៉ុប នាទីក្រុង Brussels និងទីក្រុង Strasbourg ក្នុងកិច្ចពិភាក្សាលើកទី ៧ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីថ្មីរវាងសហគមន៍អឺរ៉ុប និងប្រទេសយួន ។ មេដឹកនាំសភាយួន បានបង្ហាញពីទស្សនៈមនុស្សព្រៃស្តីពីបញ្ហាសិទ្ធិមនុស្សថា ការអនុវត្តសិទ្ធិមនុស្ស គឺអាស្រ័យលើបញ្ហាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋពួកគេ ។ ចំពោះប្រជាជាតិដែលក្រីក្រ ពួកគេមិនបានយកចិត្តទុកដាក់ដល់រឿងសេរីភាពបញ្ចេញមតិ ប៉ុន្តែពួកគេយកចិត្តទុកដាក់រឿងអាហារទទួល និងអត់ឃ្លានទៅវិញ។ ទោះបី បក្ស និងប្រទេសយួនកុម្មុយនិស្តយួន មានទស្សនៈបែបណាក្តី មនុស្សភាគច្រើនយល់ឃើញ បញ្ហាសិទិ្ធមនុស្សគឺជាបញ្ហារួម ។ សិទ្ធិមនុស្ស គឺជាគ្រឹះមូលដ្ឋានរបស់សេរីភាព ។ ហើយរីឯសេរីភាពរបស់មនុស្សជាតិ គឺមនុស្សគ្រប់រូបមានតាំងពីធម្មជាតិមក មិនមែនត្រូវបានគេផ្តល់ឲ្យ ឬកំណត់ដោយរដ្ឋាភិបាល ឬថ្នាក់ដឹកនាំណាមួយនោះឡើយ ៕.