ម្ដាយរបស់អ្នកសរសេរប្លុកជនជាតិវៀតណាម ដ៏ល្បី ល្បាញម្នាក់បានស្លាប់បន្ទាប់ពីដុតខ្លួន ដើម្បីប្រឆាំង នឹងរដ្ឋាភិបាល ដែលបានធ្វើការឃុំឃាំងកូនស្រីរបស់ ខ្លួន។ នេះបើតាមសម្ដីគ្រួសារជនរងគ្រោះ។
ការដុតខ្លួនរបស់ស្ត្រីជាម្ដាយឈ្មោះ Dang Thi Kim Lieng នេះធ្វើឡើងដើម្បីប្រឆាំងតវ៉ា នឹងការចាប់ខ្លួន កូនស្រីរបស់លោកស្រីគឺនាង Ta Phong Tan ដែលត្រូវប៉ូលិសចាប់ខ្លួនដោយចោទប្រកាន់ ពីបទ ឃោសនា ប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំទៅមិញ។ មូលហេតុដែលនាំទៅរកការដុតខ្លួននេះគឺ លោកស្រីមិនបានទទួលដំណឹងអ្វីទាំងអស់ពីកូនស្រីចាប់តាំងពីការចាប់ខ្លួនមក។ មិនតែប៉ុណ្ណោះ កូនស្រីដែលចាប់ខ្លួនអាចនឹងប្រឈមការកាត់ទោសដាក់គុករហូតដល់ ២០ ឆ្នាំទៀតផង។
បើតាមសម្ដីរបស់កូនស្រីម្នាក់របស់ស្ត្រីរងគ្រោះប្រាប់ឲ្យដឹងថា ម្ដាយរបស់នាងបានដើរទៅកាន់អគាររដ្ឋាភិបាល មួយកន្លែងក្នុងខេត្ត Bac Lieu ដោយមិនប្រាប់អ្នកណាទាំងអស់ បន្ទាប់មកក៏បានដុតខ្លួនឯងនេះតែម្ដង។
ក្រោយពីហេតុការណ៍នេះកើតឡើងហើយ ប៉ូលិសបានបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងហូជីមិញ ប៉ុន្តែមិនអាចជួយស្រោចស្រង់ជីវិតបានឡើយ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើនក្នុងប្រទេសវៀតណាមបានធ្វើការប្រឆាំង និងចោទប្រកាន់រដ្ឋាភិបាលថា បានធ្វើបង្ក្រាប និងរឹតត្បិតសិទ្ធិក្នុងការបញ្ចេញមតិទៅលើអ្នកប្រឆាំងរដ្ឋាភិបាលយ៉ាងក្នុងរយៈកាលចុងក្រោយ នេះ។
អ្នកសរសេរប្លុកដ៏ល្បីឈ្មោះនាង Ta Phong Tan ជាមនុស្សម្នាក់ក្នុងចំណោមអ្នកប្រឆាំងល្បីៗជាច្រើននាក់ទៀតដែលត្រូវប៉ូលិសចាប់ខ្លួនពីបទប្រឆាំងនឹងរដ្ឋាភិបាល៕ ប្រភពព័ត៌មានៈ news.sabay.com.kh