ខ្មែរកម្ពុជាក្រោម៥៦នាក់និងព្រះសង្ឃ១អង្គផង ត្រូវបានថៃបាប់បញ្ជូនពីក្រុងបាងកកប្រគល់ឲ្យអាជ្ញាធរខ្មែរតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីពួកគេទាំងនោះបានរត់គេចពីប្រទេសវៀតណាមទៅស្វែងរកសិទ្ធិ ជ្រកកោននៅប្រទេសថៃ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ថា ខ្មែរក្រោមទាំង៥៦នាក់កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍កម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន បានមានប្រសាសន៍ថា ៖ «ខាងខ្ញុំ ទទួលបាននៅវេលាថ្ងៃទី៣ ខែ៧ ២០០៩នេះ។ ខាងភាគីថៃបានបញ្ជូនខ្មែរកម្ពុជាក្រោមមកតាមច្រកអន្តរជាតិ ប៉ោយប៉ែតសរុប៥៦នាក់ ប្រុស២៥នាក់ ស្រី១៨នាក់ ក្មេង១២នាក់ និងព្រះសង្ឃ១អង្គ»។
លោកបន្តថា អាជ្ញាធរខ្មែរកំពុងស្រង់ស្ថិតិនិងធ្វើការសាកសួរពីអត្តសញ្ញាណរួចហើយនឹងបញ្ជូនទៅតាមគោលដៅរបស់ពួកគេវិញ។
លោក ហ៊ុន ហ៊ាន បន្តថា ខ្មែរកម្ពុជាក្រោមទាំងនោះទំនងមិនអាចធ្វើតេស្តដើម្បីសុំសិទ្ធិ ជ្រកកោនទៅកាន់ប្រទេសទី៣នៅក្រុងបាងកកបាន ទើបថៃចាប់បញ្ជូនមកឲ្យកម្ពុជា។
ភាគីអាជ្ញាធរថៃមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់ពីការចាប់ បញ្ជូនខ្មែរក្រោមនេះបានទេ ប៉ុន្តែប្រធានសមាគមការពារសិទ្ធិមនុស្សកម្ពុជាក្រោម លោក អាង ចាន់រិទ្ធ បានថ្លែងថា លោកបានទទួលព័ត៌មានពីសកម្មជនខ្មែរកម្ពុជាក្រោមប្រចាំនៅក្រុង បាងកក គឺថៃបានអនុវត្តទៅច្បាប់អន្តោប្រវេសន៍របស់គេ ទោះអ្នកទាំងនោះស្ថិតនៅក្រោមការគាំពាររបស់អង្គការ UNHCR ក៏ដោយ។
លោកបន្តថា កន្លងមកភាគីថៃបានចាប់ខ្មែរក្រោមទាំងនោះដាក់ឲ្យនៅមួយកន្លែង ក្នុងប្រទេសថៃធ្វើការចរចាជាមួយភាគីអង្គការ UNHCR ប៉ុន្តែគ្មានលទ្ធផលទើបថៃចាប់បញ្ជូនមកឲ្យកម្ពុជាវិញ។
លោកបញ្ជាក់ថា ៖ «អ៊ីចឹងយើងនឹងជួបគ្នាដើម្បីយើងគិតថា យើងគួរតែរៀបចំវិធីសាស្រ្តយ៉ាងម៉េចដើម្បីយើងធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាល»។
ប្រធានសហគមខ្មែរក្រោម លោក ថាច់ សេដ្ឋា បានថ្លែងថា ទង្វើរបស់ថៃគឺបានរំលោភសិទ្ធិមនុស្ស ៖ «ពីព្រោះ យើងដឹងហើយថា អ្នកទាំងអស់នោះសុទ្ធជាជនរងគ្រោះដែលរត់ភៀសខ្លួនពីការធ្វើទុក្ខ បុកម្នេញរបស់អាជ្ញាធរយួនក៏ជានៅក្នុងកម្ពុជាដើម្បីទៅរកកន្លែង សុវត្ថិភាពមួយ»។
ប្រភពពីសមាគមការពារសិទ្ធិមនុស្សកម្ពុជាក្រោមបានឲ្យដឹងថា យ៉ាងហោចណាស់មានខ្មែរក្រោមចំនួនជាង២០០នាក់កំពុងស្ថិតនៅក្នុង ប្រទេសថៃបន្ទាប់ពីបានរត់គេចពីប្រទេសវៀតណាម។
ប្រភពបន្តថា អាជ្ញាធរវៀតណាមបានបំបិទសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម បិទមិនឲ្យមានការគោរពប្រពៃណី ទំនៀមទម្លាប់ សាសនា និងមិនឲ្យរៀនអក្សរសាស្រ្តខ្មែរ ធ្វើទុក្ខបុកម្នេញ ចាប់ដាក់គុក ដោយសារតែខ្មែរក្រោមទាំងនោះបានក្រោកឈរតវ៉ាទាមទារយកដីធ្វើស្រែ ចម្ការដូនតារបស់ពួកគេ រហូតដល់មានការរត់ភៀសខ្លួនមកស្រុកខ្មែរនិងទៅប្រទេសថៃដើម្បី ស្វែងរកសិទ្ធិជ្រកកោននៅប្រទេសក្រៅ៕
អត្ថបទវិទ្យុអាស៊ីសេរី.