នៅថ្ងៃអង្គារ៍នេះ ជាគម្រប់ថ្ងៃទី ៣ តាមការកំណត់របស់មន្ត្រីគណបក្សប្រឆាំងថៃ ដែលដឹកនាំការធ្វើបាតុកម្មនៅទីក្រុងបាងកក ថា ដើម្បីបញ្ចប់របបដឹកនាំដែលមានខ្សែស្រលាយ និងបក្សរបស់លោក ទក្សិណ ជីនវ័ត្រ ដែលពួកពួកបក្សប្រឆាំងចោទថា បានប្រព្រឹត្តអំពើពុករលួយ និងមិនគោរពដល់ព្រះមហាក្សត្រ ។

តាមកាសែត បាងកកប៉ុស្តិ៍ អតីតឧបនាយករដ្ឋមន្ត្រី លោក សុទេព ថងសូបាន បានថ្លែងទៅកាន់បាតុករប្រមាណ ៩ ម៉ឺននាក់ កាលពី ល្ងាចថ្ងៃអាទិត្យ ទី ២៤ ខែវិច្ឆិកា ថា ក្នុងរយៈបីថ្ងៃត្រូវទាមទារឲ្យលោកស្រី យីងលក្ខណ៍ រំលាយសភា ឬ ចុះចេញពីតំណែង ។ ទោះយ៉ាងណា លោក សុទេព បញ្ជាក់ថា បើមិនបានសម្រេច ក្នុងរយៈពេលបីថ្ងៃនេះ គឺបាតុកម្មនៅតែបន្តធ្វើរហូតដល់លោកស្រី យីងលក្ខណ៍ ដែលជាប្អូនបង្កើតរបស់លោក ទក្សិណ ចុះចេញពីតំណែង ។
តាមការកំណត់របស់បាតុករបីថ្ងៃ ដើម្បីឲ្យរំលាយរដ្ឋាភិបាលគឺចាប់ផ្តើមពីថ្ងៃអាទិត្យ ហើយដល់កំណត់នៅថ្ងៃអង្គារនេះ ។ បាតុករដាក់ផែនការដើរទៅតំបន់ផ្សេងៗនៃទីក្រុងបាងកក បង្កភាពតានតឹងផ្នែកនយោបាយ ដើម្បីដាក់សម្ពាធឲ្យលោក ស្រី យីងលក្ខណ៍ ចុះចេញពីតំណែង ។
តាមទំព័រហ្វេសប៊ុករបស់លោក ស្រីយីងលក្ខណ៍ បានសរសេរថា ប្រទេសថៃបញ្ចប់ការបង្ហូរឈាមគ្នា ហើយលោកស្រី អំពាវនាវ ឲ្យភាគីពាក់ព័ន្ធជួបចរចាគ្នា ដើម្បីបញ្ចប់វិបត្តិនយោបាយ ។
អ្នកតាមដានបញ្ហាសង្គមថៃ បារម្ភថា នៅប្រទេសនេះ នឹងអាចកើតមានការបង្ហូរឈាមដូចកាលឆ្នាំ ២០១០ ទៀត ។ កាលឆ្នាំ ២០១០ ពេលក្រុមអាវក្រហម គាំទ្រលោក ទក្សិណ បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក អភិសិទ្ធិ វេជ្ជាជីវៈ បានរងការបង្ក្រាបពីយោធា បណ្តាលឲ្យមនុស្សជាង ៩០ នាក់បានស្លាប់ ៕